សារមន្ទីរ​នៅ​អាមេរិក​ផ្ដល់​រូបចម្លាក់​មក​កម្ពុជា​វិញ

រូប​បដិមា​បុរាណ​ខ្មែរ​ពី​សតវត្ស​ទី​១០ ចំនួន​ពីរ ដែល​មន្ត្រី​ជំនាញ​ជឿ​ជាក់​ថា ត្រូវ​បាន​លួច​ចេញ​ពី​ប្រទេស​កម្ពុជា ជា​ច្រើន​ទសវត្ស​មក​នោះ ត្រូវ​បញ្ជូន​ចេញ​ពី​សារមន្ទីរ​ញីវយ៉ក នៅ​សហរដ្ឋអាមេរិក ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​១១ មិថុនា នេះ។

សារមន្ទីរ​ញីវយ៉ក (New York’s Metropolitan Museum of Art) បាន​ដាក់​តាំង​បដិមា​ទាំង​ពីរ​ជា​រូប​ឆ្មាំ​លុតជង្គង់​នោះ ក្នុង​អគារ​ផ្នែក​វត្ថុ​បុរាណ​អាស៊ី អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ។

មន្ត្រី​ក្រសួង​វប្បធម៌​កម្ពុជា ចាត់​ទុក​ថា ការ​សង​រូប​បដិមា​ទាំង​ពីរ​នេះ​មក​កម្ពុជា​វិញ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា។ មន្ត្រី​ដដែល​សង្ឃឹម​ថា ប្រទេស​ដទៃ​ទៀត ដែល​មាន​វត្ថុ​បុរាណ​ខ្មែរ​ដែល​ត្រូវ​បាន​លួច នឹង​អាច​សង​មក​កម្ពុជា វិញ​ដែរ។

រូប​បដិមា​ទាំង​ពីរ​ត្រូវ​បាន​លួច​កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០ ចេញ​ពី​ប្រាសាទ​កោះកែរ មាន​ចម្ងាយ​ប្រមាណ ៨០​គីឡូម៉ែត្រ ពី​ប្រាសាទ​អង្គរ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​វិបត្តិ​សង្គ្រាម​ស៊ីវិល។ រូប​បដិមា​ទាំង​ពីរ​ត្រូវ​បាន​ផ្ដល់​ឲ្យ​មួយ​ម្តងៗ ទៅ​ឲ្យ​សារមន្ទីរ កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ និង​១៩៩០។

រូប​បដិមា​ទាំង​ពីរ​នឹង​ត្រូវ​ដាក់​តាំង​នៅ​វិមាន​សន្តិភាព ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៧ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​រូប​បដិមា​ទាំង​ពីរ​នឹង​ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ​មួយ​នៅ​ខេត្ត​សៀម រាប។

បច្ចុប្បន្ន​នៅ​សល់​រូប​បដិមា​មួយ​ផ្សេង​ទៀត ដែល​មាន​ប្រវត្តិ​មក​ពី​ប្រាសាទ​កោះកែ ដូច​គ្នា​នេះ​ដែរ កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដេញ​ថ្លៃ​មួយ​ឈ្មោះ សុថធេប៊ី (Sotheby) នៅ​បុរី​ញីវយ៉ក។

រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ទាមទារ​បដិមា​នេះ ប៉ុន្តែ​ក្រុមហ៊ុន សុថធេប៊ី បដិសេធ​មិន​សង​កម្ពុជា។ បដិមា​នោះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ពី ២ ទៅ ៣ លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។