ខ្សែ​យោង​អេកូ​ទេសចរណ៍​ត្រូវ​ដាក់​ដំណើរ​ការ​នៅ​សៀមរាប

អាជ្ញាធរ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បរទេស​មួយ​បាន​ធ្វើ​ខ្សែ​យោង ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរ​ឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​ធម្មជាតិ​ពី​លើ​លំហ​អាកាស​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។ ខ្សែ​យោង​នេះ គឺ​ជា​ប្រភេទ​សេវាកម្ម​ថ្មី​មួយ​ទៀត​សម្រាប់​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរ ហើយ​ទើប​តែ​មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

0:00 / 0:00

មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ​ប្រាសាទ​បុរាណ និង​ក្រុមហ៊ុន​ឯកជន​បរទេស​មួយ បាន​បើក​សម្ពោធ​ខ្សែ​យោង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែ​មិថុនា កន្លង​ទៅ ដើម្បី​ចាប់​ផ្ដើម​បម្រើ​អ្នក​ទេសចរ​ដែល​ចង់​ផ្សង​ព្រេង​មើល​ទេសភាព​ធម្មជាតិ​ពី​លើ​អាកាស។

ទីតាំង​សេវាកម្ម​នេះ ស្ថិត​នៅ​ចន្លោះ​ប្រាសាទ​តានៃ និង​ប្រាសាទ​តាកែវ ដែល​អាច​បំពេញ​បំណង​ភ្ញៀវ​ចង់​កម្សាន្ត​ទេសភាព​ពី​លើ​អាកាស​បាន បន្ថែម​ពី​លើ​ការ​ដែល​ភ្ញៀវ​ធ្លាប់​តែ​ដើរ​កម្សាន្ត និង​ទស្សនា​ប្រាសាទ​បុរាណ​ជាច្រើន​នោះ។

«សំឡេង​របាំ​ជូន​ពរ»

ខ្សែ​យោង​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​អេកូ​ទេសចរណ៍​ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​រមណីយដ្ឋាន​អង្គរ នា​ទឹក​ដី​ខេត្ត​សៀមរាប។

អ្នក​ពិគ្រោះ​យោបល់​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ខ្សែ​យោង​នោះ គឺ​លោក ថត អែនថូនី (Todd An thony) លោក​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​នោះ​ថា ខ្សែ​យោង​មួយ​នេះ​មិន​ត្រឹម​តែ​បាន​ចែក​រំលែក​ការ​សប្បាយ​ទៅ​ឱ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​មក​ពី​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​បាន​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​អំពី​ការ​អភិរក្ស​ធម្មជាតិ និង​សត្វ​ព្រៃ​នៅ​ជុំវិញ​កន្លែង​កម្សាន្ត​នោះ ធ្វើ​ឱ្យ​បរិស្ថាន​កាន់​តែ​ប្រសើរ​ទៀត​ផង។

លោក ថត អែនថូនី៖ «វា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​យើង ដែល​មិន​ត្រឹម​តែ​ឱ្យ​អ្នក​ទេសចរ​អាច​ផ្សេង​ព្រេង​នៅ​លើ​លំហ​អាកាស​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជា​ការ​អប់រំ​ដល់​អ្នក​ទេសចរ​ផង​ដែរ។ កត្តា​ដែល​សំខាន់ នៅ​ពេល​ដែល​អ្នក​ទេសចរ​នៅ​ជុំវិញ​ពិភពលោក​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​មើល​ទេសភាព​ធម្មជាតិ​នៅ​តំបន់​អង្គរ​នោះ គឺ​វា​បាន​ធ្វើ​ឱ្យ​គេ​បាន​ស្គាល់​អំពី​វប្បធម៌ ប្រពៃណី និង​ប្រជាពលរដ្ឋ​កម្ពុជា ដ៏​ស្រស់​ប្រិមប្រិយ»

ខ្សែ​យោង​សម្រាប់​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​មើល​ទេសភាព​ធម្មជាតិ​នៅ​ពី​លើ​អាកាស​មួយ​នេះ ធ្លាប់​មាន​ប្រវត្តិ​ជោគជ័យ​នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ នៃ​ប្រទេស​ថៃ ជាច្រើន​ឆ្នាំ​មក​ហើយ។

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​និយាយ​ថា ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ នៅ​ក្នុង​ខេត្ត​សៀមរាប ទើប​អាជ្ញាធរ​យល់​ព្រម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ហ្វ្លាយ អហ្វ ឌឹ គីបបោន អង្គរ (Flight of the Gibbon Angkor) ដែល​បាន​ចុះ​បញ្ជី​អាជីវកម្ម​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​រួច​ហើយ ឱ្យ​ទទួល​សិទ្ធិ​រៀបចំ​ខ្សែ​យោង​អេកូ​ទេសចរណ៍​ថ្មី​មួយ ដែល​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា។

អគ្គ​នាយក​រង​អាជ្ញាធរ​អប្សរា លោក ឈរ ថាណាត បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ជំនាញ​ផ្នែក​អភិរក្ស​ប្រាសាទ និង​ព្រៃ​ឈើ​របស់​អាជ្ញាធរ​អប្សរា បាន​សិក្សា​ក្នុង​ការ​បញ្ចៀស​ចេញ​ពី​ផល​ប៉ះ​ពាល់​ផ្នែក​បុរាណ​វិទ្យា​រួច​រាល់​ហើយ ទើប​សម្រេច​ឱ្យ​ក្រុមហ៊ុន​រៀបចំ​នៅ​ទីតាំង​មួយ​នេះ៖ «ខ្សែ​យោង​នេះ គឺ​ជា​ការ​កម្សាន្ត​មួយ​ដែល​មាន​លក្ខណៈ​រំភើប​ញាប់ញ័រ​ខុស​អំពី​ការ​ដើរ​កម្សាន្ត​ដូច​នៅ​ប្រាសាទ​អង្គរ ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់ ពិចារណា សិក្សា។ ប៉ុន្តែ​ខ្សែ​យោង​អេកូ​ទេសចរណ៍​នេះ គឺ​ធ្វើ​ឱ្យ​យើង​សប្បាយ​រីករាយ​នូវ​សកម្មភាព​ថ្មី​មួយ​ទៀត ដូច​ថា​យើង​ហោះ។ សេវាកម្ម​នេះ​នៅ​លើ​ពិភពលោក កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ជាច្រើន​នៅ​គ្រប់​ទិសទី​លើ​ពិភពលោក​ហ្នឹង ឱ្យ​ចំណាយ​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​មក​កម្សាន្ត​នៅ​កន្លែង​រមណីយដ្ឋាន​និមួយៗ»

ខ្សែ​យោង​អេកូ​ទេសចរណ៍​ថ្មី​មួយ​នេះ មាន​ប្រវែង​ប្រមាណ ៥០០​ម៉ែត្រ ដែល​មាន​ស្ពាន​អាកាស និង​រាន​ស្ពាន​ហាល​នៅ​លើ​ដើម​ឈើ​ធំៗ​ចំនួន ១៥​ដើម។

អាជ្ញាធរ​អប្សរា​បាន​ចាត់​ទុក​ថា ខ្សែ​យោង​នេះ​អាច​ឱ្យ​អ្នក​ទេសចរ​ហោះ​គយគន់​ទេសភាព​ធម្មជាតិ​នៃ​ព្រៃ​ទឹក​ភ្លៀង​ក្នុង​តំបន់​ឧទ្យាន​អង្គរ ព្រម​ទាំង​អាច​មើល​បក្សា​បក្សី និង​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។