ពិធីបុណ្យកាន់បិណ្ឌ បានចាប់ផ្ដើមដោយមានពុទ្ធបរិស័ទនាំគ្នាយកចង្ហាន់ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃ។ នៅថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិមិនដែលអាក់ខាន។
នៅថ្ងៃកាន់បិណ្ឌ ឬជាពិសេសនៅថ្ងៃភ្ជុំបិណ្ឌ គេសង្កេតឃើញនៅតាមវត្តមួយចំនួនមានចង្ហាន់សម្បូរពោរពាស ប៉ុន្តែវត្តខ្លះដែលនៅដាច់ស្រយាល ឬលំបាកផ្លូវធ្វើដំណើរនោះ គឺតែងតែអត្តខាត់ ឬជួបនឹងការខ្វះខាតចង្ហាន់។
លោក ជិន ជេដ្ឋា សូមជូនសេចក្ដីរាយការណ៍មួយ ដោយពិនិត្យមើលលើជំនឿ និងការគោរពប្រតិបត្តិរបស់ពុទ្ធបរិស័ទនៅតាមវត្តមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដូចតទៅ៖
ប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាភាគច្រើន បានទិញរបស់របរ ឬម្ហូបអាហារសម្រាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងខ្លះទៀត ត្រៀមសម្ភារៈផ្សេងៗទៅលេងបងប្អូន រួចទៅវត្តជុំគ្នានៅស្រុកកំណើតក្នុងរដូវភ្ជុំបិណ្ឌ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែរ។
នៅទូទាំងខេត្តកំពង់ឆ្នាំង មានវត្តអារាម និងអាស្រមសរុបចំនួន២២៨ ក្នុងនោះមានវត្ត និងអាស្រមដែលអត្តខាត់ ឬខ្វះខាតខ្លាំងប្រហែលជា ៥០វត្ត និងអាស្រម។ វត្តដែលអត្តខាត់ភាគច្រើន គឺឋិតនៅឆ្ងាយដាច់ស្រយាលក្នុងព្រៃ និងវត្តខ្លះឋិតនៅលើកោះ លំបាកធ្វើដំណើរតាមផ្លូវទឹកទៅដល់។
បច្ចុប្បន្ន ពុទ្ធបរិស័ទដែលមានធនធាន និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន តែងតែនាំគ្នាទៅធ្វើបុណ្យដាក់បាត្រនៅទីវត្តអារាមឆ្ងាយៗ ឬនៅវត្តដែលមានការខ្វះខាតខ្លាំង ជាជាងនៅតាមវត្តដែលមានពុទ្ធបរិស័ទសម្រុកទៅច្រើន ហើយមានចង្ហាន់គ្រប់គ្រាន់នោះ។ ពួកគេហាក់មានសទ្ធាជ្រះថ្លាក្នុងសកម្មភាពធ្វើបុណ្យទានបែបនេះ បើទោះបីជាត្រូវធ្វើដំណើរឆ្ងាយ ឬមានការលំបាកខ្លាំង។ នៅក្នុងរយៈពេល ១៥ថ្ងៃ នៃពិធីកាន់បិណ្ឌ និងរហូតដល់ថ្ងៃភ្ជុំបិណ្ឌនៅតាមវត្តអារាមមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ត្រូវព័ទ្ធជុំវិញដោយជំនន់ទឹកទន្លេ និងផ្លូវឆ្ពោះទៅកាន់ទីវត្តអារាមខ្លះទៀត ត្រូវទឹកលិច ឬហូរកាត់។
ប្រជាពុទ្ធបរិស័ទម្នាក់រស់នៅក្រុងកំពង់ឆ្នាំង អ្នកស្រី ឌុច ចាន់ថន មានប្រសាសន៍ថា ស្ទើររៀងរាល់ឆ្នាំ សាច់ញាតិ និងកូនៗរបស់អ្នកស្រី បាននាំគ្នាជិះទូកចម្ងាយជាង ១គីឡូម៉ែត្រ ដើម្បីទៅធ្វើបុណ្យដាក់បាត្រនៅវត្តទួលអំពិល ដែលព័ទ្ធជុំវិញទៅដោយទឹកទន្លេសាប នៅក្នុងរដូវវស្សា។ អ្នកស្រីយល់ថា ការធ្វើបុណ្យដាក់បាត្រនៅតាមវត្តដែលមានការខ្វះខាតខ្លាំង គឺទទួលបានបុណ្យច្រើន ហើយឆ្នាំនេះ នៅវត្តទួលអំពិល គ្រួសារអ្នកស្រីគ្រោងនឹងទៅធ្វើបុណ្យដាក់បាត្រនៅបិណ្ឌទី៤៖ «កាណូតអ្នកភូមិយើងប្អូន! បបួលគ្នាទៅនាំគ្នាធ្វើចង្ហាន់ទៅ ដូចថាប្អូនឯងមានសទ្ធាជ្រះថ្លាចេញកាណូតអ៊ីចឹងទៅ អ៊ីក៏មានបច្ច័យថាឥឡូវខ្ញុំចេញសាំងមួយលីត្រ ឬពីរលីត្រអ៊ីចឹង សម្រេចលើចិត្តយើង។ ទៅច្រើនតើ! ប្អូនគេដឹងថាជើងវត្តហ្នឹងដូចថាមិនសូវមានពុទ្ធបរិស័ទទៅអ៊ីចឹងទៅណាប្អូន! ដល់អ៊ីចឹង យើងអ្នកនៅក្នុងខេត្តបបួល ដើម្បីយកបច្ច័យទៅជួយកសាងព្រះសង្ឃខ្លះៗអ៊ីចឹងទៅណាប្អូន»។
វត្តទួលអំពិល គឺជាវត្តមួយបន្សល់ពីសង្គមចាស់ ដែលមានអាយុកាលជាង ១០០ឆ្នាំស្ថិតនៅក្រុងកំពង់ឆ្នាំង ប៉ុន្តែទើបកសាងឡើងវិញនៅក្នុងសម័យបច្ចុប្បន្ន។ សព្វថ្ងៃមានព្រះសង្ឃគង់នៅច្រើនបំផុត ៥អង្គ ហើយមានពុទ្ធបរិស័ទរស់នៅក្បែរវត្តនោះប្រហែលជា ២០គ្រួសារ។ នៅក្នុងរដូវកាលបុណ្យប្រពៃណីជាតិម្ដងៗ នៅវត្តនេះមិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យដាក់បាត្រច្រើន ធ្វើឲ្យវត្តជួបភាពអត្តខាត់ដូចវត្តដែលស្ថិតនៅឆ្ងាយដាច់ស្រយាលដទៃទៀតដែរ។
កំពុងអង្គុយពុះឧសក្បែរតូបលក់ចាប់ហួយបណ្ដើរ និងមើលកូនតូចបណ្ដើរ អ្នកស្រី អ៊ុន ចន្ថា មានប្រសាសន៍ថា ក្នុងមួយឆ្នាំ គ្រួសារអ្នកស្រីទៅវត្តបានពី ៣ ទៅ ៥ដង ហើយវត្តដែលទៅនោះ គឺខុសៗគ្នា ប៉ុន្តែអ្វីដែលចាំបាច់ និងមិនដែលអាក់ខានទាល់តែសោះនោះ គឺការរៀបចំម្ហូបអាហារគ្រឿងបរិភោគ និងលុយកាក់ខ្លះជូនម្ដាយដែលមានវ័យចំណាស់របស់អ្នកស្រី។ នៅឆ្នាំនេះ គ្រួសារអ្នកស្រីមិនទាន់មានគម្រោងថានឹងទៅដើរលេង ឬទៅធ្វើបុណ្យនៅវត្តណាមុននោះទេ ប៉ុន្តែការធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាក្នុងរដូវបុណ្យភ្ជុំម្ដងៗ គឺគ្រួសារអ្នកស្រីគោរពប្រតិបត្តិណាស់៖ «មុននឹងធ្វើបុណ្យយកចង្ហាន់ទៅវត្ត យើងត្រូវធ្វើបុណ្យដាក់ព្រះនៅក្នុងផ្ទះសិន រួចអ្នកខ្លះអត់ដឹងថាព្រះនៅឯណា តាមពិតព្រះ គឺឪពុកម្ដាយយើងហ្នឹងហើយ យើងជូនគាត់ ហើយយើងយកចង្ហាន់ទៅវត្តអាហ្នឹងបានៗ»។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោកស្រី សំ សាវី ថ្លែងបញ្ជាក់ថា វត្ត និងអាស្រមដែលជួបនឹងការខ្វះខាតជាងគេ ភាគច្រើនគឺនៅស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូរណ៍ ជាដើម ដែលវត្ត និងអាស្រមទាំងនោះភាគច្រើនហ៊ុមព័ទ្ធទៅដោយទឹកបឹងទន្លេសាប។ លោកស្រីបន្តថា បច្ចុប្បន្ននៅតាមវត្តទាំងនោះនៅតែមានពុទ្ធបរិស័ទទៅធ្វើបុណ្យដាក់បាត្រ ប៉ុន្តែមានចំនួនតិចជាងនៅតាមវត្តផ្សេងៗ ដែលឋិតនៅក្នុងក្រុង ឬវត្តនៅទីប្រជុំជនមួយចំនួនទៀត៖ «គឺពេញៗនៅក្រុងកំពង់ឆ្នាំង គ្រប់វត្តទាំងអស់ គឺថាប្រជាជនពេញតាហ្មងចាប់ពីថ្ងៃបិណ្ឌទី១ រហូតដល់ថ្ងៃបិណ្ឌទីបញ្ចប់»។
ប្រជាពុទ្ធបរិស័ទនៅតាមភូមិនីមួយៗ បានចែកវេនគ្នាដាក់បិណ្ឌចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវនឹងថ្ងៃភ្ជុំបិណ្ឌ ឬថ្ងៃបង្ហើយនោះ គេនឹងទៅវត្តរួមគ្នាតែម្ដង។ ចំណែកអាជ្ញាធរខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរនានាក្នុងខេត្ត ក៏រៀបចំពិធីដាក់បិណ្ឌទី១ រហូតដល់បិណ្ឌទី៨ នៅអំឡុងពេលនៃពិធីកាន់បិណ្ឌនេះដែរ ប៉ុន្តែវត្តដែលត្រូវជ្រើសរើសរៀបចំពិធីដាក់បិណ្ឌនោះ គឺជាវត្តស្ថិតនៅទីប្រជុំជន និងជាវត្តដែលប្រជាពលរដ្ឋទូទៅនិយមទៅច្រើនជាងបណ្ដាវត្តផ្សេងៗ។
ទាក់ទងនឹងសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងវត្តអារាមវិញ ប្រធានមន្ទីរធម្មការ និងសាសនា លោកស្រី សំ សាវី អះអាងថា ការវាយតប់កាប់ចាក់របស់ក្មេងទំនើង រាប់ទាំងពីការស្លៀកពាក់ឡើងទៅ គឺមានភាពល្អប្រសើរច្រើន បន្ទាប់ពីសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី១៥ ដោយហាមឃាត់មិនឲ្យមានសកម្មភាពដាក់ធុងបាសរាំលេង ឬលក់គ្រឿងស្រវឹងនៅក្នុងបរិវេណវត្តអារាម៖ «មិនមែនថាអត់ឲ្យលេងទេក្នុងវត្តណា យើងឲ្យលេង តែយើងឲ្យលេងល្បែងប្រជាប្រិយ អ៊ីចឹងរឿងធុងបាសលេងចាក់ក្រៅវត្ត ព្រោះលោកមានដីក្រៅវត្តសម្រាប់ដាក់ឲ្យលេងចុះ ប៉ុន្តែនៅក្នុងវត្តចាស់ៗជាទីគោរពបូជា បូជារបស់ពុទ្ធបរិស័ទដែលត្រូវការស្ងៀមស្ងាត់នៅទីវត្តនោះ គឺយើងមិនឲ្យលេងតែ បើទៅលេងកម្សាន្តអីធម្មតាបាន»។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌម្ដងៗ មានពលរដ្ឋខ្មែរមួយចំនួនដែលមានធនធានគ្រប់គ្រាន់ តែងតែចែករំលែកទាន ដោយការទិញគ្រឿងឧបភោគ និងបរិភោគ ដូចជា មីសួ ខ្ទឹមបារាំង ត្រីសាច់ និងទឹកផ្លែឈើ ជាដើម ទៅជូនបងប្អូនសាច់ញាតិ និងឪពុកម្ដាយនៅស្រុកកំណើតរៀងៗខ្លួន។ ឆ្លៀតពេលនេះ ពួកគេក៏តែងតែនាំក្រុមគ្រួសារពិសាអាហារ ឬភេសជ្ជៈជុំគ្នានៅផ្ទះ ដើម្បីបង្កើនភាពសប្បាយរីករាយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
