មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ឆ្នាំង​នឹង​ដឹក​នាំ​លេង​ល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃ​ទី​១៤​មេសា

មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង នឹង​ដឹក​នាំ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង ២​រសៀល​រហូត​ដល់​ម៉ោង ៥​ល្ងាច។

គោល​បំណង​នៃ​ការ​ដឹក​នាំ​លេង​នេះ គឺ​ចង់​បង្កើន​ភាព​សប្បាយ​រីករាយ និង​ឲ្យ​យុវវ័យ​ងាក​មក​ចាប់​អារម្មណ៍​ល្បែង​ប្រជាប្រិយ​ខ្មែរ ជា​ជាង​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​ប៉ាត​ម្សៅ ឬ​ជះ​ទឹក​ដាក់​គ្នា។

អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង លោក សិត ស ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ចំនួន ៨​ប្រភេទ ក្នុង​នោះ​ក៏​មាន​ការ​ប្រកួត​កីឡា​បោក​ចំបាប់​មួយ​ដែរ នឹង​ត្រូវ​លេង​នៅ​លើ​សួន​កុមារ​ទល់​មុខ​មន្ទីរ​វប្បធម៌។ លោក​ថា សកម្មភាព​លេង​ល្បែង​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស និង​វប្បធម៌​ជាតិ តាម​រយៈ​ការ​ស្ដែង​ចេញ​នូវ​ល្បែង​ប្រពៃណី​ជាតិ​ខ្មែរ៖ «លេង​ល្បែង​ប្រជាប្រិយ​នេះ ដើម្បី​រំឭក​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​អំពី​ប្រពៃណី​វប្បធម៌​ជាតិ។ ហើយ​ល្បែង​មាន​ដូចជា ចោល​ឈូង បោះ​អង្គញ់ ទាញ​ព្រ័ត្រ វាយ​ក្អម ចាប់​កូន​ខ្លែង លាក់​កន្សែង និង​រាំ​កម្សាន្ត​នៅ​ពេល​រាត្រី។ តាង​នាម​ខ្ញុំ​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្បធម៌ សូម​អំពាវនាវ​ដល់​យុវជន​ជំនាន់​នេះ សូម​ឲ្យ​បង្វែរ​មក​លេង​ល្បែង​ប្រជាប្រិយ​ដើម្បី​សប្បាយ ហើយ​ជា​មិត្តភាព និង​សីលធម៌​ផង»

លោក​បញ្ជាក់​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រូវ​បាន​មន្ទីរ និង​ថ្នាក់​ដឹក​នាំ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ផ្ដួចផ្ដើម​លេង​តាំង​ពី​ឆ្នាំ​២០១៤ ហើយ​នឹង​បន្ត​លេង​ជា​រៀង​រាល់​ឆ្នាំ​ទៅ​មុខ​ទៀត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០១៤ មាន​មនុស្ស​ប្រមាណ ៤០០​នាក់​មក​ពី​សង្កាត់​ចំនួន​៤ នៃ​ក្រុង​កំពង់ឆ្នាំង បាន​ចូលរួម​លេង​យ៉ាង​សប្បាយ ហើយ​ឆ្នាំ​នេះ​លោក​សង្ឃឹម​ថា នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​នឹង​ចូលរួម​លេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។