ក្រុមហ៊ុនជប៉ុន ផ្តល់ជំនួយមូលនិធិដើម្បីជួសជុលសារមន្ទីរព្រះនរោត្តម សីហនុ អង្គរ។ សារមន្ទីរនេះ ជាកន្លែងដ៏មានសារសំខាន់មួយសម្រាប់ទទួលថែរក្សា និងតាំងពិព័រណ៍វត្ថុបុរាណជាច្រើនប្រភេទ ដែលបុរាណវិទូបានធ្វើកំណាយរកឃើញពីតាមបណ្ដារមណីយដ្ឋានប្រវត្តិសាស្ត្រនានាក្នុងខេត្តសៀមរាប។
បច្ចុប្បន្ន ផ្នែកខ្លះរបស់សារមន្ទីរនេះបានបែកបាក់ និងទ្រុឌទ្រោមនៅតាមជញ្ជាំង និងដំបូលដែលតម្រូវឲ្យមានការជួសជុលជាចាំបាច់។
ក្រុមហ៊ុនជប៉ុន ឈ្មោះ អ៊ីអន (AEON) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងស្ថាប័នអាជ្ញាធរអប្សរា ដែលជាអ្នកទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប នៅថ្ងៃអង្គារ ទី១៥ ខែមីនា។ កិច្ចព្រមព្រៀងធានាលើការជួសជុលសារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ នេះ បានធ្វើឡើងក្រោមសំឡេងព្រះសង្ឃនៃព្រះពុទ្ធសាសនា សូត្រធម៌ស្វាធ្យាយជយន្តោ ដើម្បីប្រសិទ្ធិពរជ័យសេរីមង្គល។
អគ្គនាយកអាជ្ញាធរអប្សរា គឺលោក ស៊ុំ ម៉ាប់។ លោកថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនជប៉ុន អ៊ីអន (AEON) ដែលបានផ្ដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយពង្រឹងធនធានធម្មជាតិ សង្គម និងវប្បធម៌នៅកម្ពុជា។ លោក ស៊ុំ ម៉ាប់ មានប្រសាសន៍ទៀតថា សារមន្ទីរព្រះនរោត្តម សីហនុ អង្គរ បានសាងសង់ដោយជំនួយរបស់ក្រុមហ៊ុន អ៊ីអន កាលពី ៨ឆ្នាំមុន។ បច្ចុប្បន្ន សារមន្ទីរនេះមានការខូចខាតនៅតាមកន្លែងជាច្រើន ដែលអាជ្ញាធរអប្សរាត្រូវទទួលខុសត្រូវលើការជួសជុលមួយផ្នែក និងផ្នែកខ្លះទៀត គឺក្រុមហ៊ុន អ៊ីអន ជប៉ុន ធានាជួយជួសជុល៖ «មកទល់នឹងបច្ចុប្បន្នជិត ១០ឆ្នាំហើយ អគារទាំងមូលនេះត្រូវក្ដៅផង ភ្លៀងផង មានកន្លែងខ្លះដែលទាមទារឲ្យមានការជួសជុលឡើងវិញ»។
ក្រុមអ្នករបាំបានរាំជូនពរ ដោយចាក់ក្បាច់ពត់ពេនជាមួយនឹងផ្កាម្លិះ បាចទៅលើតំណាងក្រុមហ៊ុនជប៉ុន ដែលធានាជួយជួសជុលសារមន្ទីរដ៏មានសារសំខាន់មួយនេះ។
ប្រធានមូលនិធិ ១% នៃក្រុមហ៊ុន អ៊ីអន ជប៉ុន លោក ហ៊ីរ៉ូស៊ី យ៉ូគូ (Hiroshi Yokoo) បានបដិសេធមិនជម្រាបជូនជាសាធារណៈនូវចំនួនទឹកប្រាក់ ដែលនឹងយកមកជួសជុលសារមន្ទីរព្រះនរោត្តម សីហនុ អង្គរ ថាប៉ុន្មាននោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលនឹងត្រូវជួសជុលសារមន្ទីរនេះប្រហែលជា ៦% នៃទឹកប្រាក់សាងសង់សារមន្ទីរនេះកាលពី ៨ឆ្នាំមុន៖ « សូមអធ្យាស្រ័យ គឺខ្ញុំមិនអាចជម្រាបជូនបានទេចំពោះចំនួនទឹកប្រាក់ជួសជុលនេះ។ ខ្ញុំគ្រាន់តែចង់ឲ្យអស់លោកដឹងថា ការមកជួសជុលសារមន្ទីរនេះជាថ្មីម្ដងទៀត គឺជាមោទនភាព ព្រមទាំងធ្វើឲ្យទឹកចិត្តរបស់ខ្ញុំជ្រះថ្លា ដូចជាបានកសាងបុណ្យទានអ្វីមួយ »។
ប្រភពក្រៅផ្លូវការឲ្យដឹងថា សារមន្ទីរព្រះនរោត្តម សីហនុ អង្គរ កសាងឡើងកាលពីឆ្នាំ២០០៨ ដោយក្រុមហ៊ុន អ៊ីអន ចំណាយអស់ទឹកប្រាក់ជាង ១លានដុល្លារអាមេរិក។
សារមន្ទីរព្រះនរោត្តម សីហនុ អង្គរ កសាងឡើងសម្រាប់ជាកន្លែងដាក់ទុកព្រះពុទ្ធបដិមាចំនួន ២៧៨បំណែក ដែលសាកលវិទ្យាល័យ សូហ្វីយ៉ា ជប៉ុន (Sophia) បានសហការជាមួយបុរាណវិទូខ្មែរ ធ្វើកំណាយរកឃើញនៅក្នុងប្រាសាទបន្ទាយក្ដី ចាប់ពីឆ្នាំ២០០០-២០០១ ហើយក៏ជាកន្លែងដែលគេដាក់តាំងពិព័រណ៍វាលកប់សពបុរាណ ដែលរកឃើញនៅកោះតាមាស និងព្រៃក្មេង នៅតំបន់បារាយណ៍ទឹកថ្លាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
