ក្រសួង​ទុក​ពេល​១​ខែ​ទៀត​សម្រាប់​ឲ្យ​ទូរទស្សន៍​ដូរ​ម៉ោង​ផ្សាយ​ភាពយន្ត​បរទេស

ក្រសួង​ព័ត៌មាន បាន​ប្រកាស​ថា ក្រសួង​នឹង​ទុក​ពេល ១​ខែ​ទៀត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ចាប់​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​មុខ​នេះ​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ថា វិធានការ​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​អនុវត្ត​បញ្ឈប់​ចាក់​ផ្សាយ​ភាពយន្ត​បរទេស ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ខាង​មុខ​នេះ មាន​រយៈពេល​លឿន​ពេក។ ជាង​នេះ​ទៀត ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ក៏​បាន​សុំ​ឲ្យ​ក្រសួង ពន្យារ​ពេល​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ ដោយសារ​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ មាន​បញ្ហា​ផលិត​កម្មវិធី និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​ផ្សាយ។

លោក​បន្ត​ថា ហេតុ​នេះ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់ អាច​ពន្យារ​ពេល​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​កំហិត​វិញ។

កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​ទៅ ក្រសួង​ព័ត៌មាន បាន​សម្រេច​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​គ្រប់​ប្រភេទ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ដើម្បី​ចូលរួម​លើក​ស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។