ពលរដ្ឋដែលមានសញ្ជាតិខ្មែរ និយមសែនកុងម៉ា ឬជីដូនជីតាតាមជំនឿជនជាតិចិន វៀតណាម ផង និងរៀបចំគ្រឿងរណ្ដាប់សែនទេព្ដាតាមជំនឿរបស់ខ្មែរផង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចិនម្ដងៗ។ ជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរបានអនុវត្តទម្លាប់សែនព្រេនទាំងនេះជាទៀងទាត់។ តើទម្លាប់សែនព្រេនរបស់ពលរដ្ឋជនជាតិខ្មែរនេះខុសឆ្គង ឬទេ ហើយពួកគាត់មានជំនឿយ៉ាងណា?
នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ការរៀបចំគ្រឿងរណ្ដាប់សែនទទួលទេព្ដាឆ្នាំថ្មី គឺជាកិច្ចដ៏សំខាន់។ រីឯក្នុងឱកាសបុណ្យចូលឆ្នាំចិនវិញ ពិធីសែនកុងម៉ា គឺជាកិច្ចដ៏សំខាន់របស់កូនចៅចិន។
សំណែននៃពិធីទាំងពីរនេះមានលក្ខណៈខុសគ្នាស្រឡះដោយសែនកុងម៉ា មានជ្រូកខ្វៃ មាន់ទា និងភេសជ្ជៈពោរពាស ខុសពីរណ្ដាប់សែនទទួលទេព្ដាដែលមានបាយសី ផ្កាភ្ញី ផ្លែឈើ និងភេសជ្ជៈជាដើមនោះ។
មកដល់ពេលនេះ ពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរកាន់តែច្រើនឡើង បានចាប់យកពិធីសែនព្រេន ឬយកទំនៀមទម្លាប់បែបខ្មែរផង និងចិនផង មកគោរពបូជាឡូកឡំគ្នា ដែលជាប្រកាមិនសមទំនង។
សាស្ត្រាចារ្យភាសាខ្មែរបុរាណ នៃមហាវិទ្យាល័យបុរាណវិទ្យា លោកបណ្ឌិត អាំង ជូលាន មានប្រសាសន៍ថា មនុស្សដែលមានសម្បុរខ្មៅ ឬសក់ក្រញាញ់ មិនអាចកំណត់ថា អ្នកនោះមានឈាមជ័រជាខ្មែរ ឬជាតិណាមួយសុទ្ធនោះទេ ប៉ុន្តែជាតិនីមួយៗមានអត្តសញ្ញាណ ឬវប្បធម៌របស់ខ្លួនទៅតាមតូចឬធំ និងអាចសម្បូរបែប ហើយជាតិមួយមិនគួរធ្វើពិធីគោរពបូជាតាមរបៀបចាប់ឆាយនោះទេ៖ «បើយើងនិយាយថា ចិន ឬមានឈាមចិន មិនសូវមានន័យទេ ពាក្យអស់ហ្នឹង ដែលវាមានន័យត្រង់ថា អ្នកនេះយល់ថា អត្តសញ្ញាណរបស់ខ្លួនជាអ្វី? បើសិនអ្នកហ្នឹងយល់ថា ទេ! ខ្ញុំចិន ខ្ញុំអត់បោះបង់ទេ អាហ្នឹងក៏យើងមិនអាចថាខុស ព្រោះអ្នកអាហ្នឹងគេគោរពអត្តសញ្ញាណរបស់គេ។ អ្នកខ្លះទៀតថា ពូជពង្សខ្ញុំមិនដែលទៅមានជ្រូកខ្វៃឆេងម៉េងអីទេ ខ្ញុំដឹងតែចូលឆ្នាំ ដឹងតែភ្ជុំតែអី អាហ្នឹងវាមិនសុទ្ធតែរឿងដែលយើងត្រូវគោរព។ ប៉ុន្តែអារឿងចម្លែក យើងមិនថា ត្រូវថ្កោលទោសទេ វាគួរឲ្យចម្លែកនោះគឺមិនដឹងស្អីឲ្យប្រាកដ»។
បច្ចុប្បន្នពលរដ្ឋស្ទើរគ្រប់គ្នាថា គេមិនអាចអាក់ខានធ្វើពិធីសែនព្រេនណាមួយបានទេ ត្បិតអ្នកខ្លះគ្រូទាយថា ជាប់សែស្រឡាយចិនឆៅ ឬបងប្អូនប្រាប់ឲ្យសែនកុងម៉ា ដើម្បីឲ្យរកស៊ីមានបាន និងជំងឺមិនសូវបៀតបៀន។ ពលរដ្ឋខ្លះស្ទើរតែបោះបង់នូវទម្លាប់តាំងពីដូនតារបស់ខ្លួន ដែលរៀបចំរណ្ដាប់សែនទទួលទេព្ដា ព្រោះគេជឿថា សែនកុងម៉ាសំខាន់ជាង ដោយសែនកាន់តែធំ រកស៊ីកាន់តែមានបាន។
ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិខ្មែរ ហើយជាប់សែស្រឡាយចិន រស់នៅខេត្តកំពង់ស្ពឺ ម្នាក់ គឺលោក ឈិត សារឿន មានប្រសាសន៍ថា បើរៀបរាប់ពីឈាមជ័រចិន លោកត្រូវជាចៅចិន ហើយបានធ្វើពិធីសែនកុងម៉ានេះជាច្រើនឆ្នាំហើយ។ ចំពោះពិធីសែនកុងម៉ារបស់លោក គឺពុំមានលទ្ធភាពដល់ជ្រូកខ្វៃ ឬរបស់មានតម្លៃមកធ្វើពិធីទេ ក្រៅពីដាក់សែនក្បាលជ្រូក មាន់ទា និងបាយសម្លជាដើមនោះ។
លោក ឈិត សារឿន ថាលោកមិនដែលសង្កេតឃើញមានផលតបស្នងអ្វីចេញពីការសែនព្រេនទាំងនេះទេ ប៉ុន្តែជាទម្លាប់គ្រួសារលោក បានធ្វើពិធីសែនតាមជំនឿរបស់ខ្មែរផង និងចិនផង៖ «ជារៀងរាល់ឆ្នាំ នៅពេលភ្ជុំចិន ភ្ជុំខ្មែរ សែនចិន សែនចូលឆ្នាំខ្មែរ ខ្ញុំធ្វើគ្រប់រដូវ។ (ជិន ជេដ្ឋា៖ មានជំនឿម៉េចដែរ?) វាមិនខុសប្លែកគ្នាទេ គ្រាន់ថា ធ្វើទៅដើម្បីនឹកគុណគាត់ (ដូនតា) ដែលខំចិញ្ចឹមបីបាច់ថែរក្សាមក»។
ពិធីសែនកុងម៉ាដែលពលរដ្ឋខ្មែរជាប់សែស្រឡាយចិន តែងតែធ្វើនៅអំឡុងនៃដើមឆ្នាំនីមួយៗនោះមានភាពអធិកអធម និងអ្នកខ្លះធ្វើពិធីសែនតូចតាចទៅតាមលទ្ធភាពរបស់ខ្លួន។ ចំពោះឧកញ៉ា និងអ្នកមានលុយកាក់ច្រើន ហើយស្និទ្ធនឹងមន្ត្រីរដ្ឋាភិបាលខ្លះវិញ មិនត្រឹមតែសែនកុងម៉ាធំដុំនោះទេ ថែមទាំងចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីធ្វើទាន ឬចែកអាំងប៉ាវ ដល់កម្លាំងប្រដាប់អាវុធទៀតផង។
ខុសពីចិន នៅតាមស្រុកស្រែចម្ការមួយចំនួន ដែលខិតខំប្រមូលលុយពីកូនចៅ ឬបងប្អូនដើម្បីទិញជ្រូកខ្វៃ សម្ភារៈសែនព្រេន និងចំណីអាហារមកពិសារួមគ្នា ក្រោយពីពិធីសែនព្រេននោះបានបញ្ចប់។
ពលរដ្ឋម្នាក់រស់នៅឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកស្រី ថែម សារ៉េត ឲ្យដឹងថា រយៈពេល ៦ឆ្នាំហើយដែលគ្រួសារគាត់រៀបចំពិធីសែនកុងម៉ា ដោយដឹងថា ប្ដីគាត់ជាប់សែស្រឡាយចិន។
លោកស្រីថា ក្រោយពីពិធីសែនព្រេន កូនចៅតែងតែហូបចុកជុំគ្នាមិនដែលអាក់ខាន ហើយទម្លាប់សែនកុងម៉ានេះនឹងបន្តដល់កូនចៅជំនាន់ក្រោយ ដើម្បីសុំសេចក្ដីសុខ និងរកស៊ីមានបាន៖ «លឺសូរថា ពីមួយឆ្នាំទៅមួយឆ្នាំគេឲ្យសែនឡើងបន្ដិច គេអត់ឲ្យសែនចុះមកក្រោមទេ (ធ្វើពិធីសែនកាន់តែធំ) ទំនៀមទម្លាប់ថាអ៊ីចឹង ចេះតែធ្វើតាមគេអ៊ីចឹងទៅ ព្រោះវាមានសេចក្ដីសុខអ៊ីចឹងដែរ»។
ចំណែកពិធីសែនទទួលទេព្ដាឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ប្រជាពលរដ្ឋខ្មែរត្រូវរៀបចំគ្រឿងរណ្ដាប់ឲ្យបានរួចរាល់នៅថ្ងៃចូលឆ្នាំទី១ ត្រូវនឹងថ្ងៃ ៧កើត ខែចេត្រ ឬថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ដើម្បីទទួលទេព្ដាឆ្នាំថ្មីដែលជាបុត្រីទី៤ របស់កបិលមហាព្រហ្មព្រះនាមមណ្ឌាទេវី។ ព្រះនាង សោយទឹកដោះស្រស់ អម្ពរពណ៌ខៀវស្រស់ និងជិះសត្វលាចុះមកទ្វីបលោកនៅម៉ោង ៨ និង ០០នាទីយប់។
គ្រឿងរណ្ដាប់សែនទទួលទេព្ដាឆ្នាំថ្មី ឆ្នាំវកមានបាយសី ៩ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសីប៉ាឆាមួយគូ ទៀនប្រាំដើម ស្លាធម៌មួយគូ ទឹកមួយផ្ដិល ក្រាស់កញ្ចក់ គ្រឿងក្រអូប សំពត់សក្រាលនៅខាងមុខអាសនៈ និងដាក់ខ្នើយមួយ រួចបាំងឆត្រពីលើ និងរៀបចំផ្លែឈើចំនួន ១១មុខ ឬដាក់ទឹកដោះស្រស់សែនផង បើពលរដ្ឋអាចធ្វើទៅបាន។
អ្នកគោរពប្រតិបត្តិតាមជំនឿជនជាតិចិន និងខ្មែរមួយចំនួនមិនសូវយល់ និងរៀបចំគ្រឿងរណ្ដាប់ឲ្យបានត្រឹមត្រូវទៅតាមទម្លាប់ពីដូនតានោះមកទេ។ យ៉ាងណាអ្នកសិក្សាផ្នែកភាសាបុរាណវិទ្យា ថាពលរដ្ឋខ្មែរដែលប្រកាន់យកទម្លាប់សែនព្រេនតាមជំនឿរបស់ជនជាតិចិន ផង និងខ្មែរផងនោះ គឺពុំមានអ្វីខុសឆ្គងទេ ប៉ុន្ដែជាតិមួយត្រូវមានអត្តសញ្ញាណមួយ និងយល់ដឹងឲ្យបានច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
