បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក នឹងចូលមកដល់នៅយប់ថ្ងៃទី១៣ ខែមេសា ខាងមុខ។ ទន្ទឹមគ្នានឹងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កំពុងត្រៀមខ្លួនអបអរចាំទទួលទេវតាឆ្នាំថ្មីនេះ នៅខេត្តខ្លះដែលមានព្រំដែនជាប់ប្រទេសថៃ គឺអាជ្ញាធរខ្មែរ-ថៃ គ្រោងនឹងសហការធ្វើពិធីបុណ្យចូលឆ្នាំនៅតាមបន្ទាត់ព្រំដែន ក្នុងគោលបំណងរឹតចំណងមេត្រីភាព និងមានសន្តិភាពនៅតាមព្រំដែន។
អាជ្ញាធរខេត្តឧត្តរមានជ័យ ឲ្យដឹងថា គេកំពុងចាត់តាំងមន្ត្រីក្នុងស្រុកចំនួនពីរ ឲ្យសហការជាមួយអាជ្ញាធរថៃ នៃស្រុកកាប់ជើង ខេត្តសុរិន្ទ និងស្រុកភូស៊ីង ខេត្តស៊ីសាកេត បានធ្វើពិធីបុណ្យចូលឆ្នាំថ្មីជាមួយគ្នានៅលើតំបន់សរវាងព្រំដែននៃប្រទេសទាំងពីរ នៅថ្ងៃទី១៣ ខែមេសា។
អភិបាលខេត្តឧត្តរមានជ័យ គឺលោក ស ថាវី។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ថា លោកបានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តសុរិន្ទ និងខេត្តស៊ីសាកេត របស់ថៃ រួចហើយ ដោយភាគីទាំងពីរបានព្រមព្រៀងឲ្យអាជ្ញាធរក្រុងសំរោង និងស្រុកកាប់ជើង ខេត្តសុរិន្ទ ព្រមទាំងអាជ្ញាធរស្រុកអន្លង់វែង ជាមួយនឹងអាជ្ញាធរស្រុកភូស៊ីង ខេត្តស៊ីសាកេត បានសហការធ្វើពិធីបុណ្យចូលឆ្នាំថ្មីជាមួយគ្នានៅច្រកទ្វារព្រំដែនអូស្មាច់ និងច្រកជាំសាង៉ាំ។
លោក ស ថាវី បញ្ជាក់ថា អាជ្ញាធរខេត្តឧត្តរមានជ័យ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត មានគម្រោងនិមន្តព្រះសង្ឃខ្មែរ និងព្រះសង្ឃថៃ ប្រមាណ ៩០អង្គមកធ្វើពិធីរាប់បាត្រជាមួយគ្នានៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងពិធីនោះ ក៏នឹងបើកឲ្យប្រជាពលរដ្ឋខ្មែរ-ថៃ បានចូលរួមធ្វើបុណ្យទានជាមួយគ្នាដែរ៖ « ប្រជាពលរដ្ឋដែលមកចូលរួមហ្នឹង គឺគាត់មានបាយ នំ ចំណី ដើម្បីរាប់បាត្រជាមួយគ្នា ដើម្បីជាមិត្តភាពកម្ពុជា - ថៃ នៅច្រកទ្វារព្រំដែន »។
អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ មានប្រសាសន៍ថា រូបលោកជាមួយនឹងមន្ត្រីទទួលបន្ទុកច្រកទ្វារព្រំដែនជាំសាង៉ាំ ជាច្រើនទៀត បានសហការជាមួយអាជ្ញាធរស្រុកភូស៊ីង ខេត្តស៊ីសាកេត របស់ថៃ ថានឹងរៀបចំធ្វើពិធីបុណ្យចូលឆ្នាំថ្មី ដោយចាប់ផ្ដើមរាប់បាត្រព្រះសង្ឃនៅព្រឹកថ្ងៃទី១៣ ខែមេសា។ កម្មវិធីនោះ នឹងធ្វើឡើងនៅចំតំបន់សនៃព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធរខ្មែរក៏មានគម្រោងបើកឲ្យប្រជាពលរដ្ឋថៃ អាចចូលមកលេងកម្សាន្តនៅតំបន់ជិតៗព្រំដែនបាន៖ « ហើយស្រុកកំណត់ទីកន្លែងកម្សាន្ត ដូចជាតំបន់ផ្ទះតា ម៉ុក គឺស្រុកអនុញ្ញាតឲ្យក្រុមចលនាយុវជនរៀបចំការប្រគំតន្ត្រី លេងល្បែងប្រជាប្រិយ វាយក្អមវាយអីជាដើម »។
អាជ្ញាធរខេត្តឧត្តរមានជ័យ ឲ្យដឹងថា រយៈពេល ៤-៥ឆ្នាំមកហើយ នៅរដូវបុណ្យចូលឆ្នាំ គឺអាជ្ញាធរខ្មែរ និងថៃ នៃខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត តែងសហការរៀបចំធ្វើពិធីជាមួយគ្នានៅតាមច្រកព្រំដែនខ្លះ ដូចជានៅច្រកជប់គគីរ ប្រាសាទតាមាន់ធំ នៅច្រកអូស្មាច់ និងច្រកជាំសាង៉ាំ ជាដើម ហើយអាជ្ញាធរនៃប្រទេសទាំងពីរតែងបើកឲ្យប្រជាពលរដ្ឋខ្មែរ-ថៃ បានចេញចូលរកគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
