មន្ត្រីក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) ប្រកាន់យកឥរិយាបថថ្លៃថ្នូរ និងពិចារណាឲ្យគ្រប់ជ្រុងជ្រោយ ពេលជជែកពិភាក្សាគ្នាពីគម្រោងដាក់ល្ខោនពាក់របាំងមុខថៃ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ អ្នកសម្ដែងល្ខោនខោលកម្ពុជា សម្ដែងការអន់ចិត្ត ពេលប្រជាពលរដ្ឋកម្ពុជា មិនបានជួយគាំទ្រល្ខោនខោល ហើយវាយប្រហារវប្បធម៌ប្រទេសជិតខាង។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការបង្ហោះឌឺដង និងបន្ទាបតម្លៃល្ខោន ខូន (Khon) របស់ប្រទេសថៃ ជាការនិយមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) កម្ពុជា មួយចំនួន បន្ទាប់ពីក្រសួងវប្បធម៌នៃប្រទេសថៃ គ្រោងដាក់ល្ខោនខូន ដែលមានទម្រង់ស្រដៀងទៅនឹងល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
ក៏ប៉ុន្តែ អ្នកនាំពាក្យនៃក្រសួងវប្បធម៌កម្ពុជា លោក ថៃ នរៈសត្យា អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា បង្ហាញភាពថ្លៃថ្នូរ តាមការប្រតិកម្មប្រកបដោយឥរិយាបថពិចារណាគ្រប់ជ្រុងជ្រោយ។ លោកបន្តថា ការប្រតិកម្មជ្រុលពេកលើសពីអ្វីដែលបានកើតឡើង នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងល្អក់កករ។ លោកស្នើឲ្យពលរដ្ឋកម្ពុជា ពិនិត្យនិងសិក្សាច្បាប់ជាតិ និងអន្តរជាតិ ស្ដីពីការដាក់បញ្ចូលសម្បត្តិវប្បធម៌ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី៖ «វប្បធម៌អរូបី វានៅជាមួយមនុស្ស វានៅជាមួយសហគមន៍ វានៅជាមួយប្រទេសជិតតំបន់ ហើយក៏វាផ្នែកមួយនៃសិល្បៈវប្បធម៌ ដែលឆ្លងទៅឆ្លងមក វាមានលំនាំនៃការទទួលឥទ្ធិពលពីបរិយាកាសសង្គម ពីបរិយាកាសនៃការរស់នៅ បរិយាកាសដែលមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សហគមន៍ និងសហគមន៍ ហើយប្រទេសជាតិ និងប្រទេសជាតិ»។
លោកបន្ថែមទៀតថា ការដាក់បញ្ចូលល្ខោនខូន របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នឹងមិនប៉ះពាល់ដល់កម្ពុជា នោះទេ។ លោកថា កម្ពុជា មិនដែលបណ្ដែតបណ្ដោយឲ្យបរទេសកេងចំណេញផលប្រយោជន៍ពីសម្បត្តិវប្បធម៌កម្ពុជា នោះទេ ជាក់ស្ដែងដូចជាករណីប៉ុនប៉ងកសាងប្រាសាទអង្គរវត្តសិប្បនិមិត្តពីសំណាក់ឥណ្ឌា និងការព្យាយាមកសាងប្រាសាទព្រះវិហារ ពីថ្មស៊ីម៉ង់ ពីសំណាក់ថៃ៖ «លក្ខខណ្ឌនៃការដាក់បេតិកភណ្ឌរូបី វាខុសពីការដាក់បេតិកភណ្ឌអរូបី។ បេតិកភណ្ឌរូបី ជាអចលនទ្រព្យ គឺជារបស់ដែលយើងមើលឃើញ ជារបស់ដែលយើងប៉ះ យើងកាន់ យើងពាល់បាន ដែលមានអត្តសញ្ញាណគ្រប់គ្រាន់ ហើយដែលមានភាពលេចធ្លោក្នុងសកលលោក ដូចជាប្រាសាទអង្គរវត្ត»។
កាសែត ឌឹ ណេសិន (The Nation) របស់ថៃ បានផ្សព្វផ្សាយនៅថ្ងៃពុធ ទី៨ ខែមិថុនា នៅលើទំព័រមុខថា ការព្យាយាមដាក់ល្ខោនពាក់របាំងមុខរបស់ប្រទេសកម្ពុជា និងថៃ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នឹងមិនបង្កជម្លោះរវាងប្រទេសទាំងពីរទេ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ត្រូវបានកាសែត ឌឹ ណេសិន ស្រង់សម្ដីបន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីស្ដីពីការបង្ហាញកំហឹងរបស់ប្រជាជនកម្ពុជា ចំពោះគម្រោងដាក់ល្ខោនខូន ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថា ល្ខោនខូន និងល្ខោនខោល មិនដូចគ្នាទាំងស្រុងនោះទេ តែល្ខោនទាំងពីរមានឫសគល់ដូចគ្នា។
តួឯកម្នាក់នៃល្ខោនខោល គឺលោក ទេស សុខន វ័យ ២៣ឆ្នាំ ដែលរូបគាត់កំពុងសម្ដែងល្ខោនខោល ត្រូវបានអ្នកប្រើហ្វេសប៊ុក ចែករំលែកតគ្នា អន់ចិត្តនៅពេលដែលប្រជាពលរដ្ឋកម្ពុជា ជ្រួលបង្ហោះបន្តុះបង្អាប់សិល្បៈអ្នកដទៃ ហើយលើកតម្កើងរបស់ខ្លួនឯង៖ «ធម្មតាដូចគ្មានអ្នកណាឈឺឆ្អាល។ ដល់ពេលអ៊ីចឹង ទើបនាំគ្នាកម្រើក។ ដល់ពេលអ៊ីចឹងពួកខ្ញុំមានអារម្មណ៍ថាអន់ចិត្ត។ ដល់បរទេសដាក់ចូល ទើបយើងមានអារម្មណ៍ថាស្នេហា ដល់ពេលអ៊ីចឹងគេមើលងាយយើងវិញទេ គេថា ខ្មែរយើងអត់ស្គាល់ពីរបស់ខ្មែរផង។ និយាយទៅ គាត់អត់ស្គាល់តែម្ដង»។
នាដករូបនេះបញ្ជាក់ទៀតថា កន្លងមកអ្នករាំល្ខោនមិនដែលត្រូវបានសាធារណជនជួយគាំទ្រ បើទោះជាពួកគេអង្វរករប៉ុណ្ណាក៏ដោយ៖ «ដល់ពេលថៃ គេរកដាក់ ទើបមួយៗ នាំគ្នាបង្ហោះ យករូបខ្ញុំបង្ហោះ។ ដល់ពេលអ៊ីចឹងមានអារម្មណ៍ដូចចង់អស់សំណើចម៉េចទេ។ ពេលខំអង្វរ ខំទទូចឲ្យមើលសិល្បៈ សំបុត្រតែ ១ម៉ឺន (រៀល) តែគ្មានអ្នកមើល»។
កាសែត ឌឹ ណេសិន ផ្សាយសម្ដីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ដន ប្រាមាដវិណៃ (Don Pramudwinai) ថា កម្ពុជា និងថៃ មានសិទ្ធិរៀងខ្លួនដើម្បីស្នើល្ខោនពាក់របាំងមុខចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ លោកថា បញ្ហានេះ នឹងមិនមែនជាបញ្ហាធំដុំទេ ហើយទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺរក្សានៅដូចដើម ហើយជួយគ្នាទៅវិញទៅមក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីចុងសប្ដាហ៍មុនឲ្យដឹងថា កម្ពុជាបានស្នើចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី តាំងពីឆ្នាំ២០០៣។ ក៏ប៉ុន្តែល្ខោនខោល មិនទាន់មានគោលការណ៍ច្បាប់ និងនីតិវិធីចាំបាច់គ្រប់គ្រាន់របស់អង្គការយូណេស្កូ (UNESCO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
