ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី គឺ​ឆ្នាំ​មមែ សូម​នាំ​សុខ​សន្តិភាព សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង ថ្លែង​ដូចៗ​គ្នា​ថា អ្វី​ដែល​ពួក​គេ​ចង់​ឃើញ​នោះ គឺ​ការ​រីក​ចម្រើន​ពិត​ប្រាកដ​ប្រកប​ដោយ​សិទ្ធិ​សេរីភាព និង​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា។ ពួក​គេ​បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំ​មមែ នេះ ព្រម​ទាំង​វត្ថុ​សក្ដិសិទ្ធិ​ទាំង​ឡាយ​នាំ​មក​នូវ​យុត្តិធម៌​សង្គម​ពិត​ប្រាកដ​សម្រាប់​ប្រជារាស្ត្រ។

ពី​រដ្ឋ​វឺជីនៀ (Virginia) សហរដ្ឋ​អាមេរិក លោក សូ សុខុម មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​ចង់​ឃើញ​សម្រាប់​ឆ្នាំ​ថ្មី​នេះ គឺ​ពលរដ្ឋ​ខ្មែរ​ទូទៅ​លែង​ហូរ​ទឹក​ភ្នែក លែង​រង​ការ​ឈឺ​ចាប់​ដោយ​អំពើ​អយុត្តិធម៌ ដូចជា​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​អ្នក​មាន​អំណាច ការ​បំផ្លាញ​ធនធាន​ធម្មជាតិ អំពើ​ពុក​រលួយ និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ៖ «ហើយ​ក៏​សូម​ជូន​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សូម​ជួប​តែ​សេចក្តី​សុខ​គ្រប់​ប្រការ។ សូម​ឲ្យ​បងប្អូន​យើង​នៅ​ស្រុក​ខ្មែរ​លោក​មាន​សេរីភាព ពីព្រោះ​សេរីភាព គឺ​ជា​ភាព​សំខាន់​ណាស់​សម្រាប់​មនុស្ស។ សូម្បី​តែ​សត្វ​ក៏​គេ​ត្រូវ​ការ​សេរីភាព​ដែរ។ ហេតុ​នេះ សូម​លោក​ទទួល​បាន​នូវ​សេរីភាព​ជោគជ័យ​ក្នុង​ជីវិត កុំ​ឲ្យ​មាន​បញ្ហា​ដូច​សព្វថ្ងៃ​នេះ​ទៀត»

ក្រៅ​ពី​ការ​បួងសួង​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព សន្តិភាព និង​យុត្តិធម៌​សង្គម​ពិត​ប្រាកដ​នេះ ក៏​មាន​មនុស្ស​ជាច្រើន​ទៀត​បាន​បួងសួង​ឲ្យ​សាសនា និង​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​ឋិត​នៅ​គង់វង្ស។

ពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក ម៉ិល សាវឿន មាន​ប្រសាសន៍​ថា កូន​ខ្មែរ​ទាំងអស់​គួរ​តែ​ដឹង​ខ្លួន​ថា វប្បធម៌ និង​ប្រពៃណី​របស់​ខ្លួន​កំពុង​ធ្លាក់​ចុះ។ តួ​យ៉ាង​ដូចជា​ករណី​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ដែល​លោក​ចាត់​ទុក​ថា អ្នក​រចនា​ខ្លោងទ្វារ​នោះ​បាន​យក​រចនាបថ​ពី​ប្រពៃណី​វៀតណាម ឬ ចិន មក​ដាក់​ជំនួស​រចនាបថ​របស់​ខ្មែរ៖ «ជាពិសេស​កន្លង​មក​នេះ​ឆ្នាំ​ថ្មី​នៅ​អង្គរវត្ត​យើង​មាន​ការ​បារម្ភ​ត្រង់​ថា គេ​យក​ប្រពៃណី​ខ្មែរ​ចេញ ហើយ​ដាក់​ជំនួស​ប្រពៃណី​សាសន៍​បរទេស​វិញ ដែល​មិន​ដែល​មាន​ពាក់ព័ន្ធ​តាំង​ពី​ដើម​មក។ ខ្មែរ​យើង​មិន​ដែល​យក​វប្បធម៌​អរិយធម៌​របស់​យួន យក​មក​ដាក់​ក្នុង​បរិវេណ​អង្គរ ឬ​តំបន់​អង្គរ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ដូច្នេះ ខ្ញុំ​បារម្ភ​ហើយ​ព្រួយ​អំពី​ប្រទេស​ជាតិ​ណាស់។ ដូច្នេះ​នៅ​ឆ្នាំ​ថ្មី​នេះ សូម​ឲ្យ​ខ្មែរ​យើង​ដឹង​ខ្លួន អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំ​លក្ខណៈ​របស់​ខ្មែរ»

ជាង​នេះ​ទៅ​ទៀត​សម្រាប់​ឆ្នាំ​ថ្មី​នេះ លោក​ក៏​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក ទាំង​អស់ ចេះ​រួបរួម​សាមគ្គី​គ្នា និង​រក្សា​មរតក​វប្បធម៌​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស។

ពី​រដ្ឋ​ជចារ (Georgia) ឯណោះ​វិញ លោក ណែម ឈើង មាន​ប្រសាសន៍​ថា លោក​បួងសួង​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់ប្ដូរ​មួយ​ប្រកប​ដោយ​សន្តិវិធី និង​ការ​ឈប់​បង្ហូរ​ឈាម​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​សហគមន៍​រៀងៗ​ខ្លួន​ឲ្យ​បាន​ល្អ ជាពិសេស​ទៅ​លើ​កិច្ចការ​សង្គម រួម​នឹង​ការ​បណ្ដុះ​គំនិត​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​សហគមន៍​នីមួយៗ៖ «ចំពោះ​សហគមន៍​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក៏ដូចជា​តំបន់​ដទៃ​ទៀត​ក្រៅ​ប្រទេស​ហ្នឹង ខ្ញុំ​ចង់​ឃើញ​បងប្អូន​ខ្មែរ​យើង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​ត្រូវ​ការ​ក្នុង​សហគមន៍​នីមួយៗ ជាពិសេស​សហគមន៍​ដែល​ខ្លួន​នៅ​ហ្នឹង កុំ​ភ្លេច​ថា​យើង​មាន​សេចក្តី​ត្រូវ​ការ​ជាច្រើន ដែល​យើង​មើល​រំលង​ជា​យូរ​មក​ហើយ ដូចជា​ការ​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដែល​គ្នា​ត្រូវ​ការ ការ​ជួយ​ចំពោះ​ជន​ទន់​ខ្សោយ​ដែល​គ្នា​មិន​សូវ​ចេះ​ច្បាប់​ទម្លាប់ ជាពិសេស​ករណី​ច្បាប់​អន្តោប្រវេសន៍​ជាដើម ហើយ​និង​ការ​បកប្រែ​ភាសា ព្រម​ទាំង​ការ​បង្រៀន​ឲ្យ​មាន​ការ​បណ្ដុះ​អ្នក​ដឹក​នាំ​ក្នុង​សហគមន៍​នីមួយៗ»

ចំណែក​ពី​ប្រទេស​កាណាដា (Canada) ឯណោះ​វិញ លោក ថាច់ ងុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា ជូន​ពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ជួប​ប្រកប​តែ​សេចក្តី​សុខ និង​ការ​រីក​ចម្រើន។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ ក៏​បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ប្រសិទ្ធិពរ​ជ័យ​ដល់​ប្រទេស​កម្ពុជា ទាំង​មូល ឲ្យ​ឆាប់​ធូរស្បើយ​ពី​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព និង​ទុក្ខ​លំបាក​ទាំង​ពួង៖ «ខ្ញុំ​សូម​ជូន​ពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​បាន​សេចក្តី​សុខ សេចក្តី​ចម្រើន ជាពិសេស​បងប្អូន​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា។ យើង​ឃើញ​ថា​មាន​បញ្ហា​ក្នុង​សង្គម​ហ្នឹង​ដែល​មាន​ជា​ហូរហែ ហើយ​ជាពិសេស​ក្នុង​ឆ្នាំ​ថ្មី​ហ្នឹង សូម​ឲ្យ​បាន​ធូរ​ស្រាល ដើម្បី​ឲ្យ​បងប្អូន​យើង​មាន​ភាព​រីក​ចម្រើន​ក្នុង​ការ​កសាង​ប្រទេស​ជាតិ»

ក្រៅ​ពី​ការ​ជូន​ពរ​សេរី​សួស្តី​ឆ្នាំ​ថ្មី​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ទាំង​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) ជូន​ពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ប្រកប​ដោយ​សេចក្តី​សុខ និង​សុវត្ថិភាព ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ដ៏​រីករាយ​នេះ។ លើស​ពី​នេះ លោក ចន ឃែរី ក៏​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​សន្ទុះ​ទឹក​ចិត្ត​របស់​យុវជន​កម្ពុជា ក្នុង​ការ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។