អ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សរា កំពុងចោទសួរថា តើរូបព្រះពុទ្ធបដិមារូបព្រហ្មញ្ញ និងរូបព្រះនារាយណ៍ ដែលធ្វើពីលោហធាតុសម័យបុរាណ ដែលគេរកឃើញនៅតំបន់អង្គរ និងនៅឯប្រាសាទមេបុណ្យខាងលិច ក្នុងបារាយណ៍ទឹកថ្លាជាដើមនោះ មានប្រភពធ្វើចេញមកពីកន្លែងណា?
ការចោទសួរបែបនេះ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា ទាំងខ្មែរ និងបរទេស បានធ្វើកំណាយរួមគ្នានៅក្នុងបរិវេណនៃប្រាសាទអង្គរធំ ហើយបានប្រទះឃើញរោងជាងស្លលោហធាតុដ៏ធំមួយរបស់សម័យអង្គរ ដែលគេអះអាងថា ជាកន្លែងស្លសំរឹទ្ធិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍។
ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ឱ្យដឹងថា គេនឹងសហការជាមួយអ្នកជំនាញបរទេសមកពីសកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី (Australia) និងសាលាបារាំង ចុងបូព៌ា ដើម្បីពង្រីកការស្រាវជ្រាវរកទំហំទីតាំងរោងជាងស្លលោហធាតុ និងសំរឹទ្ធិសម័យបុរាណឱ្យច្បាស់លាស់ថា តើវាមានវិសាលភាពប៉ុណ្ណាពិតប្រាកដ។
គម្រោងធ្វើកំណាយស្រាវជ្រាវបន្តនេះផ្ដួចផ្ដើមឡើង បន្ទាប់ពីកាលពីចុងខែកក្កដា កន្លងទៅក្រុមអ្នកជំនាញរបស់អាជ្ញាធរអប្សរាសហការជាមួយអ្នកជំនាញមកពីសកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី និងសាលាបារាំង ចុងបូព៌ា ជីកកំណាយនៅប៉ែកខាងជើងពីប្រាសាទភិមានអាកាសក្នុងបរិវេណនៃប្រាសាទអង្គរធំ ហើយរកឃើញទីតាំងរោងជាងស្លលោហធាតុសំរឹទ្ធិដ៏ធំមួយរបស់សម័យអង្គរ។
មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គររបស់អាជ្ញាធរជាតិអប្សរា គឺលោក ខៀវ ច័ន្ទ។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែសីហា ថា កាលពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅ សកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី បានស្នើសុំស្រាវជ្រាវអំពីរោងជាងលោហនៃសម័យអង្គរ ហើយបានជីកកំណាយនៅជិតប្រាសាទភិមានអាកាស ក្បែររាជធានីបុរាណ។ ក្នុងការជីកកំណាយជម្រៅជិត ២ម៉ែត្រ ទៅក្រោម គឺអ្នកជំនាញបានប្រទះឃើញកាកសំណល់នៃលោហធាតុសំរឹទ្ធ និងឡស្លសំរឹទ្ធិ ដោយចៃដន្យនៅលើផ្ទៃដីទំហំប្រមាណ ៥០ម៉ែត្របួនជ្រុង។
លោក ខៀវ ច័ន្ទ បញ្ជាក់ទៀតថា មានភស្តុតាងមួយចំនួនដែលឱ្យអ្នកស្រាវជ្រាវអាចអះអាងថា ទីនោះ គឺជារោងជាងទង និងជាកន្លែងស្លសំរឹទ្ធរបស់សម័យអង្គរ៖ «ដែលយើងរកឃើញនៅកន្លែងរោងជាងហ្នឹង ទី១ គឺចង្ក្រានដែលគេរំលាយលោហ ទី២ យើងឃើញមានសំណល់ អាចម៍សំរឹទ្ធ ពេលដែលស្លទៅវាពុះ វាផុលឡើង ដែលគេកៀរចោល ឬក៏យ៉ាងណាម៉េចនោះ នៅរាយប៉ាយ»។
មន្ត្រីអាជ្ញាធរអប្សរាបានអះអាងថា តាមការយកសំណល់ដែលរកឃើញពីកំណាយទៅពិសោធន៍ គឺគេអាចដឹងថា រោងជាងស្លសំរឹទ្ធសម័យបុរាណនោះ គឺអាចនៅក្នុងអំឡុងសតវត្សទី១១ ទី១២ នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងបន្តរហូតដល់ក្រោយរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទៀត។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា បើទោះបីជាអ្នកជំនាញបុរាណវិទ្យាបានរកឃើញទីតាំងស្លសំរឹទ្ធសម័យបុរាណក៏ដោយ ក៏ពេលនេះអាជ្ញាធរអប្សរាមិនទាន់មានគម្រោងនឹងធ្វើអ្វីមួយនៅកន្លែងនោះនៅឡើយទេ គឺជាបណ្ដោះអាសន្ន ត្រូវលុបកន្លែងនោះទៅវិញ៖ «ជាលក្ខណៈបុរាណវិទ្យាកន្លែងហ្នឹង គេកាយហើយ គេសិក្សាបានចប់សព្វគ្រប់អស់ហើយ គឺទីតាំងកន្លែងត្រង់នោះគេលុបវិញហើយ»។
បើទោះបីយ៉ាងណាក៏ដោយ ទាំងអ្នកជំនាញខ្មែរ និងបរទេស នៅមិនទាន់ហ៊ានអះអាងពិតប្រាកដនៅឡើយទេថា តើកន្លែងស្លសំរឹទ្ធដ៏ធំជាងគេបំផុតដែលគេទើបតែជួបប្រទះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាកន្លែងដែលបានសិតរូបបដិមាជាច្រើនធ្វើពីលង្ហិន និងសំរឹទ្ធនៅក្នុងសម័យអង្គរ ឬក៏យ៉ាងណាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
