ក្នុងទិវានោះ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានស្នើទៅថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្មែរឲ្យគង់វង្ស។
នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំនួន ៨ ដើម្បីជំរុញឲ្យមានការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ។
អនុសាសន៍ទាំងនោះរួមមាន ទី១ ត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្សលើវិស័យវប្បធម៌ និងអភិវឌ្ឍសិល្បៈគ្រប់ទម្រង់ ដោយឈរលើមូលដ្ឋានអភិរក្សមានគ្រឹះនៃវប្បធម៌ខ្មែរបុរាណ ដែលមានជាអត្តសញ្ញាណ ពណ៌សម្បុរ ក្បួនខ្នាត និងជាព្រលឹងនៃវប្បធម៌ ដើម្បីបង្ហាញពីតម្លៃប្រពៃណីវប្បធម៌ ភាពថ្លៃថ្នូរ និងមោទនភាពជាតិ។ ទី២ ត្រូវបង្កើតស្នាដៃថ្មី តាមរយៈការបញ្ចូលវិធីវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងមធ្យោបាយផលិត និងការសម្ដែងដោយឈរលើគ្រឹះវប្បធម៌បុរាណ ស្របតាមទស្សនាទាន «បុរាណមិនយឺត ទំនើបមិនបរទេស» ក្នុងគោលដៅយកស្នាដៃទាំងនោះសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពសិល្បករ។ ទី៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់លើវគ្គអប់រំ និងវិក្រិតការដើម្បីបង្កើនសមត្ថភាពយល់ដឹងដល់អ្នកនិពន្ធ និងសិល្បករទៅលើទិដ្ឋភាព និងវិទ្យាសាស្ត្របច្ចេកទេសថ្មីៗ។
ទី៤ បង្កើតកម្មវិធីផ្លាស់ប្តូរជំនាញឯកទេស ការសិក្សាស្រាវជ្រាវ បង្កើនកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីស្វែងរកវិធានការលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យសិល្បៈ។ ទី៥ ត្រូវយកចិត្តទុកដាក់បង្កើតកម្មវិធីផ្ទេរចំណេះដឹង ចំណេះធ្វើពីមរតកមនុស្សរស់ទៅឲ្យយុវជនជំនាន់ក្រោយ ដើម្បីបន្តវេន ថែរក្សាការពារបេតិកភណ្ឌវប្បធម៌ឲ្យបានគង់វង្ស។ ទី៦ បន្តរៀបចំបើកមហោស្រពសិល្បៈមហាជនឲ្យបានទៀងទាត់នៅថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ ដើម្បីផ្ដល់ឱកាសឲ្យសិល្បករបានផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ទី៧ បន្តយកចិត្តទុកដាក់លើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឲ្យបានគង់វង្សនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីគ្រប់ប្រភេទ និងទី៨ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តយកចិត្តទុកដាក់រៀបចំចងក្រងនូវបទដ្ឋានគតិយុត្តិ ដែលទាក់ទងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដូចជាអនុក្រឹត្យស្ដីពីការគ្រប់គ្រងសិល្បៈ ទស្សនីយភាព អនុក្រឹត្យស្ដីពីការគ្រប់គ្រងសិល្បៈសិប្បកម្ម និងសិល្បៈសូនរូប។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមានពីខាងក្រៅ បញ្ចៀសឲ្យបាននូវភាពលួចចម្លងស្នាដៃពីអ្នកដទៃ ដែលជាបទល្មើសកម្មសិទ្ធិបញ្ញា៖ «ប្រាកដណាស់អ្នកបង្កើតស្នាដៃថ្មីតែងបានរៀនសូត្រពីអ្នកដទៃ តែគេពុំគួរចម្លងស្នាដៃអ្នកដទៃដោយល្ងឹតល្ងង់ ឬដកស្រង់របស់គេទាំងស្រុងនោះទេ។ ក្នុងន័យនេះ យើងសង្ឃឹមថា អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីរបស់យើង នឹងដកស្រង់យកតែជាមេរៀនល្អៗរបស់អ្នកដទៃមកពិចារណា ហើយចម្រាញ់យកធ្វើជាចំណេះដឹងខ្លួន ដើម្បីបង្កើតស្នាដៃថ្មីៗ»។
ជុំវិញការលួចចម្លងស្នាដៃពីគ្នាទៅវិញទៅមកនេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ឲ្យដឹងថា បច្ចុប្បន្នវិស័យសិល្បៈខ្មែរលុកលុយដោយវប្បធម៌បរទេស និងធ្វើឲ្យវិស័យសិល្បៈធ្លាក់ដុនដាបខ្លាំង ទាំងវិស័យខ្សែភាពយន្ត និងវិស័យចម្រៀង។
លោកបញ្ជាក់ថា អ្នកនិពន្ធមិនបានផលិតអ្វីជាស្នាដៃផ្ទាល់ខ្លួនសម្រាប់រាជការក្នុងសម័យរបស់ខ្លួន ដោយភាគច្រើនបានយកបទចម្រៀងពីសម័យមុនៗ មកកែកុន ឆ្នៃចុះឡើងៗធ្វើឲ្យខូចទម្រង់ដើម ជាពិសេសបទបរទេសមួយចំនួន គ្រាន់តែចេញមកភ្លាម អ្នកនិពន្ធនិងម្ចាស់ផលិតកម្មនានាក្នុងស្រុកប្រញាប់ចម្លងគេភ្លែត៖ «ប្រសិនបើយើងនៅតែចម្លងពីគេទៀត យើងគ្មានអ្វីដែលបង្កើតភាពជារបស់ខ្លួនឯង សម្រាប់ជាតិខ្លួនឯង នេះសបញ្ជាក់ថា យើងគ្មានអ្វីដែលរីកចំរើនតទៅមុខទៀតទេ»។
លោក សុះ ម៉ាច បញ្ជាក់ថា ការបណ្ដែតបណ្ដោយឲ្យមានការលួចចម្លងដោយសេរី គ្មានវិធានការទប់ស្កាត់ នោះវិស័យសិល្បៈពុំអាចងើបមុខរួច។ លោកបន្តថា បច្ចុប្បន្នខ្មែរមានធនធានមនុស្សច្រើន ទាំងតន្ត្រីករ អ្នកចម្រៀង និងអ្នកនិពន្ធ ហើយពួកគេទាំងនោះអាចផលិត និងនិពន្ធបទចម្រៀងជាអត្តសញ្ញារបស់ជាតិបាន។ ប៉ុន្តែអ្វីដែលសំខាន់នោះ ក្នុងកាលៈទេសៈខ្លះ ម្ចាស់ផលិតកម្មបានតម្រូវឲ្យពួកគេទាំងនោះយកបទបរទេសមកចម្លង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីប្រយោជន៍វប្បធម៌របស់ជាតិជាធំ។ ម្យ៉ាងគួរបញ្ចប់មតិរិះគន់ទាំងឡាយ ដែលតែងរិះគន់ថា អ្នកចម្រៀង និងអ្នកនិពន្ធខ្មែរ ជាចោរលួចចម្លងតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
