អត្ថន័យ​នៃ​ពិធី​បុណ្យ​អរ​ព្រះ​គុណ ឬ Thanksgiving នៅ​សហរដ្ឋ​អាមេរិក

0:00 / 0:00

នៅ​សហរដ្ឋអាមេរិក ពិធី​បុណ្យ​ស៊ែងស៍ហ្គីវីង (Thanksgiving) ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា បុណ្យ​អរ​ព្រះ​គុណ​ព្រះ ទាំង​សិស្សានុសិស្ស មន្ត្រី​រាជការ​បាន​ឈប់​សម្រាក ហើយ​ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ។ នៅ​ប្រទេស​កម្ពុជា ក៏​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​សរសេរ​សារ​ជូន​ពរ​គ្នា​នៅ​លើ​ហ្វេសប៊ុក (Facebook) និង​មាន​ហាង​ទំនិញ​មួយ​ចំនួន​ឆក់​យក​ឱកាស​នេះ​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ដែរ។

តើ​ពិធី​បុណ្យ Thanksgiving នេះ មាន​អត្ថន័យ​យ៉ាង​ណា?

Thanksgiving ឬ​ពិធី​បុណ្យ​អរ​ព្រះ​គុណ គឺ​ជា​បុណ្យ​ជាតិ ដែល​ពលរដ្ឋ​រស់​នៅ​សហរដ្ឋ​អាមេរិក ឈប់​សម្រាក​ពី​ការងារ ជួបជុំ​ក្រុម​គ្រួសារ សាច់ញាតិ​ទទួល​ទាន​អាហារ និង​ដើរ​កម្សាន្ត ព្រោះ​ជា​ពេល​វេលា​ដែល​ពួកគេ​បាន​ឈប់​សម្រាក​ពី​ការងារ។ ប៉ុន្តែ​ពិធី​បុណ្យ​នេះ មិន​មាន​ន័យ​ត្រឹមតែ​គ្រប់​គ្នា​ឈប់​សម្រាក ដើរ​កម្សាន្ត និង​ទទួល​ទាន​អាហារ​តែ​ប៉ុណ្ណឹង​ទេ។

ថ្ងៃ​បុណ្យ​ដំបូង​ដែល​គេ​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​១៦២១ នោះ គឺ​ជា​បុណ្យ​ប្រពៃណី​អបអរ​សាទរ​ការ​ប្រមូល​ផល​របស់​ជនជាតិ​អង់គ្លេស។ មួយ​ឆ្នាំ​ក្រោយ​ដែល​ពួក​និគមជន​អង់គ្លេស សាសនា​គ្រិស្ត និកាយ​ប្រូតិះស្តង់ ហៅ​ថា ភួរីធិន (Puritans) ម្យ៉ាង​ទៀត គេ​ហៅ​ថា អ្នក​ស្វែង​ធម៌ ឬ ភីលគ្រិម (Pilgrims) បាន​ជិះ​សំពៅ​ឈ្មោះ មេហ្ល៉ៅវើ (Mayflower) ទៅ​ក​វែក​ក​ឆ្នាំង​នៅ​ម្ដុំ ហ្លីម៉ៅស៍ (Plymouth) នា​ទិស​អាគ្នេយ៍ ក្រុង​បូស្តុន រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋ​អាមេរិក សព្វ​ថ្ងៃ​នេះ។

នៅ​​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ​១៦២១ ពួក​អ្នក​ស្វែង​ធម៌​ពី​អង់គ្លេស ដែល​បាន​មក​រស់​នៅ​ទ្វីប​អាមេរិក បាន​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង​មួយ​ចូលរួម​ដោយ​ជន​ជាតិ​ដើម​អាមេរិក ស្បែក​ក្រហម នៃ​កុលសម្ព័ន្ធ​វ៉ាំប៉ាណក ដែល​គាប់​ជួន​ពេល​នោះ​កំពុង​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ផល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ​ផង។ ដូច្នេះ​ម្ហូប​អាហារ​ដែល​នាំ​យក​មក​ជប់​លៀង​ក្នុង​ពេល​នោះ​សម្បូរ​ហូរហៀរ​ណាស់។

បុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ ឬ Thanksgiving របស់​អ្នក​ស្វែង​ធម៌​ដែល​កាល​ណោះ មាន​គ្នា​រស់រាន​មាន​ជីវិត​ពី​ការ​អត់​ឃ្លាន និង​ជំងឺ​ឈឺ​ថ្កាត់​នៅ​លើ​ដែន​ដី​ថ្មី​ប្រមាណ​តែ ៥០​នាក់​ប៉ុណ្ណោះ បាន​ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់​មួយ ដែល​ដើម​ឡើយ​មិន​ជា​ខ្ជាប់​ខ្ជួន​ប៉ុន្មាន​ទេ​នៅ​តាម​តំបន់ និង​ក្រុម​និគមជន​ដែល​ចេះ​តែ​នាំ​គ្នា​ជិះ​សំពៅ​ឆ្លង​សមុទ្រ​អាត្លង់ទិច ពី​អឺរ៉ុប​មក​ក​តាំង​សហគមន៍​នៅ​អាមេរិក ក្នុង​ចំនួន​ដែល​កាន់​តែ​កើន​ឡើង​ជា​លំដាប់។

ចំពោះ​ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក ហើយ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​អាមេរិក ​ទៅ​ហើយ ពួក​គេ​ក៏​បាន​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ជាតិ​នេះ​ដែរ។

ចំណែក​នៅ​កម្ពុជា​វិញ មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​គ្រិស្ទ​សាសនិក យុវជន​មួយ​ចំនួន បាន​សរសេរ​សារ​ជូន​ពរ​គ្នា​នៅ​លើ​ហ្វេសប៊ុក (Facebook) ថា Happy Thanksgiving dayនិង​មាន​ហាង​ទំនិញ​ខ្លះ​ក៏​ឆក់​យក​ឱកាស​នេះ​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ដែរ។

នាយក​អង្គការ​និស្សិត និង​ប្រជាជន​កម្ពុជា សម្រាប់​ព្រះគ្រីស្ទ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី.ស៊ី.ស៊ី (CCC) លោក ទូច បូរិន មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​ណាស់ ដែល​ជា​ឱកាស​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​បាន​ផ្ដល់​ភោគផល​គ្រប់​យ៉ាង សេចក្ដី​សុខសាន្ត​ដល់​មនុស្ស​នៅ​លើ​ផែនដី។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ពិធី​បុណ្យ​នេះ ស្រដៀង​ទៅ​នឹង​ពិធី​បុណ្យ​នៅ​កម្ពុជា គឺ​បុណ្យ​ភូមិ ឬ​ដារលាន​នោះ​ឯង៖ « បទ​គម្ពីរ​មិន​មាន​និយាយ​ទាក់ទង​ទៅ​នឹង​ពិធី​បុណ្យ Thanksgiving នេះ​ទេ ក៏ប៉ុន្តែ​អ្វី​ទាំងអស់​ដែល​យើង​ទទួល​បាន គឺ​បាន​មក​ពី​ព្រះអង្គ។ អ៊ីចឹង​ទេ គេ​ផ្សារភ្ជាប់​ដែល​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវ​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ ទាក់ទិន​នឹង​ភោគផល​ដែល​យើង​ទទួល​បាន។ វា​មិន​ខុស​ពី​ខ្មែរ​ដែល​យើង​ធ្វើ​បុណ្យ​ដារ​លាន​នេះ​ទេ។ ឫសគល់​គឺ​ចេញ​មក​ពី​ហ្នឹង​នុះ​ឯង។ ព្រះអង្គ​ឲ្យ​យើង​ចេះ​ថ្វាយ​អរ​ព្រះ​គុណ​ដល់​ព្រះ ចំពោះ​ការ​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​ឲ្យ​យើង បើ​ព្រះអង្គ​មិន​ប្រទាន​ពរ​ភ្លៀង​ពី​លើ​មេឃ ស្មាន​តែ​កើត​ហ្អី ? ព្រះអង្គ​ជា​អ្នក​ឲ្យ​ចម្រើន​ឡើង ព្រះអង្គ​ជា​អ្នក​មិន​ធ្វើ​ឲ្យ​ចម្រើន​ឡើង នៅ​ពេល​ដែល​យើង​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ។ យើង​អាច​ផ្សារភ្ជាប់​នៅ​ក្នុង​ហ្នឹង ព្រះ​ដែល​ជា​ព្រះ​អាទិករ​ដែល​ទ្រង់​បាន​ព្រះ​ទាន​ពរ​ឲ្យ​ស្រែ​ចម្ការ​ច្បារ​ដំណាំ បាន​ភោគផល​អ៊ីចឹង យើង​ត្រូវ​ថ្វាយ​ការ​អរ​ព្រះ​គុណ បង្ហាញ​ពី​ជំនឿ »

សម័យ​លោក ចច្ច វ៉ាស៊ីនតុន (George Washington) ជា​ប្រធានាធិបតី​ដំបូង​របស់​អាមេរិក ក៏​មាន​ការ​ប្រារព្ធ​ធ្វើ​បុណ្យ Thanksgiving នេះ​ដែរ តែ​បុណ្យ Thanksgiving ពេល​នោះ ម្ដង​មាន ម្ដង​បាត់។

រហូត​មក​ដល់​ឆ្នាំ​១៨៦៣ ខណៈ​ដែល​ជន​ជាតិ​អាមេរិកាំង កំពុង​តែ​ច្បាំង​គ្នា​ឯង​ក្នុង​សង្រ្គាម​ស៊ីវិល ​ឈ្លោះ​គ្នា​រវាង​រដ្ឋ​ខាង​ត្បូង និង​រដ្ឋ​ខាង​ជើង​ពី​រឿង​បំបាត់​ទាសភាព ទើប​លោក​ប្រធានាធិបតី អាប្រាហាម លីនខន (Abraham Lincoln) បាន​ប្រកាស​ឲ្យ Thanksgiving ជា​បុណ្យ​ជាតិ​ដើម្បី​សម្ដែង​អំណរ​គុណ​ព្រះ​ជា​ម្ចាស់​ចំពោះ​ភព្វ​សំណាង​ល្អ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ជន​ជាតិ​អាមេរិកាំង បាន​ទទួល ដូចជា​មាន​ធនធាន​ធម្មជាតិ​ច្រើន និង​កំណើន​ប្រជាពលរដ្ឋ ថ្វី​បើ​ប្រទេស​កំពុង​មាន​សង្គ្រាម។

កាល​ពី​ឆ្នាំ​១៩៣៩ ខណៈ​ដែល​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​សេដ្ឋកិច្ច​ពេញ​ទំហឹង លោក​ប្រធានាធិបតី ហ្វ្រេនគ្លីន ឌីឡាណូ រូស៊ីវេល (Franklin Delano Roosevelt) ក៏​បាន​ប្ដូរ​ថ្ងៃ​បុណ្យ ដែល​លោក លីនខន បាន​កំណត់​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ចុង​ក្រោយ​របស់​ខែ​វិច្ឆិកា មក​ជា​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​បន្ទាប់​ពី​ចុង​ក្រោយ​នៃ​ខែ​វិច្ឆិកា ទៅ​វិញ ក្នុង​បំណង​ចង់​ឲ្យ​ហាង​លក់​ទំនិញ​សម្រាប់​បុណ្យ​ណូអែល មាន​ពេល​កាន់​តែ​ច្រើន​ដើម្បី​ឃោសនា​លក់​ទំនិញ​របស់​ខ្លួន ព្រោះ​ថា ជា​ទម្លាប់​គេ​លក់​បុណ្យ​ណូអែល ក៏​ទាល់​តែ​ធ្វើ​បុណ្យ Thanksgiving ចប់​សព្វ​គ្រប់​ហើយ​នោះ។

លុះ​ដល់​ឆ្នាំ​១៩៤២ លោក​ប្រធានាធិបតី រូស៊ីវេល យល់ព្រម​តាម​សភា​ (Congress) ចុះ​ហត្ថលេខា​អនុម័ត​យល់ព្រម​យក​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ទី​៤ ខែ​វិច្ឆិកា ជា​ថ្ងៃ​ប្រារព្ធ​បុណ្យ Thanksgiving ដូច​ដើម​វិញ ហើយ​កាល​បរិច្ឆេទ​នេះ ក៏​ស្ថិត​នៅ​ជា​ធរមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។