ចាស់​ព្រឹទ្ធាចារ្យ​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​ជួយ​អភិរក្ស​ប្រាសាទ​បុរាណ

ដោយ ម៉ែន សុធីរ
2015.07.23
ប្រាសាទ​ព្រះ​គោ ស្ទឹងត្រែង ៦២០ ប្រាសាទ​ព្រះ​គោ ឋិត​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥
RFA/Men Sothyr

ចាស់​ព្រឹទ្ធាចារ្យ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួសជុល និង​អភិរក្ស​ប្រាសាទ​បុរាណ​ឡើង​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រាសាទ​បុរាណ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ មាន​សភាព​ទ្រុឌទ្រោម និង​បែក​បាក់​បន្តិច​ម្តងៗ​មក​ពី​សកម្មភាព​មនុស្ស និង​កត្តា​ធម្មជាតិ។ ក្រុម​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​នោះ​យល់​ថា ការ​ថែរក្សា​មរតក​ដូនតា​ឲ្យ​គង់វង្ស ជា​មោទនភាព​ជាតិ និង​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​នូវ​ស្នាដៃ​ដូនតា​ខ្មែរ​សម័យ​មុន បន្ទាប់​ពី​ប្រាសាទ​ធំៗ​ល្បីល្បាញ​ផ្សេង​ទៀត។

ប្រាសាទ​ព្រះ​គោ ឋិត​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ប្រវែង ២​គីឡូម៉ែត្រ ដែល​អ្នក​ស្រុក​មាន​ជំនឿ​ថា ជា​ទី​សក្ការបូជា​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​សុំ​សេចក្តី​សុខ​តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា ប្រាសាទ​នេះ​មាន​សភាព​ខុស​ប្លែក​ពី​ប្រាសាទ​ព្រះ​គោ ដទៃ​ទៀត ដោយសារ​មាន​តែ​រូប​ចម្លាក់​ព្រះ​គោ តែ​ពុំ​មាន​រូប​ចម្លាក់​ព្រះ​កែវ ឡើយ។ ហេតុ​ដែល​ពុំ​មាន​រូប​ចម្លាក់​ព្រះ​កែវ នេះ ចាស់​ព្រឹទ្ធាចារ្យ​សង្ស័យ​ថា តាម​ជំនឿ​ពី​ដើម ព្រះ​កែវ ដែល​ត្រូវ​ជា​ប្អូន ឃ្លាត​ឆ្ងាយ​ពី​ព្រះ​គោ ដូច្នេះ​ដូនតា​ខ្មែរ​បាន​ដាក់​ឈ្មោះ​ទីតាំង​តំបន់​ភូមិ​សាមគ្គី ក្នុង​ក្រុង​ស្ទឹងត្រែង ហៅ​ថា កន្ទុយ​គោ​រហូត​មក​ដល់​សព្វថ្ងៃ។ ទីតាំង​កន្ទុយ​គោ ជា​ឈ្មោះ​តំបន់​មួយ​ដែល​ឆ្លង​តាម​ទន្លេ​សេកុង។

ការ​រំឭក​នូវ​គុណ​បុព្វបុរស​ដូនតា​សម្រាប់​កូន​ខ្មែរ គឺ​ជា​ការ​ប្រាថ្នា​ចង់​បាន​របស់​ចាស់​ព្រឹទ្ធាចារ្យ ដែល​យល់​ច្បាស់​អំពី​ជំនឿ​បារមី​ប្រាសាទ​ព្រះ​គោ ដែល​ពួក​គាត់​ជឿ​ថា ការ​ថែរក្សា​កេរ​ដំណែល​ដូនតា ហាក់​បី​ដូចជា​ការ​ដឹង​គុណ​បុព្វបុរស​ខ្មែរ​ដូច្នេះ​ដែរ។

ក្នុង​វ័យ​ជាង ៧០​ឆ្នាំ រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ លោក​អាចារ្យ អាំង ដន ដែល​អ្នក​ស្រុក​ចាត់​ទុក​ថា​ជា​គ្រូ​អាចារ្យ​ក្នុង​ភូមិ កត់​សម្គាល់​ថា កន្លង​មក​នៅ​ពេល​ដែល​អ្នក​ស្រុក​មាន​ជំងឺ​ឈឺ​ថ្កាត់ និង​វិបត្តិ​ផ្សេងៗ ពួក​គេ​តែងតែ​បួងសួង​នៅ​ប្រាសាទ​នេះ ហើយ​ភាគ​ច្រើន​បាន​ជា​សះ​ស្បើយ​ពិត​មែន។ ការ​មាន​ជំនឿ​ចំពោះ​ប្រាសាទ​នេះ​ថា​ពូកែ​ស័ក្តិសិទ្ធិ ទើប​អ្នក​ស្រុក​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​រាល់​ឆ្នាំ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខែ​ផល្គុន៖ «យើង​មាន​ទុក្ខ​មាន​ភ័យ យើង​បែរ​បន់​ទៅ​ជួយ​ថែរក្សា​បាន​រួច​ខ្លះ ជា​សះ​ស្បើយ​ច្រើន​ដែរ អ្នក​ស្រុក​នេះ​គេ​ជំនឿ​គេ​ធ្វើ​បុណ្យ​រាល់​ឆ្នាំ»

លោក​អាចារ្យ អាំង ដន ចង់​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជួសជុល​បន្ថែម និង​អភិរក្ស​ប្រាសាទ​ព្រះ​គោ។ ការ​ធ្វើ​ដូច្នេះ លោក​មាន​ជំនឿ​ថា ស្រុក​ទេស​នឹង​រីក​ចម្រើន​រុងរឿង​ដូច​សម័យ​អង្គរ។

តួ​ប្រាសាទ​ព្រះ​គោ រៀប​ពី​ឥដ្ឋ និង​មាន​រូប​សំណាក់​ឥសី​ពីរ​អង្គ​អម​សង​ខាង ក្នុង​ប្រាសាទ​មាន​ចម្លាក់​យោនី​នាង សុម៉ាវតី និង​លិង្គ​ព្រះ​ឥសូរ ត្រូវ​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​វាយ​តម្លៃ​ថា បុព្វបុរស​ខ្មែរ​កសាង​ប្រាសាទ​នេះ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ និង​ព្រះ​ឥសូរ ដែល​សត្វ​គោ​ជា​យាន​ជំនិះ​របស់​ព្រះ​សិវៈ កសាង​ឡើង​នៅ​សតវត្សរ៍​ទី​៧ និង​ទី​៨ នៃ​គ.ស។

បដិមា​ព្រះ​គោ នៅ​ខាង​មុខ​ប្រាសាទ​ព្រះ​គោ ឋិត​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥
បដិមា​ព្រះ​គោ នៅ​ខាង​មុខ​ប្រាសាទ​ព្រះ​គោ ឋិត​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥
RFA/Men Sothyr

ឯកសារ​របស់ លោក អាំង ជូលាន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះ​គោ ក្នុង​លទ្ធិ​ព្រហ្មញ្ញ​សាសនា គឺ​ជា​យាន​ជំនិះ​របស់​ព្រះ​ឥសូរ ឈ្មោះ គោនន្ទិ មាន​ភ្នែក​៣ ដែល​មាន​មហិទ្ធិឫទ្ធិ​ស្មើ​ព្រះ​ឥសូរ។ គោ​នេះ អាច​ជា​យាន​ជំនិះ​ផង និង​ជា​ទីប្រឹក្សា​របស់​ព្រះ​ឥសូរ ផង។ ចំណែក​គោ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ គេ​ចាត់​ទុក​ថា​ជា​រូប​តំណាង​ឲ្យ​ព្រះសមណគោតម ឬ​ហៅ​ថា ព្រះពុទ្ធ។ ដូច្នេះ ព្រះ​គោ​ក្នុង​ព្រហ្មញ្ញ​សាសនា បូក​បញ្ចូល​នឹង​ព្រះពុទ្ធ​សាសនា បាន​ជា​ធ្វើ​ឲ្យ​អ្នក​ស្រុក​គោរព​បូជា​យ៉ាង​មុតមាំ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង លោក ផេង ណាឡៃ និយាយ​ថា ការ​អំពាវនាវ​របស់​ចាស់​ព្រឹទ្ធាចារ្យ​ទាក់ទិន​ការ​ជួសជុល​ថែរក្សា​ឡើង​វិញ​នូវ​ប្រាសាទ​នេះ ថា​ជា​រឿង​ល្អ ប៉ុន្តែ​អ្វី​ជា​ការ​បារម្ភ គឺ​កញ្ចប់​ថវិកា​របស់​មន្ទីរ​នៅ​មាន​កម្រិត គឺ​បាន​ត្រឹម​តែ​ការ​ថែទាំ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា មន្ទីរ​បាន​រៀបចំ​ឆ្មាំ​ប្រាសាទ​ម្នាក់​នៅ​ទីនោះ ឲ្យ​មើល​ការ​ខុស​ត្រូវ​ថែទាំ បោស​សម្អាត និង​ការពារ​ពី​ការ​ជីក​គាស់​កាយ​ពី​ជន​ខិលខូច៖ «ដូចជា​មាន​ការ​ថែទាំ​ការ​បោស​សម្អាត​ប៉ុណ្ណឹង​ទេ ក្រៅ​ពី​ហ្នឹង​មិន​អាច​ធ្វើ​អ្វី​លើស​ពី​ហ្នឹង​ទេ»

ដោយសារ​មាន​ការ​គំរាម​កំហែង​ពី​កត្តា​ធម្មជាតិ ជន​ខិលខូច ការ​ជីក​គាស់​កាយ​រក​កំណប់ ព្រម​ទាំង​កត្តា​សង្គ្រាម ធ្វើ​ឲ្យ​ប្រាសាទ និង​រូប​បដិមា​ព្រះ​គោ បែក​បាក់​ប្រេះស្រាំ​យ៉ាង​ខ្លាំង។ ចំណែក​នៅ​ផ្នែក​ខាង​កើត​នៃ​រូប​បដិមា​ព្រះ​គោ គេ​ឃើញ​មាន​ទីលាន​ទំហំ​ជាង ១០​ម៉ែត្រ​ជា​រង្វង់ សម្រាប់​អ្នក​ភូមិ​ប្រារព្ធ​ពិធី​បុណ្យ​វាយ​ខែល ដែល​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​អ្នក​ភូមិ​តែងតែ​ប្រារព្ធ​រៀង​រាល់​ឆ្នាំ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល ៤​ថ្ងៃ ៣​យប់ ហើយ​ជា​ទូទៅ ល្បែង​នេះ​ត្រូវ​បាន​គេ​លេង​នៅ​ពេល​រសៀល។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ លោក សួន ផុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កក្កដា ថា កាល​ពី​មុន ប្រាសាទ​នេះ​មាន​ឈ្មោះ​ថា ប្រាសាទ​ស្រី ចំណែក​ប្រាសាទ​ប្រុស​ដែល​បុព្វបុរស​កសាង​បាន​ត្រឹម​តែ​ខ្លោងទ្វារ​រហូត​ដល់​សព្វថ្ងៃ គឺ​ឋិត​នៅ​ភូមិ​កាំងតេជោ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ដូច​គ្នា។ លោក​ថា ប្រពៃណី​តាំង​ពី​ដើម​ទាក់ទិន​សិល្បៈ​វាយ​ខែល ដែល​គេ​យក​រំពាត់​ផ្ដៅ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំងៗ ដែល​មាន​ដើម​កំណើត​មក​ពី​ជនជាតិ​ដើម​ភាគ​តិច​គួយ ដើម្បី​រំឭក​ឡើង​វិញ​ចំពោះ​វីរភាព​តស៊ូ​របស់​បុព្វបុរស​ខ្មែរ ធ្វើ​សឹក​សង្គ្រាម​ប្រើ​ដាវ និង​លំពែង ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ។ តែ​យ៉ាង​ណា លោក​បារម្ភ​ថា បច្ចុប្បន្ន​ការ​រៀបចំ​ឲ្យ​មាន​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​នៅ​មិន​ទាន់​មាន​ឡើយ។ កត្តា​នេះ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប្រាសាទ​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ដែរ៖ «តាម​ការ​ពិត ខ្មែរ​យើង​គេ​តែងតែ​គោរព​បូជា​យ័ន្ត ជំនឿ​ទៅ​លើ​ព្រហ្មញ្ញ​សាសនា ធម្មតា​ការ​កសាង​ប្រាសាទ​ណា​មួយ​នៅ​លើ​ទី​ខ្ពស់ វា​ជា​និមិត្តរូប​ឲ្យ​នគរ​ភ្នំ»

អគ្គនាយក​រង​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប្រាក់ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គឺ​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ចូលរួម​អភិរក្ស​ថែរក្សា​ស្ថានីយ​បុរាណ​វិទ្យា ឬ​ហៅ​ថា​ប្រាសាទ​បុរាណ។ លោក​បន្ត​ថា កម្ពុជា សព្វថ្ងៃ​មាន​ប្រាសាទ​ច្រើន ហេតុ​ដូច្នេះ​កញ្ចប់​ថវិកា​ក្នុង​ការ​ជួសជុល​នៅ​មាន​កម្រិត។ ដូច្នេះ​ក្រសួង​ចាំបាច់​ត្រូវ​សិក្សា និង​ជួសជុល​ប្រាសាទ​ណា​ដែល​មាន​ហានិភ័យ​ជាង​គេ។ តែ​សម្រាប់​ខេត្ត​ស្ទឹងត្រែង ប្រាសាទ​នេះ​ចាត់​ទុក​ថា​ជា​ប្រាសាទ​ល្អ​ជាង​គេ តែ​បើ​ប្រៀបធៀប​នឹង​ប្រាសាទ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន គឺ​ប្រាសាទ​ព្រះ​គោ នេះ មិន​ជាប់​ចំណាត់​ថ្នាក់​នោះ​ឡើយ៖ «ចំពោះ​ខេត្ត​ស្ទឹងត្រែង ខ្ញុំ​គិត​ថា​ចំពោះ​ស្ថានភាព​វា​ចឹង​យូរ​ហើយ វា​អត់​ដំបូល​វា​អត់​បញ្ហា​ទេ បើ​សិន​ជា​អាជ្ញាធរ​គាត់​ចូលរួម​សហការ​ជាមួយ​នឹង​មន្ទីរ ខាង​ខ្ញុំ​ទៅ​គាំពារ​ប្រាសាទ​ក៏​វា​នៅ​គង់វង្ស​ត​ទៅ​ទៀត​ដែរ»

អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​រក​ឃើញ​ថា ប្រាសាទ​ព្រះ​គោ កសាង​ឡើង​នៅ​សម័យ​មុន​អង្គរ គឺ​សម័យ​ចេនឡា ក្នុង​សតវត្សរ៍​ទី​៧ ឈាន​ចូល​ដល់​សតវត្សរ៍​ទី​៨ នៃ​គ.ស សម្រាប់​ឧទ្ទិស​ជូន​អាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា។ ប្រាសាទ​ព្រះ​គោ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រចនាបថ​ឥដ្ឋ​ក្រហម និង​ថ្ម​បាយ​ក្រៀម តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ តួ​ប្រាសាទ​មាន​បណ្តោយ​ប្រហែល ៩​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ ព្រម​ទាំង​កម្ពស់ ៧​ម៉ែត្រ។ ផ្នែក​ជាច្រើន​នៅ​តួ​ប្រាសាទ ត្រូវ​បាន​រលំ​ធ្លាក់​នៅ​រាយប៉ាយ​ស្ទើរ​តែ​ជុំវិញ​ប្រាសាទ។ ដោយឡែក​ខ្លោងទ្វារ​ធំ​មាន​ចំនួន​ពីរ បាន​បន្សល់​ទុក​ជា​ទ្រង់ទ្រាយ​គ្មាន​បាក់​បែក លើក​លែង​តែ​ធ្នឹម និង​គ្រឹះ​ខាង​ក្រោម ត្រូវ​បាន​ជួសជុល​ឡើង​វិញ​សម្រាប់​ទ្រទ្រង់​តួ​ប្រាសាទ​ឲ្យ​រឹងមាំ បន្ទាប់​ពី​មាន​ការ​បំផ្លាញ​កាល​ពី​សម័យ​ខ្មែរ​ក្រហម។ នៅ​ពេល​ខាង​មុខ ប្រាសាទ​ចម្ងាយ​ជាង ១០​ម៉ែត្រ​មាន​បដិមា​រូប​ព្រះ​គោ បែក​បាក់​ចំហៀង​ខ្លួន​ខាង​ស្តាំ ដែល​គេ​សង្ស័យ​ថា ជន​ខិលខូច​បំផ្លាញ​ប្រហែល ៣០​ឆ្នាំ​មក​ហើយ ថែម​ទាំង​មាន​ស្នាម​ប្រេះ​ពុះ​ច្រៀក​ស្ទើរ​ពាក់​កណ្ដាល​ខ្លួន តែ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស៊ីម៉ងត៍​នៅ​ពេល​ថ្មីៗ​នេះ។ ស្ថានភាព​បដិមា​ព្រះ​គោ បែប​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិវិទ្យា​ដាក់​ការ​សង្ស័យ​ថា ជា​ការ​ស្វែងរក​កំណប់​របស់​ជន​ខិលខូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។