ទីបំផុតសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានបង្កើតឡើងហើយ នៅល្ងាចថ្ងៃ៥ កក្កដា ឆ្នាំ២០១៣។ សម្រាប់ប្រវត្តិសាស្រ្ត គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។
ទីប្រឹក្សារដ្ឋាភិបាល លោកបណ្ឌិត ស៊ន សំណាង ដែលជាប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរី ឱ្យដឹងថា ការបង្កើតសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា មានគោលបំណងក្នុងការបណ្តុះបណ្តាលការស្រាវជ្រាវ ការផ្សព្វផ្សាយផ្នែកប្រវត្តិសាស្ត្រឱ្យកាន់តែមានភាពទូលំទូលាយពីថ្នាក់ឧត្ដមសិក្សារហូតដល់វិទ្យាល័យ ដើម្បីបង្កើនស្នាដៃក្នុងការសរសេរប្រវត្តិសាស្រ្តប្រកបដោយភាពត្រឹមត្រូវ និងដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម។
លោក ស៊ន សំណាង៖ «ដើម្បីនឹងផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់សាធារណជនយើង ដល់យុវជនជំនាន់ក្រោយរបស់យើង។ គេតែងតែនិយាយថា ប្រជាជាតិមួយដែលមិនស្គាល់អតីតកាលរបស់ខ្លួននោះ មិនស្គាល់បច្ចុប្បន្នកាល នឹងមិនដឹងថា ខ្លួនកំពុងធ្វើអ្វី?ដូច្នេះអ្វីដែលយើងកំពុងធ្វើនេះ គឺថាយើងចង់ឱ្យសាធារណជនខ្មែរ ឬយុវជនខ្មែរយើងយល់កាន់តែច្បាស់សម្រាប់អតីតកាល»។
សម្រាប់អនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្ត្រាចារ្យ វង់ សុធារ៉ា ដែលជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា បានបញ្ជាក់ពីអារម្មណ៍សប្បាយរីករាយសម្រាប់ការបង្កើតនូវសមាគមអ្នកប្រវត្តិសាស្រ្តកម្ពុជានេះឡើង ដោយសារលោកធ្លាប់មានការគម្រោងផ្តួចផ្តើមក្នុងការបង្កើតម្ដងរួចហើយ ប៉ុន្តែមិនអាចចេញជារូបរាង ដោយសារខ្វះមធ្យោបាយផ្សេងៗ។ ប៉ុន្តែពេលនេះអ្នកដែលចូលចិត្តក្នុងការស្រាវជ្រាវអាចពង្រីងនូវសមត្ថភាពរបស់ខ្លួនបាន តាមរយៈការបង្កើតសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជានេះ៖ «ពិតខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានបង្កើតឡើងបាន»។
លោកបានបន្ថែមទៀតថា ដោយសារកន្លងមកមជ្ឈដ្ឋានទូទៅដូចជាមិនសូវបានសិក្សាស្រាវជ្រាវ ឬយល់ដឹងឱ្យបានត្រឹមត្រូវអំពីប្រវត្តិសាស្ត្រជាតិ មិនតែប៉ុណ្ណោះ រវាងគ្រូនៅឧត្ដមសិក្សា និងគ្រូនៅវិទ្យាល័យក៏មានការបង្រៀនប្រវត្តិសាស្ត្រខុសគ្នា ហើយសមាគមនេះ អាចជាការផ្ដល់មធ្យោបាយងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៀតផង។
លោក វង់ សុធារ៉ា៖ «មជ្ឈដ្ឋានទូទៅទាំងគ្រូ ទាំងប្រជាជនសាមញ្ញ ហាក់ដូចជាមិនទាន់បានយល់ដឹងឱ្យបានស៊ីជម្រៅ ឬមួយក៏ឱ្យបានត្រឹមត្រូវអំពីប្រវត្តិសាស្ត្ររបស់ជាតិយើង ហើយក្នុងចំណោមគ្រូដែលបង្រៀននៅចំណេះដឹងទូទៅ និងនៅសាកលវិទ្យាល័យ នៅមានការបង្ហាត់បង្រៀនអំពីខ្លឹមសារប្រវត្តិសាស្ត្រខ្មែរក៏ខុសដែរ»។
ស្រដៀងគ្នានេះ ប្រធានមូលនិធិកេរដំណែលខ្មែរលោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានលើកឡើងថា លោកមានការសប្បាយរីករាយជាខ្លាំងការដែលសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានបង្កើតឡើង ពីព្រោះដោយសារការចូលរួមពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលមានមានជំនាញខាងប្រវត្តិសាស្រ្តបានរួមគ្នាជាធ្លុងមួយសម្រាប់រៀបចំការស្រាវជ្រាវប្រវត្តិសាស្រ្តប្រកបទៅដោយភាពសុក្រិត។
លោក ចិន្ត ច័ន្ទរតនា៖ «ទី១ សមាគមនេះត្រូវបានផ្ដួចផ្ដើម និងរៀបចំដោយសុទ្ធសឹងតែមានអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ លោកសាស្រ្តាចារ្យ ក៏ដូចជានិស្សិតដែលមានឆន្ទៈ ក៏ដូចជាគោលបំណងរួមក្នុងការបង្កើត ឬធ្វើអ្វីមួយឱ្យជាធ្លុងមួយក្នុងការចងក្រង ប្រមូលឯកសារជាច្រើនដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយឯកសារទាំងនោះ ជាពិសេសដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរនោះគឺមានភាពសុក្រឹត»។
សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នមានទីស្នាក់ការកណ្ដាលនៅអគារលេខ ៨ ផ្លូវ ១៧៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
