ព្រះអង្គម្ចាស់ក្សត្រី បុប្ផា ទេវី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា និងជាឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ ហើយដែលជាគ្រូបង្ហាត់របាំដ៏ល្បីល្បាញទាំងនៅឆាកជាតិ និងអន្តរជាតិដែរនោះ នឹងដឹកនាំរបាំព្រះរាជទ្រព្យរបស់ខ្មែរមកសំដែងក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែឧសភា ខាងមុខ ក្នុងមហោស្រពមួយដែលមានឈ្មោះថា «រដូវកម្ពុជា»។
ទីប្រឹក្សាអតីតព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសៅរ៍ ទី២៧ មេសា ថា ក្រៅពីការនាំយករបាំព្រះរាជទ្រព្យដ៏ល្បីល្បាញរបស់ខ្មែរ ព្រះអង្គម្ចាស់ក្សត្រី បុប្ផា ទេវី ក៏បាននាំយកទៅជាមួយនូវល្ខោនខ្មែរមួយចំនួន ដូចជារឿង រាមកេរ្ដិ៍ របាំអប្សរា និងការតាំងពិព័រណ៍រូបចម្លាក់ក្បាច់រចនារបស់ខ្មែរជាច្រើនទៀត។
មហោស្រពឈ្មោះថា «រដូវកម្ពុជា» នេះបានចាប់ផ្ដើមឡើងតាំងពីដើមខែមេសា មកម្ល៉េះ ក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ដែលមានការដាក់បង្ហាញស្នាដៃសិល្បៈវប្បធម៌របស់ខ្មែរជាច្រើនដល់អន្តរជាតិ មានដូចជាល្ខោនយីកេ ល្ខោនស្បែក និងរបាំប្រពៃណីរបស់ខ្មែរជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
