លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលមរណភាពនៅក្នុងជន្មាយុ ៨៦ឆ្នាំ ដោយសាររោគាពាធកាលពីថ្ងៃទី២២ ខែធ្នូ។
ក្រុមគ្រួសារមានក្ដីទុក្ខយ៉ាងធ្ងន់ធ្ងរ ហើយថាមរណភាពរបស់លោក ឆេង ផុន គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់របស់គ្រួសារ និងប្រទេសជាតិ។ លោកត្រូវបានសិស្ស និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាច្រើនជំនាន់ និងអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ បានចាត់ទុកជាព្រឹទ្ធាចារ្យដ៏ឆ្នើមក្នុងការអប់រំ បណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ។
ជាងនេះទៅទៀត លោកក៏ជាស្ថាបនិកមួយរូបដែលជាអ្នកជួយសង្គ្រោះសិល្បៈស្ទើរគ្រប់ទម្រង់ឲ្យរស់ឡើងវិញនៅក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។
លោកតា ឆេង ផុន ក្រៅពីធ្លាប់មានតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងព័ត៌មានជិតមួយទសវត្សរ៍កន្លងមកនោះ លោកក៏ជាអតីតប្រធានគ.ជ.ប ដំបូងគេនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៣ គឺបន្ទាប់ពីសម័យអ៊ុនតាក់។
លោក សេក បណ្ឌិត បានជួបសម្ភាសផ្ទាល់ជាមួយលោកតា ឆេង ផុន កាលពីឆ្នាំ២០១២ និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត បានរៀបរាប់ពីប្រវត្តិសង្ខេបខ្លះៗរបស់លោកដែលមានខ្លឹមសារដូចខាងក្រោម៖
អ្នកសិក្សាស្រាវជ្រាវសិល្បៈ វប្បធម៌ និងអរិយធម៌ ភាគច្រើនបានប្រសិទ្ធិនាមឲ្យលោកតា ឆេង ផុន ថា ជាវិស្វករព្រលឹងក្នុងពិភពសិល្បៈវប្បធម៌ខ្មែរ។
ក្រុមសិល្បករបានពន្យល់ថា វិស្វករព្រលឹងគឺជាអ្នកបណ្ដុះឆន្ទៈ មនសិការជាតិដល់សិល្បករឲ្យចេះស្រឡាញ់វប្បធម៌ជាតិ ព្រមទាំងបណ្ដុះឲ្យសិល្បករមានបញ្ញាស្មារតី ជាពិសេសឲ្យមានព្រលឹងសិល្បៈក្នុងខ្លួនច្បាស់លាស់ពិតប្រាកដ។
លោក ឆេង ផុន ក្នុងអតីតកាលជាក្មេងកំព្រាម្ដាយតាំងពីអាយុ ៨ឆ្នាំ ហើយអាយុបាន ១៨ឆ្នាំ ក៏កំព្រាឪពុកទៀត។ លោកកើតនៅឆ្នាំ១៩២៩ នៅខេត្តកំពង់ចាម។ ថ្វីត្បិតតែលោកជាក្មេងកំព្រា ប៉ុន្តែមានការសិក្សាមួយច្បាស់លាស់។ នៅថ្នាក់មធ្យមសិក្សា ខេត្តកំពង់ចាម ក្រៅពីសិក្សាចំណេះទូទៅ លោកមានឱកាសបានហាត់រៀន និងសម្ដែងសិល្បៈផ្សេងៗ ជាពិសេសល្ខោននិយាយ។ នៅក្នុងអំឡុងឆ្នាំ១៩៦០ លោកបានមកបន្តការសិក្សានៅភ្នំពេញ ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបន្តចូលដល់សាលាគរុកោសល្យ។ ក្នុងអំឡុងពេលនោះ លោកនៅតែបន្តហាត់រៀនវិជ្ជាសិល្បៈនេះនៅឡើយ ដោយមានគ្រូខ្មែរ និងបារាំង ជាអ្នកបង្ហាត់ រហូតក្លាយជាសមាជិកក្រុមល្ខោនជាតិនៅអំឡុងឆ្នាំ១៩៦៦។
លោកតា ឆេង ផុន បញ្ជាក់ថា ការសម្ដែងរបស់លោកកាលនោះ មិនបានដើរតួអីជាធំដុំនោះទេ ភាគច្រើនជាតួត្លុកកំប្លែង ប៉ុន្តែមានប្រជាប្រិយគ្រាន់បើក្នុងស្រទាប់មហាជន៖ «កាលនោះវាមានល្ខោនលីសសេ និងល្ខោនណូកមាល់ ហើយជាអ្នកលេងពូកែជាងគេក្នុងចំណោមពួកហ្នឹង។ អ្នកស្រុកចូលចិត្ត នាម៉ឺនគ្រូបង្រៀនអីគេរាប់អាន។ ច្រើនជាត្លុកកំប្លែង ជាសែណែតអីអ៊ីចឹង ទៅបានជាប់ល្ខោនហ្នឹងចូលមកក្នុងសាលា»។
ចាប់ពីពេលនោះ រហូតមកដល់ត្រឹមសម័យខ្មែរក្រហម លោកមានឱកាសជាអ្នកដឹកនាំរឿង ជាគ្រូបង្រៀនសិល្បករ និងជាអ្នកផ្ដើមគំនិតស្រាវជ្រាវដើម្បីច្នៃបង្កើតនូវទម្រង់សិល្បៈផ្សេងៗដែលបានបាត់បង់ និងកំពុងមានភាពស្រពេចស្រពិលនោះ ឲ្យមានទម្រង់មួយច្បាស់លាស់ មានខ្នាតមួយត្រឹមត្រូវ និងមានខ្លឹមសារស្របទៅតាមវប្បធម៌ជាតិ។ ទម្រង់សិល្បៈទាំងនោះ រួមមានល្ខោនយីកេ រឿង ទុំ ទាវ ម៉ាក ថឺង និងរបាំប្រជាប្រិយរបាំខ្មែរលើជាដើម។
នៅក្រោយរបបខ្មែរក្រហម លោកជាស្ថាបនិកមួយរូបរួមគ្នាជាមួយសិស្ស និងគ្រូដែលសល់ពីស្លាប់ បានបន្តការងាររបស់លោកទៅមុខទៀត។ លោកបានប្រមែប្រមូលនូវរាល់ទម្រង់សិល្បៈខ្មែរ ដែលបានបាត់បង់ ខ្ចាត់ខ្ចាយនៅក្នុងរបបខ្មែរក្រហមមកវិញ ស្វែងរកសិល្បករដែលសល់ពីស្លាប់ និងមនុស្សជំនាន់ថ្មី មកដុសខាត់ ហាត់រៀន ឲ្យមានជីវិត រូបរាង ពណ៌សម្បុរជាសិល្បៈឡើងវិញក្រោយឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោកត្រូវរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន បានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងព័ត៌មាន រហូតដល់ឆ្នាំ១៩៨៩។
ត្រង់ចំណុចនេះ លោកតា ឆេង ផុន បានមានប្រសាសន៍បញ្ជាក់កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១២ ថា ឱកាសលោកបានឡើងជារដ្ឋមន្ត្រីនោះ មិនមែនដោយសារលោកជាមនុស្សពូកែជាងអ្នកដទៃនោះទេ ប៉ុន្តែវាជាដំណាក់កាលមួយខ្វះធនធានមនុស្ស ហើយបញ្ហាវប្បធម៌ជារឿងស្មុគស្មាញមួយ ដែលពិបាកនឹងរកអ្នកទទួលខុសត្រូវ៖ «ដូចពួក ក្រវិល (ពេជ្រទុំ ក្រវិល) ពួកអីហ្នឹង គេមិនព្រមចូលធ្វើទេ វាថាមិនឲ្យចាញ់បោកគេ មិនឲ្យគេត្រួតត្រាវាទេ វាប្រកែកញ៉ាញ រួចខ្ញុំថា បើឯងមិនធ្វើមានតែឲ្យគេធ្វើ? ហើយបើឲ្យគេធ្វើហើយកុំបន្ទោសគេថា គេធ្វើមិនកើត ឯងមិនធ្វើទុកឲ្យអញធ្វើ អញនឹងចេញពីកំពង់ធំ។ កាលនោះខ្ញុំនៅកំពង់ធំ»។
លោកទទួលស្គាល់ថា ការខិតខំប្រឹងប្រែងរបស់លោកនៅត្រង់អន្លើខ្លះបានទទួលជោគជ័យ កន្លែងខ្លះមិនបានទទួលជ័យទេ។ បញ្ហានេះលោកបានបង្ហាញថា កាលនោះស្ថិតក្នុងស្ថានការណ៍ប្រឡូកប្រឡាក់គ្នាច្រើន ក្នុងនោះមានពាក់ព័ន្ធនឹងរឿងនយោបាយផង និងការខ្វែងគំនិតក្នុងក្រុមសិល្បៈគ្នាឯងផង៖ «កាលណោះយើងចង់ធ្វើអ៊ីចេះ គេចង់ធ្វើអ៊ីចុះ ម្ល៉ោះហើយការចង់ខុសគ្នាហ្នឹងហើយ ជួនជាបំណងនយោបាយ ជួនជាបំណងរបស់សិល្បករទៅ»។
លោក អៀង ស៊ីធុល ជាសិល្បករល្បីឈ្មោះម្នាក់ដែលគេស្គាល់ស្ទើរគ្រប់គ្នាថា ជាតួអង្គ ទុំ ក្នុងរឿងល្ខោនយីកេ ទុំ ទាវ ក្រោយឆ្នាំ១៩៧៩។ លោកមានប្រសាសន៍ឲ្យដឹងថា លោកតា ឆេង ផុន ជាគ្រូឧបជ្ឈារបស់លោក និងសិល្បករជាច្រើនទៀតតាំងពីឆ្នាំ១៩៧១ រហូតមក។
លោកតា ឆេង ផុន ជាគ្រូម្នាក់ដែលមានពហុនៃចំណេះ។ លោកមិនត្រឹមតែបង្រៀនសិស្សឲ្យចេះតែសម្ដែងសិល្បៈប៉ុណ្ណោះទេ លោកក៏បានជំរុញឲ្យសិល្បករមានពុទ្ធិក្នុងខ្លួន ចេះសិក្សាស្វែងរកចំណុចកំពូលនៃការជឿនលឿនរបស់សិល្បៈ ដឹកនាំសិល្បៈឲ្យមានដំណើរផ្សារភ្ជាប់ជាមួយនឹងជីវិតពិត និងថាមពលក្នុងសង្គម៖ «លោកតែងតែយកពេលវេលាមួយដាស់តឿនជានិច្ច ជាពិសេសចំណេះដឹងអប់រំខាងផ្លូវចិត្ត ឲ្យយើងយល់ដឹងពីវិធានទូទៅនៃសិល្បៈថា សិល្បៈជាអ្វី សិល្បៈអាចជួយយើង ឬប្រទេសជាតិយើងអាចឋិតថេរគង់វង្សបាន»។
លោកបន្តថា ទោះក្នុងកាលៈទេសៈលំបាកបែបណាក៏ដោយ លោកតា ឆេង ផុន នៅតែឆ្លៀតកសាងបានស្នាដៃល្បីល្បាញជាមួយគ្រូ និងសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតបានច្រើនរាប់មិនអស់។ លោកបានកត់សម្គាល់ទៀតថា នៅក្នុងអំឡុងពេលដែលគាត់គ្រប់គ្រងសិល្បៈ វប្បធម៌ មានការរីកចម្រើនយ៉ាងខ្លាំងស្ទើរគ្រប់ទម្រង់សិល្បៈ ធ្វើឲ្យព្រលឹងសិល្បៈរស់ឡើងវិញ និងពេញនិយមគ្រប់ស្រទាប់មហាជន។
ក្រៅពីនេះ លោកបានបន្សល់ទុកនូវបទពិសោធន៍ និងការអនុវត្តផ្ទាល់នូវពាក្យទូន្មានដ៏មានសារប្រយោជន៍រាប់មិនអស់សម្រាប់ឲ្យសិល្បករធ្វើដំណើរនៅលើផ្លូវរបស់ខ្លួន មិនឃ្លីងឃ្លោងដើម្បីឆ្ពោះទៅរកភាពជោគជ័យពិតប្រាកដ។
ទោះយ៉ាងនេះក្តី លោកតា ឆេង ផុន ខ្លួនឯងផ្ទាល់ បានថ្លែងថា បេសកកម្មរបស់លោកបានចប់មុនផែនការអភិវឌ្ឍផ្នែកសិល្បៈ វប្បធម៌ជាតិរបស់លោក។ ការអភិវឌ្ឍមិនចប់ចុងចប់ដើម ជាក្ដីបារម្ភមួយដល់ការទ្រោមចុះនៃសិល្បៈវប្បធម៌ជាតិ។ ពីព្រោះសិល្បករខ្មែរនៅខ្វះខាតច្រើនណាស់ ដូចជាការរៀនស្គាល់ព្រលឹងខ្លួនឯង ការពង្រឹងទប់សម្បករូបកាយខាងក្រៅ ខ្លួនឯងឲ្យឈរបានរឹងមាំ។
លោកបារម្ភបំផុត គឺការបាត់នូវព្រលឹងសិល្បៈ ការតោងមិនជាប់នូវព្រលឹងនោះឯង៖ «តោងព្រលឹងនោះត្រង់ថា ចង់ញោចផ្លូវចិត្ត មុនញោចផ្លូវកាយ ដោយសិក្សាពីរំញោច ផ្លូវចិត្តសិន កាយ និងចិត្តស៊ីគ្នានៅ? អ៊ីចឹងបានខ្ញុំចេះតែប្រាប់ពួកនេះថា អញនៅខ្វះច្រើនណាស់ ដូចជាកម្មវិធី ៣ឆ្នាំខាងផ្លូវកាយ ៣ឆ្នាំខាងផ្លូវចិត្ត ៣ឆ្នាំខាងផ្លូវកាយ ផ្លូវចិត្តទៀត ៩ឆ្នាំ»។
អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ លោក អ៊ុន ទឹម ដែលធ្វើការជិតស្និទ្ធនឹងលោក ឆេង ផុន បានឲ្យដឹងដែរថា ដោយសារការខិតខំប្រឹងប្រែងលើការងារសិល្បៈ លោក ឆេង ផុន បានទទួលមេដាយថ្នាក់ខ្ពស់បំផុតចំនួនពីរ។ ទីមួយពីព្រះបរមរាជវាំង និងទីពីរប្រទេសជប៉ុន៖ «ជប៉ុនគឺពានរង្វាន់វប្បធម៌អាស៊ី នៅឆ្នាំ៩៧។ ប្រទេសមួយចំនួនមិនទាន់ទទួលបានពានរង្វាន់ប្រភេទនេះនៅឡើយទេ»។
ចំពោះគុណវិបត្តិរបស់លោកតា ឆេង ផុន គេពិបាកនឹងកត់សម្គាល់ឃើញជាចំហណាស់។ ខ្លួនលោកផ្ទាល់បានថ្លែងថា មនុស្សគ្រប់រូបជៀសមិនផុតពីគុណវិបត្តិឡើយ។ ប៉ុន្តែលោករកនឹកមិនឃើញថា តើលោកមានកំហុសអ្វីជាដុំកំភួននោះទេ។
លោក អៀង ស៊ីធុល មានប្រសាសន៍ថា លោកតា ឆេង ផុន មិនសូវទប់អារម្មណ៍ ចង់លាក់លៀមនូវអ្វីដែលលោកចង់និយាយ ចង់កែលម្អនោះទេ។ ឧទាហរណ៍ នៅពេលឃើញកូនសិស្សធ្វើអ្វីខុស ឬមានការជជែកខ្វែងគំនិតគ្នាអ្វីមួយ គឺមានប្រតិកម្មភ្លាមៗ៖ «អ្វីដែលយើងធ្វើមិនត្រូវនឹងគន្លឹះទិសដៅវប្បធម៌ជាតិ គឺគាត់ជេរហើយគាត់ថាហើយ គឺគាត់មាត់ឆៅអ៊ីចឹងតែម្ដង»។
លោកតា ឆេង ផុន មានកូនបួននាក់ ភាគច្រើនពួកគាត់មិនមានតួនាទីធំដុំក្នុងរដ្ឋាភិបាលនោះទេ។ កូនលោកភាគច្រើនជាអ្នកសិក្សា និងធ្វើការផ្នែកសិល្បៈដូចឪពុកដែរ។
លោកតា ឆេង ផុន ក៏ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិទី២ នៅឆ្នាំ១៩៩៧ បន្ទាប់ពីអាណត្តិទីមួយដែលរៀបចំដោយអង្គការសហប្រជាជាតិ ជាអ្នកជួយរៀបចំដំណើរការបោះឆ្នោតលើកដំបូងក្រោយកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។ គ.ជ.ប ដែលគ្រប់គ្រងដោយលោក ឆេង ផុន កាលនោះ មានការរិះគន់ច្រើនថា ធ្វើការលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។
លោកតា ឆេង ផុន បានបញ្ជាក់ថា តួនាទីនេះលោកមិនពេញចិត្តឡើយ ហើយការតែងតាំងនោះដោយសារខ្វះមនុស្ស។ នៅក្រោយចប់ការងារបោះឆ្នោតនៅអាណត្តិទី២នោះ លោកក៏សម្រេចចិត្តលាឈប់ ដោយសារភាពធុញទ្រាន់នឹងការងារនោះ ម្យ៉ាងដល់ពេលដែលលោកគិតគូររឿងធម៌អារ្យផង៖ «ធុញនឹងវាពុំមានការពិត គ្មានការពិតយ៉ាងម៉េចទៅ? ពិបាកនិយាយណាស់ជាមួយពួកគ្មានការពិត អំពើល្អ។ នាំឲ្យគេទៅធ្វើអំពើល្អនោះវាតឹងណាស់ តឹងទ្រូង»។
កាលនោះមានការរិះគន់ជាច្រើនថា គ.ជ.ប ធ្វើការមិនបានត្រឹមត្រូវមានភាពលំអៀងទៅរកបក្សនយោបាយម្ខាងៗជាដើម។ ក្រោយការលាឈប់ពី គ.ជ.ប លោកបានកសាងមជ្ឈមណ្ឌលវិបស្សនាដ៏ធំមួយនៅព្រែកហូរ ខេត្តកណ្ដាល។ កន្លែងនោះជាទីស្ងប់សុខនៃជីវិតចុងក្រោយរបស់លោកក្នុងការស្វែងរកធម៌អារ្យ និងជាកន្លែងមួយស្ងប់ស្ងាត់ សម្រាប់សិល្បករជ្រកកោន ដើម្បីសិក្សាបន្តទៅឧត្ដមវិជ្ជា ហើយក៏សម្រាប់អ្នកផងដែលចង់សិក្សារកឲ្យឃើញថា អ្វីទៅដែលហៅថា "កើតស្អាត រស់នៅស្អាត និងស្លាប់ស្អាត"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
