ជនជាតិ​ដើម​ភាគតិច​កួយ​ប្រារព្ធ​ពិធី​ដើម្បី​រំឭក​គុណ​បុព្វបុរស​ធ្វើ​សង្គ្រាម​ដើម្បី​ទឹក​ដី

ដោយ ម៉ែន សុធីរ
2016.04.20
ជន​ដើម​ភាគ​តិច​កួយ ថាឡាបរិវ៉ាត់ ៨៥៥ ២០១៦ ជនជាតិ​ដើម​ភាគ​តិច​កួយ សម្ដែងសិល្បៈ​វាយខែល ​នៅ​ទីធ្លា​ប្រសាទ​ព្រះគោ​នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Men Sothyr

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​អភិរក្ស​បន្ថែម​នូវ​សិល្បៈ​វាយ​ខែល​របស់​ជនជាតិ​ដើម​ភាគតិច​កួយ និង​ចងក្រង​ជា​ឯកសារ​ប្រពៃណី​ជាតិ។ ជនជាតិ​ដើម​ភាគតិច​កួយ ចាត់​ទុក​សិល្បៈ​វាល​ខែល ដើម្បី​រំឭក​ឡើង​វិញ​ចំពោះ​វីរភាព​តស៊ូ​របស់​បុព្វបុរស​ខ្មែរ ធ្វើសឹក​សង្គ្រាម​ប្រើ​ដាវ និង​លំពែង​ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ ដើម្បី​រំឭក​គុណ​ព្រះ​គោ​ព្រះកែវ។

សិល្បៈ​វាយ​ខែល ត្រូវ​បាន​ជនជាតិ​ដើម​ភាគតិច​កួយ ចាត់​ទុក​ថា ជា​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​ដូនតា។ សិល្បៈ​នេះ​ក៏​ជា​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ដែរ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រារព្ធ​រៀងរាល់​ឆ្នាំ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល ៤​ថ្ងៃ ៣​យប់។

​ជា​ទូទៅ ល្បែង​នេះ​ត្រូវ​បាន​គេ​លេង​ពេល​រសៀល ឋិត​នៅ​ផ្នែក​ខាង​មុខ​រូប​បដិមាករ​ព្រះគោ ដែល​មាន​ទីលាន​ទំហំ​ជាង ១០​ម៉ែត្រ ជា​រង្វង់​កម្ពស់​កន្លះ​ម៉ែត្រ​នៃ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។

ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ដែល​ចូលរួម​ទស្សនា​សិល្បៈ​វាលខែល កញ្ញា សម្បត្តិ រចនា កត់សម្គាល់​ថា ជា​រៀងរាល់​ឆ្នាំ​មុន​ចូល​ឆ្នាំ ២ ទៅ ៣​ថ្ងៃ អ្នក​ស្រុក​ថាឡាបរិវ៉ាត់ តែង​រៀបចំ​ពិធីបុណ្យ​ប្រសាទ​ព្រះគោ ភ្ជាប់​ជាមួយ​សិល្បៈ​វាយ​ខែល លេង​ល្បែង​ប្រជាប្រិយ និង​រាំ​កម្សាន្ត​ជាដើម។ កញ្ញា​បន្ត​ថា អ្នកស្រុក​នេះ មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ប្រាសាទ​ព្រះគោ ហើយ​អ្នក​ភូមិ​តែង​យក​តង្វាយ​មាន​ចេក ស្មៅ​ខ្ចី និង​ស្លាធម៌​ជាដើម ដើម្បី​បួងសួង​សុំ​សេចក្តី​សុខ​ចម្រើន។

ទន្ទឹម​នឹង​នេះ​កញ្ញា​ក៏​សំណូមពរ​ឲ្យ​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​ទូទៅ គាំទ្រ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ ដូចជា​សិល្បៈ​វាយ​ខែល​ជា​អត្ថ​សញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច៖ «​ព្រះ​អង្គជា​កន្លែង​ដែល​ស័ក្ដិសិទ្ធិ​តាំង​ពី​នាយ​ដូច​ថា តាម​ជួយ​ថែរក្សា​ពលរដ្ឋ​នៅ​ទី​នេះ។ ដូច​ថា មាន​រឿង​អី​កើត​ឡើង​ដោយ​តែ​បួងសួង​ដឹង​ថា ស័ក្ដិសិទ្ធិ»

ការ​រៀបចំ​ពិធីបុណ្យ​ប្រសាទ​ព្រះគោ អម​ដោយ​សិល្បៈ​វាយ​ខែល​គឺ​ការ​រំឭក​នូវ​គុណ​បុព្វបុរស​ដូនតា​សម្រាប់​កូន​ខ្មែរ គឺ​ជា​ការ​ប្រាថ្នា​ចង់​បាន​របស់​ចាស់​ព្រឹទ្ធាចារ្យ ដែល​យល់​ច្បាស់​អំពី​ជំនឿ​បារមី​ប្រាសាទ​ព្រះគោ ដែល​ពួកគាត់​ជឿ​ថា ការ​ថែរក្សា​កេរដំណែល​ដូនតា​ឲ្យ​ល្អ​នោះ ហាក់​បីដូចជា​ការ​ដឹង​គុណ​បុព្វបុរស​ខ្មែរ​ដូច្នេះ​ដែរ។

ក្នុង​វ័យ​ជាង ៧០​ឆ្នាំ រស់​នៅ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ លោក​អាចារ្យ អាំង ដន ដែល​អ្នក​ស្រុក​ចាត់​ទុក​ថា ជា​គ្រូអាចារ្យ​ក្នុង​ភូមិ​បាន​លើក​ឡើង​ថា កន្លង​មក​នៅ​ពេល​ដែល​អ្នក​ស្រុក​មាន​ជំងឺ​ឈឺ​ថ្កាត់ និង​វិបត្តិ​ផ្សេងៗ ពួកគេ​តែងតែ​បួងសួង​នៅ​ប្រសាទ​នេះ ហើយ​ភាគ​ច្រើន​បាន​ជា​សះស្បើយ។ ការ​មាន​ជំនឿ​ចំពោះ​ប្រាសាទ​នេះ​ថា ពូកែ​សក្ដិសិទ្ធិ ទើប​អ្នក​ស្រុក​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​រាល់​ឆ្នាំ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជាប់​សិល្បៈ​វាលខែល​ដើម្បី​ថ្វាយ​បារមី​ប្រសាទ​ព្រះគោ។

លោក​អាចារ្យ អាំង ដន ក៏​ចង់​ឲ្យ​រដ្ឋាភិបាល និង​ពលរដ្ឋ​ទូទៅ​បង្កើន​ការ​គាំទ្រ​សិល្បៈ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​​តិច​កួយ ដែល​ផ្សារ​ភ្ជាប់​បារមី​ប្រាសាទ​ព្រះគោ​ដើម្បី​រំឭក​គុណ​ប្រាសាទ​ព្រះគោ។ ការ​ធ្វើ​ដូច្នេះ លោក​មាន​ជំនឿ​ថា ស្រុកទេស​នឹង​រីក​ចម្រើន​រុងរឿង​ដូច​សម័យ​អង្គរ៖ «មាន​អាសន្នអន្ធក្រ​ដូន​ចៅ​ឈឺ​សូម​បែរបន់​ឲ្យ​បាន​ជា ដាក់​ថ្នាំ​ឲ្យ​ជា​សះស្បើយ មាន​ស្លាធម៌ដូង​មួយ​គូ និង​ចេក​មួយ​ស្និត​ក៏​ជា​ទៅ»

រំពាត់​ផ្ដៅ​អម​ដោយ​ខែល និង​ស្គរ គឺ​ជា​ឧបករណ៍​ដែល​ជនជាតិ​ដើម​ភាគតិច​កួយ យក​មក​សម្ដែង​សិល្បៈ​វាលខែល​នោះ។ ការ​សម្ដែង​សិល្បៈ​នេះ គេ​ចាត់​ឲ្យ​មាន​មនុស្ស​ពីរ​នាក់​ដែល​មកពី​ឃុំ​ផ្សេង​គ្នា​ប្រកួត​ជា​ក្រុម ហើយ​ប្រកួត​ម្ដង​បាន​តែ​មួយ​គូ​អម​ដោយ​អាជ្ញាកណ្ដាល​ម្នាក់។ ដៃ​ឆ្វេង​កាន់​ខែល ដៃ​ស្តាំ​កាន់​រំពាត់ ត្រូវ​បាន​គេ​វាយ​សំដៅ​គ្នា​ទៅ​មក​ខ្លាំងៗ ពេល​ខ្លះ​ចំ​ខែល និង​ខ្លះ​ចំ​ជើង ដៃ ខ្លួន និង​ខ្លះ​រហូត​ប៉ះចំ​ភ្នែក​ក៏​មាន​ដែរ។ ការ​វាយ​បែប​នេះ ជនជាតិ​កួយ ជឿជាក់​ថា មាន​បារមី​គ្រូបាធ្យាយ និង​ព្រះគោ​ថែរក្សា។

ចំណែក​ស្គរ​ត្រូវ​អម​ដោយ​អ្នក​ច្រៀង​ម្នាក់​បញ្ចេញ​សំឡេង​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​កួយ មាន​អាជ្ញាកណ្ដាល និង​កីឡា​ក៏​រាំ​ទៅតាម​ចង្វាក់ភ្លេង មុន​ពេល​ប្រកួត។

អ្នក​ប្រកួត​សិល្បៈ​វាលខែល​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​លោក ផាន់ វ៉ាត់ ចាត់​ទុក​ពិធីបុណ្យ​វាលខែល គឺ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច និង​រំឭក​គុណ​ព្រះ​គោ ព្រះកែវ។ លោក​កត់សម្គាល់​ថា ឆ្នាំ​កន្លង​ទៅ អាជ្ញាធរ​ស្រុក​បាន​ប្រារព្ធ​ពិធីបុណ្យ​ប្រសាទ​ព្រះគោ​ដែរ  តែ​មិន​បាន​ប្រារព្ធ​ពិធី​វាល​ខែល​នោះ​ទេ បណ្ដាល​ឲ្យ​ថ្នាក់ដឹកនាំ​ស្រុក​មួយ​ចំនួន​កើត​មាន​រឿង​រ៉ាវ​ឥត​ឈប់ឈរ៖ «ចាស់ទុំ​តាំង​ពី​អើយ​មក កុំ​ឲ្យ​ភ្លេច​ទំនៀមទម្លាប់​កួយ​ពី​ដើម។ ព្រះ​គោ​នេះ​គឺ​សម្រាប់​អ្នក​ខ្លាំង​ពូកែ​ពី​ដើម ខ្លាំងពូកែ​គឺ​សង្គ្រាម។ បច្ចុប្បន្ន​នេះ​ក៏​គេ​រំឭក​គុណ​បុព្វបុរស​ដែល​ក្លាហាន​កាប់​ចាក់»

​នាយក​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី  មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​តែងតែ​ជ្រោមជ្រែង​បង្កើត​ឲ្យ​មាន​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​ជា​រៀងរាល់​ឆ្នាំ អម​ដោយ​សិល្បៈ​វាល​ខែល និង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​លេង​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ។

លោក​រំឭក​ថា សិល្បៈ​វាល​ខែល​របស់​ជនជាតិ​ដើម​ភាគតិច​កួយ គឺ​ដើម្បី​ឧទ្ទិស​ដល់​មេកន្ទ្រាញ​ក្រុម​នីមួយៗ តែង​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​ទីតាំង​គ្រប់គ្រង ពោល​បើ​អ្នកណា​វាយ​ខ្លាំង​ជាង​នឹង​បាន​ឡើង​ធ្វើ​ជា​ម្ចាស់​តំបន់ ឬ​ជា​ស្ដេច​ក្រាញ់៖ «ប្រពៃណី​មួយ​ចំនួន​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ត្រូវ​បាន​លុបបំបាត់​មួយ​ចំនួន លែង​សូវ​យក​មក​ប្រើ​ហើយ។ ដោយ​ឃើញ​នូវ​ចំណុច​នេះ គឺ​អាជ្ញាធរ​ស្រុក​ដោយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ខែត្រ គឺ​បាន​រៀបចំ​រំឭក​ឡើង​វិញ​នូវ​ប្រពៃណី​វាយខែល​របស់​ជនជាតិ​ដើម​ភាគតិច​កួយ»

បរិវេណ​ប្រសាទ​ព្រះ​គោ​ដែល​គេ​ប្រារព្ធ​វាល​ខែ មាន​ទំហំ​ប្រហែល​ជាង​៣​ហិកតារ រាង​ជា​រង្វង់​មាន​រូបសំណាក​ឥសី​ពីរ​អង្គ​អម​សង​ខាង​ក្នុង​ប្រសាទ​មាន​ចម្លាក់​យូនី នាង​សុម៉ាវតី និង​លិង្គ​ព្រះឥសូរ។

អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​លោក ប្រាក់ សុវណ្ណារ៉ា រក​ឃើញ​ថា ប្រាសាទ​ព្រះគោ​ដែល​អ្នក​ស្រុក​ថាឡាបរិវ៉ាត់ ជឿជាក់​ថា ពូកែ​សក្ដិសិទ្ធិ​នោះ កសាង​ឡើង​នៅ​សម័យ​មុន​អង្គរ គឺ​សម័យ​ចេនឡា ក្នុង​សតវត្ស​ទី​៧ ឈាន​ចូល​ដល់​សតវត្ស​ទី​៨ នៃ​គ.ស ដោយ​ព្រះបាទ​វរ្ម័ន​ទី​១ សម្រាប់​ឧទ្ទិស​ជូន​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា។ នៅ​ខាងមុខ​ប្រសាទ ចម្ងាយ​ជាង ១០​ម៉ែត្រ​មាន​បដិមា​រូប​ព្រះ​គោ បែកបាក់​ចំហៀង​ខ្លួន​ខាង​ស្តាំ​ដែល​គេ​សង្ស័យ​ថា ជនខិលខូច​បំផ្លាញ​ប្រហែល ៣០​ឆ្នាំ​មក​ហើយ ថែម​ទាំង​មាន​ស្នាម​ប្រេះ​ពុះ​ច្រៀក​ស្ទើរ​ពាក់កណ្ដាល​ខ្លួន តែ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស៊ីម៉ងត៍​នៅ​ពេល​ថ្មីៗ​នេះ។ ស្ថានភាព​បដិមា​ព្រះ​គោ​បែប​នេះ ត្រូវ​បាន​អ្នកស្រាវជ្រាវ​ផ្នែក​ប្រវត្តិ​វិជ្ជា​ដាក់​ការ​សង្ស័យ​ថា ជា​ការ​ស្វែងរក​កំណប់​របស់​ជន​ខិលខូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។