អត្ថន័យ​បទ​ចម្រៀង​ភិសវង់​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

0:00 / 0:00

នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រុមហ៊ុន​ផលិតកម្ម​មួយ​ចំនួន​បាន​ផលិត​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន ដែល​ជា​បទ​ប្រពៃណី​ខ្មែរ ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ប៉ុន្តែ​បទ​ចម្រៀង​មួយ​ក្នុង​ចំណោម​បទ​ទាំង​នោះ មាន​តែ​បទ​ភិសវង់​ទេ​ដែល​គេ​តែង​ឮ​តែ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​តែ​ប៉ុណ្ណោះ។

តើ​បទ​ចម្រៀង​ភិសវង់​នេះ​មាន​អត្ថន័យ​ខ្លឹមសារ​បែប​ណា?

«ចម្រៀង​ភិសវង់»

ភិសវង់ គឺ​ជា​ឃ្លា​បន្ទរ​នៅ​ក្នុង​បទ​ចម្រៀង​ដែល​គេ​លើក​យក​មក​ច្រៀង​សប្បាយ និង​បន្ទរ​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

«ចម្រៀង​ភិសវង់»

ពាក្យ​ភិសវង់ ដែល​គេ​តែង​ច្រៀង​បន្ទរ​នេះ គឺ​គេ​បាន​ឮ​ជាច្រើន​តាំង​ពី​បរម​បុរាណ​ជាច្រើន​ជំនាន់​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ការ​ចងក្រង ឬ​កត់ត្រា​ទុក ថា​មាន​ការ​តាក់តែង​ឡើង​តាំង​ពី​ពេល​ណា ឆ្នាំ​ណា ឬ​សម័យ​ណា​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​មរតក​វប្បធម៌​អរិយធម៌​ខ្មែរ អ្នកស្រី កែវ ណារុំ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ពាក្យ​ភិសវង់ គឺ​មាន​ន័យ​សម្រាប់​ច្រៀង​លា​គ្នា នៅ​ពេល​ពួក​គេ​ជួបជុំ​កម្សាន្ត​ជាមួយ​គ្នា​យ៉ាង​អស់​ចិត្ត​អស់​ចង់។ អាច​មាន​ន័យ​មួយ​ទៀត​ថា គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​ស្នេហា ប្អូន ឬ​បង​ភិសវង់។ គេ​ច្រៀង​សម្រាប់​រដូវ​បុណ្យ​ចូល​ឆ្នាំ៖ «ភិសវង់ៗ​នេះ គឺ​គេ​លេង​ឆ្អែតឆ្អន់​ហើយ​គេ​ឈប់​សម្រាក គេ​លា​គ្នា គេ​រាំ​ជា​ហ្វូង»

ស្រដៀង​គ្នា​នេះ​ដែរ ពាក្យ​នេះ​ក៏​មាន​បកស្រាយ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត។ ពាក្យ​ភិសវង់​នេះ បាន​ពន្យល់​ថា គួរ​ឲ្យ​ចាប់​ចិត្ត​ស្រឡាញ់ គួរ​ឲ្យ​ស្នេហា បង ឬ​ប្អូន​ភិសវង់ គួរ​ឲ្យ​ភិសវង់។

អ្នកស្រី កែវ ណារុំ បាន​អះអាង​ថា ពាក្យ​ភិសវង់​ចេញ​ពី​បទ​មួយ គឺ​បទ​ប្រប​កៃ ដែល​គេ​យក​មក​ច្រៀង​ដោយ​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ ដោយ​ពោល​ផ្ដោះផ្ដង ចំអែចំអន់​គ្នា៖ «វា​ចេញ​ពី​បទ​មួយ​ប្រប​កៃ។ ប្រប​មាន​ន័យ​ថា អែប​ជិត ផ្គាប់ផ្គុន ហើយ​កៃ​នេះ​មាន​ន័យ​ថា គន្លឹះ​បាន​សេចក្ដី​ថា សម្រាប់​លេង​លែបខាយ​ផ្ដោះផ្ដង។ សរុប​សេចក្ដី​មក បទ​នេះ​ន័យ​ថា ឆ្កឹះ​ឲ្យ​ធ្លាយ​សំណើច»។

បើ​និយាយ​អំពី​ភាព​ពេញ​និយម​វិញ អ្នកស្រី កែវ ណារុំ បាន​បញ្ជាក់​ទៀត​ថា ថ្វី​ត្បិត​តែ​ពាក្យ​នេះ​ជា​ពាក្យ​ពីរោះពិសា ភិសវង់​ឮ ឬ​មាន​ប្រជាប្រិយ​ភាព​តែ​ពេល​រដូវ​បុណ្យ​ចូល​ថ្មី​ប៉ុណ្ណោះ ពុំ​មាន​អ្នក​ប្រាជ្ញ ឬ​កវី​និពន្ធ​ណា​យក​មក​ប្រើ​ច្រើន​នោះ​ទេ។ ពាក្យ​នេះ បាន​បង្កប់​ទៅ​ដល់​អត្ថន័យ​ស្រឡាញ់​រាប់​អាន និង​ស្នេហា​នៅ​ពេល​ជួប​ជុំ​កំលោះ​ក្រមុំ។ ក្នុង​គ្រា​ដែល​កំលោះ​ក្រមុំ​ពី​ទី​ជិត​ឆ្ងាយ​ទៅ​ជួប​ជុំ​គ្នា​លេង​ល្បែងល្បាំ​ប្រជាប្រិយ ឬ​រាំ​កម្សាន្ត​ជា​ដើម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ៖ «ខ្មែរ​យើង​មាន​ទំនៀមទម្លាប់​តឹង​តែង​ណាស់​ចំពោះ​ស្រី និង​ប្រុស​ក្រមុំ​កំលោះ ប៉ុន្តែ​មាន​លក្ខណៈ​មួយ​លោក​បើក​ឱកាស​ក្នុង​ពេល​ចូល​ឆ្នាំ។ អាច​ចេញ​ទៅ​លេង​ជួប​ប្រុស​ស្រី​អី​បាន ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​គេ​មើល​គ្នា​ឃើញ»

«ចម្រៀង​ភិសវង់»

ពាក្យ​ភិសវង់ គឺ​ជា​ពាក្យ​ទំយើ​បង្កប់​អត្ថន័យ​សរសើរ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ នៅ​ក្នុង​ពិភព​នៃ​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ។ ពាក្យ​នេះ​ដែរ ក្រៅ​អំពី​គេ​ស្ដាប់​ឮ​នៅ​ក្នុង​បទ​ចម្រៀង​របស់​កវី​និពន្ធ​ជំនាន់​ដើម ដែល​បាន​បន្សល់​ទុក​ជា​មរតក​ច្រើន​ជំនាន់​មក​ហើយ​នោះ គេ​ពុំ​សូវ​មាន​ឃើញ​កវី​និពន្ធ​ជំនាន់​ក្រោយៗ យក​ពាក្យ​ភិសវង់​នេះ​មក​ប្រើ​ក្នុង​ទំនុក​បទ​ចម្រៀង​ផ្សេងៗ​ទៀត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។