ពលរដ្ឋខេត្តស្ទឹងត្រែង ប្រមាណ ៨០ភាគរយ មិនថាពលរដ្ឋខ្មែរ ជនជាតិភាគតិចឡាវ និងជនជាតិដើមភាគតិចកួយ ជាដើម បានប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដូចជាសែនព្រេន សម្អាតផ្ទះសម្បែង ដោយតុបតែងលម្អផ្កាអង្គាសីលពណ៌លឿងស្រស់ និងគ្រួសារនីមួយៗសំពះដូនតា ព្រមទាំងផ្តល់ប្រាក់រង្វាន់ដល់កូនចៅ និងដើរកម្សាន្តតាមរមណីយដ្ឋាននានា មិនខុសពីខ្មែរកាត់ចិន ឬជនជាតិចិន ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឡើយ។
មន្ត្រីសង្គមស៊ីវិលយល់ថា ឥទ្ធិពលវប្បធម៌ប្រពៃណីចិន បានបញ្ជ្រាបចូលដល់ខ្មែរតាមរយៈកំណើននៃប្រជាជនចិន មកកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងការភ្ជាប់សាច់ញាតិចិន ជាដើម។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ស្ទើរតែគ្រប់ក្រុមគ្រួសារ ក្នុងពិធីសែនប្រពៃណីចិន នៅថ្ងៃទី៧ កុម្ភៈ ពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរកាត់ចិន ជនជាតិភាគតិចឡាវ និងជនជាតិដើមភាគតិចជាដើម កំពុងជួបជុំក្រុមគ្រួសារផឹកស៊ីតាមគេហដ្ឋាន ចែកអាំងប៉ាវ ដុតក្រដាសប្រាក់ និងអុជធូបសែនព្រេន ជាដើម។
ចំណែកអាជីវករលក់សម្ភារៈតាមផ្ទះថ្មជុំវិញផ្សារមួយចំនួន បានឈប់សម្រាក និងត្រៀមធ្វើដំណើរកម្សាន្ត បន្ទាប់ពីពួកគេបានប្រារព្ធពិធីសែនព្រេនរួច។
អាជីវករលក់សម្ភារៈបោះដុំ ឋិតនៅខាងជើងផ្សារខេត្តស្ទឹងត្រែង លោក តាំង គឹមអៀក ដែលកំពុងដុតក្រដាសប្រាក់ និងសម្ភារៈផ្សេងៗនៅខាងមុខផ្ទះ រៀបរាប់ថា ការដុតក្រដាសប្រាក់ និងសម្ភារៈនេះ គឺដើម្បីឧទ្ទិសកុសលដល់ដូនតាដែលបានចែកឋានទៅ។ លោកថា អំឡុងចូលឆ្នាំថ្ងៃទី១ ដែលជាថ្ងៃត្រណម ហាមមិនឲ្យធ្វើដំណើរកម្សាន្ត ឈ្លោះប្រកែកគ្នា និងបោសសម្អាតផ្ទះ ជាដើម។ លោកបន្តថា ការធ្វើរបៀបនេះ គឺដើម្បីលាភជ័យ និងនាំសំណាង៖ «ជើងធូបជិតរលត់ យើងត្រូវតែប្រមូលជូនពរគាត់។ លើកអីវ៉ាន់មាសប្រាក់ក្រដាសដែលយើងសែន លើកជូនគាត់ឲ្យមកទទួលយក»។
អាជីវករលក់សម្លៀកបំពាក់ចល័តនៅក្រុងស្ទឹងត្រែង លោក ទេម ភារម្យ ហៅ វៀត កត់សម្គាល់ថា នៅរដូវចូលឆ្នាំចិន នាខេត្តស្ទឹងត្រែង ស្ងាត់ជាងឆ្នាំមុន។ ចំណែកប្រាក់ចំណូលពីការលក់សម្លៀកបំពាក់របស់លោក ធ្លាក់ចុះជាងឆ្នាំមុនពាក់កណ្ដាលដែរ។ លោកថា ជារៀងរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំចិន ពលរដ្ឋប្រមាណ ៨០ភាគរយតែងនាំគ្នាប្រារព្ធពិធីបុណ្យនេះទៅតាមលទ្ធភាពដែលគេមាន៖ «៨០ភាគរយដែលសែន ខ្លះកូនកាត់គេសែនជាមួយគ្នា។ ខ្លះគេមានលុយគេសែន អត់លុយគេអត់សែន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង ដើម្បីសុំការអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៧ កុម្ភៈ។
មន្ត្រីសង្គមស៊ីវិលរកឃើញថា ពិធីបុណ្យចូលឆ្នាំចិន មានឥទ្ធិពលលើប្រទេសមួយចំនួននៅអាស៊ី ក្នុងនោះមានកម្ពុជា ដែរ ជាពិសេសគឺការបញ្ជ្រាបនៃវប្បធម៌អាចផ្សារភ្ជាប់ការទំនាក់ទំនងរកស៊ី និងធ្វើជំនួញជាដើម ដែលអាចបង្កើតទំនុកចិត្តនៃការទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែន ជាពិសេសគឺទំនិញចិន ទាក់ទិនបុណ្យចូលឆ្នាំ ក៏កាន់តែមានសក្ដានុពលអាចជាផ្នែកមួយពង្រីកកំណើនប្រាក់ចំណូលដល់ប្រជាជនចិន ដែរ។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ពលរដ្ឋខ្មែរភាគច្រើនបានប្រារព្ធពិធីសែនព្រេន អាចមកពីទម្លាប់តាមគ្នា ដែលមិនជាប់ទាក់ទិននយោបាយ គ្រាន់តែជាការមើលឃើញគ្នាក្នុងបរិបទសង្គម ពាក់ព័ន្ធផ្សារភ្ជាប់សាច់ឈាមរវាងកូនខ្មែរ និងកូនចិន ប៉ុណ្ណោះ។ លោកថា ពលរដ្ឋខ្មែរប្រារព្ធពិធីនេះក៏ជាការបង្កើតបរិយាកាសនៃការជួបជុំគ្នា ដែលផ្សារភ្ជាប់ទំនាក់ទំនងគ្រួសារនីមួយៗ និងសង្គមផង៖ «យើងមើលឃើញជាកត្តាប្រពៃណីទំនៀមទម្លាប់មួយដែលឆ្លុះបញ្ចាំងពីការទំនាក់ទំនងបរិបទសង្គមគ្រួសារ ច្រើនជាងឥទ្ធិពលចិនដីគោកមកដល់ប្រទេសកម្ពុជា»។
មន្ត្រីសង្គមស៊ីវិលរកឃើញថា មូលហេតុចម្បងដែលពលរដ្ឋខ្មែរ ឡាវ និងជនជាតិដើមភាគតិច ទទួលរងឥទ្ធិពលប្រពៃណីចិន ហាក់មិនដឹងខ្លួន តាមរយៈកំណើនជនជាតិចិន និងវៀតណាម មកកម្ពុជា បណ្ដាលឲ្យភ្ជាប់សាច់ឈាមរវាងកូនខ្មែរ ចិន និងវៀតណាម និងទម្លាប់ធ្វើតាមគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
