សមាគមចុងភៅកម្ពុជា បានបង្ហាត់បង្រៀនអ្នកភូមិ យុវជន និងកុមារកំព្រាជាង ៥០នាក់នៅក្នុងខេត្តសៀមរាប ឲ្យចេះធ្វើនំផ្លែអាយ និងបាយទ្រាប កាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា។
ការបង្រៀនប្រជាពលរដ្ឋឲ្យចេះធ្វើបង្អែមខ្មែរ តាមកម្មវិធីភូមិបង្អែមនៃសេចក្តីស្រឡាញ់នោះ ក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មីផង និងដើម្បីឲ្យអ្នកភូមិទាំងនោះ មានចំណេះដឹង ហើយរួមគ្នាធ្វើបង្អែមបានច្រើន ដើម្បីចែកជូនមហាជនដែលនឹងមកចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅ ២-៣ថ្ងៃខាងមុខទៀតនេះផង។
សមាគមចុងភៅកម្ពុជា បានប្រកាសឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា ថា គេបានត្រៀមអង្ករ និងម្សៅដំណើបចំនួន ២តោន ស្ករត្នោត និងស្ករសទម្ងន់ ១តោន ព្រមទាំងដូងទុំ ២០០ផ្លែ និងល្ងចំនួន ៣០គីឡូក្រាមរួចរាល់ហើយ ដើម្បីធ្វើបង្អែមខ្មែរសម្រាប់ចែកជូនមហាជនដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល ៣ថ្ងៃនៅខេត្តសៀមរាប។
ប្រធានសមាគមចុងភៅកម្ពុជា គឺលោក ឡុង បូរ៉ា។ លោកបានថ្លែងក្នុងឱកាសបង្ហាត់បង្រៀនអ្នកភូមិ យុវជន និងកុមារកំព្រាជាង ៥០នាក់ ឲ្យចេះធ្វើនំផ្លែអាយ នៅជិតព្រះអង្គចេកព្រះអង្គចម កាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា ថា នំផ្លែអាយ និងបាយទ្រាប គឺជាមរតកខ្មែរជាយូរលង់មកហើយ។ បង្អែមនេះ នៅតែមានការនិយមក្នុងសង្គមខ្មែរជាច្រើនតំបន់ ប៉ុន្តែវាមិនទាន់ត្រូវបានផ្សព្វផ្សាយឲ្យបរទេសបានស្គាល់ទូលំទូលាយនៅឡើយ។
ប្រធានសមាគមចុងភៅកម្ពុជា ដដែលបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តសៀមរាប គឺមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារធំៗ។ សមាគមចុងភៅកម្ពុជា មានបំណងចង់ឲ្យភ្ញៀវទេសចរបរទេសបានស្គាល់នំផ្លែអាយ និងបាយទ្រាបខ្មែរ៖ « បង្អែមខ្មែរយើងមានច្រើនប្រភេទ ប៉ុន្តែកម្មវិធីយើងលើកយកតែបង្អែមពីរមុខ គឺនំផ្លែអាយ និងបាយទ្រាប »។
សមាគមចុងភៅកម្ពុជា បានត្រៀមទុកអង្ករដំណើបចំនួន ១ពាន់គីឡូក្រាម ម្សៅដំណើប ១ពាន់គីឡូក្រាម ស្ករត្នោត ៥០០គីឡូក្រាម ស្ករស ៥០០គីឡូក្រាម ខ្ទិះដូង ១ពាន់លីត្រ ដូងទុំចំនួន ២០០ផ្លែ និងល្ង ៣០គីឡូក្រាម ដើម្បីនឹងធ្វើនំផ្លែអាយ ព្រមទាំងបាយទ្រាប ចែកជូនមហាជនទាំងជាតិ និងអន្តរជាតិ បានពិសាដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។
មានប្រជាពលរដ្ឋ និងយុវជនខ្មែរជាច្រើន បានគាំទ្រការបង្រៀនធ្វើនំផ្លែអាយនេះ ដោយគេចាត់ទុកថាជាអត្តសញ្ញាណរបស់ខ្មែរ។
អ្នកចូលរួមធ្វើនំផ្លែអាយម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀត គឺអ្នកស្រី ហ៊ុន សេរីរ័ត្ន មានប្រសាសន៍ថា តាំងពីអ្នកស្រីធំដឹងក្តីមក គឺអ្នកស្រីបានញ៉ាំនំផ្លែអាយនេះជាញឹកញាប់។ ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជាច្រើន ចូលចិត្តធ្វើនំផ្លែអាយ ពីព្រោះធាតុផ្សំងាយស្រួលរក ដូចជាម្សៅអង្ករដំណើប ស្ករត្នោត និងដូង ជាដើម។ អ្នកស្រី សេរីរ័ត្ន បញ្ជាក់ថា អ្នកស្រីចូលចិត្តញ៉ាំនំផ្លែអាយរហូតដល់ចេះធ្វើដាក់លក់ក្នុងភោជនីយដ្ឋានមួយកន្លែងនៅជិតស្រះស្រង់ ឲ្យជនបរទេសខ្លះបានភ្លក់រសជាតិផង៖ « នេះជារបស់ខ្មែរយើងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ខ្ញុំសំណូមពរដល់រដ្ឋាភិបាល និងអង្គការ យូណេស្កូ (UNESCO) ឲ្យទទួលស្គាល់នំផ្លែអាយនេះជារបស់ខ្មែរ »។
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ពន្យល់ថា នំផ្លែអាយ និងបាយទ្រាប គឺជាបង្អែមរបស់ខ្មែរដ៏យូរលង់មកហើយ បើទោះបីជាគេមិនអាចរកឃើញសម័យកាលពិតថា តើខ្មែរចេះធ្វើវាតាំងពីពេលណាមកក៏ដោយ ក៏គេយល់ថា បង្អែមដ៏មានប្រជាប្រិយនេះ ប្រហែលជាជនជាតិខ្មែរចេះធ្វើវាចាប់តាំងតែពីពេលអ្នកភូមិចេះដាំស្រូវដំណើប និងចេះឡើងត្នោតយកទឹកមកផលិតធ្វើជាស្ករម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
