ក្រសួង​ធម្មការ​មិន​ទាន់​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល ធាន វុទ្ធី

សម្ដេច​សង្ឃ និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា មិន​ទាន់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង បុរស​ស្លៀក​ពាក់ស ឈ្មោះ ធាន វុទ្ធី ដែល​តាំង​ខ្លួន​ជា​ព្រះសិអារ្យមេត្រី​ នៅ​វត្ត​ទួលព្រះរាជា ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​នៅ​ឡើយ​ទេ។

នៅ​ព្រឹក​ថ្ងៃ​ទី៧ខែ​សីហា​នេះ លោក ធាន វុទ្ធី បាន​ថ្លែង​សុំ​អភ័យ​ទោស​​ដោយ​ព្រម​ទទួល​កំហុស នៅ​ចំពោះ​សម្តេច​​សង្ឃ និង​លោក មិន ឃិន ​រដ្ឋមន្ត្រី​ក្រសួង​​ធម្មការ និង​សាសនា និង​អាជ្ញាធរ​ខេត្តកណ្តាល។

នៅ​​ក្នុង​ជំនួបនោះ លោក ធាន វុទ្ធី បាន​ធ្វើ​កិច្ចសន្យា​សរសេរ​ដោយដៃ និង​មាន​ផ្ដិត​ស្នាម​មេដៃ ទៅ​លើ​​​​កំហុស​​ឆ្គង របស់ខ្លួន​ចំនួន​៩ ចំណុច មាន​ដូចជា៖​ទទួល​ស្គាល់​ថា​បាន​រំលោភ​លើ​ច្បាប់រដ្ឋធម្ម​នុញ្ញ​​​ស្គាល់ ឬ​ប្រាថ្នា​​ខ្លួន​ជា​ព្រះ​ហើយ​ឲ្យ​គេ​អភិសេក ពិត​ជា​មាន​ព្រះសង្ឃ​បាន​ថ្វាយ​បង្គំ​លោក​មែន។ ពិត​ជា​បាន​ឲ្យ​ជាង​​​​គូរ​រូប​របស់​​ខ្លួន​ជា​ព្រះ​តំណាង​ព្រះពុទ្ធ​តាម​រឿងរ៉ាវ​ពុទ្ធ​ប្រវត្តិ​​ជា​ដើម។

​លោក​បញ្ជាក់​ទៀត​ថា គ្រឿងអលង្កា​នៅក្នុងវត្តទាំងអស់ គឺបាន​ទិញ​ពី​ផ្សារ​ដើម្បី​លក់ ហើយ​ថា កំហុស​ឆ្គង របស់​លោក​ដោយសារ​តែ​ភាព​ល្ងង់ខ្លៅ។

« សំឡេង »

​នៅ​លើ​​កិច្ចសន្យា​​សរសេរ​ដោយ​ដៃ លោក ធាន វុទ្ធី ប្រគល់​វត្តទួល​ព្រះរាជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​គ្រង​បន្ត។ កន្លង​មក​ករណី លោក ធាន វុទ្ធី នេះ​ត្រូវ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បទ​បញ្ជា ឲ្យ​​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួងធម្មការ និង​មន្ត្រី​ពាក់ព័ន្ធ តាម​ចាប់​បុរស​នោះ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​ប្រព្រឹត្ត​កំហុស​ឆ្គង​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។