តើអ្នកភូមិក្នុងឃុំអន្លង់រមៀត នៅតែរក្សាទំនៀមនេះរហូតមកដល់បច្ចុប្បន្ន ឬក៏យ៉ាងណា?
ឃុំអន្លង់រមៀត ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ឃុំនោះនៅជាប់នឹងផ្លូវជាតិលេខ៣ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ឃុំអន្លង់រមៀត ពីសម័យសង្គមរាស្ត្រនិយម ជាតំបន់ដែលពលរដ្ឋភាគច្រើនល្បីថា មានវប្បធម៌ដ៏ល្អមួយ គឺស្ត្រីក្នុងឃុំនោះរាំវង់មានលក់ផ្កា ហើយយកថវិកាកសាងភូមិ ឃុំ។
ស្ត្រីមេម៉ាយ ឈ្មោះ សោ លន់ អាយុ ៦៩ឆ្នាំ ថ្លែងថា ពីមុនគាត់ជាអ្នករាំវង់ លក់ផ្កាប្រចាំឃុំអន្លង់រមៀត។ ក្រោយឆ្នាំ១៩៧៩ គាត់រាំបន្តទៀតដើម្បីបង្ហាញក្មេងៗ ពីសម័យកាលគាត់នៅក្មេង។ ប៉ុន្តែដោយសារការស្វែងរកចំណូលប្រចាំគ្រួសាររៀងៗខ្លួន វប្បធម៌រាំវង់លក់ផ្កានោះក៏បាត់បង់ទៅ ក្លាយជាការរាំតាមរបៀបហាត់កីឡា។ យុវជនយុវតីក្នុងឃុំ ចូលរាំលេងដោយស្ម័គ្រចិត្ត មិនប្រកាន់ទាល់តែប្រុសៗសំពះអញ្ជើញខាងស្រីឲ្យឡើងរាំ ដោយមានជូនផ្កាមួយទងផង ទើបអាចឡើងរាំជាមួយបាននោះទេ។
ស្ត្រី សោ លន់៖ «ប្រុសដោយប្រុស ស្រីដោយស្រី អត់មានមកជិតអី។ រាំវង់ គឺពីចម្ងាយគ្នាប្រវែងមួយហត្ថៗនេះ។ ពីដើមរាំស្រួលណាស់ អត់ចេះនរណាខូច អ្នកណាកាចអីជាមួយគ្នាទេ ឬអីកាន់ដៃកាន់ជើងអី គឺអត់បានទេ ឥឡូវនេះអត់បានទេ មិនដឹងសង្គមនេះយ៉ាងម៉េចទេ»។
ស្ត្រីឈ្មោះ ជឹម ណេ អាយុ ៧២ឆ្នាំ ថ្លែងថា កាលគាត់នៅក្មេងបានស្ម័គ្រចិត្តរាំវង់លក់ផ្កា ដើម្បីយកថវិកាមកកសាងភូមិឋានផង និងចង់ឲ្យអ្នករស់នៅក្នុងប្រទេសកម្ពុជា ស្គាល់ភូមិអន្លង់រមៀត ផង។ ប៉ុន្តែការផ្លាស់ប្ដូរពីរាំលក់ផ្កាមករាំដើម្បីសប្បាយធម្មតាវិញនេះ មកពីសង្គមផ្លាស់ប្ដូរទៅតាមសេដ្ឋកិច្ចទីផ្សារ ពីព្រោះគ្រួសារនីមួយៗ មានចំណូលច្រើនក្នុង ១ឆ្នាំៗ ពីការអភិវឌ្ឍ ដោយការបានធ្វើស្រែបាន ២ ទៅ ៣ដង ក្នុង១ឆ្នាំ និងកូនចៅបានចូលទៅធ្វើកម្មករកាត់ដេរបានចំណូលជួយគ្រួសារផង។
ស្ត្រីឈ្មោះ ជឹម ណេ៖ «បច្ចុប្បន្នឥឡូវហ្នឹង មើលឃើញគ្រាន់តែភ្លេងលេង គេទៅស៊្រូៗ ឃើញតែអ៊ីចឹង ឃើញតែទាំងប្រុសទាំងស្រី គ្មានអ្នកណាងោក អ្នកណាទេ។ ឥឡូវខុសឆ្ងាយដែរ ពីមុននិងឥឡូវ បើពីដើម យើងដាំអុស ឥឡូវលេងដាំខ្សែភ្លើងអស់ហើយ។ វាខុសគ្នាតែត្រឹមដាំបាយផង វានឹងខុសគ្នាដល់ទៅមុខតទៅទៀត»។
អាជ្ញាធរឃុំអន្លង់រមៀត លោក អៀយ អ៊ីម ថ្លែងថា ឃុំអន្លង់រមៀត បច្ចុប្បន្ន ក្លាយទៅជាតំបន់អភិវឌ្ឍន៍បែបទំនើបស្ទើរគ្រប់វិស័យ។ លោកថា បច្ចុប្បន្នអ្នកស្រុកធ្វើស្រែបាន ២ ទៅ ៣ដង ព្រោះមានប្រឡាយទឹកលេខ ៦៣ ជួយដល់វិស័យកសិកម្ម។ ចំណែកយុវជន យុវនារី ចេញទៅធ្វើកម្មករកាត់ដេរ និងរកស៊ីលក់ដូរបានលុយជួយឲ្យបងប្អូនបានរៀនមហាវិទ្យាល័យ ជួយទិញគោ គោយន្ត រួមទាំងទិញរថយន្ត ម៉ូតូ លើកកម្ពស់ការរស់នៅក្នុងមូលដ្ឋានបានរុងរឿង។ ដូច្នេះពុំសូវចាំបាច់រកចំណូលតាមរយៈរាំលក់ផ្កាមួយឆ្នាំម្ដងនោះទេ។
លោកឲ្យដឹងថា ដោយសារតែអ្នកស្រុកបានចេញទៅធ្វើការក្រៅភូមិ មន្ត្រីរាជការខ្លះធ្វើការឯកជន ការចូលរួមបុណ្យចូលឆ្នាំក្នុងឃុំអន្លង់រមៀត ប្រារព្ធការរាំកម្សាន្តនៅថ្ងៃចូលឆ្នាំថ្មីតែម្ដង មិនមានការរាំមុនកន្លះខែ ឬមួយអាទិត្យ ដូចច្រើនឆ្នាំមុននោះទេ៖ «ប្រជាពលរដ្ឋក្នុងឃុំខ្ញុំនេះ មិនមែនថា គឺមានទាំងអស់ទេ វាមានអ្នកអត់ មានអ្នកមាន ប៉ុន្តែជីវភាពគាត់វាធូរធារដែរ មិនអាចធ្វើអាជីវកម្មលើការរាំនោះទេ។ វាជាប្រពៃ គឺគាត់ចូលចិត្ត គាត់ស្រឡាញ់ប្រពៃណីខ្មែរយើងតាំងពីដើមមក គឺរាំវង់អ៊ីចឹងគឺអត់ដែលខានទេ ធ្វើរាល់ឆ្នាំ»។
លោក អៀយ អ៊ីម បានឲ្យដឹងថា ក្នុងឃុំនេះមាន ៦ភូមិ មានពលរដ្ឋ ៩៣០គ្រួសាររស់នៅមានដីស្រែ ៣១៩ហិកតារ ដីចម្ការជិត ២ហិកតារ សម្រាប់ធ្វើដំណាំកសិកម្ម។
វ័យចាស់ក្នុងឃុំនោះថ្លែងថា ក្រុមយុវជនៗ បានសន្យារក្សាភាពថ្លៃថ្នូរនៃការចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំម្សាញ់ នាំមកនូវសិរីសួស្ដីដល់ភូមិឃុំ ហើយពួកគេបញ្ចៀសការបង្កឲ្យមានភាពមិនល្អ ដែលអាចកើតឡើងដោយចៃដន្យឲ្យបាននៅឆ្នាំថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
