ក្រសួងធម្មការ និងសាសនា តម្រូវអោយអាជ្ញាធរខេត្តកណ្ដាល កោះហៅ លោក ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិរអារ្យមេត្រីយ៍ អោយចូលទៅបំភ្លឺ និងទទួលការអប់រំទៅតាមវិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ ស្របពេលដែលព្រះសង្ឃចំនួន ៧អង្គ នៅវត្តទួលព្រះរាជា នោះ ត្រូវផ្លាស់អោយទៅគង់នៅវត្តផ្សេង។
ក្រៅពីនេះ ក្រសួងធម្មការ ក៏បានស្នើអោយអាជ្ញាធរខេត្ត កែតម្រូវរចនាបថសំណង់ក្នុងវត្តនោះឲ្យបានត្រឹមត្រូវតាមរចនាបថប្រពៃណី សិល្បៈ វប្បធម៌ ព្រះពុទ្ធសាសនាខ្មែរ។
ចំណែកព្រះសង្ឃ ៧អង្គ គង់នៅវត្តទួលព្រះរាជា នោះ ត្រូវផ្លាស់ប្ដូរទីកន្លែងគង់នៅជាអចិន្ត្រៃយ៍ មកកាន់វត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរក្សាភាពថ្លៃថ្នូររបស់ពុទ្ធសាសនា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងតំណាងគណៈសង្ឃនាយក បានចុះទៅធ្វើអធិការកិច្ច កាលពីថ្ងៃទី២៧ កក្កដា កន្លងមក។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ក្រសួង និងគណៈសង្ឃនាយក នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដាក់កម្រិតលើបុគ្គល ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិរអារ្យមេត្រីយ៍នោះយ៉ាងតឹងរ៉ឹងបំផុត តែលោកមិនទាន់បញ្ជាក់ពីវិធានការជាក់លាស់នៅឡើយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
