អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្នើ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​និង​ប្រយ័ត្ន​ភ្លើង​ឆេះ​ពេល​ចូល​ឆ្នាំ​ចិន

0:00 / 0:00

អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង​ដោយ​អគ្គីភ័យ​ឆាប​ឆេះ នៅ​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន វៀតណាម ឆ្នាំ​នេះ។

ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ រិះគន់​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ថា​នៅ​ពេល​មាន​ឮ​សំឡេង​ផ្ទុះ​ផាវ និង​បាញ់​កាំជ្រួច ត្រូវ​បាន​គេ​ដុត​លាន់​កង​រំពង​នៅ​ពេល​រាត្រី រំខាន​ដល់​ការ​ទទួល​ទាន​ដំណេក និង​បារម្ភ​ពី​អគ្គីភ័យ​ឆាបឆេះ ប៉ុន្តែ​មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ហាមឃាត់​ទេ។

ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម ឆ្នាំ​២០១៧ នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ពលរដ្ឋ​ជាប់​សែស្រឡាយ ឬ​ឈាម​ជ័រ​ចិន វៀតណាម ទាំង​អស់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ដែល​អាច​នឹង​កើត​មាន​នៅ​តាម​លំនៅឋាន​រៀងៗ​ខ្លួន។ ជាង​នេះ ប្រជាពលរដ្ឋ​នៅ​តាម​គេហដ្ឋាន ឬ​ទីតាំង​បើក​បម្រើ​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ ក៏​មិន​ត្រូវ​នាំគ្នា​ដុត​ផាវ ឬ​បាញ់​កាំជ្រួច និង​ដុត​គ្រឿងផ្ទុះ​ផ្សេងៗ ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ និង​រំខាន​ដល់​ការ​រស់​នៅ​របស់​អ្នកជិតខាង​នោះ​ទេ។

បន្ថែម​លើ​នេះ លោក យន្ត មីន ក៏​បាន​អំពាវនាវ​ដល់​អ្នក​បើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ ទោះ​ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​សាច់ញាតិ​នៅ​ឯ​ស្រុក​កំណើត ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ចូល​មក​ខេត្ត​ព្រះសីហនុ ក្តី ត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទាំង​អស់​គ្នា ប្រយោជន៍​ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឲ្យ​ថយ​ចុះ​ចំនួន៖ «សូម​ឲ្យ​បងប្អូន​អ្នក​បើកបរ ឬ​ជា​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​លេង​សប្បាយ នៅ​ខេត្ត​ព្រះសីហនុ សូម​ឲ្យ​ទទួល​បាន​ផាសុកភាព សូម​មាន​សុវត្ថិភាព និង​មាន​សេចក្ដី​រីករាយ​គ្រប់​ក្រុម​គ្រួសារ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​ចំ​ថ្ងៃ​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម ឆ្នាំ​នេះ»

នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ចូល​មក​ដល់​នៅ​ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មាន​ស្នងការ​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ជាដើម បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​នឹង​ចូល​មក​ទស្សនា​ខេត្ត​នេះ។ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដាក់​បម្រាម​ហាម​មិន​ឲ្យ​ប្រតិបត្តិករ​ទេសចរណ៍ ប្រជាពលរដ្ឋ​ជាប់​ឈាមជ័រ ឬ​សែស្រឡាយ​ចិន វៀតណាម និង​ភ្ញៀវទេសចរ​ជាដើម ហាម​មិន​ឲ្យ​ដុត​គ្រឿង​ផ្ទុះ មាន​ផាវ និង​កាំជ្រួច​ជាដើម នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​នេះ​ទេ ព្រោះ​បារម្ភ​ខ្លាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​អាច​បង្កើត​ឲ្យ​មាន​អគ្គីភ័យ​កើត​ឡើង​ជាយថាហេតុ។

ទោះ​មាន​បម្រាម​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា នៅ​តាម​ទីតាំង​សំណង់​អគារ​ធំៗ មាន​កម្ពស់​ច្រើន​ជាន់ ឬ​សណ្ឋាគារ​ធំៗ វិឡា​ប្រណិតៗ​ស្កឹមស្កៃ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​គេ​ដុត​ផាវ​បំផ្ទុះ និង​បាញ់​កាំជ្រួច​កង​រំពង​អនាធិបតេយ្យ​នៅ​ពេល​រាត្រី រំខាន​ដល់​ដំណេក​អ្នក​ជិត​ខាង។ សកម្មភាព​ដុត​ផាវ និង​បាញ់​កាំជ្រួច​កងរំពង​នៅ​ចំ​កណ្ដាល​ក្រុង​ទេសចរណ៍ មួយ​នេះ មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម ចុះ​ដល់​ទី​តាំង​មាន​ដុត និង​បាញ់​គ្រឿង​ផ្ទុះ​ទាំង​នោះ​ដើម្បី​ហាមឃាត់​ទេ។

កាល​ពី​យប់​ថ្ងៃ​ទី​២៧ ឆ្លង​ចូល​ថ្ងៃ​ទី​២៨ ខែ​មករា គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​ខ្លះ​បាន​ថត​ជា​រូបថត និង​រូប​វីដេអូ​ឃ្លិប បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់​សកម្មភាព​ដុត​ផាវ និង​បាញ់​កាំជ្រួច​យ៉ាង​កងរំពង​នៅ​ពេល​រាត្រី​នេះ ថា​បាន​រំខាន​ដល់​ការ​ទទួល​ទាន​ដំណេក​របស់​ពួកគេ។ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​សំណូមពរ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​គួរ​តែ​ចុះ​ហាមឃាត់​ម្ចាស់​ទីតាំង​នីមួយៗ ឬ​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

យ៉ាង​នេះ​ក្ដី ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា មក ហាក់​មិន​សូវ​ឃើញ​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​ជាតិ បង្ហាញ​វត្តមាន​ច្រើន​ទេ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ តាម​កោះ និង​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា ជាដើម។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​មករា នេះ ភ្ញៀវ​ទេសចរ​បាន​បង្ហាញ​វត្តមាន​ជា​បណ្តើរៗ នៅ​តាម​តំបន់​កោះ តាម​តំបន់​ឆ្នេរ មាន​ឆ្នេរ​អូរឈើទាល ឆ្នេរ​ព្រែកត្រែង ឆ្នេរ​លំហែ​កាយ ឆ្នេរ​អូរត្រេះ និង​រមណីយដ្ឋាន​ក្បាលឆាយ​ជាដើម។

ប្រតិបត្តិករ​ទេសចរណ៍​បម្រើ​សេវា​ម្ហូប​អាហារ និង​សេវា​ស្នាក់នៅ បាន​ឲ្យ​ដឹង​ថា បន្ទប់​ជួល​ស្នាក់នៅ​តាម​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​របស់​ពួកគេ មាន​ភ្ញៀវ​កុម្ម៉ង់​កក់​បន្ទប់​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល ២​ថ្ងៃ ចាប់​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​មករា ជា​បន្តបន្ទាប់​រួច​ហើយ។ ម្ចាស់​បម្រើ​សេវា​ស្នាក់​នៅ​ខ្លះ បាន​អះអាង​ថា បាន​រក្សា​តម្លៃ​បន្ទប់​ជួល​ស្នាក់​នៅ​ក្នុង​តម្លៃ​ដូច​ថ្ងៃ​ធម្មតា​ដដែល ប៉ុន្តែ​មាន​ប្រតិបត្តិករ​ទេសចរណ៍​ខ្លះ​ទៀត បាន​ដំឡើង​​តម្លៃ​បន្ទប់​ជួល​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​បន្តិចបន្តួច។ ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ភាគ​ច្រើន បាន​អះអាង​ថា បន្ទប់​ជួល​ស្នាក់​នៅ​របស់​ពួកគេ​នៅ​សល់​បន្ទប់​ទំនេរ​ជា​ច្រើន ដែល​មិន​ទាន់​មាន​ភ្ញៀវ​កក់ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មករា។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ខ្មែរ​កាត់​ចិន វៀតណាម និង​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់​ដែល​មាន​ឱកាស​ឈប់​សម្រាក​ពី​ការងារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​ត្រូវ​ចំ​ថ្ងៃ​ជនជាតិ​ចិន វៀតណាម ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នេះ សូម​ចាប់​អារម្មណ៍ ឬ​ងាក​មក​ជ្រើស​យក​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ សម្រាប់​ការ​លំហែ​កម្សាន្ត នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ។

លោក យន្ត មីន បាន​បង្ហាញ​មោទនភាព នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នៅ​ពេល​បច្ចុប្បន្ន​ថា មាន​សោភណភាព​ល្អ មាន​ផ្លូវ​ធំ​ទូលាយ មាន​សួនច្បារ បំពាក់​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌​ពេល​រាត្រី​ស្រស់បំព្រង ដើម្បី​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ពី​គ្រប់​ទិសទី​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ពិសេស​ជាង​នេះ រដ្ឋបាល​ខេត្ត​បាន​ពង្រាយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម​នៅ​គ្រប់​ច្រកល្ហក​ទាំង​យប់​ថ្ងៃ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ទេសចរ និង​ប្រជាពលរដ្ឋ​ទូទៅ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។