ជំនឿ​ជនជាតិ​ភាគ​តិច​ស្វែង​រក​យុត្តិធម៌​ដោយ​ពិធី​ស្បថ​ជ្រមុជ​ទឹក

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​ស្ទើរ​គ្រប់​ជនជាតិ​នៅ​ខេត្ត​រតនគិរី កាល​ពី​មុន​ឆ្នាំ​២០០០ និយម​ប្រើប្រាស់​វិធី​ស្បថ​ជ្រមុជ​ក្នុង​ទឹក ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ក្នុង​ជម្លោះ​អ្វី​មួយ ដែល​គូ​ភាគី​មិន​អាច​ស្វែង​រក​យុត្តិធម៌ ឬ​ផ្សះផ្សា​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​បាន។

តើ​ពិធី​ស្បថ​ជ្រមុជ​ទឹក​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រព្រឹត្ត​ទៅ​បែប​ណាខ្លះ?

ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ និង​អ្នក​ចាញ់ ឬ​អ្នក​ត្រូវ និង​អ្នក​ខុស ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី រួម មាន​ជនជាតិ​ដើម​ព្រៅ ចារ៉ាយ ទំពួន កាចក់ ជាដើម មាន​ប្រពៃណី​មួយ​គឺ​ប្រារព្ធ​ពិធី​ស្បថ​ជ្រមុជ​ទៅ​ក្នុង​ទឹក។

ពិធី​ជ្រមុជ​ក្នុង​ទឹក​គឺ​ជា​ការ​កាត់ក្ដី​បែប​ជំនឿ​ទៅ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​និយម​ធ្វើ​ពី​សម័យ​បូរាណ​រហូត​បច្ចុប្បន្ន គឺ​គូរ​ភាគី​ត្រូវ​ស្លៀក​ប៉ឹង​ហើយ​ចុះ​ទៅ​ក្នុង​ទឹក​អូរ​ត្រឹម​ចង្កេះ ឬ​ត្រឹម​ទ្រូង និង​មាន​មេកន្ទ្រាញ​ឈរ​នៅ​ចំណុច​កណ្ដាល ហើយ​ប្រារព្ធ​ជ្រមុជ​អ្នក​ទាំង​ពីរ​ទៅ​ក្នុង​ទឹក។

តាម​ជំនឿ​របស់​អ្នក​ភូមិ ពិធី​ជ្រមុជ​ក្នុង​ទឹក ប្រសិន​ភាគី​ណា​ម្នាក់​ងើប​ក្បាល​ចេញ​ពី​ក្នុង​ទឹក​មុន​គេ អ្នក​នោះ​គឺ​ជា​អ្នក​ចាញ់ ឬ​បញ្ជាក់​ថា​អ្នក​នោះ​បាន​ប្រព្រឹត្ត​ខុស​ទៅ​លើ​ភាគី​ម្នាក់​ទៀត។

ជនជាតិ​ដើម​ចារ៉ាយ រស់​នៅ​ភូមិ​តេន ឃុំ​យ៉ាទុង លោក រម៉ាស់ ឆ្វាំង រៀបរាប់​ថា មុន​ពិធី​ស្បថ​ជ្រមុជ​​ទឹក​មេ​កន្ទ្រាញ​ប្រចាំ​សហគមន៍ បាន​តម្រូវ​ឲ្យ​ភាគី​មាន​ជម្លោះ​រៀប​ចំ ស្រា​ពាង និង​កូន​មាន់​ចំនួន ២​ ដើម្បី​រៀបចំ សែន​ព្រេន​នៅ​តាម​ផ្ទះ​ភាគី​ជម្លោះ​ម្ដង​ម្នាក់។ កូន​មាន់​មួយ​ត្រូវ​បាន​សម្លាប់​យក​ឈាម ឬ​ថ្លើម សម្រាប់​ពិធី​សែន​ព្រេន កូន​មាន់​មួយ​ទៀត​ទុក​ឲ្យ​នៅ​រស់​ចង​ទុក​ក្រោម​ផ្ទះ​ជា​តំណម មិន​ឲ្យ​មាន​សត្វ​ស្រុក​ដទៃ​ទៀត​ចូល​មក​ក្រោម​ផ្ទះ​រៀប​ពិធី​នេះ​បាន​ទេ បន្ទាប់​មក​មេកន្ទ្រាញ និង​សាច់ញាតិ​បង​ប្អូន​ភាគី​ជម្លោះ​ធ្វើ​ការ​បួង​សួង​ឧទ្ទិស​ជូន​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ឲ្យ​មក​ចូលរួម​ជា​អធិបតី​បញ្ចេញ​បារមី​ធ្វើ​យ៉ាងណា​បង្ហាញ​ឲ្យ​ឃើញ​ស័ក្ដិសិទ្ធិ​ថា អ្នកណា​ប្រព្រឹត្ត​ខុស​ហើយ​មិន​ទទួល​ស្គាល់​កំហុស​ត្រូវ​ចាញ់​មិន​អាច​ជ្រមុជ​ក្នុង​ទឹក​បាន​យូរ៖ «ឲ្យ​វា​ត្រាំ​ទឹក​ទាំងអស់​ទាំង​ដង​ខ្លួន​ទាំងអស់​ អត់​មាន​ស្លៀក​ពាក់​ខោអាវ​ទេ​ស្លៀក​តែ​ប៉ឹង​មួយ​ទេ។ ពេល​អ្នក​ចាញ់​អ្នក​ឈរ​នៅ​ខាង​លើ​វា​ហ៊ោ វា​ទះ​ដៃ គេ​ទាម​ទារ​ឲ្យ​គេ​សង​ហ្នឹង ពីព្រោះ​យើង​ចោទ​គេ​ផ្ដេសផ្ដាស »

ក្រៅ​ពី​ពិធី​សែន​ព្រេន​នេះ មេ​កន្ទ្រាញ​ក៏​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ភាគី​ជម្លោះ​កាប់​មែក​ឈើ ឬ​កូន​ឈើ​​ម្នាក់​មួយ​មែក ឬ​មួយ​ដើម​មក​បញ្ឈរ​នៅ​មុខ​ផ្ទះ​ដើម្បី​ផ្សង​មើល​បន្ថែម​ទៀត​ប្រសិន​មែក​ឈើ​ភាគី​ណា​ស្រពោន​ក្រោម​ស្វិត​មុខ​គេ គឺ​ជា​ប្រផ្នូល​ថា​ភាគី​នេះ​នឹង​ចាញ់​មុន នឹង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។

ជា​ធម្មតា​ពិធី​ជ្រមុជ​ទឹក​ច្រើន ធ្វើ​នៅ​ពេល​ព្រឹក នៅ​ចំពោះ​មុខ​មេកន្ទ្រាញ តំណាង​ចាស់​ទុំ​សាច់ញាតិ​ភាគី​ទាំង​២ និង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ។ មែក​ឈើ​ដែល​គូ​ភាគី​ដោត​នៅ​មុខ​ផ្ទះ​ ត្រូវ​នាំ​យក​ទៅ​ដោត​ក្នុង​ទឹក ហើយ​គូរ​ភាគី​ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក ឈរ​នៅ​ពី​មុខ​មែក​ឈើ​រៀង​ៗ​ខ្លួន។មេកន្ទ្រាញ​គឺ​ជា​អាជ្ញាកណ្ដាល តម្រូវ​ឲ្យ​គូរ​ភាគី​ជ្រមុជ​ទៅ​ក្នុង​ទឹក បើ​ភាគី​មួយ​ណា​ងើប​ពី​ក្នុង​​ទឹក​មុន អាជ្ញាកណ្ដាល​ត្រូវ​អង្រួន​មែក​ឈើ​ធ្វើ​ជា​សញ្ញា ឲ្យ​ភាគី​មួយ​ទៀត​ងើប​ឡើង​ដូចគ្នា ហើយ​ប្រកាស​ថា​អ្នក​ងើប​មុន​ចាញ់ ចំណែក​ប្រជាពលរដ្ឋ​ចូល​រួម ជា​សាក្សី​ទះ​ដៃ​អបអរ​សាទរ​ក្នុង​ពិធី​នេះ៖ «មាន​ចាស់​ទុំ​ទៅ​មើល​ជួន​កាល​គេ​ខឹង​គ្នា​គេ​កាប់​គ្នា​គេ​អញ្ចឹង​ទៅ​ណា ! ។ មាន​ចាស់​ទុំ​ទៅ​ទប់​ស្កាត់​ មាន​ចាស់​ទុំ​ទៅ​អប់រំ ឲ្យ​គាត់​ចាញ់​ហើយ​ឲ្យ​គាត់​សង​ទៅ កុំ​ធ្វើ​បាប​គាត់​អ៊ីចឹង​ណា

ដូច​គ្នា​នេះ​ដែរ​ជនជាតិ​ទំពួន រស់​នៅ​ភូមិ​អូរជុំ ឃុំ​អូរជុំ លោក ជុ សាវ៉ាត ឲ្យដឹង​ដែរ​ថា ប្រពៃណី​ស្បថ​ជ្រមុជ​ទឹក​នេះ សហគមន៍​ជនជាតិ​ដើម​ទំពួន ក៏​បាន​រៀប​ចំ​ការ​ស្បថ​ជ្រមុជ​ទឹក​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ក៏​ប៉ុន្តែ​ជនជាតិ​ទំពួន​មាន​ជំនឿ​ថា ប្រសិន​ភាគី​ណា​ធ្វើ​មិន​ត្រឹម​ត្រូវ​គឺ​វត្ថុ​ស័ក្ដិសិទ្ធិ​សំដែង​អភិនីហារ​ក្នុង​ទឹក​ភ្លាមៗ ធ្វើ​ឲ្យ​ជន​នោះ​ភ័យ​ខ្លាច មិន​អាច​ជ្រមុជ​ក្នុង​ទឹក​បាន​ឡើយ។ ករណី​នេះ​មេ​កន្ទ្រាញ​នឹង​រក​ឃើញ​ភាគី​ខុស ឬ​អ្នក​ចាញ់​បាន​ដូចគ្នា៖ «ជំនាន់​ពី​ដើម​យើង​ក៏​ទាន់​ដែរ ជំនាន់​សម្ដេច​សង្គម​រាស្ត្រ​និយម ខ្ញុំ​អាយុ​ប្រហែល ១៣ ១៤ ខ្ញុំ​នៅ​ចងចាំ​រឿង យើង​មិន​យល់​ព្រមគ្នា រក​មេកន្ទ្រាញ​ណា​កាត់​សេចក្ដី ក៏​មិន​យល់​ព្រម​ម្ដង​នេះ​យើង​ស្បថ​ទៅ តាម​អ្នកតា អ្នកតា​ព្រៃ​ភ្នំ​ច្រក​ល្ហក​ណា​គេ​ហៅ​ទាំងអស់ បើ​យើង​មិន​យក​របស់​គេ​ទេ គឺ​នៅ​ស្ងៀម​អត់​មាន​ទឹក​ចូល​ច្រមុះ​ទេ ចូល​ស្អី​ទេ​ ខ្ញុំ​ឃើញ​ជាក់​ស្ដែង អ្នក​ចោទ​គេ​ទទេ​អត់​លួច​ទេ​ត្រូវ​ប្រកាច់​ប្រកិន​អ៊ីចឹង​ដែរ»

ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច មិន​តម្រូវ​ឲ្យ​អ្នក​ចាញ់​សង​ជា​ប្រាក់​អ្វី​នោះ​ទេ។ ព្រឹទ្ធាចារ្យ​ជនជាតិ​ចារ៉ាយ នៅ ភូមិ​ឡំ លោក រម៉ាស់ ស្វាន កត់​សំគាល់​ថា សំណង​ដែល​អ្នក​ចាញ់​ត្រូវ​សង រួមមាន គោ ក្របី ឬ​ជ្រូក មាន់ និង​ស្រា​ពាង តាម​ចំនួន​ដែល​ភាគី​ទាំង​ពីរ បាន​ព្រម​ព្រាង​គ្នា​មុន​ប្រារព្ធ​ពិធី​ស្បថ​ជ្រមុជ​ទឹក​នេះ។ លោក​បន្ត​ថា អ្នក​ចាញ់​ត្រូវ​សង​សំណង​ដែល​ខ្លួន​បាន​សន្យា ក៏​ប៉ុន្តែ​មាន​ករណី​ខ្លះ អ្នក​សង​មិន​មាន​លទ្ធភាព​សង​តាម​ការ​សន្យា ដូច្នេះ​មេកន្ទ្រាញ​មាន​តួនាទី​សម្រប​សម្រួល ឲ្យ​គូរ​ភាគី​ស្រុះ​ស្រួល​គ្នា ទទួល​យក​សំណង ឬ​ផ្ដល់​សំណង​ណា​ដែល​ភាគី​ទាំង​ពីរ​អាច​ធ្វើ​ទៅ​បាន ក៏​ប៉ុន្តែ​ភាគី​ឈ្នះ​ត្រូវ​ផ្ដល់​សគុណ ៣០ភាគរយ នៃ​សំណង​សម្រាប់​មេកន្ទ្រាញ។

លក្ខណៈ​សំខាន់​សម្រាប់​ពិធី​ស្បថ ជ្រមុជ​ទឹក​នេះ លោក រម៉ាស់ ស្វាង កត់​សំគាល់​ដែរ​ថា ក្រោយ​ពី​ផ្ដល់​សំណង​រួច​ហើយ មេ​កន្ទ្រាញ​ចាស់​ទុំ​ក្នុង​ភូមិ​បាន​តម្រូវ​ឲ្យ​គូរ​ភាគី​អ្នក​ឈ្នះ និង​អ្នក​ចាញ់​រួម​គ្នា​មាន មាន់ ស្រា រៀបចំ​ពិធី ជប់លៀង លើកលែង​ទោស​ចាប់​ដៃ​គ្នា សន្យា​ស្រឡាញ់​រាប់​អាន​គ្នា ដូច​ធម្មតា​មិន​មាន​ការ​គុំកួន​គ្នា៖ «មេកន្ទ្រាញ​គេ​សម្រេច​ធ្វើ ឲ្យ​កុំ​គំនុំ​ថ្ងៃ​ក្រោយ​ យើង​ជប់​លៀង​គ្នា​ចាប់​ដៃ​គ្នា​អញ្ចឹង​ណា ! ហើយ​អ្នក​ចេញ​ ឈ្នះ​ដូច​លោក​កាប់​ជ្រូក ខ្ញុំ​កាប់​មាន់​តែ​ប៉ុណ្ណឹង​ទេ ​ចូល​គ្នា​ដែរ​តែ​ខ្ញុំ​តូច»

ទាក់​ទិន​ការ​ស្បថ​ជ្រមុជ​ទឹក​នេះ​ដែរ ប្រធាន​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធីរ ហៅ​ពិធី​នេះ​ជា​ការ​កាត់ក្ដី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ក្រៅ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ប្រពៃណី។ អ្នកស្រី ចាត់​ទុក​ថា ពិធី​ស្បថ​ជ្រមុជ​ទឹក​នេះ​បាន​ផ្ដល់​យុត្តិធម៌​មួយ បែប​តាម​ជំនឿ​ទៅ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​បាន​ធ្វើ​ច្រើន​ជំនាន់​មក​ហើយ។ អ្នកស្រី បន្ត​ថា រហូត​បច្ចុប្បន្ន​ថ្វី​ត្បិត អ្នក​ភូមិ​មួយ​ចំនួន បាន​ស្វែង​រក​សេវា​ផ្នែក​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សហគមន៍​ក្ដី ក៏​ពលរដ្ឋ​ជនជាតិ​ដើម​ខ្លះ​មិន​បោះបង់​ចោល​ពិធី​ស្បថ​ជ្រមុជ​ទឹក​នេះ​នៅ​ឡើយ៖ «អា ហ្នឹង ​ដើម្បី​បញ្ជាក់​ភាព​ស្មោះ​ត្រង់ ចាស់​ទុំ​គេ​បន់​អារក្ស អ្នកតា ព្រៃភ្នំ ក្រំ ថ្ម ម្ចាស់​ទឹក​ម្ចាស់​ដី​ជួយ​មក​ធ្វើ​ជា​សាក្សី។ ខាង​ណា​ស្មោះ​ត្រង់​សុំ​ឲ្យ​គេ​មុជ​ឲ្យ​បាន​យូរ ខាង​ណា​ដែល​មិន​ស្មោះ​ត្រង់ សុំ​ឲ្យ​ឃើញ​នេះ​ឃើញ​នោះ​ឲ្យ​ខ្លាច​ឲ្យ​ផុស​មុន​គេ​អ៊ីចឹង»​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ មេធាវី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ឡុង លន់ ចាត់​ទុក​ជំនឿ​លើ​ការ​ស្បថ​ជ្រមុជ​ទឹក របស់​ជនជាតិ​ដើម​ភាគតិច ថា​មិន​មាន​លក្ខណៈ​ខុស​ឆ្គង​ទៅ​នឹង​ច្បាប់​ជាតិ​នោះ​ឡើយ។ លោក កត់​សំគាល់​ដែរ ការ​ស្បថ​ចំពោះ​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​តែ​ជា​តម្រូវ​ការ​ប្រើ​​ប្រាស់​ក្នុង ប្រព័ន្ធ​ការងារ​របស់​រដ្ឋាភិបាល និង​ការ​វិនិច្ឆ័យ​ក្ដី ក្នុង​ប្រព័ន្ធ​តុលាការ​នា​ពេល​បច្ចុប្បន្ន៖ «ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា ខ្មែរ​យើង​អញ្ចឹង​ដែរ គេ​ឲ្យ​មាន​ការ​ស្បថ​គេ​យល់​ថា​អ្នក​ណា​ក៏​មាន​ជំនឿ​ជឿ​លើ​ជំនឿ​រៀងៗ​ខ្លួន​ដែរ។ អ៊ីចឹង​គេ​ចង់​បង្ហាញ​ថា ដោយ​សារ​ជំនឿ​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​ទៅ​លើ​សម្បថ​ហ្នឹង ហ៊ាន​និយាយ​ការ​ពិត​ប្រាប់​មក​តុលាការ ដើម្បី​រក​យុត្តិធម៌»

ក្រៅ​ពិធី​ស្បថ​ជ្រមុជ​ទឹក​ជនជាតិ​ដើម​ភាគ​តិច នៅ​មាន​ពិធី​ស្បថ​ជ្រលក់​ដៃ ក្នុង​សំណ​រលាយ​ក្ដៅ ឬ​ភ្លើង និង​ទឹក​ក្ដៅ​ជាដើម ដើម្បី​កាត់​ក្ដី​បែប​ជំនឿ​ប្រពៃណី​ដូចគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។