ពិធីបុណ្យទន្លេដែលរៀបចំឡើងនៅខេត្តកំពង់ចាម ចាប់ផ្ដើមជាផ្លូវការ ដោយមានពិធីក្រុងពាលី ព្រមទាំងពិធីផ្សេងៗទៀត សម្រាប់ថ្ងៃទី១ គឺដំណើរការជាធម្មតា ដោយមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នាំគ្នាចូលរួមយ៉ាងច្រើន។ អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថា ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ថ្ងៃទី១ ក្នុងពិធីបុណ្យទន្លេ គឺមានភាពល្អប្រសើរ។ បន្ថែមពីនេះ អាជ្ញាធរនឹងពង្រឹងផ្នែកសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរហូតដល់ចប់ពិធីបុណ្យទាំងបីថ្ងៃ។
ពិធីបុណ្យទន្លេដែលរៀបចំឡើងនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ដោយសហការជាមួយអាជ្ញាធរថ្នាក់ជាតិ ក្រោមប្រធានបទ "ទន្លេស្អាត សហគមន៍ល្អ និងការអភិវឌ្ឍទេសចរណ៍"។ ក្នុងពិធីនោះ អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថា បញ្ហាសន្តិសុខ សុវត្ថិភាព និងបញ្ហាចរាចរណ៍ផង សម្រាប់ថ្ងៃទីមួយ គឺមិនមានអ្វីចោទជាបញ្ហាឡើយ។
ស្នងការនគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន មានប្រសាសន៍នៅថ្ងៃទី១១ ខែមីនា ថា កម្លាំងរបស់អាជ្ញាធរខេត្ត រួមនឹងកម្លាំងសមត្ថកិច្ចមកពីក្រសួងមហាផ្ទៃ ផង និងមន្ត្រីសុខាភិបាលបានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដើរល្បាតគ្រប់ពេល ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុខុមាលភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យទាំងបីថ្ងៃ។
លោកបន្តថា ស្ថានភាពប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលមកដល់ ព្រមទាំងស្ថានភាពពិធីបុណ្យថ្ងៃទី១ ដំណើរការល្អប្រសើរ៖ «ព្រឹកមិញយើងមានកម្មវិធីបុណ្យបី កម្មវិធីទីមួយ រត់ម៉ារ៉ាតុន ទី២ ការហែលទឹក និងទីបី គឺប្រកួតបាល់ទះ។ អ៊ីចឹងគឺដំណើរការរៀបរយ អត់មានបញ្ហាទេ»។
ពិធីបុណ្យទន្លេ គឺរៀបចំឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា។ ពិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការតភ្ជាប់មហាអនុតំបន់តាមដងទន្លេមេគង្គ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិកទន្លេមេគង្គ និងលើឆាកអន្តរជាតិ។ បន្ថែមពីនេះ បង្កើតផលិតផលថ្មីឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តកាន់តែច្រើនឡើង។ មិនតែប៉ុណ្ណោះ ពិធីបុណ្យទន្លេក៏បានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្មែរដើម្បីឱ្យមនុស្សជាតិបានស្គាល់ពីតម្លៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
និស្សិតនៅសាលាជាតិកសិកម្មខេត្តកំពង់ចាម ឆ្នាំទី៤ លោក តាំង វ៉ាន់ដា ឱ្យដឹងថា លោកពេញចិត្តចំពោះការរៀបចំពិធីបុណ្យទន្លេនេះឡើង ពីព្រោះវាអាចជួយផ្សព្វផ្សាយពីតម្លៃធនធានមច្ឆាជាតិ ព្រមទាំងអាចប្រជាពលរដ្ឋយល់ដឹងពីតម្លៃទឹកទន្លេមេគង្គជាដើម។
លោកបន្តថា អាជ្ញាធរខេត្តបានរៀបចំសោភណភាពក្រុង ព្រមទាំងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អទៀតផង៖ «សូម្បីតែរដ្ឋាភិបាលក៏គាត់យល់ថា ការធ្វើបុណ្យទន្លេគឺអាចជួយដល់អ្នកមិនបានដឹងថា ទន្លេមានមច្ឆា មានអីជារបស់សំខាន់ហ្នឹងបាន»។
ចំនួនមនុស្សប្រុសស្រីមកលេងកម្សាន្តនៅក្រុងកំពង់ចាម គឺមានច្រើនជាងធម្មតានាប៉ុន្មានថ្ងៃមកនេះ។ ពួកគេខ្លះនាំគ្នាដើរមើលពិធីតាំងពិព័រណ៍ទំនិញទាំងក្នុងស្រុក និងក្រៅស្រុកដែលមានប្រមាណ ៥០០ស្តង់។ ពលរដ្ឋខ្លះអង្គុយមើលទេសភាពតាមដងទន្លេ ព្រមទាំងមើលក្រុមរបាំនាំគ្នាហាត់ដើម្បីត្រៀមសម្ដែងពេលយប់ជាដើម។ ពលរដ្ឋមកទស្សនាគឺមានច្រើននៅពេលយប់ ពីព្រោះពួកគេអាចឃើញសម្រស់ភ្លើងចម្រុះពណ៌ ហើយមានតន្ត្រីប្រគំកំដរទៀតផង។
អាជីវករលក់ស្បែកជើងឱ្យជនជាតិថៃ មកពីខេត្តសៀមរាប លោក ហេង សាក់ រៀបរាប់ថា ពួកគាត់បើកស្តង់លក់ផលិតមុនពិធីបុណ្យទន្លេចាប់ផ្ដើមបីយប់បួនថ្ងៃមកហើយ។ លោកកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃមកនេះ មានមនុស្សមកលេងកម្សាន្តច្រើន ប៉ុន្តែលោកលក់មិនសូវដាច់ទេ ភាគច្រើនពួកគាត់ដើរមើលប៉ុណ្ណោះ។ យ៉ាងណាលោកសង្ឃឹមថា ពិធីបុណ្យពីរថ្ងៃបន្តទៀត នឹងមានមនុស្សមកកម្សាន្តកាន់តែច្រើន ហើយនឹងជួយទិញផលិតផលពួកគាត់បានច្រើន។
អភិបាលរងខេត្តកំពង់ចាម លោក ជឹម លាវ មានប្រសាសន៍ថា លោករីករាយនៅពេលឃើញមានមនុស្សមកលេងកម្សាន្តច្រើនបែបនេះ។ លោកប៉ាន់ប្រមាណថា ចាប់តាំងពីមុនពិធីបុណ្យចាប់ផ្ដើមរហូតដល់ពិធីបុណ្យថ្ងៃមួយ គឺមានប្រជាពលរដ្ឋចន្លោះពី ៥ ទៅ ៦ម៉ឺននាក់ហើយ ដែលបានមកទស្សនាក្រុងកំពង់ចាម៖ «ពេលយើងខិតខំទាំងអស់គ្នា ក្នុងការជួយគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងសង្កាត់ទាំងបួន ព្រមទាំងប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា»។
តាមការរំពឹងទុករបស់អាជ្ញាធរខេត្តកំពង់ចាម រយៈពេលបុណ្យទន្លេបីថ្ងៃ នឹងអាចមានភ្ញៀវទេសចរមកកម្សាន្តពី ១០ ទៅ ២០ម៉ឺននាក់។ ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងជាលើកទីពីរ បន្ទាប់ពីលើកទី១ រៀបចំឡើងនៅខេត្តក្រចេះ កាលពីឆ្នាំ២០១៥ ដោយមានមនុស្សចូលរួមជាង ១០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
