​អ្នក​របាំ​ខ្មែរ​ជាង​២០​នាក់​ចេញ​ទៅ​សម្ដែង​នៅ​ឥណ្ឌូនេស៊ី

ក្រុម​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ជាង ២០​នាក់​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​ចាកចេញ​ពី​ប្រទេស ដើម្បី​ទៅ​ចូល​រួម​សំដែង​មហោស្រព​សិល្បៈ​ធំ​មួយ​នៅ​ឯ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ក្នុង​សប្ដាហ៍​នេះ។

0:00 / 0:00

ការ​ចូល​រួម​សំដែង​នៅ​ទី​នោះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ ហើយ​ក៏​ដើម្បី​រៀន​យក​បទពិសោធន៍​រវាង​ក្រុម​សិល្បករ របាំ​បុរាណ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ដែរ។

ក្រុម​សិល្បៈ​របាំ​បុរាណ​នៃ​បណ្ដា​ប្រទេស​ចំនួន ៩ នៅ​ក្នុង​តំបន់​អាស៊ី ក្នុង​នោះ​រួម​មាន​ក្រុម​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ផង បាន​ត្រៀម​បើក​មហោស្រព​សិល្បៈ​ធំ​មួយ​ក្រោម​ប្រធានបទ "មហោស្រព​រាមកេរ្តិ៍"។

កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​មាន​រយៈពេល​ជាង ១​សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៣។

ទីប្រឹក្សា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ព្រឿង ឈាង ដែល​បាន​ដឹកនាំ​ក្រុម​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ទៅ​សំដែង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​មហោស្រព​រាមកេរ្តិ៍​នោះ គឺ​ក្រុម​សិល្បៈ​របាំ​បុរាណ​នៃ​ប្រទេស​ទាំង ៩ នឹង​សំដែង​អំពី​ឈុត​ខ្លះ​នៃ​រឿង​រាមកេរ្តិ៍ ឬ​ហៅ​ថា រាមាយណ។

លោក​បន្ត​ថា ការ​ចូលរួម​សំដែង​របស់​កម្ពុជា កត្តា​សំខាន់​គឺ​ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​វប្បធម៌​របាំ​បុរាណ​ខ្មែរ​ដល់​អន្តរជាតិ​ឲ្យ​គេ​បាន​ដឹង​កាន់​តែ​ច្បាស់ ដូចជា​ការ​សំដែង​របាំ​រឿង​រាមកេរ្តិ៍​ជា​ដើម ថ្វី​បើ​ប្រទេស​ទាំង ៩ នាំ​គ្នា​សំដែង​រឿង​នេះ​តែ​មួយ​ក៏ដោយ ក៏​ប៉ុន្តែ​ទេពកោសល្យ​នៃ​ការ​សំដែង​គឺ​មិន​ដូច​គ្នា​ទេ។

មហោស្រព​រាមកេរ្តិ៍​ដែល​ប្រទេស​ចំនួន ៩​ត្រៀម​នឹង​សំដែង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នោះ គឺ​រួម​មាន​កម្ពុជា ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ ភូមា និង​ឡាវ រី​ឯ​ចំនួន​សិល្បករ​សំដែង​វិញ គឺ​អាស្រ័យ​ទៅ​តាម​លទ្ធភាព​របស់​ប្រទេស​នីមួយៗ។ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា គឺ​មាន​សិល្បករ សិល្បការិនី​ចំនួន ២៥​រូប ដែល​ជ្រើស​យក​ពី​សាលាសកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​មួយ​ចំនួន​ទៀត​យក​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

ទីប្រឹក្សា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ព្រឿង ឈាង បាន​បញ្ជាក់​ដែរ​ថា ការ​ជ្រើស​យក​សិល្បករ​ពី​ក្រសួង​ផង និង​ពី​សាលា​ផង គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គេ​បាន​ចេញ​យក​បទពិសោធន៍​ថ្មីៗ​ពី​ក្រៅ​បន្ថែម​ទៀត ពីព្រោះ​ថា នៅ​សម័យ​នេះ​ជា​សម័យ​វិទ្យាសាស្ត្រ​ជឿនលឿន ដូច្នេះ​សិល្បករ​ក៏​ត្រូវ​តែ​ចេះ​ផ្លាស់ប្ដូរ​ការ​សំដែង​ឲ្យ​ស្រប​ទៅ​តាម​សម័យកាល​ដែរ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​សិល្បៈ​របាំ​បុរាណ​ខ្មែរ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ក្រសួង តែងតែ​បាន​ចេញ​ទៅ​សំដែង​នៅ​ក្រៅ​ប្រទេស​ក្នុង​១​ឆ្នាំ​បាន ២​ដង ដោយ​ជួនកាល​សំដែង​នៅ​តំបន់​អាស៊ី ឬ​ជួនកាល​ទៅ​សំដែង​នៅ​តំបន់​អឺរ៉ុប។

លោក​បន្ថែម​ថា ការ​ចេញ​ទៅ​នោះ គឺ​ភាគ​ច្រើន​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ផ្សេងៗ ដោយ​គេ​មាន​បំណង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​សិល្បករ​និង​សិល្បករ ដើម្បី​ជា​ប្រយោជន៍​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​វប្បធម៌​ក្នុង​ប្រទេស​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។