មកដល់ពេលនេះ មានយុវតីកាន់តែច្រើនឡើងបានចាប់អារម្មណ៍ហាត់គុនល្បុក្កតោ។ ការកើនឡើងនេះ ត្រូវបានអះអាងថា កើតឡើងដោយសារពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានយល់ដឹងពីអត្ថន័យពិតប្រាកដនៃគុនខ្មែរល្បុក្កតោ។ ខុសប្លែកពីការប្រកួតជ្រើសរើសជើងឯកជាតិល្បុក្កតោ កាលពី ២ឆ្នាំមុន នៅឆ្នាំ២០១៣ នេះ យុវតីជាច្រើននាក់បានបង្ហាញមុខនៅលើឆាកប្រកួតប្រជែង។ ពួកគាត់ចូលរួមប្រកួតសម្ដែងគុន ទាំងក្បាច់ដៃ និងគុនដំបង។
«សំឡេងភ្លេងល្បុក្កតោពេលប្រកួត»
ក្នុងវ័យ ១៨ឆ្នាំ យុវតី ខៀវ ចន្ទដារ័ត្ន ជានិស្សិតឆ្នាំទី២ ផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងអោយដឹងថា នាងទើបចូលហាត់គុនល្បុក្កតោបានរយៈពេលជាង ១ឆ្នាំ នៅក្នុងក្លឹបល្បុក្កតោ នៅមហាវិទ្យាល័យរបស់នាង។ យុវតីដដែលរំលឹកថា នាងសម្រេចចិត្តរៀនគុនល្បុក្កតោ គឺបន្ទាប់ពីមើលឃើញថា វាជាគុនខ្មែរដែលកូនខ្មែរអ្នកស្រឡាញ់ការហាត់គុនត្រូវងាកមកយក ចិត្តទុកដាក់។
តួលេខពីសម្ព័ន្ធល្បុក្កតោកម្ពុជា អោយដឹងថា ក្នុងការប្រកួតជ្រើសរើសជើងឯកជាតិល្បុក្កតោ ឆ្នាំ២០១៣ មានបេក្ខជនសរុប ១១៥នាក់ ក្នុងនោះមានស្រី ២៥នាក់។
ចំណែកយុវតីវ័យ ៣២ឆ្នាំ កញ្ញា សំ ថារ័ត្ន មានប្រសាសន៍ថា នាងបានចូលហាត់រៀនគុនល្បុក្កតោតាំងពីឆ្នាំ២០០៨ មក ដោយចិត្តស្រឡាញ់ និងចង់បង្ហាញពីសមត្ថភាពរបស់ក្មេងស្រី ថាអាចចូលរួមគ្រប់សកម្មភាពសង្គមដូចក្មេងប្រុសដែរ។
ក្មេងស្រីដែលចូលហាត់គុនល្បុក្កតោភាគច្រើនបានអះអាងថា ក្មេងស្រីជួបប្រទះការលំបាកមួយចំនួនដែលបានរារាំងពួកគេមិនឲ្យ ឈានជើងចូលក្នុងវិស័យនេះបាន ជាពិសេស គឺកត្តាសង្គម និងគ្រួសារ។
កញ្ញារំលឹកថា ការចូលរួមរបស់នាងក្នុងក្លឹបល្បុក្កតោ ធ្វើអោយគ្រួសារអាក់អន់ចិត្ត ពេលខ្លះបានស្ដីបន្ទោស។ ប៉ុន្តែ ការរៀនគុនល្បុក្កតោបានអោយនាងជម្នះបានបញ្ហាទាំងនោះ។
ល្បុក្កតោ ដែលបច្ចុប្បន្នបានដាក់បញ្ចូលជាប្រភេទកីឡាគុនរបស់កម្ពុជា ត្រូវអះអាងថា ជាប្រភេទកីឡាដែលមិនត្រឹមតែហ្វឹកហាត់អោយមានសុខភាពល្អផ្នែករាង កាយប៉ុណ្ណោះទេ ប៉ុន្តែបានជួយពង្រឹងផ្លូវចិត្ត និងសីលធម៌ល្អរបស់អ្នកហាត់។
គ្រូបង្ហាត់នៅក្លឹបល្បុក្កតោ នៃវិទ្យាស្ថានសហប្រតិបត្តិការកម្ពុជា លោក ឆេង អួ មានប្រសាសន៍ថា ការផ្លាស់ប្ដូរគំនិតរបស់ពលរដ្ឋក្នុងសង្គមទៅលើល្បុក្កតោ ជាផ្នែកមួយដែលជំរុញអោយមានចំនួនអ្នកចូលហាត់គុននេះកើនឡើង។
បើទោះជាមានការកើនឡើងចំនួនស្ត្រី ឬយុវតី ក៏នៅតែមានចំនួនតិចតួចដែរ បើប្រៀបធៀបនឹងចំនួនពួកគេដែលចូលរួមហាត់កីឡាប្រភេទផ្សេងទៀត។
កញ្ញា សំ ថារ័ត្ន បានលើកឡើងដោយជឿជាក់ថា អាចនឹងមានក្មេងស្រីជាច្រើនទៀតចង់ហាត់កីឡាគុននេះដូចនាងដែរ ប៉ុន្តែអាចនឹងជួបឧបសគ្គខ្លះៗ ដោយសារបរិយាកាសរស់នៅជុំវិញខ្លួននាង។ កញ្ញា ថារ័ត្ន អំពាវនាវដល់យុវតីដែលចូលចិត្តកីឡាគុន ចូលរួមហាត់ល្បុក្កតោ ដ្បិតកីឡានេះមានគុណប្រយោជន៍ច្រើន។
គ្រូបង្ហាត់នៅក្លឹបល្បុក្កតោ នៃវិទ្យាស្ថានសហប្រតិបត្តិការកម្ពុជា លោក ឆេង អួ មានប្រសាសន៍បន្ថែមថា គ្រប់ក្លឹបល្បុក្កតោទាំងអស់ បានបន្ធូរបន្ថយតម្លៃច្រើនដល់សិស្សស្រី ឬមិនយកប្រាក់តែម្ដង។
មកដល់ពេលនេះ ក្លឹបកីឡាគុនល្បុក្កតោ ក៏បានកើនចំនួនដែរ ក្នុងនោះបានបោះទីតាំងនៅក្នុងវិទ្យាស្ថានសិក្សា និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោក ហុក ធានគីម មានប្រសាសន៍ថា កម្ពុជា មានគម្រោងជំរុញអោយឆាកអន្តរជាតិទទួលស្គាល់គុនល្បុក្កតោកម្ពុជា និងស្នើដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO)។ លោកបន្តថា ចំណុចស្នូលនៃកីឡានេះ គឺការពង្រឹងសុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី និងការរក្សាអត្តសញ្ញាណជាតិខ្មែរ។
សម្រាប់អ្នកហាត់គុនល្បុក្កតោ ម្នាក់ កញ្ញា សំ ថារ័ត្ន បានស្នើឡើងថា គួរពលរដ្ឋខ្មែរចាប់ផ្ដើមយកចិត្តទុកដាក់គាំទ្រកីឡានេះ គឺសូមអោយយកចិត្តទុកដាក់ទាំងកម្លាំង និងថវិកា។
ការអះអាងរបស់សហព័ន្ធល្បុក្កតោកម្ពុជា បានអះអាងថា កីឡាគុនល្បុក្កតោបានបាត់ឈ្មោះមួយរយៈពេល ដោយសារប្រទេសបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្ស ដោយបានបំផ្លាញធនធានមនុស្ស និងឯកសារពាក់ព័ន្ធ។ យ៉ាងណា សហព័ន្ធល្បុក្កតោកម្ពុជា បានប្រឹងប្រែងចងក្រងកីឡាប្រភេទនេះឡើងវិញ ដោយផ្អែកលើធនធាននៅសល់តិចតួច ចម្លាក់តាមប្រាសាទបុរាណនានា និងទ្រង់សិល្បៈបុរាណខ្មែរមួយចំនួន ដែលមានប្រើប្រាស់គុនប្រភេទនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
