យុវជន និងកុមារកំព្រានៅវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ នាខេត្តកំពត កំពុងបង្ហាញអ្នកទស្សនាជាង ៣០០នាក់ អំពីរបាំបុរាណ និងភ្លេងប្រពៃណីបុរាណ ហើយសម្ដែងសិល្បៈ មាន យីកេ ឆៃយ៉ាំ ទៀតផង។
នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ អ្នកនាង ហ៊ីង ស្រី ថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមេសា ថា សាលានេះបានកើតឡើងតាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៣។ សាលានេះមានទស្សនៈវិស័យដើម្បីអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណខ្មែរ ដោយបង្រៀនដល់កុមារកំព្រាចំនួន ៣០នាក់ ដើម្បីឲ្យពួកគេអាចមានអាជីពសម្រាប់ចិញ្ចឹមជីវិត ហើយជួយថែរក្សាវប្បធម៌ខ្មែរបុរាណ ដូចជា ផ្នែកតន្ត្រីបុរាណ មានភ្លេងមហោរី និងភ្លេងពិណពាទ្យ ឯរបាំមានច្រើនប្រភេទ ដូចជា របាំប្រពៃណី និងរបាំបុរាណ រីឯការសម្ដែងមានទម្រង់ យីកេ ឆៃយ៉ាំ ត្រុដិ ជាដើម។
អ្នកនាង ហ៊ីង ស្រី៖ «គឺនៅក្នុងកំឡុង ៣០នាក់នេះ គេចេះទាំងត្រុដិ ទាំងឆៃយ៉ាំ ទាំងភ្លេងការ មហោរី របាំបុរាណ របាំប្រពៃណី ទាំងភ្លេងពិណពាទ្យ។ អីចឹងអ្នកខ្លះ បានន័យថា សម្ដែងចប់ពីមួយចូលមួយ គឺជំនាញគេចេះច្រើន ប៉ុន្តែបើអ្នកខ្លះ គេចេះតែមួយជំនាញពិណពាទ្យ អីចឹងគេចូលរួមបានតែមួយពិណពាទ្យ»។
យុវជន អួន សំបូរ ថ្លែងថា គាត់ជាកុមារកំព្រាដែលចេះសិល្បៈច្រើនពីវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ បច្ចុប្បន្ន កំពុងរៀននៅមហាវិទ្យាល័យផង និងធ្វើការនៅនាយកដ្ឋានសិល្បៈផង៖ «ក្នុងថ្ងៃហ្នឹង ខ្ញុំលេងរនាតឯក លេងជាមួយរបាំកំដររបាំ។ ឧបករណ៍ពិណពាទ្យ ខ្ញុំអាចលេងបានទាំងអស់ បង្ហាត់អីបានតាមក្បួនខ្នាតអីបាន ព្រោះខ្ញុំមានឯកសាររបស់ខ្ញុំ»។
ចំណែកអ្នកនាង វី លីដា ថ្លែងថា ក្រោយពីចេះជំនាញខាងសិល្បៈរបាំ និងភ្លេងប្រពៃណី គាត់ទទួលបានការងារច្រើន ហើយកំពុងបណ្ដុះបណ្ដាលវិស័យសិល្បៈនោះដល់សិស្សនៅសាលារដ្ឋ និងអង្គការនានា៖ «សំណូមពរឲ្យប្អូនៗ ឬក៏សិស្សានុសិស្ស ឬក៏ប្រជាពលរដ្ឋហ្នឹង ឲ្យគាត់ជួយលើកតម្កើងរបាំបុរាណខ្មែរយើង ព្រោះថាដូចសម័យនេះ ឥឡូវគេចូលចិត្តតែបទសម័យច្រើនជាងបទបុរាណខ្មែរយើង។ អីចឹង ខ្ញុំចង់ឲ្យគាត់គាំទ្រសិល្បៈខ្មែរយើង និងជួយថែរក្សាវប្បធម៌ខ្មែរយើងឲ្យបានគង់វង្ស»។
នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ អ្នកនាង ហ៊ីង ស្រី ឲ្យដឹងថា សាលានេះបានការជួយជ្រោមជ្រែងពីកញ្ញា ខាធឺរីន ហ្គេច (CACHERINE GEACH) ជនជាតិអង់គ្លេស ដែលជាអ្នកតន្ត្រីបុរាណវីយ៉ូឡុង បានជួយកុមារកម្ពុជា ដែលកំព្រា ហើយរស់នៅក្នុងស្ថានភាពលំបាក ទើបអនុញ្ញាតឲ្យបានចូលរៀនសិល្បៈ និងស្នាក់នៅក្នុងវិទ្យាស្ថាននេះ។ អ្នកនាងបន្តថា កុមារកំព្រា និងយុវជនបច្ចុប្បន្នមាន ៨នាក់ កំពុងរៀន និងបញ្ជាប់មហាវិទ្យាល័យ ដែលពួកគេបានជួយជ្រោមជ្រែងមកវិទ្យាស្ថាននេះវិញ ដើម្បីបណ្ដុះបណ្ដាលកុមារកំព្រា ៣០នាក់បន្តទៀត ដើម្បីនាំគ្នារក្សាវប្បធម៌ និងប្រពៃណីបុរាណខ្មែរឲ្យបានគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
