អ្នក​អភិរក្ស​ស្រាវជ្រាវ​ចង​ក្រង​បទភ្លេង​ទំនុក​ច្រៀង​និង​ឧបករណ៍​តន្ត្រី​បុរាណ

ក្រុម​អ្នក​អភិរក្ស​វប្បធម៌​ជាតិ​ផ្នែក​អរូបិយ​បាន​នាំ​គ្នា​ចុះ​ស្រាវជ្រាវ និង​ចងក្រង​បទ​ភ្លេង និង​ទំនុក​ច្រៀង ហើយ​និង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់ ដើម្បី​រក្សាទុក​នូវ​កេរដំណែល​ដូនតា និង​សម្រាប់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​និង​ជួយ​បន្ត​វេន​ត​ទៅទៀត។

0:00 / 0:00

អ្នក​អភិរក្ស​វប្បធម៌​បាន​បញ្ជាក់​ថា បទភ្លេង​និង​ទំនុក​ច្រៀង​បុរាណ​ខ្មែរ​មាន​រាប់ពាន់​បទ​​កាល​ពី​សម័យ​មុន។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នៅ​មាន​ប្រើ​ប្រាស់​តិច​តួច។ បញ្ហា​នេះ​គេ​ព្រួយ​បារម្ភ​ថា​ជា ការ​ប្រឈម​នឹង​ការ​បាត់​បង់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មួយ។

ជនជាតិ​ខ្មែរ​កាល​ពី​សម័យ​បុរាណ​មាន​សម្បត្តិ​វប្បធម៌​សិល្បៈ ចម្រៀង និង​តន្ត្រី​ដ៏​សម្បូរ​បែប ដើម្បី​ទុក​ជា​ការ​កម្សាន្ត​ផង និង​ដើម្បី​ជា​ការ​អប់រំ​បង្ហាញ​ពី​ជីវិត​រស់​នៅ​នៅ​របស់​ជាតិ​ផង។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​វប្បធម៌​ជាតិ​បាន​ឲ្យ​ដឹង​ថា បុព្វបុរស​ខ្មែរ​នា​សម័យ​បុរាណ​នោះ​បាន​បង្កើត​ឲ្យ​មាន​បទ​ភ្លេង​ទំនុក​ច្រៀង​ជា​ច្រើន​ពាន់​បទ​ទៅ​តាម​ទំនុក​ផ្សេងៗ​គ្នា និង​សម្រាប់​សំដែង​តាម​ទម្រង់​សិល្បៈ​ដូច​ជា យីកេ ល្ខោន​បាសាក់ ល្ខោន​អាប៉េ បទ​មហោរី ។ល។

លោក យន់ ខៀន ហៅ ធារា សាស្ត្រាចារ្យ​ដូរ្យតន្ត្រី​បុរាណ​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា ទម្រង់​សិល្បៈ​ទំនុក​ច្រៀង​បុរាណ​បាន​បាត់​បង់​អស់​ច្រើន​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពីព្រោះ​ពុំ​សូវ​មាន​អ្នក​ចូល​រួម​គាំទ្រ ហើយ​សម័យ​នេះ​ជា​សម័យ​វិទ្យាសាស្ត្រ​ទំនើប និង​មាន​វប្បធម៌​បរទេស​ចូល​មក​លុកលុយ​ផង ដែល​រឹង​រឹត​តែ​ជំរុញ​ឲ្យ​គេ​បំភ្លេច​ចោល​នូវ​សិល្បៈ​តន្ត្រី​និង​ចម្រៀង​បុរាណ។

លោក យន់ ខៀន៖ «ព្រោះ​វា​ជា​សិល្បៈ​អរូបិយ គេ​មើល​មិន​ឃើញ​ដឹង​តែ​អ្នក​ភ្លេង ហើយ​អ្នក​ភ្លេង​ខ្លះ​គាត់​រៀន​តែ​ល្មមៗ​គាត់​ឈប់ ព្រោះ​ឥឡូវ​យើង​អត់​សូវ​ប្រើ​ទៀត​ហើយ យើង​អត់​មាន​អ្នក​សរសេរ​ណោត (អក្សរ​ភ្លេង) ទៀត​នោះ ដល់​អ៊ីចឹង​វា​បាត់។ កូន​សិស្ស​ក្រោយៗ​ដាក់​ផែនការ​ឲ្យ​រៀន​តាម​សាលា​ដែរ តែ​រៀន​អត់​អស់។ រៀន​ទៅ​អត់​សូវ​បាន​លេង​អត់​សូវ​បាន​រំលឹក​ទៀត ភ្លេច​ចោល។ ដូច្នេះ​ខ្ញុំ​សូម​សំណូម​ពរ​ថា បើ​មិន​បាន​ជួយ​ស្រាវ​ជ្រាវ​រុក​រក​ទេ សូម​តែ​ជួយ​ឲ្យ​ស្គាល់​ហើយ​ស្រឡាញ់​ជួយ​គាំទ្រ»

អ្នក​សិក្សា​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌​អរូបិយ​បាន​ឲ្យ​ដឹង​ដែរ​ថា ទម្រង់​សិល្បៈ​ទំនុក​ច្រៀង ឬ​បទភ្លេង​បុរាណ​ដែល​បាន​បាត់​បង់​ច្រើន​ជាង​គេ គឺ​បទ​ភ្លេង​និង​ទំនុក​ច្រៀង​មហោរី។ ចម្រៀង​មហោរី​នោះ​កាល​ពី​សម័យ​ដើម​គឺ​មាន​ចំនួន​ជាង ១.០០០​បទ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គេ​បាន​ស្រាវជា្រវ​ឃើញ​មាន​តែ​ជាង ៥០០​បទ​ទេ។ រី​ឯ​ទំនុក​បទ​សម្រាប់​ច្រៀង​ក្នុង​ពិធី​មង្គលការ ឬ​ភ្លេង​ប្រពៃណី​វិញ កាល​ពី​សម័យ​បុរាណ​គឺ​មាន​ចំនួន ១.០៥០​បទ ប៉ុន្តែ​មក​ដល់​ឥឡូវ​នេះ​គឺ​នៅ​មាន​ប្រើ​ជាង ៩០​បទ។

ចំណែក​ឯ​ទំនុក​បទ​ចម្រៀង​សម្រាប់​ល្ខោន​យីកេ​និង​ល្ខោន​បាសាក់ គេ​កំពុង​តែ​សិក្សា​ស្រាវ​ជ្រាវ ពុំ​ទាន់​បាន​ដឹង​ថា មាន​ចំនួន​ជាក់​លាក់​ប៉ុន្មាន​នោះ​ឡើយ។ ក្រុម​អ្នក​អភិរក្ស​ដដែល​បាន​បន្ថែម​ថា ការ​បាត់​បង់​ទម្រង់​សិល្បៈ​ទំនុក​បទ​ចម្រៀង​បុរាណ​ខ្មែរ គឺ​ដូច​ជា​ការ​បាត់​បង់​អត្តសញ្ញាណ​ជាតិ​មួយ​ដែរ។ដោយ​ឃើញ​បញ្ហា​នេះ ក្រុម​អ្នក​អភិរក្ស​វប្បធម៌​ជាតិ​ផ្នែក​អរូបិយ ទាំង​ជា​ស្ថាប័ន​រដ្ឋ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​នាំ​គ្នា​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​យក​មក​ចង​ក្រង​ទំនុក​បទ​បុរាណ​នោះ​ឡើង​វិញ។

នៅ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​មាន​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា ដែល​សព្វ​ថ្ងៃ​នេះ​គេ​កំពុង​តែ​ប្រមូល​ចង​ក្រង​ទំនុក​ច្រៀង​បុរាណ​ថត​ជា​ស៊ីឌី ហើយ​និង​បង្ហោះ​ទៅ​តាម​គេហទំព័រ ឬ​វ៉ឹបសាថ៍​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

រី​ឯ​បទ​ចម្រៀង​ទាំង​នោះ​រួម​មាន​ដូច​ជា​ចម្រៀង​អារក្ស ចម្រៀង​មហោរី​និង​ចម្រៀង​ប្រជាប្រិយ។ មន្ត្រី​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា លោក ជា សុភាព បាន​មាន​ប្រសាសន៍​ថា ការ​ប្រមូល​ចងក្រង​ទំនុក​ច្រៀង​បុរាណ គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ស្រទាប់​មហាជន​ទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ជា​ពិសេស​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​មាន​គំនិត​ងាក​មក​ចូល​រួម​គាំទ្រ​សម្បត្តិ​វប្បធម៌​ជាតិ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​បទ​ចម្រៀង​បុរាណ​ខ្មែរ គឺ​មាន​សារសំខាន់​ណាស់ ពី​ព្រោះ​នៅ​ក្នុង​បទចម្រៀង​នីមួយៗ​នោះ​គឺ​បង្ហាញ​អំពី​ជំនឿ ពី​ជីវិត​រស់​នៅ​របស់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​សម័យ​កាល​នោះ៖ «អ៊ីចឹង​ហើយ​តាម​រយៈ​បទចម្រៀង​ហ្នឹង យើង​អាច​ក្រឡេក​មើល​អតីតកាល យើង​អាច​ដឹង​ថា តើ​ខ្មែរ​យើង​មាន​ផ្នត់​គំនិត ឬ​ក៏​ខ្មែរ​យើង​មាន​របៀប​រស់​នៅ​របៀប​ម៉េច? ដូច​មាន​បទ​ចម្រៀង​មួយ​បទ​ឈ្មោះ​បទ "បារាំង​ស្រាវ​ពួរ" គឺ​ថា មុន​នឹង​ការ​ចូល​មក​ដល់​របស់​បារាំង នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​ស្រុក​ខ្មែរ​យើង​ត្រូវ​ទទួល​ការ​ជាន់​ឈ្លី​ពី​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​អណ្ណាម ហើយ​និង​ប្រទេស​សៀម ហើយ​នៅ​ពេល​ដែល​បារាំង មក​បាន​ដាក់​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣​ហ្នឹង​ទៅ ខ្មែរ​យើង​មាន​ភាព​ធូរ​ស្បើយ។ ប្រជាជន​ខ្មែរ​យើង​កាល​សម័យ​ហ្នឹង​យល់​ឃើញ​ថា បារាំង​មក​ក៏​មាន​ចំណុច​ល្អ​របស់​បារាំង ហើយ​ក៏​មាន​ចំណុច​អាក្រក់​របស់​បារាំង»

មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នូវ​រាល់​ទម្រង់​សិល្បៈ​ផ្នែក​ទំនុក​ច្រៀង ឬ​បទចម្រៀង​បុរាណ​ដែល​បាន​បន្សល់​ទុក​ខ្លះៗ​រហូត​ដល់​សព្វថ្ងៃ​នេះ ជា​ទូទៅ គឺ​ពុំ​មាន​អក្សរ​ភ្លេង​ទុក​ជា​ឯកសារ​ទេ គឺ​មាន​តែ​ការ​ចេះ​ចាំ​តៗ​គ្នា​ពី​ក្រុម​ភ្លេង ឬ​ពី​ក្រុម​សិល្បករ អ្នក​ចម្រៀង​មួយ​ចំនួន ដូច​ជា​ក្រុម​អ្នក​ច្រៀង​នៅ​ក្នុង​សិល្បៈ​របាំ​បុរាណ​ជាដើម។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​លោក​សាស្ត្រាចារ្យ យន់ ខៀន ហៅ ធារា បាន​មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​ទុក​នូវ​មរតក​អរូបិយ​របស់​ដូនតា​កុំ​ឲ្យ​បាត់បង់​ត​ទៅ​ទៀត ឥឡូវ​នេះ​លោក​បាន​រៀបចំ​ចងក្រង​បង្កើត​ជា​អក្សរ​ភ្លេង​ទំនុក​បទ​បុរាណ​ទាំង​នោះ ដូច​ជា​បទ​មហោរី​ជា​ដើម គឺ​បាន​បង្កើត​អក្សរ​ភ្លេង​បាន​ចំនួន​ជាង ៣០០​បទ​ហើយ។លោក​បាន​បន្ត​ថា ទន្ទឹម​គ្នា​នេះ ក៏​បាន​ថត​បញ្ចូល​ទៅ​ក្នុង​ស៊ីឌី បាន​មួយ​ចំនួន​ដែរ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ។

មន្ត្រី​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា លោក ជា សុភាព បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មជ្ឈមណ្ឌល​បុប្ផាណា គ្រោង​នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី "កំណប់​តន្ត្រី​ដូនតា" ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ឲ្យ​កាន់​តែ​បាន​ជ្រាប​ចូល​ដល់​ថ្នាក់​ជាតិ​និង​អន្តរជាតិ។ សន្និសីទ​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ខាង​មុខ​នេះ​នៅ​ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។