ប្រជាកសិករមួយចំនួន សង្ឃឹមថា ក្រោយថ្ងៃចូលថ្មីឆ្នាំរួច នឹងមានភ្លៀងកក់ខែ ហើយបើសិនជាភ្លៀងកក់ខែនោះ មានចំនួនច្រើន អាចជួយឲ្យកសិករភ្ជួរដាស់ដី ត្រៀមធ្វើស្រែក្នុងរដូវបង្កបង្កើនផលថ្មីបាន។ តាមក្បួនហោរាសាស្ត្រ បានទស្សន៍ទាយថា ឆ្នាំថ្មីនេះ មានទឹកភ្លៀងស្មើពីដើមឆ្នាំដល់ចុងឆ្នាំ។
លោក កែវ និមល រាយការណ៍អំពីក្ដីសង្ឃឹមរបស់កសិករទាក់ទងនឹងបរិមាណទឹកភ្លៀងក្នុងឆ្នាំថ្មីនេះដូចតទៅ៖
ប្រជាកសិករមួយចំនួន ដែលប្រកបមុខរបរធ្វើស្រែ បន់ស្រន់សូមឲ្យឆ្នាំនេះមានទឹកភ្លៀងច្រើននៅដើមឆ្នាំហើយបើឆ្នាំថ្មីមានទឹកភ្លៀងច្រើនមែននោះ ពួកគាត់អាចធ្វើស្រែបង្កបង្កើនផល នឹងទទួលលទ្ធផលជាទីគាប់ចិត្តមិនខាន។ ប៉ុន្តែបើគ្មានភ្លៀងទេ ពួកគេមុខជាមានការលំបាកជាមិនខាន។
ទាក់ទងជាមួយបរិមាណទឹកភ្លៀងនេះ សៀវភៅមហាសង្ក្រាន្តឆ្នាំមមែសប្តស័ក ដែលជាឆ្នាំថ្មី របស់ លោក អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មាធិការស្រាវជ្រាវហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានរៀបរាប់ អំពីទំនាយទឹកភ្លៀងប្រចាំឆ្នាំថា ឆ្នាំថ្មី មានទឹកភ្លៀង នៅដើមឆ្នាំកណ្ដាល និងចុងឆ្នាំ ភ្លៀងស្មើល្អ។ សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី បានសរសេរថា ឆ្នាំនេះភពព្រះអាទិត្យ ជាអធិបតីដឹកនាំផ្លូវ ទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយនាគ៣ បង្អុរទឹកភ្លៀង ៤០០មេ ដែលចេកចេញជា ចក្រវាលបានទទួល១៦០មេ ព្រៃហេមពាន្ត ១២០មេ មហាសមុទ្រ ៨០មេ និងជម្ពូទ្វីបមនុស្សលោកបានទទួលទឹកភ្លៀង ៤០ មេ។
ចំពោះទឹកទន្លេវិញ សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី បានរៀបរាប់ទំនាយថា ទឹកទន្លេឆ្នាំថ្មីជាមធ្យម មិនតូចមិនធំ។ ទាក់ទងធញ្ញហារ ទំនាយថា ស្រូវស្រែចម្ការ និងបានផលពាក់កណ្ដាល ខូចខាតពាក់កណ្ដាល ភោជានាហារ បានផលជាមធ្យម។ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះ ទុក្ខខ្លះស្មើគ្នា។ ចំពោះដីស្រែវិញ ស្រែទំនាប និងស្រែទទួលបានផលដូចគ្នា។
កសិករមួយរូបរស់នៅខេត្តកំពង់ចាម គឺអ្នកស្រី ផាត់ ស៊ាន់ បន់ស្រន់សុំឲ្យឆ្នាំថ្មីមានទឹកភ្លៀងឲ្យច្រើន ដើម្បីងាយស្រួលដាំដំណាំផ្សេងៗ ហើយបើសិនជា ចំនួន ទឹកភ្លៀងស្មើចាប់ពីដើមឆ្នាំ ដល់ចុងឆ្នាំ និង ការខូចខាតដំណាំ អាចកើតមាន ដូចសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី បានសរសេរមែន អ្នកស្រីមានការព្រួយបារម្ភ។ ព្រោះអ្នកស្រីជាអ្នកធ្វើស្រែនិងចម្ការ បើសិនជាប្រមូលផល មិនបានល្អ គឺវាប៉ះពាល់ដល់ជីវភាពរស់នៅ របស់គ្រួសារអ្នកស្រីជាមិនខាន។ «»
អ្នកស្រីបានឲ្យដឹងបន្ថែមថា បើសិនជាប្រាក់ចំណូលចុះថយដោយសារ ការធ្វើស្រែនិងចម្ការ គឺមានតែ ទៅរកការធ្វើបន្ថែមដូចជា ទៅធ្វើការរោងចក្រ ដើម្បីរកចំណូលបន្ថែម។«»
ចំណែកកសិករមួយរូបទៀតរស់នៅខេត្តសៀមរាប គឺលោក ស៊ឹម សោភ័ណ មានប្រសាសន៍ថា ឆ្នាំនេះ លោក បង្កបង្កើនផលមិនបានផលល្អទេ។ បើសិនជា តាមទំនាយឆ្នាំថ្មី ថា ការបង្កបង្កើនផល អាច ខូចខាតពាក់កណ្ដាល និង មានភ្លៀងធ្លាក់តែ៤០ មេ ក្នុងចំណោម ៤០០មេ មែននោះ គឺបារម្ភណាស់។
កសិករមួយរូបទៀតរស់នៅខេត្តបាត់ដំបង ឈ្មោះ ភៀច ផាត រស់នៅសង្កាត់ដូនទាវ ខេត្តបាត់ដំបង មានប្រសាសន៍ថា គាត់មានដីបង្កបង្កើនផលប្រមាណ ៣ ហិកតារ។ កសិករ ភៀច ផាត និយាយថា ទឹកជាវត្ថុចាំបាច់ណាស់ ក្នុងការធ្វើស្រែ ព្រោះមានទឹក គឺគាត់អាចធ្វើស្រែបាន២ទៅ៣ដង ក្នុងមួយឆ្នាំ ដូច្នេះបើសិនជាឆ្នាំថ្មី មានទឹកភ្លៀងច្រើន វាជាការរីករាយមួយសម្រាប់កសិករដូចរូបគាត់។ «»
ក្នុងពេលដែលក្បួនសង្ក្រាន្ត បានទស្សន៍ទាយ អំពីទឹកភ្លៀងស្មើល្អ ទឹកទន្លេមធ្យម ស្រូវដំណាំស្រែចម្ការ បានផលពាក់កណ្ដាល ជាដើមនោះ អ្នកជំនាញកសិកម្ម លោក យង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) មានប្រសាសន៍នៅថ្ងៃទី ៩ មេសា ថាតាមការកត់សម្គាល់របស់លោក ភ្លៀងឆ្នាំថ្មីនេះ អាចធ្លាក់មកឆាប់ជាងមុន និងអាចមានភ្លៀងល្អជាងឆ្នាំមុន។ លោកឲ្យដឹងបន្ថែមថា ឆ្នាំ២០១៤ មានការរាំងស្ងួត ដូច្នេះឆ្នាំ ២០១៥ គឺអាចមានភ្លៀងច្រើន ពីព្រោះតាមការកត់សម្គាល់របស់លោក ក្នុងរយៈពេល ៤ទៅ៥ឆ្នាំ តែងមានការរាំងស្ងួតម្ដង ហើយក្រោយការរាំងស្ងួតនោះ គឺមានទឹកភ្លៀងច្រើន។ «»
ប៉ុន្តែលោកមានការបារម្ភថា ឆ្នាំ២០១៥នេះ នៅពេលមានភ្លៀងខ្លាំង អាចមានខ្យល់ រន្ទះ ច្រើន និង អាចមានជំនន់ទឹកភ្លៀង ដោយសារមានការកាប់ព្រៃឈើច្រើន។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីការព្យាករស្ថានភាពទឹកជំនន់រដូវវស្សាឆ្នាំ២០១៥ ចេញផ្សាយថ្ងៃទី ១ មេសា បានរៀបរាប់ឲ្យដឹងថា រដូវវស្សាចាប់ផ្ដើមពីសប្ដាហ៍ទី១នៃខែ ឧសភា។ ចាប់ពីខែមេសាដល់មិថុនា ភ្លៀងចាប់ផ្តើមធ្លាក់ មានកម្រិតស្មើឆ្នាំ២០១៤ ។ ចាប់ពីខែកក្កដា ដល់ខែ តុលា បរិមាណទឹកភ្លៀងអាចធ្លាក់ចុះច្រើនជាងឆ្នាំ ២០១៤ គឺប្រហាក់ប្រហែលឆ្នាំ ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
