មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យដាក់បញ្ចូលរបាំតន្ត្រី និងល្ខោន ទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ។
គម្រោងនេះ គឺបានកើតឡើងស្របពេលដែលក្រសួងវប្បធម៌ បើកសន្និសីទសារព័ត៌មានមុនរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុវជន និងការអភិវឌ្ឍវប្បធម៌ ការអភិរក្សទំនើបកម្ម និងការបង្កើតថ្មី នៅថ្ងៃទី២១ ខែសីហា ដើម្បីជំរុញឲ្យយុវជនមានការយល់ដឹងពីសិល្បៈវប្បធម៌ ហើយចូលរួមថែរក្សា និងអភិរក្ស។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបំណងយកមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលតាមភូមិភាគទាំង៦ របស់ក្រសួងអប់រំ ជាទីកន្លែងផ្ដល់ការចេះដឹងផ្នែកសិល្បៈវប្បធម៌។
រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សំរាំង កំសាន្ត មានប្រសាសន៍នៅថ្ងៃទី២១ សីហា ថា ដោយមើលឃើញនិន្នាការយុវជនបច្ចុប្បន្ន ពួកគេស្រឡាញ់ និងចូលចិត្តវប្បធម៌បរទេសជាងវប្បធម៌ជាតិរបស់ខ្លួននោះ លោកចង់ឲ្យក្រសួងអប់រំ សហការដាក់សិល្បៈបុរាណ ដូចជា របាំ តន្ត្រី ល្ខោន ជាដើម នៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ពីព្រោះការបញ្ចូលផ្នែកសិល្បៈវប្បធម៌នៅក្នុងកម្មវិធីសិក្សាដែលមានស្រាប់ ដូចជា ចម្រៀង កំណាព្យ ការគូរគំនូរ ជាដើមនោះនៅមានចំនួនតិចតួចពេកណាស់។
លោកថា បើអាចធ្វើបាន វាជាវិធានការមួយដ៏មានប្រសិទ្ធភាព៖ «ប្រហែលជាយើងយកមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាលតាមភូមិភាគរបស់ក្រសួងអប់រំ គាត់មាននិស្សិតគ្រូច្រើន យើងយកនិស្សិតគ្រូហ្នឹងទៅជាគ្រូដែលមានចំណេះដឹងបន្ថែមអំពីសិល្បៈវប្បធម៌ ហើយយើងបញ្ជូនគ្រូសិល្បៈវប្បធម៌ ទៅទីហ្នឹងទៅ បង្ហាត់គាត់នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលហ្នឹង ឲ្យគាត់បន្ត មានតែគាត់ទេដែលអាចបន្តបានហើយលឿន។ នេះជាគំនិតរបស់យើង ក៏ប៉ុន្តែអត់ទាន់បានសម្រេចទេ យើងកំពុងតែចាប់អារម្មណ៍ចំណុចនេះ»។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន ថ្លែងថា ក្រសួងឯកភាពចំពោះការស្នើសុំនេះ។ ប៉ុន្តែ លោកមើលឃើញថា បញ្ហាចោទនោះ គឺបញ្ហាខ្វះគ្រូផ្នែកសិល្បៈដែលនឹងមកចូលក្នុងក្របខ័ណ្ឌក្រសួងអប់រំ។ ហើយក្រសួង នឹងពិចារណាចំពោះការស្នើនេះ។
មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលតាមភូមិភាគរបស់ក្រសួងអប់រំ នៅតាមភូមិភាគទាំង៦នោះ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តក្រចេះ។
ការលើកឡើងរបស់មន្ត្រីក្រសួងវប្បធម៌ នេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុវជន និងការអភិវឌ្ឍវប្បធម៌ ការអភិរក្សទំនើបកម្ម និងការបង្កើតថ្មី នៅថ្ងៃទី២១ ខែសីហា។
សិក្ខាសាលាថ្នាក់ជាតិនេះ មានបំណងជំរុញឲ្យយុវជនមានការយល់ដឹងឲ្យបានត្រឹមត្រូវ ពីវិស័យវប្បធម៌ និងសិល្បៈ ហើយចូលរួមការពារថែរក្សា និងអភិរក្ស។ សិក្ខាសាលាថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហា នឹងបើកឲ្យយុវជនចូលដោយសេរី នៅសាលមហោស្រពចតុមុខ។ ក្រសួងវប្បធម៌ គ្រោងឲ្យយុវជនចូលរួមប្រមាណ ៧០០នាក់ ឬលើសពីនេះ។ ក្នុងពេលនោះ ក៏មានការសួរសំណួរ និងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង រៀមច្បងសិល្បៈ និងសាស្ត្រាចារ្យ ដើម្បីបង្កើតព្រឹត្តិការណ៍វប្បធម៌ ក្នុងទិវាវប្បធម៌ជាតិ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
