ជនជាតិខ្មែរអាមេរិកាំង រស់នៅតំបន់វ៉ាស៊ីនតោន ឌីស៊ី និងមកពីរដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក ប្រមាណ ៣ពាន់នាក់ កាលពីថ្ងៃអាទិត្យ ទី១៤ មេសា ជួបជុំគ្នានៅវត្តពុទ្ធិការាម រដ្ឋម៉ារីលែន (Maryland) ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំម្សាញ់។ ពុទ្ធបរិស័ទស្លៀកពាក់តាមបែកប្រពៃណីខ្មែរ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ពូនភ្នំខ្សាច់ សូត្រមន្ត និងចូលរួមសំដែងរបាំប្រពៃណីផ្សេងៗទៀត។
តំណាងមន្ត្រីជាន់ខ្ពស់ រដ្ឋម៉ារីលែន ក៏បានចូលរួមពិធីចូលឆ្នាំថ្មីនេះដែរ។ ចៅហ្វាយស្រុក ម៉ុនហ្គោម៉េរី ខនទ្រី (Montgomery County) លោក អ៊ីគេ លិហ្គេត (Ike Leggett) ដែលចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃអាទិត្យ ទី១៤ មានប្រសាសន៍ថា ស្រុកម៉ុនហ្គោម៉េរី ទទួលស្គាល់ជាផ្លូវការពិធីចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មេសា៖ «ខ្ញុំលើកចិត្តឲ្យពលរដ្ឋទាំងអស់ចូលរួមនឹងខ្ញុំ ទទួលស្គាល់ការចូលរួមចំណែកក្នុងសង្គមរបស់សហគមន៍ខ្មែរ ហើយនិងចូលរួមកម្មវិធីបុណ្យចូលឆ្នាំថ្មីនៅខែនេះ សូមអបអរសារទរ»។
អភិបាលរងរដ្ឋម៉ារីលែន លោក អាថូនី ប្រោន (Anthony Brown) ដែលបានចូលរួមក្នុងកម្មវិធីនោះដែរ ក៏បានស្វាគមន៍ចំពោះពលរដ្ឋខ្មែរអាមេរិកាំង នៅរដ្ឋនេះ ដែលបានចូលរួមចំណែកផ្ដល់នូវវប្បធម៌ និងសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ពលរដ្ឋនៅក្នុងរដ្ឋនេះទាំងមូល៖ «រដ្ឋម៉ារីលែន រីករាយនឹងចូលរួមនឹងសហគមន៍ខ្មែរអាមេរិកទូទាំងរដ្ឋ ប្រារព្ធបុណ្យចូលថ្មីនេះ ហើយនិងជូនពរដល់ចំពោះអ្នករៀបចំកម្មវិធីដ៏ប្រពៃនេះ»។
ក្រៅតែពីចូលរួមកម្មវិធីសាសនា ពុទ្ធបរិស័ទមើលការសំដែងរបាំ និងរាំកម្សាន្តសប្បាយនៅក្នុងទីវត្តពុទ្ធិការាម យ៉ាងច្រើនកុះករ។
ប្រធានកម្មវិធីវត្តបណ្ឌិត ទន់ សុវណ្ណ មានប្រសាសន៍ថា នៅថ្ងៃច័ន្ទ ទី១៥ មេសា ថា វត្តពុទ្ធិការាម នឹងប្រារព្ធវិធីថ្ងៃបញ្ចប់បុណ្យចូលឆ្នាំថ្មីនៅថ្ងៃពុធ ទី១៦។ វត្តនឹងរៀបចំកម្មវិធីពិសេសជាកិច្ចបញ្ចប់កម្មវិធី។
ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម ទុង្សាទេវី ដែលព្រះហស្តស្ដាំទ្រង់ចក្រ និងព្រះហស្តខាងឆ្វេង ទ្រង់ស័ង្ខ គង់លើគ្រុឌ ជាពាហនៈនោះ ទំនាយទាយថា ប្រទេសនឹងជួបប្រទះបញ្ហាទឹកជំនន់ និងបញ្ហាព្រំដែន ក៏ប៉ុន្តែទិន្នផលដំណាំកសិកម្មឆ្នាំនេះបានល្អប្រសើរជាងឆ្នាំចាស់ ការអនុវត្តច្បាប់បានល្អ ហើយវិស័យទេសចរណ៍នឹងរីកចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
