សំណើនេះ ធ្វើឡើងក្រោយពេលសារមន្ទីរនៅទីក្រុងញីវយ៉ក ឈ្មោះ ម៉េត្រូប៉ូលីថេន (Metropolitan Museum of Art) បានសម្រេចប្រគល់វត្ថុបុរាណចំនួនពីរទៅឲ្យកម្ពុជា វិញ នៅខែឧសភា នេះ។ សារមន្ទីរគ្រោងនឹងបញ្ជូនវត្ថុបុរាណទាំងនោះទៅកម្ពុជា វិញនៅខែមិថុនា។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា ត្រូវបានសារព័ត៌មាន ញីវយ៉ក ថាម (New York Times) ដកស្រង់សម្ដីថា សារមន្ទីរសហរដ្ឋអាមេរិក ទាំងឡាយត្រូវយកគំរូតាម សារមន្ទីរម៉េត្រូប៉ូលីថេន ដែលបានសម្រេចប្រគល់វត្ថុបុរាណដែលត្រូវបានគេលួចទៅឲ្យកម្ពុជា វិញ។
សារព័ត៌មានបន្តថា វត្ថុបុរាណកម្ពុជា រាប់រយត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរនៅសហរដ្ឋអាមេរិក និងទីកន្លែងឯកជនមួយចំនួនទៀត។ វត្ថុបុរាណទាំងនោះ ខ្លះគ្មានឯកសារច្បាស់លាស់ពីប្រវត្តិដែលវត្ថុបុរាណទាំងនោះត្រូវបាននាំមកសហរដ្ឋអាមេរិក ក្រោយឆ្នាំ១៩៧០។
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា សារមន្ទីរនៅទីក្រុងដេនវើ (Denver) ឈ្មោះ ដេនវើ (Denver Art Museum) និងក្លីវឡែន (Cleveland Museum of Art) និងសារមន្ទីរនៅរដ្ឋកាលីហ្វញ៉ា (California) ឈ្មោះ ន័រតុន ស៊ីមុន (Norton Simon Museum) សុទ្ធតែមានវត្ថុបុរាណដែលគេជឿថាបានមកពីប្រាសាទមួយនៅកម្ពុជា ឈ្មោះប្រាសាទចិន។
ចំណែកវត្ថុបុរាណទីប្រាំមួយ ដែលគេជឿជាក់ថាបានមកពីប្រាសាទខ្មែរមួយឈ្មោះប្រាសាទចិន នោះដែរ កំពុងគ្រប់គ្រងដោយកន្លែងដេញថ្លៃលក់វត្ថុបុរាណមួយកន្លែង នៅទីក្រុងញីវយ៉ក ឈ្មោះ ស៊ុតឌឺប៊ីស៍ (Sotheby’s)។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មានគម្រោងប្រគល់វត្ថុបុរាណនោះទៅកម្ពុជា ប៉ុន្តែ ស៊ុតឌឺប៊ីស៍ បានបដិសេធ ដោយអះអាងថា រូបបដិមានោះត្រូវបានទិញដោយស្របច្បាប់។
មន្ត្រី ស៊ុតឌឺប៊ីស៍ បានឲ្យដឹងថា ទោះបីសារមន្ទីរនៅសហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណមួយចំនួនទៅឲ្យកម្ពុជា វិញក៏ដោយ ក៏ករណីនេះនឹងប៉ះពាល់ដល់បណ្ដឹងសហព័ន្ធសហរដ្ឋអាមេរិក ទាមទារស៊ុតឌឺប៊ីស៍ ប្រគល់បដិមាឲ្យកម្ពុជា វិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
