ការ​យល់​ដឹង​និង​អត្ថន័យ​នៃ​វប្បធម៌​គោរព​គ្នា​ក្នុង​សង្គម​ខ្មែរ

តាំង​ពី​បុរាណ​មក បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​នូវ​កេរមរតក​វប្បធម៌​ដ៏​មាន​តម្លៃ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។ វប្បធម៌​ទាំង​នោះ​មាន​ពីរ​យ៉ាង​ជា​សំខាន់ គឺ​វប្បធម៌ រូបិយ និង អរូបិយ។

0:00 / 0:00

វប្បធម៌​រូបិយ​សំដៅ​ដល់​រូប​ចម្លាក់​ផ្សេងៗ និង​ប្រាង្គ​ប្រាសាទ​ជា​ច្រើន មាន​ដូច​ជា​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ជាដើម។ រី​ឯ​វប្បធម៌​អរូបិយ​សំដៅ​ដល់​សិល្បៈ​ដែល​ឆ្លុះ​បញ្ចាំង​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ រួម​មាន របាំ ចម្រៀង​អាយ៉ៃ ចាប៉ី​ដង​វែង​ជា​អាថ៌ និង​ការ​ឱន​លំទោន​សម្ដែង​គារវៈ (គោរព) ដល់​គ្នា និង​គ្នា​តាម​ឋានៈ​ក្នុង​សង្គម​ជា​ដើម។

«លើក​ដៃសំពះ ព្រោះ​យល់​ថា គាត់​ជា​ព្រឹទ្ធាចារ្យ​ម្នាក់ គាត់​មាន​បទពិសោធន៍​ច្រើន​ជាង​យើង។ ...ឲ្យ​តែ​គេ​មាន​អាយុ​ច្រើន​ជាង​យើង យើង​លើក​ដៃ​សំពះ​គេ​ហើយ...»៖ នេះ​ជា​ទស្សនៈ និង​ការ​យល់​ដឹង​របស់​ពលរដ្ឋ និង​សិស្ស​និស្សិត​មួយ​ចំនួន​ដែល​ពួក​គាត់​ព្យាយាម​ផ្ដល់​និយមន័យ​ឲ្យ​ពាក្យ​ថា "គោរព" ដោយ​ការ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពួក​គាត់​ទាំង​នោះ ខ្លះ​ឲ្យ​និយម​ន័យ​ថា ជា​ការ​គួរ​សម​ធ្វើ​តាម​ចាស់ៗ​ជំនាន់​មុន។ រី​ឯ​ខ្លះ​ទៀត​ពន្យល់​ថា វិធី​នៃ​ការ​ធ្វើ​គារវៈ (គោរព) គ្នា គឺ​ធ្វើ​ឡើង​ដើម្បី​អភិរក្ស​វប្បធម៌​ដ៏​ល្អ​នេះ​កុំ​ឲ្យ​បាត់​បង់។ ម្យ៉ាង​ទៀត ការ​គោរព​ជា​ផ្នែក​មួយ​នៃ​អំពើ​ល្អ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​ឲ្យ​ស្រប​នឹង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ វចនៈ​របស់​ព្រះ​សម្មាសម្ពុទ្ធ​បាន​ចែង​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ថា អបចាយន​ធម៌ មាន​ន័យ​ថា ការ​គោរព គឺ​ជា​អំពើ​ល្អ​មួយ​ដែល​ពុទ្ធ​បរិស័ទ (អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា) គួរ​ប្រតិបត្តិ​តាម។

ទាក់ទង​នឹង​ការ​គោរព​នេះ​ដែរ យុវជន​ដែល​ធ្វើ​ការ​នៅ​អង្គការ​ឥណទាន​ក្រៅ​រដ្ឋាភិបាល​មួយ​នា​រាជធានី​ភ្នំពេញ លោក សំ បូនី ឲ្យ​ដឹង​ថា ការ​គោរព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន​ហាក់​បង្ហាញ​ឥរិយាបថ​ខ្លាច​ច្រើន​ចំពោះ​បុគ្គល​ដែល​ខ្លួន​គោរព ជា​ជាង​ការ​ចេញ​ពី​ចិត្ត​ស្មោះត្រង់​របស់​ខ្លួន។

លោក សំ បូនី ផ្ដល់​ឧទាហរណ៍​ទិដ្ឋភាព​ខ្លះ​ក្នុង​សង្គម។ ជាក់ស្ដែង​អ្នក​បើក​បរ​រថយន្ត ឬ​ម៉ូតូ ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ច្បាប់​ចរាចរណ៍​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​ខ្លាច​ប៉ូលិស​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ជា​អ្នក​ផាក​ពិន័យ​ជា​សំខាន់។

លោក​ចង្អុល​បង្ហាញ​ថា ពេល​អ្នក​បើក​បរ​បើក​ម៉ូតូ​ដល់​ត្រង់​កន្លែង​ណា​ដែល​មាន​ស្តុប ហើយ​ភ្លើង​ស្តុប​នោះ​បើក​ភ្លើង​ក្រហម ជា​សញ្ញា​ឲ្យ​អ្នក​បើក​បរ​ឈប់ ប៉ុន្តែ​អ្នក​បើក​បរ​បើ​ឃើញ​នៅ​ត្រង់​ស្ដុប​នោះ​មិន​មាន​អាជ្ញាធរ​ឈរ​ជើង​នៅ​ត្រង់​ចំណុច​នោះ​ទេ ពួក​គាត់​នឹង​បើក​បរ​បំពាន​ច្បាប់ ប្រជ្រៀត​គ្នា​ដណ្ដើម​គ្នា​ទៅ​មុន​ដោយ​ពុំ​មាន​ការ​គោរព​គ្នា​ឡើយ។

លោក សំ បូនី បញ្ជាក់​ទៀត​ថា ការ​កើត​មាន​បញ្ហា​នេះ​ឡើង ទី​១ គឺ​ការ​អនុវត្ត​ច្បាប់ ឬ​គោរព​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត។ ទី​២ ប្រភព​នៃ​ការ​បង្កើត​ឲ្យ​មាន​ធនធាន​មនុស្ស​ធ្វើ​គំរូ​មិន​ល្អ​ ដូចជា​នៅ​ក្នុង​សាលារៀន​ជា​ដើម​នោះ នៅ​មាន​គ្រូ​ខ្លះ​ខ្វះ​ខាត់​ផ្នែក​ជីវភាព​អាច​បង្ខំ​ចិត្ត​ធ្វើ​ទង្វើ​មិន​គប្បី​ដែល​នាំ​ឲ្យ​បាត់​បង់​តម្លៃ​នៃ​ការ​គោរព ដូច​ជា​ករណី​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សាលា​រៀន​ជា​ដើម។

លោក សំ បូនី អះអាង​ទៀត​ថា បុគ្គល​ដែល​ត្រូវ​គេ​គោរព​គួរ​ប្រកាន់​នូវ​គុណធម៌​ល្អៗ​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ពួក​គាត់​យក​គំរូ​តាម។ មួយ​វិញ​ទៀត អ្នក​ជំនាន់​មុន​គួរ​ធ្វើ​យ៉ាង​ណា ឲ្យ​អ្នក​ជំនាន់​ក្រោយ​ឃើញ​ពី​ផល​ប្រយោជន៍​នៃ​ការ​គោរព​នេះ​ផង។

ទាក់ទង​នឹង​ការ​គោរព​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីល​ធម៌​សង្គម លោក ប៉ូ សំណាង ពន្យល់​ថា ការ​គោរព​ក្នុង​ទំនៀម​ទម្លាប់​ពី​បុរាណ​មក​បង្ហាញ​ថា ការ​គោរព​មាន​របៀប​ផ្សេងៗ​គ្នា​តាម​វ័យ និង​ឋានៈ នៃ​អ្នក​ដែល​ត្រូវ​គេ​គោរព​នោះ។ ទី​១ ការ​គោរព​ឪពុក​ម្ដាយ​ដាក់​លើក​ដៃ​សំពះ​ដោយ​ផ្គុំ​ដៃ​ទាំង​ទ្វេ​ដាក់​នៅ​ត្រង់​ចិញ្ចើម។ ទី​២ ការ​គោរព​គ្រូ​បាធ្យាយ​ដាក់​ដៃ​ត្រង់​ថ្ងាស។ ទី​៣ គោរព​ព្រះ​សង្ឃ ដាក់​ដៃ​ត្រង់​បង្ហើយ​ក្បាល។ ទី​៤ គោរព​ព្រះ​មហាក្សត្រ លើក​ដៃ​ផុត​ក្បាល​សម្រាប់​គោរព។

លោក ប៉ូ សំណាង មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​ការ​គោរព​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​ពលរដ្ឋ​ទទួល​រង​បទពិសោធន៍​ឆ្លង​កាត់​សង្គ្រាម​ច្រើន​ជំនាន់​ពេក។ មួយ​វិញ​ទៀត ពេល​បច្ចុប្បន្ន​កម្រិត​នៃ​ការ​យល់​ដឹង​ពលរដ្ឋ​នៅ​មាន​កម្រិត។ ហេតុ​ផល​នៃ​ការ​ធ្លាក់​ចុះ​វប្បធម៌​នេះ ក៏​អាច​មក​ពី​ឥរិយាបថ​របស់​អ្នក​ជំនាន់​មុន​មិន​បាន​ប្រព្រឹត្ត​ឲ្យ​ត្រឹម​ត្រូវ​តាម​វប្បធម៌​របស់​ខ្លួន។

ស្រប​គ្នា​នេះ ប្រធាន​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សោភ័ណ មាន​ប្រសាសន៍​ថា ការ​គោរព​ចេញ​ពី​សន្ដាន​ចិត្ត​ពិត​ប្រាកដ គឺ​ជា​ការ​គោរព​មួយ​ដែល​អ្នក​ប្រព្រឹត្ត​ការ​គោរព​ធ្វើ​ទាំង​នៅ​ចំពោះ​មុខ និង​នៅ​ក្រោយ​ខ្នង។ ចំណែក​អ្នក​ត្រូវ​គេ​គោរព​នោះ គួរ​ប្រកាន់​ខ្ជាប់​នូវ​គុណ​ធម៌​ក្នុង​សន្តាន​មាន​ព្រហ្មវិហារ​ធម៌​ទាំង ៤ ជា​ដើម។

ទាក់ទង​នឹង​វប្បធម៌​នៃ​ការ​គោរព​គ្នា​នេះ តាម​គម្ពីរ​ព្រះ​ត្រៃបិដក (គម្ពីរ​មូលដ្ឋាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា) បាន​ចារ​ពី​តួនាទី​នៃ​ពុទ្ធ​បរិស័ទ​ដែល​គេ​គួរ​ប្រតិបត្តិ​គោលការណ៍​មួយ​ចំនួន​តាម​តួនាទី​របស់​ខ្លួន មាន​ដូច​ជា មាតា​បិតា ត្រូវ​ប្រកាន់​ព្រហ្ម​វិហារ​ធម៌ ៤ និង​សង្គហៈ​ធម៌ ៥ យ៉ាង​សង្គ្រោះ​កូន។

សង្គហធម៌ ៥​យ៉ាង​គឺ ទី​១ បាបា និវារេន្តិ= មាតា​ហាម​ឃាត់​កូន​កុំ​ឲ្យ​ធ្វើ​អាក្រក់​ដែល​សង្គម​ស្អប់​ខ្ពើម។ ទី​២ បើ​កូន​ប្រកប​ដោយ​សេចក្ដី​ល្អ​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ​នោះ​ជាប់​រហូត។ ទី​៣ បើ​កូន​អាយុ​គ្រប់គ្រាន់​អាច​ចូល​សិក្សា​បាន មាតា​ត្រូវ​រួសរាន់​បញ្ជូន​កូន​ទៅ​សាលា។ ទី​៣ បើ​កូន​មាន​វ័យ​ដល់​ពេល​ដែល​ពួក​គាត់​ត្រូវ​មាន​គូស្រករ​គួរ​ជួយ​ផ្ដល់​មតិ​យោបល់​ក្នុង​ការ​ជ្រើស​រើស​គូរ​ស្រករ​នោះ​ថា មនុស្ស​ដែល​គាត់​បម្រុង​ជ្រើស​រើស​ជា​គូស្រករ​នោះ​ស៊ី​សង្វាក់​នឹង​ចរិត​លក្ខណៈ​របស់​កូន​ដែរ ឬ​យ៉ាង​ណា? ទី​៥ បើ​មាតា​មាន​ទ្រព្យ​សម្បត្តិ​គួរ​សម​អាច​ចែក​ឲ្យ​កូន។

រី​ឯ​កូន​ត្រូវ​ប្រកាន់​យក​សង្គហធម៌​៥ ធ្វើ​តប​ស្នង​ចំពោះ​ម្ដាយ​ឪពុក។ ចំណែក​មេដឹកនាំ​ប្រទេស​ត្រូវ​ប្រកាន់​យក​គោលការណ៍​មួយ​ចំនួន រួម​មាន ទសពិធរាជធម៌ ១០ ព្រហ្មវិហារ ៤ ចៀស​វាង​អគតិ ៤។ ទី​១ ឆន្ទាគតិ​លំអៀង​ព្រោះ​ស្រលាញ់ ដោយ​គិត​ថា​អ្នក​នេះ​ជា​កូន ជា​ប្អូន ជា​បង ឬ​មិត្ត​សម្លាញ់​ជាដើម បើ​ទោះ​បី​ប្រព្រឹត្ត​កំហុស​ប៉ុន្មាន​ក៏​ខ្លួន​អនុគ្រោះ​ឲ្យ។ ទី​២ ទោសាគតិ លំអៀង​ព្រោះ​ស្អប់ បើ​ទោះ​បី​អ្នក​ដែល​ខ្លួន​ប្រព្រឹត្ត​ត្រូវ​ប៉ុន្មាន តែ​អ្នក​នោះ​ជា​ទី​សំអប់​របស់​ខ្លួន។ ទី​៣ ភយាគតិ​លំអៀង​ព្រោះ​ភ័យ​ខ្លាច បើ​ទោះ​បី​អ្នក​នោះ​មាន​កំហុស​ប៉ុន្មាន ប៉ុន្តែ​ខ្លួន​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ចំពោះ​ទោស​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។ ទី​៤ មោហាគតិ លំអៀង​បុគ្គល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ខ្លួន​ល្ងង់ និង​សង្គហធម៌​មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​ជា​គំរូ​ថា ទៅ​ជា​មេដឹកនាំ​ក៏​ដោយ​ត្រូវ​មាន​ការ​គោរព​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។