តាមរយៈលទ្ធផលនៃការស្រាវជ្រាវ គឺប្រទេសកម្ពុជា និងថៃ បានចាប់ផ្ដើមណែនាំឱ្យក្រុមយុវជនជាសិស្សនៅតាមវិទ្យាល័យខ្លះ បានយល់ដឹងអំពីតម្លៃ និងការថែរក្សាបេតិកភណ្ឌនេះ។
អាជ្ញាធរអប្សរាដែលជាអ្នកជំនាញខាងការពារបេតិកភណ្ឌ និងប្រាសាទបុរាណ បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌលើកទី៥ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ដោយជ្រើសរើសយុវជនមកពីវិទ្យាល័យខ្មែរ-ថៃ ប្រមាណជាង ១៨០នាក់ ឱ្យចូលរួមក្នុងបំណងឱ្យពួកគេចេះការពារមិនប៉ះពាល់ដល់វត្ថុបុរាណ និងអាចជួយទប់ស្កាត់ការលួចជីកកកាយដើម្បីជួញដូរផងដែរ។
សិក្ខាសាលារយៈពេល ២ថ្ងៃ សិស្សវិទ្យាល័យខ្មែរ និងថៃ ទាំងនោះបានសម្ដែងសិល្បៈដើម្បីបង្ហាញអំពីវប្បធម៌រៀងៗខ្លួនផងដែរ។
អគ្គនាយករងអាជ្ញាធរអប្សរា គឺលោក ឃួន ឃុននាយ លោកបានថ្លែងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ថា កម្មវិធីអប់រំបេតិកភណ្ឌសិស្សខ្មែរ និងថៃ នេះបានយកលទ្ធផលនៃការស្រាវជ្រាវផ្លូវបុរាណមួយខ្សែ ចេញពីទីក្រុងអង្គរ ឆ្ពោះទៅប្រទេសថៃ ធ្វើជាឯកសារយោង ដើម្បីបង្រៀនពួកគេយល់ដឹង។
លោក ឃួន ឃុននាយ បានសម្ដែងការជឿជាក់ថា ក្រុមយុវជនទាំងនោះនឹងមានការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការអភិរក្ស និងការពារបេតិកភណ្ឌពិភពលោក ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយនេះ៖ «ជាវេទិកាឱ្យយុវជនខ្មែរ និងថៃ មានឱកាសរៀនសូត្រ និងអនុវត្តន៍ទ្រឹស្ដីជាមួយគ្នាចែករំលែកបទពិសោធន៍គ្នា បង្ហាញអំពីចំណេះដឹងពីវប្បធម៌របស់ខ្លួន ដើម្បីនឹងចូលរួមការពារ និងអភិរក្សបេតិកភណ្ឌដែលមានក្នុងសហគមន៍ផ្ទាល់របស់ខ្លួន»។
ក្រុមសិស្សវិទ្យាល័យខ្មែរ ដែលចូលរួមមកពីវិទ្យាល័យបន្ទាយឆ្មារ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកពីវិទ្យាល័យកំពង់ឈើទាល នៃស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងនៅក្នុងតំបន់អង្គរខេត្តសៀមរាប។ ចំណែកឯក្រុមសិស្សនៃប្រទេសថៃ វិញ មកពីវិទ្យាល័យតាប្រាយ៉ា (Tapraya) នៃស្រុកគោកស៊ូង ខេត្តស្រះកែវ និងវិទ្យាល័យស៊ូងនឿន (Soong Noeun) នៃស្រុកស៊ូងនឿន ខេត្តនគររាជសីមា។
លោក អ៊ឹម សុខរិទ្ធី សហប្រធានស្រាវជ្រាវផ្លូវបុរាណ និងជាអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា បានមានប្រសាសន៍ថា ក្រុមយុវជនខ្មែរ-ថៃ ជាសិស្សវិទ្យាល័យដែលរើសឱ្យចូលរួមសិក្ខាសាលានេះ គឺសុទ្ធតែជាសិស្សដែលរស់នៅ និងរៀនក្នុងតំបន់បេតិកភណ្ឌ។ ក្រុមអ្នកជំនាញកម្ពុជា-ថៃ នឹងផ្ទេរចំណេះដឹងផ្នែកបុរាណវិទ្យា មនុស្សសាស្ត្រ ពន្ធុវិទ្យា និងវិទ្យាសាស្ត្រទំនើបដល់យុវជនទាំងនោះ ដើម្បីឱ្យពួកគេអាចសាកល្បងស្រាវជ្រាវអំពីបេតិកភណ្ឌនៅជុំវិញតំបន់ពួកគេរស់នៅ។
ចំណែកលោក តេជ ប៊ុនណាត (Tej Bunag) អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិស្រាវជ្រាវថៃ បានមានប្រសាសន៍ថា សម្រាប់កម្មវិធីនេះ គឺមានបំណងលើកស្ទួយទំនាក់ទំនងរវាងយុវជនថៃ-កម្ពុជា ក្នុងផ្នែកអប់រំស្រាវជ្រាវជាមួយគ្នាអំពីវប្បធម៌នៅក្នុងមូលដ្ឋាន ជាពិសេសប្រវត្តិសាស្ត្រដែលមានរួមគ្នាតាំងពីបុរាណកាលមក។
លោក តេជ ប៊ុនណាត៖ «ដំណើរការនេះបានអាស្រ័យទៅលើមូលដ្ឋានចំណេះដឹង និងបច្ចេកទេសពីគម្រោង ដើម្បីភ្ជាប់វប្បធម៌នៅក្នុងអតីតកាល មកដល់បច្ចុប្បន្ននេះ តាំងពីតំបន់នៅតាមបណ្ដោយទំនាបទន្លេមេគង្គ ដល់សមុទ្រម៉ាឡេយ៉ា ក្នុងរយៈទី២ ដោយមានលោកសាស្ត្រាចារ្យ ស៊ូរ៉ាត់ ជាប្រធានគម្រោងការ»។
ចាប់តាំងពីឆ្នាំ២០០៧ មក កម្មវិធីអប់រំបេតិកភណ្ឌទៅលើយុវជនខ្មែរ-ថៃ បានធ្វើឡើងចំនួន ៤លើកមកហើយ គឺ ៣លើកធ្វើនៅប្រទេសថៃ និងលើកទី៤ កន្លងទៅ ធ្វើនៅតំបន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
