តើ​រឿង​កបិល​មហាព្រហ្ម​និង​ធម្មបាល​កុមារ​បង្កប់​នូវ​ខ្លឹមសារ​អ្វី​ខ្លះ​ដល់​សង្គម​មនុស្ស?

0:00 / 0:00

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នេះ គឺ​ទាក់ទង​ជា​សំខាន់​ទៅ​នឹង​រឿង កបិល​មហាព្រហ្ម និង​ធម្មបាល​កុមារ ដែល​ភ្នាល់​គ្នា​ដោះ​ប្រស្នា​ដោយ​ដាក់​ក្បាល​គ្នា​ទៅ​វិញ​ទៅ​មក។ រឿង​នេះ គឺ​ជា​ប្រភព​នាំ​ឲ្យ​មាន​ពិធី​ផ្ទេរ​តំណែង​ទេវតា​រក្សា​លោក​នា​ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៃ​ទេព​ធីតា​ទាំង ៧​អង្គ ព្រម​ជាមួយ​នឹង​ការ​ដង្ហែ​សិរសា ឬ​ក្បាល​កបិល​មហាព្រហ្ម​ជា​បិតា ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ៍ ជា​រៀង​រាល់​ឆ្នាំ។

តើ​រឿង កបិល​មហាព្រហ្ម និង​ធម្មបាល​កុមារ នេះ មាន​បង្កប់​នូវ​ខ្លឹមសារ​ជា​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សង្គម​មនុស្ស?

អ្នក​នាង កេសរណ្ណីយ្យា មាន​សេចក្តី​អធិប្បាយ​អំពី​គោល​សំខាន់ៗ​នៃ​រឿង​នេះ៖

៚ភ្លេង​ពិណពាទ្យ៚

ខ្លឹមសារ​ចម្បង​នៃ​រឿង កបិល​មហាព្រហ្ម និង​ធម្មបាល​កុមារ គឺ​ការ​ល្បង​ប្រាជ្ញា​គ្នា​រវាង​តួអង្គ​ទាំង​ពីរ​ដោះ​ប្រស្នា សិរី ៣​ប្រការ ចោទ​សួរ​ដោយ កបិល​មហាព្រហ្ម ដែល​ជាប់​ជា​ប្រវត្តិ​យូរ​លង់​មក​ហើយ។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា​ពុទ្ធសាសនា​សម័យ​បច្ចុប្បន្ន អះអាង​ថា រឿង​នេះ គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ​ជំនាន់​ដើម ដែល​ចង់​បង្ហាញ​ពី​បញ្ញា​របស់​មនុស្ស​ដែល​តំណាង​ដោយ​តួអង្គ​ធម្មបាល​កុមារ ដែល​មាន​ន័យ​អ្នក​រក្សា​ធម៌ និង​បញ្ញា​របស់​ព្រះ​អាទិទេព ឬ​ទេវៈ​ដែល​តំណាង​ដោយ​តួអង្គ កបិល​មហាព្រហ្ម។

ត្រង់​ប្រការ​នេះ សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា លោក​បណ្ឌិត សួន ឱសថ បញ្ជាក់​បន្ថែម​ថា គឺ​ដូនតា​ខ្មែរ​ចង់​អប់រំ​កូន​ចៅ​ឲ្យ​ចេះ​ប្រើ​ចំណេះ​ដឹង ប្រាជ្ញា​ស្មារតី​របស់​ខ្លួន​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​រស់នៅ ដោយ​មិន​ផ្ញើ​វាសនា​ទាំង​ស្រុង​ទៅ​លើ​អាទិទេព៖ «បាន​ន័យ​ថា មនុស្ស​យើង​មាន​បញ្ញា​មិន​អន់​ជាង​អាទិទេព​ប៉ុន្មាន​ទេ។ ធម្មបាល​កុមារ​បាន​សម្ដែង​នូវ​ធម្មកថា​ទូន្មាន​មហាជន ទូន្មាន​មនុស្ស​នៅ​លើ​ភព​ផែនដី​នេះ ឲ្យ​មនុស្ស​យល់​ដឹង​ទៅ​ក្នុង​ធម៌ យល់​ដឹង​ទៅ​ក្នុង​វិន័យ និង​កិច្ច​បដិបត្តិ​ក្នុង​ជីវិត​រស់នៅ។ ដូច្នេះ ធម្មបាល​កុមារ​នេះ​ជា​មនុស្ស​មាន​បញ្ញា​ណាស់។ ឯ​កបិល​មហាព្រហ្ម ដាក់​ប្រស្នា​ឲ្យ​ធម្មបាល​កុមារ​ដោះ​នោះ គឺ​ដើម្បី​ឲ្យ​តម្លៃ​មក​លើ​បញ្ញា​របស់​ធម្មបាល​កុមារ​ហ្នឹង​កាន់​តែ​ប្រសើរ​ឡើង ដែល​ប្រស្នា​ទាំង​នោះ​មាន​លក្ខខណ្ឌ​ជ្រៅ មាន​តែ​អ្នក​ប្រាជ្ញ​បណ្ឌិត​ទេ​ដែល​អាច​ដោះ​បាន»

ប៉ុន្តែ​ឯកសារ​នានា​ដែល​កត់ត្រា​តៗ​គ្នា​ជាច្រើន​ជំនាន់​មក​នេះ បង្ហាញ​ថា ធម្មបាល​កុមារ បាន​ប្រឹង​ស្វែងរក​ចម្លើយ​អស់​រយៈពេល ៧​ថ្ងៃ​នៅ​តែ​រក​មិន​ឃើញ ទើប​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ងាត់ ហើយ​ក៏​បាន​ស្តាប់​ឮ​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ជជែក​គ្នា​នៅ​លើ​ចុង​ត្នោត អំពី​ចម្លើយ​ទៅ​នឹង​ប្រស្នា​ទាំង ៣​ខ នោះ។

ទាក់ទង​ត្រង់​អន្លើ​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បកស្រាយ​ថា អ្នក​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ​ជំនាន់​ដើម​បាន​បង្កប់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ក្នុង​ន័យ​ធៀប គឺ​ពុំ​មែន​ជា​ការ​ស្តាប់​សត្វ​ឥន្ទ្រី​ពិតៗ​នោះ​ទេ។

លោក​អាចារ្យ​មួយ​រូប​នៅ​ខេត្ត​កំពង់ចាម គឺ​ព្រឹទ្ធាចារ្យ មាស លី អធិប្បាយ​ថា ការ​ពិត គឺ​ធម្មបាល​កុមារ​បាន​ប្រឹងប្រែង​ត្រិះរិះ​ប្រើ​បញ្ញា​រក​ចម្លើយ សិរី ៣​ប្រការ​នោះ​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​ចម្រើន​ភាវនា​កម្មដ្ឋាន​នៅ​ក្នុង​ទី​ព្រៃ​ស្ងាត់ ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​ទៅ​នៃ​អាយតនៈ ឬ​ឥន្ទ្រិយ​ទាំង​៦ នៅ​ក្នុង​កាយ​របស់​ខ្លួន។ ឥន្ទ្រិយ​ទាំង​៦​នោះ​រួម​មាន ចក្ខុន្ទ្រិយ (ភ្នែក) សោតិន្ទ្រិយ (ត្រចៀក) ឃានិន្ទ្រិយ (ច្រមុះ) ជីវ្ហិន្ទ្រិយ (អណ្ដាត) កាយិន្ទ្រិយ (រូប​កាយ) និង​មនិន្ទ្រិយ ឬ​សតិន្ទ្រិយ (គឺ​ដំណើរ​របស់​ចិត្ត និង​សតិ​ដែល​រឭក​ដឹង និង​ឃើញ​នូវ​អ្វីៗ​ដែល​កើត​មាន​នៅ​ក្នុង​កាយ៖ «គឺ​ធម្មបាល​កុមារ​ប្រើ​ឥន្ទ្រិយ​ទាំង ៦​ប្រការ​ហ្នឹង ដោយ​សមាធិ​តាំង​ចិត្ត​ស្ងប់​អស់ ៧​ថ្ងៃ មាន​សីល​បរិសុទ្ធ​ជា​ខាង​ដើម មាន​សមាធិ​ជា​កណ្ដាល ដោយ​មាន​បញ្ញា​ជា​ទី​ចុង​បំផុត។ ពិចារណា​ដោយ​មនិន្ទ្រិយ (ចិត្ត) ទៅ​ឃើញ​ច្បាស់​នូវ​រូប​រាង​កាយ នូវ​សរីរយន្ត​របស់​សព្វ​សត្វ​ទាំងអស់​ក្នុង​លោក តើ​សិរី​នៅ​ត្រង់​ណា​ខ្លះ? បញ្ញិន្ទ្រិយ​ក៏​ផុស​ឡើង​ជា​ឯក ទើប​រក​ឃើញ​នូវ​សិរី ៣​ប្រការ ហើយ​បាន​ដោះស្រាយ​នូវ​បញ្ហា​ហ្នឹង ដែល កបិល​មហាព្រហ្ម ញ៉ាំង​ឲ្យ​ធម្មបាល​កុមារ​ស្វែង​រក គឺ​មិន​មែន​យក​សត្វ​ឥន្ទ្រី​ទេ...»

ប្រស្នា​របស់ កបិល​មហាព្រហ្ម ចោទ​សួរ​ថា តើ​សិរី ៣​ប្រការ​របស់​មនុស្ស​ឋិត​នៅ​ត្រង់​កន្លែង​ណា? ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ​ដោយ​សេចក្តី​ជាអាទិ៍​ថា ខ​ទី​១ វេលា​ព្រឹក សិរី​សួស្តី​ឋិត​នៅ​លើ​មុខ។ ហេតុ​នេះ មនុស្ស​ត្រូវ​យក​ទឹក​មក​លុប​មុខ។ ខ​ទី​២ គឺ​ថ្ងៃ​ត្រង់ សិរី​ឋិត​នៅ​លើ​ដើម​ទ្រូង។ ហេតុ​នេះ មនុស្ស​ត្រូវ​យក​ទឹក​មក​លាង​ទ្រូង។ ខ​ទី​៣ គឺ​វេលា​យប់ សិរី​ឋិត​នៅ​ជើង។ ហេតុ​នេះ មនុស្ស​ត្រូវ​យក​ទឹក​មក​លាង​ជើង​នៅ​មុន​ពេល​ចូល​ដំណេក។

៚ភ្លេង​ពិណពាទ្យ៚

ចំពោះ​អត្ថន័យ​ប្រស្នា​ទាំង ៣​ខ ឬ​សិរី ៣​ប្រការ​នេះ អ្នក​ប្រាជ្ញ​បណ្ឌិត​ផ្នែក​ពុទ្ធសាសនា​គូស​បញ្ជាក់​ថា គឺ​អ្នក​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ​ក្នុង​សម័យ​បុរាណ ចង់​បង្ហាញ​អំពី​ន័យ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់​កាល​ទាំង​បី នៃ​វ័យ​របស់​មនុស្ស គឺ​បឋមវ័យ មជ្ឈិមវ័យ និង​បច្ឆិមវ័យ ដែល​ឧបមា​ទៅ​នឹង​ពេល​ព្រឹក ពេល​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច។

ទាក់ទង​នឹង​ប្រការ​នេះ ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា លោក វ៉ាយ វិបុល បញ្ជាក់​អំពី​ន័យ​ប្រៀបធៀប​បឋមវ័យ​ទៅ​នឹង​សិរី​ទី​១ ដែល​មនុស្ស​យក​ទឹក​មក​លុប​មុខ​នៅ​ពេល​ព្រឹក​នោះ​ថា គឺ​ជា​វេលា​ដែល​មនុស្ស​ខំ​ប្រឹង​ស្វែងរក​ចំណេះ​វិជ្ជា ឬ​សិក្សា​រៀន​សូត្រ ដើម្បី​ឲ្យ​មាន​ជំនាញ​ផ្សេងៗ ដែល​ជា​សុវិជ្ជា ឬ​វិជ្ជា​ល្អ​ប្រពៃ ដោយ​មិន​ផ្តល់​ទុក្ខ​ទោស​ដល់​អ្នក​ដទៃ។ លោក​បញ្ជាក់​បន្ថែម​អំពី​សិរី​ទី​២ ទាក់ទង​នឹង​ការងារ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ តាម​ន័យ​ពុទ្ធសាសនា​ដែល​ហៅ​ថា សម្មាអាជីវៈ៖ «ដល់​ពេល​មជ្ឈិមវ័យ វ័យ​កណ្ដាល ដែល​ថា​មនុស្ស​យក​ទឹក​លាប​ទ្រូង​ថ្ងៃ​ត្រង់ ដើម្បី​ឲ្យ​កើត​សិរី​ទី​២។ អ្នក​ប្រាជ្ញ​នៃ​អក្សរ​សិល្ប៍​ពី​ដើម លោក​ចង់​បញ្ជាក់​អំពី​មនុស្ស​ត្រូវ​យក​ចំណេះ​ទាំងអស់​នោះ​មក​គិត​ថា តើ​អាត្មា​អញ​ត្រូវ​យក​មុខ​វិជ្ជា​ណា​បាន​បៀវត្សរ៍​ចិញ្ចឹម​គ្រួសារ​ដោយ​សុចរិត ដែល​មាន​សីល​៥ ជា​គោល​ត្រឹមត្រូវ ឥត​មាន​អំពើ​អាក្រក់ កិបកេង​ប្រវ័ញ្ច ឥត​មាន​អំពើ​ពុក​រលួយ​នេះ គឺ​ជា​សុភមង្គល មាន​សិរី​សួស្ដី​ក្នុង​ជីវិត...»

ចំណែក​សិរី​ទី​៣ ដែល​ប្រៀបធៀប​ទៅ​នឹង​បច្ឆិមវ័យ​នោះ​វិញ លោក វ៉ាយ វិបុល អធិប្បាយ​ថា គឺ​បង្កប់​នូវ​អត្ថន័យ​ណែនាំ​ឲ្យ​មនុស្ស​ត្រិះរិះ​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​តាំង​ពី​បឋមវ័យ​មក​ថា តើ​គេ​បាន​សាង​អំពើ​បុណ្យ ឬ​អំពើ​បាប​អ្វី​ខ្លះ។ ការ​ពិចារណា​ជា​រឿយៗ​យ៉ាង​ដូច្នេះ គឺ​នឹង​ជួយ​ពញ្ញាក់​ស្មារតី​ដែល​ជំរុញ​ឲ្យ​មនុស្ស​សាង​អំពើ​ល្អ រួម​មាន​បង្កើន​ការ​ធ្វើ​ទាន រក្សា​សីល និង​ចម្រើន​មេត្តា​ភាវនា​ជាដើម ដើម្បី​ញ៉ាំង​ឲ្យ​កើត​សេចក្តី​សុខ ឬ​សិរី​សួស្ដី​នា​វេលា​ចុង​ក្រោយ​នៃ​ជីវិត។

ម្យ៉ាង​វិញ​ទៀត ចំពោះ​ការ​យក​ទឹក​មក​ប្រើ​ជា​សំខាន់​ក្នុង​រឿង​នេះ លោក​បណ្ឌិត សួន ឱសថ បញ្ជាក់​ថា គឺ​ក្នុង​ន័យ​ធៀប​ទៅ​នឹង​កុសលធម៌ ឬ​អំពើ​ល្អ​ក្នុង​ជីវិត៖ «បើ​សិន​ជា​យើង​យក​សិរី ៣​ប្រការ​ហ្នឹង​មក​ប្រៀបធៀប​នៅ​ក្នុង​រឿង​លោក​ទាំង​មូល​ទៅ​វិញ គឺ​ចង់​បង្ហាញ​ថា ពេល​ដែល​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការងារ​ណា​មួយ កិច្ច​ការងារ​នោះ​ត្រូវ​តែ​មាន​ភាព​ត្រឹមត្រូវ យុត្តិធម៌ ស្មោះ​ត្រង់។ ហើយ​នៅ​ពេល​ដែល​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​នោះ​ទៀតសោត កិច្ច​ការងារ​ហ្នឹង គឺ​ធ្វើ​ទៅ​ហើយ​ឲ្យ​មាន​ជា​ប្រយោជន៍​ខ្លួន និង​ប្រយោជន៍​សង្គម ហើយ​ពេល​ដែល​យើង​ឃើញ​កិច្ច​ការងារ​ហ្នឹង​ជា​គុណ​វិបត្តិ​យ៉ាង​ណា​នោះ គឺ​ថា​យើង​ត្រូវ​ដោះស្រាយ​នូវ​គុណ​វិបត្តិ​នោះ ហើយ​មិន​ធ្វើ​នូវ​កិច្ច​ការងារ​ដែល​ជា​គុណ​វិបត្តិ​ហ្នឹង​ត​ទៅ​ទៀត​ទេ»

ទន្ទឹម​គ្នា​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធសាសនា​បកស្រាយ​ថា ការ​យក​ទឹក​ជា​តំណាង​ឲ្យ​កុសល​ធម៌ ពីព្រោះ​កុសល​ធម៌ អំពើ​ល្អ គឺ​ជា​ភាព​ត្រជាក់ត្រជុំ។ ដូច្នេះ បើ​មនុស្ស​បាន​ព្យាយាម​បំពេញ​កុសល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នោះ គឺ​អាច​ជួយ​ដុស​លាង​ជម្រះ​ចិត្ត​ឲ្យ​ផុត​ទុក្ខ​សៅហ្មង​បាន ព្រោះ​ថា ល្គឹកណា​ចិត្ត​មាន​សេចក្តី​សុខ​ស្ងប់​ក្សេមក្សាន្ត ពេល​នោះ​រូប​កាយ និង​វាចា​ក៏​ស្ងប់ ហើយ​សិរី​សួស្តី​ក៏​កើត​មាន​ក្នុង​ជី​វីត។

៚ភ្លេង​ពិណពាទ្យ៚

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បញ្ជាក់​ទៀត​ថា ចំពោះ​ប្រការ​ដែល កបិល​មហាព្រហ្ម បាន​កាត់​សិរសា គឺ​ក្បាល​បូជា​ធម្មបាល​កុមារ ហើយ​ហាម​ទេព​ធីតា​ជា​កូន​មិន​ឲ្យ​បោះ​ក្បាល​ចោល​ទៅ​ទីណា​នោះ គឺ​ជា​តំណាង​ឲ្យ​ការ​រក្សា​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ​មេត្តា (មាន​ចិត្ត​ស្រឡាញ់​រាប់​អាន) ករុណា (អាណិត​អាសូរ​ដល់​គ្នា និង​គ្នា) មុទិតា (ត្រេកអរ​នឹង​អ្នក​ដទៃ​ដែល​គេ​បាន​សុខ​ចម្រើន) និង​ឧបេក្ខា (មាន​ចិត្ត​ស្មោះ​ស្មើ​ចំពោះ​សព្វ​សត្វ) មាន​ន័យ​ថា បើ​មនុស្ស​រក្សា​នូវ​ព្រហ្ម​វិហារ​ធម៌​ទាំង​បួន​ជាប់​ជា​ប្រចាំ នោះ​នឹង​នាំ​មក​នូវ​សិរី ៣​ប្រការ សេចក្តី​សុខ​នៅ​លើ​លោក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។