កាលពី ១៥ឆ្នាំមុន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតស្ថាប័នអាជ្ញាធរអប្សរា ក្នុងគោលបំណងជួយការពារ ថែរក្សា និងជួសជុលប្រាសាទបុរាណដែលបាក់បែកទ្រុឌទ្រោមនៅខេត្តសៀមរាប ឲ្យគង់វង្សបានយូរអង្វែងតទៅទៀត។ ក៏ប៉ុន្តែឆ្លងកាត់បទពិសោធន៍រយៈពេល ១៥ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យកិត្យានុភាពរបស់អាជ្ញាធរអប្សរា មិនត្រឹមតែក្លាយទៅជាអ្នកជំនាញខាងការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌប៉ុណ្ណោះទេ គឺថែមទាំងក្លាយទៅជាអ្នកគ្រប់គ្រងសហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរ ឲ្យរស់នៅសមស្របទៅតាមការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព សម្រាប់ឲ្យក្រុមអ្នកស្រាវជ្រាវមកពីបរទេសនានា ចូលមកសិក្សាយកបទពិសោធន៍ទៀតផង។
គណៈប្រតិភូប្រមាណ ៦០នាក់មកពីសាកលវិទ្យាល័យនានានៃបណ្ដាប្រទេសសមាជិកអាស៊ាន ចំនួន ៧ប្រទេស បាននាំគ្នាមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ ដើម្បីសិក្សាយកបទពិសោធន៍ពីអាជ្ញាធរអប្សរាលើជំនាញអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងជំនាញរៀបចំសហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ ឲ្យមាននិរន្តរភាពផង។
គណៈប្រតិភូដែលមកពីប្រទេសម៉ាឡេស៊ី (Malaysia) ប្រទេសឥណ្ឌូនេស៊ី (Indonesia) ប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ប្រទេសវៀតណាម (Vietnam) ព្រមទាំងប្រទេសសិង្ហបុរី (Singapore) ជាដើមនោះ គឺជាក្រុមអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ ព្រមទាំងសាស្ត្រាចារ្យ និងគ្រូបង្រៀនមកពីសាកលវិទ្យាល័យនានា។
អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរអប្សរា ដែលជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានោះ គឺលោក អ៊ឹម សុខរិទ្ធី។ លោកមានប្រសាសន៍ថា ក្រុមគណៈប្រតិភូប្រមាណ ៦០នាក់របស់សាកលវិទ្យាល័យនានានៃបណ្ដាប្រទេសអាស៊ាន ដែលមកខេត្តសៀមរាប នេះ ក្នុងគោលបំណងសិក្សាទៅលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់គ្នាជាមួយនឹងវិស័យទេសចរណ៍។ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ទៀតថា ក្រុមគណៈប្រតិភូទាំងនោះ បានកំណត់ជ្រើសយកតំបន់ចំនួនពីរនៅក្នុងខេត្តសៀមរាប ដើម្បីសិក្សា គឺទី១ តំបន់អង្គរ និងទី២ តំបន់ទន្លេសាប៖ «យើងមិននិយាយអំពីទន្លេសាប ពីព្រោះវាមិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរអប្សរា។ ចំណែកតំបន់អង្គរ គឺគេរើសយកទីតាំង២ គឺទី១ តំបន់ប្រាសាទដែលទាក់ទងនឹងការរៀបចំគ្រប់គ្រងប្រាសាទ និងវិស័យទេសចរណ៍ ធ្វើម៉េចឲ្យមាននិរន្តរភាព»។
លោក អ៊ឹម សុខរិទ្ធី ឲ្យដឹងថា ក្រុមគណៈប្រតិភូមកពីបណ្ដាសាកលវិទ្យាល័យនៃប្រទេសអាស៊ានជាច្រើនប្រទេសនេះ បានសិក្សាស្វែងយល់ជំនាញអភិរក្ស ថែរក្សា ព្រមទាំងការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅលើសហគមន៍ប្រជាពលរដ្ឋនៅតាមតំបន់បេតិកភណ្ឌពីអាជ្ញាធរអប្សរា រួចហើយនឹងយកទ្រឹស្ដីទាំងឡាយនេះទៅពិភាក្សាគ្នា ដើម្បីឈានទៅរកការចងក្រងជាសៀវភៅទស្សនៈរួមមួយ សម្រាប់យកទៅអនុវត្តនៅតាមបណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។
សាកលវិទ្យាល័យនៃប្រទេសម៉ាឡេស៊ី គឺជាអ្នកផ្ដួចផ្ដើម និងដឹកនាំក្រុមគណៈប្រតិភូដែលជាអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ ព្រមទាំងសាស្ត្រាចារ្យ និងគ្រូបង្រៀនមកពីសាកលវិទ្យាល័យនានា មកសិក្សាយកបទពិសោធន៍ពីអាជ្ញាធរអប្សរានេះ។ ពេញមួយថ្ងៃទី៣០ ខែតុលា ក្រុមគណៈប្រតិភូទាំងនោះ បានចុះទៅពិនិត្យមើលប្រាសាទបុរាណ ព្រមទាំងចុះទៅមើលការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ប្រជាពលរដ្ឋ នៅភូមិស្រះស្រង់ខាងជើង ដែលជាសហគមន៍ក្នុងតំបន់បេតិកភណ្ឌ។
បណ្ឌិតមកពីសាកលវិទ្យាល័យផ្ដួចផ្ដើមផ្នែកបច្ចេកទេសនៃប្រទេសម៉ាឡេស៊ី អ្នកស្រី អាយរ៉ិន សាហ្វីទ្រី ហ្សេន (Iren Safitri Zen) មានប្រសាសន៍ថា អ្នកស្រី និងគណៈប្រតិភូជាច្រើនទៀតមកកាន់ខេត្តសៀមរាប ពេលនេះ គឺចង់ឃើញអំពីគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលកម្ពុជា ថាតើរៀបចំរបៀបណាក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌ និងបឹងទន្លេសាបដ៏ធំ និងការរៀបចំសហគមន៍ប្រជាពលរដ្ឋឲ្យស្របគ្នានឹងការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាពនោះ៖ «យើងមានការស្ញប់ស្ញែងយ៉ាងខ្លាំងទៅលើការកសាងអង្គរវត្តកាលពីអតីតកាលរាប់ពាន់ឆ្នាំមកហើយនោះ។ ភាពស្ញប់ស្ញែងនេះ បានធ្វើឲ្យយើងត្រូវតែយកចិត្តទុកដាក់ទៅលើបច្ចេកទេស ដើម្បីការពារ ព្រមទាំងផែនការអភិវឌ្ឍន៍ ហើយពួកយើងដែលរស់នៅក្នុងតំបន់ជាសហគមន៍តែមួយ គឺត្រូវតែសម្លឹងមើលទាំងអស់គ្នា និងធ្វើការរួមគ្នា ដើម្បីជួយកម្ពុជា ទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
មន្ត្រីអាជ្ញាធរអប្សរា បានបង្ហាញពីមោទនភាពនៃស្ថាប័នរបស់ខ្លួន បន្ទាប់ពីមានក្រុមអ្នកស្រាវជ្រាវបរទេស និងបណ្ដាប្រទេសមួយចំនួន បានមកសិក្សាយកបទពិសោធន៍នៃការអភិរក្ស ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌពីកម្ពុជា ជាបន្តបន្ទាប់នេះ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា រយៈពេល ១៥ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការពារ និងថែរក្សាប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌនៃពិភពលោក ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញជួសជុល ថែទាំ ហើយរៀបចំប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ ឲ្យសមស្របទៅតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពផង។ លោក ឡុង កុសល បញ្ជាក់ទៀតថា ការប្រឹងប្រែងរយៈពេល ១៥ឆ្នាំរហូតមកដល់ពេលនេះ មិនត្រឹមតែធ្វើឲ្យអាជ្ញាធរអប្សរាសម្រេចបានលទ្ធផលល្អលើការងារថែរក្សា និងការពារ ព្រមទាំងអភិវឌ្ឍតំបន់អង្គរប៉ុណ្ណោះទេ គឺថែមទាំងមានបណ្ដាប្រទេសជាច្រើន បានមកសិក្សាយកបទពិសោធន៍ទាំងនេះពីអាជ្ញាធរអប្សរាទៀតផង។
លោក ឡុង កុសល ឲ្យដឹងថា អាជ្ញាធរអប្សរាបានបង្ហាញនូវកិច្ចសហការយ៉ាងល្អជាមួយនឹងគណៈប្រតិភូមកពីសាកលវិទ្យាល័យនៃប្រទេសអាស៊ានចំនួន៧ ដែលបានមកសិក្សាស្វែងយល់នៅខេត្តសៀមរាប នេះ៖ «យើងបានផ្ដល់នូវឯកសារមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការងារដែលយើងបានបំពេញកន្លងមក ហើយជាពិសេសទៅទៀតនោះ យើងបានរៀបចំជាទស្សនកិច្ចសិក្សា គឺថាពេលគាត់អញ្ជើញទៅប្រាសាទ គឺយើងជម្រាបជូនអំពីរបៀបរបបគ្រប់គ្រងរបស់យើង ជាដើម»។
បើទោះបីជាអាជ្ញាធរអប្សរា ធ្វើកិច្ចការមួយចំនួនបានល្អក្ដី ក៏ប៉ុន្តែអាជ្ញាធរនេះ ក៏ធ្លាប់ទទួលរងការរិះគន់ពីគណបក្សប្រឆាំងថា បានគ្រប់គ្រងថវិកាជាតិដែលបានពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស ដែលចូលទស្សនាអង្គរវត្តមិនត្រឹមត្រូវ និងធ្វើឲ្យបាត់លុយរាប់លានដុល្លារក្នុង ១ឆ្នាំៗ។
ទោះយ៉ាងណា មន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា គណៈប្រតិភូនៃសាកលវិទ្យាល័យមកពីប្រទេសចំនួន៧ ក្នុងអាស៊ាន ដែលមកដកស្រង់យកបទពិសោធន៍ពីអាជ្ញាធរអប្សរានេះ មិនមែនជាក្រុមលើកដំបូងទេ គឺក្នុងរយៈពេល ២-៣ឆ្នាំកន្លងមកនេះ មានបណ្ដាប្រទេសជាច្រើនធ្លាប់មកសិក្សាយកបទពិសោធន៍នៃការគ្រប់គ្រង និងថែរក្សាសម្បត្តិបេតិកភណ្ឌពីអាជ្ញាធរអប្សរាជាបន្តបន្ទាប់។
កាលពីពាក់កណ្ដាលឆ្នាំ២០១៥ កន្លងទៅ អនុប្រធានាធិបតីនៃប្រទេសភូមា ឬមីយ៉ាន់ម៉ា ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានស្នើសុំឲ្យកម្ពុជា ជួយចែករំលែកបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងបេតិកភណ្ឌ ដើម្បីឲ្យភូមា យកទៅរៀបចំ និងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌជាច្រើនកន្លែងនៅក្នុងប្រទេសរបស់គេឲ្យបានជោគជ័យដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
