ព្រឹទ្ធាចារ្យចាប៉ីដងវែងជាច្រើនរូប ព្រួយបារម្ភពីអនាគតនៃសិល្បៈចាប៉ីដងវែង ដែលហាក់ត្រូវបានមើលរំលងដោយមហាជនជាទូទៅ។ ពួកគាត់ថ្លែងថា ចម្រៀងចាប៉ីដែលធ្លាប់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំពលរដ្ឋខ្មែរ ដើម្បីស្វែងរកភាពរីកចម្រើន និងប្រកបដោយសីលធម៌ល្អក្នុងសង្គមកាលពីមុននោះ ពេលនេះត្រូវបានជំនួសដោយចម្រៀងសម័យ ដែលភាគច្រើនបង្ហាញពីមនោសញ្ចេតនាស្នេហា ជាជាងការអប់រំ។ ការព្រួយបារម្ភនេះ ធ្វើឡើងនាឱកាសជួបជុំគ្នាមួយរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងនៅខេត្តតាកែវ កាលពីពេលថ្មីៗនេះ។
ជាលើកដំបូងបង្អស់ដែលព្រឹទ្ធាចារ្យចាប៉ីដងវែងមានឈ្មោះបោះសំឡេង និងស្ថិតក្នុងដួងចិត្តពលរដ្ឋខ្មែរវ័យចំណាស់ បានមកជួបជុំគ្នារៀបរាប់ពីដំណើរជីវិតរស់នៅរបស់ខ្លួន និងសួរសុខទុក្ខគ្នាទៅវិញទៅមក។
កំពុងអង្គុយនៅលើគ្រែមុខផ្ទះ ក្រោមដើមស្វាយ គឺជាលោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងមានវ័យចំណាស់ជាងគេ ហើយដែលមានបទពិសោធន៍ច្រើនជាងគេខាងចាប៉ីដងវែង។ នៅខាងឆ្វេងដៃរបស់លោក កំពុងអង្គុយនៅលើកំណាត់ឈើជាប់នឹងគ្រែ គឺជាអ្នកចម្រៀងចាប៉ីជើងចាស់មួយរូបទៀត គឺព្រឹទ្ធាចារ្យ អ៊ិន សារុន។ ចំណែកនៅក្រោមផ្ទះ កំពុងសម្រាន្តយោលអង្រឹងជិតជណ្ដើរ គឺជាលោកព្រឹទ្ធវរសិល្បៈ នេត្រ ប៉េ ដែលពលរដ្ឋខ្មែរទូទៅធ្លាប់ឃើញលោកតាមកញ្ចក់ទូរទស្សន៍។
ព្រឹទ្ធាចារ្យទាំង ៣នាក់ កំពុងតែជជែកគ្នាពីនេះពីនោះ អំពីបញ្ហាស្រុកទេស ហើយនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ព្រឹទ្ធាចារ្យចាប៉ីដងវែងពីររូបទៀត ក៏បានអញ្ជើញមកដល់ នោះគឺលោកតាព្រឹទ្ធវរកោសល្យវោហារ គង់ ណៃ និងព្រឹទ្ធាចារ្យ សួន សាន។
គ្រាន់តែបានឮសំឡេងគ្នាភ្លាម ពួកគាត់ដែលភាគច្រើនងងឹតភ្នែកនោះ បានដង្ហោយហៅគ្នាទៅវិញទៅមកដោយក្តីរីករាយឥតឧបមា ហើយក៏បានឡើងលើគ្រែរបស់លោកតា ប្រាជ្ញ ឈួន ជុំគ្នា សន្ទនាតាមបែបអ្នកចម្រៀងចាប៉ី។
ក្រោយពិសាអាហារថ្ងៃត្រង់ ពួកគាត់ចាប់ផ្ដើមសំណេះសំណាលគ្នា ហើយក៏ផ្ដើមកាន់ចាប៉ីស្រដីជាកាព្យ សាស័ព្ទដេញដោលគ្នាទៅវិញទៅមកដោយទឹកមុខស្រស់ស្រាយ លាយឡំនឹងសំណើចរបស់អ្នកស្រុកអ្នកភូមិដែលកំពុងឈរមើល។

«សំឡេងចាប៉ី»
បើស្តាប់ចម្រៀងចាប៉ីនេះ ប្រហែលជាមិនមានអ្នកណាដឹងពីជីវិតពិត និងក្តីបារម្ភរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងទាំងនេះឡើយ។ ពួកគាត់ម្នាក់ៗមានទុក្ខលំបាកក្នុងចិត្ត និងការព្រួយបារម្ភប្រហាក់ប្រហែលគ្នា។ ខ្លះមានជំងឺប្រចាំកាយ ខ្លះជួបប្រទះបញ្ហាខ្វះខាតជីវភាព និងខ្លះទៀតបារម្ភពីអនាគតនៃសិល្បៈចាប៉ីដងវែង។
ស្ថិតក្នុងស្ថានភាពងងឹតភ្នែកមើលមិនឃើញ ព្រឹទ្ធាចារ្យ អ៊ិន សារុន ថ្លែងថា លោកប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារមិនមានការឧបត្ថម្ភពីស្ថាប័នណា ហើយការដើរច្រៀងចាប៉ីក៏មិនសូវកាក់កបដូចមុនទៀត ដោយខែខ្លះលោកទទួលបាន ២រោង ១រោង ឬជួនកាលមិនមានអ្នកជួលសោះតែម្តង។ ទោះជាត្រូវប្រឈមមុខនឹងបញ្ហាខ្វះខាតជីវភាពក្តី ក៏ព្រឹទ្ធាចារ្យចាប៉ីដែលមកពីខេត្តស្វាយរៀង រូបនេះ បានជួយបង្ហាត់បង្រៀនចាប៉ីដល់សិស្សចំនួនជាង ២០នាក់ ដោយឥតគិតថ្លៃក្នុងក្តីសង្ឃឹមថា សិល្បៈនេះនឹងបន្សល់ទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយ៖ «នឹកឃើញថា ចាប៉ីចូលបេតិកភណ្ឌហើយ យើងចាស់ៗហើយ ទាំងអស់គ្នា។ បើសិនណាជារដ្ឋាភិបាលជួយលើកបន្តិចបន្តួចទៅ យើងមិនពិបាកក្នុងការរស់ពេកទេ»។
ចំណែកព្រឹទ្ធាចារ្យ នេត្រ ប៉េ វិញមានប្រសាសន៍ថា លោកព្រួយបារម្ភចំពោះអនាគតនៃសិល្បៈចាប៉ីដងវែង បើទោះជាចាប៉ីដងវែងនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្តី។ មូលហេតុ គឺនៅត្រង់ថា ខ្វះការគាំទ្រពីមហាជន ការបន្តហូរចូលនៃសិល្បៈវប្បធម៌បរទេស អ្នកលេងចាប៉ីខ្លះខ្វះសមត្ថភាព និងការខ្វះខាតការឧបត្ថម្ភពីរដ្ឋ។
ព្រឹទ្ធាចារ្យ នេត្រ ប៉េ បញ្ជាក់ថា ចាប៉ីគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ផ្តល់គតិ ទូន្មានប្រៀនប្រដៅ ព្រមទាំងជាការកម្សាន្តសម្រាប់ពលរដ្ឋខ្មែរជាយូរយារណាស់មកហើយ ដូច្នេះគប្បីមានការយកចិត្តទុកដាក់ចំពោះការថែរក្សាសម្បត្តិសិល្បៈនេះឲ្យបានគង់វង្ស៖ «បើសិនជាមិនឱ្យចាប៉ីបាត់បង់ លុះត្រាអ្នកសិល្បៈត្រូវរកសមត្ថភាពខ្លួនឯង លេងឱ្យគេចេះស្តាប់យើង ហើយអ្នកដែលធ្វើបុណ្យហ្នឹង អ្វីដែលជារបស់ខ្មែរ បើវាស្រណុកសុខស្រួល ដូចជា ចាប៉ី អាយ៉ៃ ឱ្យយកៗទៅ។ កុំយករបស់ដែលនាំឱ្យមានការកាប់ចាក់គ្នា អាហ្នឹងអ្នកផ្តើមបុណ្យក៏អត់សុខដែរ អាហ្នឹងចាប៉ីរស់ហើយ។ មួយទៀត ក្រសួងពាក់ព័ន្ធជួយឧបត្ថម្ភឱ្យបានក្រែលៗតិចទៅ ហើយបើបានប្រឡងជាប់យកមកដាក់បម្រើការងាររដ្ឋទៅ ព្រោះយើងមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មួយដែរ»។
សៀវភៅតន្ត្រីនៅប្រទេសខ្មែររបស់អ្នកនិពន្ធ កែវ ណារ៉ុំ សរសេរថា ចម្រៀងចាប៉ីដើរតួយ៉ាងសំខាន់ក្នុងការអប់រំមនុស្ស ដើម្បីស្វែងរកភាពរីកចម្រើន និងប្រកបដោយសីលធម៌ល្អក្នុងសង្គម។ សិល្បករច្រៀងឲ្យអ្នកស្តាប់ទទួលយកបាន ហើយត្រងត្រាប់តាមលំអានពីដូនតាដែលបានចែង។ អ្នកចម្រៀងចាប៉ីស្រែកច្រៀងរំឭកពីក្បួនសាស្ត្រានៃពាក្យប្រៀនប្រដៅរបស់បុព្វបុរសពីសីលធម៌ក្នុងការរស់នៅ ពីសុភាសិត ពាក្យស្លោក ឬរៀបរាប់ពីរឿងនិទានផ្សេងៗ ជាដើម។
បើទោះបីជាចាប៉ីនេះមានសារសំខាន់យ៉ាងណាក៏ដោយ ក៏អ្នកចម្រៀងចាប៉ីភាគច្រើនមិនសូវមានជីវភាពធូរធារនោះទេ។ ពួកគាត់ភាគច្រើនជាជនពិការ មានវ័យចំណាស់ ហើយបន្តរស់នៅជីវភាពខ្វះមុខខ្វះក្រោយនៅតាមទីជនបទ។ ព្រឹទ្ធាចារ្យ នេត្រ ប៉េ ឲ្យដឹងថា សព្វថ្ងៃនេះ អ្នកចម្រៀងចាប៉ីមានប្រហែល ៦២នាក់នៅទូទាំងប្រទេស។
ការជួបជុំគ្នារបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងនៅឯគេហដ្ឋានរបស់លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន នៅស្រុកទ្រាំង ខេត្តតាកែវ នេះ មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែគឺជាការផ្ដួចផ្ដើមគំនិតរបស់សប្បុរសជនមួយក្រុមដែលបានអញ្ជើញពួកគាត់ទាំងអស់គ្នាឲ្យបានមកជួបជុំគ្នា នៅគ្រាចុងក្រោយនៃជីវិត ដ្បិតអាយុពួកគាត់កាន់តែចាស់ ហើយសុខភាពកាន់តែទ្រុឌទ្រោម។
អ្នកផ្ដួចផ្ដើមគំនិតអញ្ជើញសិល្បករចាប៉ីមកជួបជុំគ្នា គឺលោក សន វិជ្ជៈបុត្រ។ លោកថ្លែងថា ខ្មែរមានសិល្បៈបុរាណជាច្រើនទម្រង់ ប៉ុន្តែមិនសូវមានការយកចិត្តទុកដាក់ រហូតធ្វើឲ្យសិល្បៈខ្លះត្រូវបានប្រទេសជិតខាងចម្លងយកទៅធ្វើជាកម្មសិទ្ធិរបស់គេទៀតផង។ ហើយផ្ទុយទៅវិញ កូនខ្មែរមួយចំនួនបែរជាជក់ចិត្តនឹងសិល្បៈវប្បធម៌បរទេសទៅវិញ៖ «ខ្ញុំគិតថា ដូចជាអត់សូវមានអ្នកគិតគូរចំពោះសិល្បៈបូរាណខ្មែរ ភាគច្រើនកូនខ្មែរចាប់អារម្មណ៍តែចម្រៀងបរទេស សិល្បៈបរទេសហូរចូល។ ថ្ងៃនេះខ្ញុំចង់រៀបចំចាប៉ីនេះដើម្បីដាស់អារម្មណ៍កូនខ្មែរឱ្យភ្ញាក់រឭកឡើង»។
លោកស្រី ម៉ន ថារ័ត្ន គឺជាសប្បុរសជនម្នាក់ក្នុងចំណោមសប្បុរសជនជាច្រើននាក់ដែលបានយកគ្រឿងឧបភោគបរិភោគ និងថវិកាខ្លះជូនព្រឹទ្ធាចារ្យចាប៉ីដងវែង អំឡុងពេលពួកគាត់ជួបជុំគ្នា។ លោកស្រីមានអារម្មណ៍អាណិតអាសូរដល់សិល្បករបុរាណទាំងនោះ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ប៉ុន្តែបែរជាត្រូវរស់នៅក្នុងស្ថានភាពមិនសមប្រកប។ លោកស្រីថា សិល្បករទាំងនេះ គឺជាអ្នកជួយទ្រទ្រង់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ដូចនេះពួកគាត់គួរតែត្រូវបានទំនុកបម្រុងឲ្យប្រសើរជាងនេះ៖ «នាងខ្ញុំសូមអំពាវនាវដល់ក្មេងៗជំនាន់ក្រោយ គួរតែចាប់អារម្មណ៍ នាំគ្នាត្រងត្រាប់ស្ដាប់ចាប៉ី ហើយនាងខ្ញុំក៏សូមអំពាវនាវដល់រដ្ឋាភិបាលផងដែរ គួរតែយកចិត្តទុកដាក់ជាមួយពួកគាត់ និងបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយឱ្យគាត់ស្គាល់ថាអ្វីទៅជាចាប៉ីដងវែង»។
អ្នកចម្រៀងចាប៉ីពីររូប គឺលោកតា ប្រាជ្ញ ឈួន និងលោកតា គង់ ណៃ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់បញ្ចូលជាមរតកមនុស្សរស់ដែលទទួលបានប្រាក់ឧបត្ថម្ភរៀងជាង ៧០ម៉ឺនរៀលក្នុងមួយខែ តាមការបញ្ជាក់របស់ពួកគាត់។ ចំណែកអ្នកខ្លះមានក្របខ័ណ្ឌរដ្ឋទទួលបានប្រាក់ខែ និងប្រាក់សោធននិវត្តន៍ជិត ៨០ម៉ឺនរៀលក្នុងមួយខែ។ ក៏ប៉ុន្តែការឧបត្ថម្ភនេះ មិនបានគ្រប់សិល្បករចាប៉ីនោះទេ ពោលគឺពួកគាត់ជាច្រើននៅតែបន្តស្ថិតក្នុងក្របខ័ណ្ឌមហាជន ហើយនៅខណៈដែលមហាជនមិនសូវចាប់អារម្មណ៍នឹងចាប៉ីនោះ ជីវភាពពួកគាត់ក៏ត្រូវដុនដាបតាមនោះដែរ។ មានអ្នកខ្លះអាចរស់បានអាស្រ័យដោយការឧបត្ថម្ភពីសប្បុរសជន។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បញ្ជាក់ថា ក្រសួងមិនដែលបោះបង់ចោលសិល្បករណាម្នាក់នោះទេ បើសិនជាក្រសួងដឹងថា ពួកគាត់ជួបប្រទះបញ្ហាប្រឈមអ្វីមួយ ក្រសួងនឹងជួយទោះតិចក្តីច្រើនក្តី។ លោកបញ្ជាក់ថា ក្រសួងមិនដែលព្រងើយកន្តើយឡើយចំពោះសិល្បៈចាប៉ី ហើយតាមរយៈការដាក់បញ្ចូលចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រសួងនឹងទទួលបានជំនួយបន្ថែមពីអង្គការយូណេស្កូ (UNESCO) ដើម្បីយកមកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសិល្បៈមួយនេះ៖ «យើងទាំងអស់គ្នាយល់ពីតម្លៃនៃចាប៉ីនេះថា វាជាបេតិកភណ្ឌមួយដែលចាំបាច់ត្រូវការធនធានមនុស្សប្រកបដោយបញ្ញាញាណ អ៊ីចឹងការផ្ទេរចំណេះដឹងឱ្យគ្នានេះមិនមែនជាការងាយស្រួលប៉ុន្មានទេ គឺវាត្រូវធ្វើទៅតាមការខិតខំរបស់មនុស្សម្នាក់ៗផង ហើយការជំរុញរបស់ក្រសួងយើងដែលជាភ្នែកជាច្រមុះរបស់រដ្ឋាភិបាលផង»។
លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ដែលមានវ័យ ៨១វស្សាទៅហើយនោះ អំពាវនាវឲ្យក្រសួងពាក់ព័ន្ធ និងមហាជនជួយលើកស្ទួយសិល្បៈចាប៉ីដងវែងនេះឲ្យបានគង់វង្សទៅថ្ងៃអនាគត ដ្បិតសិល្បៈនេះបានស្ថិតនៅ និងរួមរស់ជាមួយជាតិខ្មែររាប់ពាន់ឆ្នាំមកហើយ ដែលគ្មានបរទេសណាមានទម្រង់សិល្បៈនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
