ក្រុមសកម្មជនខ្មែរក្នុងក្រុងឡូវែល នៃរដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក កំពុងខ្នះខ្នែងផ្សព្វផ្សាយវប្បធម៌ខ្មែរដើម្បីទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ឲ្យមកទស្សនាក្រុងខ្មែរ (Cambodian Town) ក្នុងរដ្ឋមួយនេះ ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
ក្រុមមេដឹកនាំសហគមន៍ឲ្យដឹងថា ពួកគេកំពុងខិតខំប្រឹងប្រែងដើម្បីប្រមូលវិភាគទានពីពលរដ្ឋខ្មែរគ្រប់និន្នាការក្នុងក្រុងឡូវែល ដើម្បីដំណើរការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
សមាជិកក្រុមប្រឹក្សាក្រុងឡូវែល លោក នួន វាសនា មានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកនឹងខិតខំធ្វើយ៉ាងណាឲ្យមានល្បែងប្រជាប្រិយរបស់ខ្មែរគ្រប់ប្រភេទ រួមមានការសំដែងសិល្បៈ និងការដាក់តាំងពិព័រណ៍វប្បធម៌ខ្មែរជាដើម៖ «យើងរួមជាមួយអង្គការខ្មែរឯទៀតៗហ្នឹង នឹងហែឆៃយ៉ាំចូលមកភូមិខ្មែររបស់យើង ហើយយើងមានរបាំរបស់យើង មានរាំរបាំ និងមានរបាំប្រជាប្រិយ ក៏ដូចជាមានភ្លេងកំដរបងប្អូនដែលចូលរួមហ្នឹងផងដែរ ហើយផ្លូវនៅទីក្រុងមួយចំនួនត្រូវបិទដើម្បីឲ្យបងប្អូនយើងអាចធ្វើដំណើរដោយថ្មើរជើង»។
លោកបន្តថា លោកបានដាក់លិខិតអញ្ជើញចៅហ្វាយក្រុងឡូវែល សមាជិករដ្ឋសភា និងព្រឹទ្ធសភានៃរដ្ឋម៉ាស្សាឈូសេត រួមទាំងក្រុមអ្នកវិនិយោគទុនធំៗឲ្យមកចូលរួមទស្សនាពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។
លោកបញ្ជាក់ថា កិច្ចខំប្រឹងប្រែងក្នុងការរៀបចំឲ្យមានកម្មវិធីបុណ្យចូលឆ្នាំដ៏អ៊ឹកធឹកមួយ គឺដើម្បីផ្សព្វផ្សាយ អភិរក្សវប្បធម៌ និងប្រពៃណីជាតិខ្មែរ និងដើម្បីបុព្វហេតុសេដ្ឋកិច្ច៖ «ប្រសិនណាគេស្គាល់បងប្អូនយើង ក៏ដូចជាជនជាតិ សាសន៍របស់គេនោះ គេស្គាល់ភូមិខ្មែរ ពេលនោះគេនឹងចូលមកទិញវត្ថុអនុស្សាវរីយ៍ ឬម្ហូបអាហាររបស់យើង។ ដូច្នេះនេះជាឱកាសមួយដែលយើងបង្ហាញមិនត្រឹមតែប្រពៃណីរបស់យើងទេ តែអាចធ្វើឲ្យគេស្គាល់ថា នេះជាភូមិខ្មែរ សូមអញ្ជើញត្រឡប់មកម្ដងទៀត ត្រឡប់មកជាញឹកញាប់ ដើម្បីទិញវត្ថុអនុស្សាវរីយ៍ ឬម្ហូបអាហាររបស់យើង ហើយនេះក៏ជាឱកាសក្នុងការដឹកនាំ ណែនាំកូនចៅរបស់យើងឲ្យចេះស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន»។
សហគមន៍ខ្មែរក្នុងក្រុងឡូវែល បានរួមសាមគ្គីគ្នាបង្កើតទីក្រុងខ្មែរមួយ ហៅជាភាសាអង់គ្លេសថា ខេមបូឌា ថោន (Cambodia Town) និងបានបើកសម្ពាធដំណើរការជាផ្លូវការតាំងពីចុងឆ្នាំ២០១១ មក។ ហើយយ៉ាងហោចណាស់មានពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកាំង និងពលរដ្ឋអន្តោប្រវេសន៍ខ្មែរប្រមាណជាង ៤ម៉ឺននាក់ រស់នៅក្នុងទីក្រុងឡូវែល នេះ ដែលជាទីក្រុងទីពីរ បន្ទាប់ពីទីក្រុងឡងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រនីញ៉ា (California) ដែលមានសហគមន៍ខ្មែររស់នៅច្រើនជាងគេ។
សមាជិកគណៈកម្មការរៀបចំពិធីបុណ្យចូលឆ្នាំសម្រាប់ក្រុងខ្មែរក្នុងទីក្រុងឡូវែល លោក គង់ សេងលី ថ្លែងថា សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរជាង ១០ បានស្ម័គ្រចិត្តជួយគាំទ្រដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរឲ្យបានអធិកអធមជាងឆ្នាំមុនៗ។
លោកបន្តថា ដើម្បីឲ្យកម្មវិធីនេះមានភាពគគ្រឹកគគ្រេងទៅបាន គឺអាស្រ័យទៅលើការជួយជ្រោមជ្រែងផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ អាជីវករ និងពាណិជ្ជករនៃក្រុងឡូវែល នេះ៖ «ដូច្នេះយើងពឹងទាំងស្រុងទៅលើការប្រមូលបច្ច័យពីសមាជិក សហគមន៍ក្តី ជាពិសេសពីពាណិជ្ជករ អាជីវករខ្មែរអាមេរិកាំងរបស់យើងជាង ២០០អាជីវកម្មក្នុងក្រុងខ្មែរ ឡូវែល របស់យើង។ យើងត្រូវការមិនច្រើនទេ ប្រហែលជាង ៤ពាន់ដុល្លារប៉ុណ្ណោះទេ។ ប៉ុន្តែប្រសិនបើយើងរៃអង្គាសបានច្រើនជាងនោះ យើងនឹងអាចពង្រីកសកម្មភាព ទិវាវប្បធម៌ ដូចជារបាំ ល្បែងប្រពៃណីវប្បធម៌ដទៃទៀត នឹងមានភាពទូលំទូលាយទៅតាមចំនួនទឹកប្រាក់ដែលយើងរៃអង្គាសនោះផងដែរ។ ហើយដើម្បីសម្រេចគោលដៅក្នុងការរៃថវិកាឲ្យបានច្រើននោះ យើងនឹងបន្តដើររៃអង្គាសពីពាណិជ្ជករ និងអាជីវករ ហើយមានការធ្វើបុណ្យផ្កាប្រាក់មួយទៀតនៅវត្តពន្លឺពុទ្ធិចក្រ ក្នុងទីក្រុងឡូវែល នៅថ្ងៃទី២៣ ខែមីនា ខាងមុខ»។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដែរ សមាជិកក្រុមប្រឹក្សាក្រុងឡូវែល លោក នួន វាសនា បានអំពាវនាវឲ្យពលរដ្ឋខ្មែរទូទៅក្នុងសហគមន៍ឲ្យស្រឡាញ់រាប់អាន និងរួបរួមគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។