មន្ត្រីអាជ្ញាធរអប្សរាយល់ឃើញថា បើទោះបីជាបច្ចុប្បន្ន ការរស់នៅរបស់មនុស្សជាតិនៅលើពិភពលោកពោរពេញដោយបច្ចេកទេស និងមានសម្ភារៈ ឬឧបករណ៍ប្រើប្រាស់ទំនើបៗក៏ដោយ ក៏ក្រុមអ្នកប្រវត្តិសាស្ត្រ និងអ្នកបុរាណវិទ្យា នៅតែចាត់ទុកថា ការស្រាវជ្រាវអំពីការរស់នៅរបស់មនុស្សសម័យមុន និងវប្បធម៌អរិយធម៌ដ៏យូរលង់ នៅតែជារឿងសំខាន់។
ដោយសារការស្រាវជ្រាវអំពីការរស់នៅមានជាប់ទំនាក់ទំនងវប្បធម៌រវាងសម័យមុន និងសម័យបច្ចុប្បន្ននៅតែមានសារសំខាន់ គឺស្ថាប័នអាជ្ញាធរអប្សរានៅខេត្តសៀមរាប មានគម្រោងនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ដ៏ធំមួយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍នៅពេលខាងមុខឆាប់ៗ។
មូលនិធិស្រាវជ្រាវផ្នែកវប្បធម៌ និងបុរាណវិទ្យារបស់ប្រទេសថៃ បានប្រកាសថា គេនឹងជួយជ្រោមជ្រែងដល់ស្ថាប័នអាជ្ញាធរអប្សរាឲ្យមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកដ៏សំខាន់មួយ នៅពេលខាងមុខ។
ការប្រកាសរបស់មូលនិធិស្រាវជ្រាវនៃប្រទេសថៃ នេះ ធ្វើឡើងនៅក្នុងពេលដែលក្រុមអ្នកស្រាវជ្រាវផ្នែកវប្បធម៌ និងបុរាណវិទ្យារបស់ថៃ បានសហការជាមួយអ្នកជំនាញរបស់អាជ្ញាធរអប្សរា ដើម្បីបង្ហាញអំពីផ្លូវបុរាណមួយចម្ងាយប្រហែល ២៥០គីឡូម៉ែត្ររបស់អតីតអាណាចក្រក្រុងអង្គរ កាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ។
នាយករងមូលនិធិស្រាវជ្រាវរបស់ប្រទេសថៃ គឺអ្នកស្រី សីលាផន បួសាយ (Silaphorn Buasai)។ អ្នកស្រីមានប្រសាសន៍នៅក្នុងពិធីបង្ហាញផ្លូវបុរាណកាលពីថ្ងៃទី១ ខែវិច្ឆិកា ថា អ្នកស្រីយល់ឃើញថា គម្រោងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ភ្ជាប់ទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រទេសថៃ ជាមួយខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកវប្បធម៌ និងបុរាណវិទ្យាសម្រាប់តំបន់សុវណ្ណភូមិ ដែលមានប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រទេសភូមា ផងដែរ។ អ្នកស្រី សីលាផន បញ្ជាក់ទៀតថា មូលនិធិស្រាវជ្រាវរបស់ប្រទេសថៃ នឹងជួយកម្ពុជា ឲ្យបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកនេះឡើងនៅពេលឆាប់ៗ ប៉ុន្តែមូលនិធិថៃ មិនបានជួយជាប្រាក់ទេ គឺជួយផ្ដល់ជាសម្ភារៈប្រើប្រាស់សព្វបែបយ៉ាងទៅវិញ៖ «យើងបានបង្កើតមជ្ឈមណ្ឌលដូចគ្នានេះនៅក្នុងប្រទេសថៃ រួចហើយ ហើយយើងនៅតែរីករាយនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ដីគោកនៅក្នុងប្រទេសកម្ពុជា មួយទៀត។ ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍ដីគោក នឹងធ្វើឡើងនៅក្នុងកន្លែងអាជ្ញាធរអប្សរា»។
អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា បច្ចុប្បន្នអាជ្ញាធរអប្សរាមានគោលការណ៍ជាស្រេចហើយចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ហើយអគារស្រាវជ្រាវវប្បធម៌ដ៏សំខាន់ នឹងបើកសម្ពោធជាផ្លូវការនៅពេលខាងមុខ។ លោក អ៊ឹម សុខរិទ្ធី យល់ថា នៅពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកនេះបើកឲ្យដំណើរការ គឺវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមអ្នកស្រាវជ្រាវនៅក្នុងតំបន់ទាំងមូល៖ «សារប្រយោជន៍នៃការស្រាវជ្រាវ គឺថានៅស្រុកខ្មែរ និងស្រុកថៃ ក្លាយទៅជាអ្នកនាំមុខគេមែនទែនក្នុងការស្រាវជ្រាវអំពីវិស័យមនុស្សសាស្ត្រ បុរាណវិទ្យា អារ្យធម៌នៅក្នុងអាស៊ីអាគ្នេយ៍ដីគោក»។
លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលគ្រោងនឹងបង្កើតឡើងនេះ មិនត្រឹមតែសម្រាប់ការស្រាវជ្រាវប៉ុណ្ណោះទេ គឺអនាគតក៏នឹងទទួលយកសិស្សនិស្សិតរបស់ប្រទេសនៅក្នុងតំបន់ ឲ្យមកសិក្សាស្វែងយល់អំពីរឿងរ៉ាវអតីតកាលដែលកប់បាត់ជាយូរមកហើយនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
