ប្រជាពលរដ្ឋខ្លះបានលើកមតិរិះគន់ចំពោះការប្រព្រឹត្តនៃអ្នកកាន់ព្រះពុទ្ធសាសនាដែលអនុវត្តកិច្ចមួយចំនួនប្រាសចាកព្រះពុទ្ធវចនៈ ឬការទូន្មានរបស់ព្រះពុទ្ធជាម្ចាស់។ តែការរិះគន់នេះត្រូវព្រះភិក្ខុចៅអធិការវត្តស្រះចក រាជធានីភ្នំពេញ ព្រះតេជគុណ ឈឹង ប៊ុនឈា មានថេរដីកាថា កំហុសតែងកើតមានជាធម្មតាចំពោះមនុស្សសាមញ្ញ ឯភាពឆ្គាំឆ្គងនោះអាចនឹងសាបសូន្យទៅ បើសិនអ្នកបួសព្យាយាមសិក្សាឲ្យស៊ីជម្រៅលើពុទ្ធវចនៈ និងមន្ត្រីសង្ឃទាំងឡាយខិតខំអស់លទ្ធភាពឃ្លាំមើលប្រតិបត្តិរបស់ភិក្ខុសាមណេរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនរៀងៗខ្លួនតាមតំបន់ដែលខ្លួនកាន់កាប់។
លោក យស សយ រស់នៅតំបន់ជ្រោយចង្វា មានប្រសាសន៍ថា លោកហាក់ដូចជាទើសភ្នែកខ្លះៗចំពោះអ្នកបួស និងអាចារ្យគណៈកម្មការចំពោះកិច្ចមួយចំនួន ដូចជាការចាត់ចែងបច្ច័យ ឬលុយកាក់ដែលឧបាសកឧបាសិកាចំណុះជើងវត្តបានចូលបុណ្យក្នុងពិធីផ្សេងៗ។ លោក យស សយ លើកឡើងទៀតថា តាមការសង្កេតរបស់លោក លោកឃើញថា ការខ្វែងគំនិតគ្នាទាក់ទងនឹងរឿងលាភសក្ការៈ។
ទាក់ទងនឹងលាភសក្ការៈនេះដែរ សាស្ត្រាចារ្យផ្នែកបុណ្យវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកបណ្ឌិត អាំង ជូលាន មានប្រសាសន៍ថា ពេលបច្ចុប្បន្នលោកសង្កេតឃើញថា ផ្នែកលាភសម្ភារៈ ដូចជាកុដិ សាលាឆាន់ ព្រះវិហារតាមវត្តអារាមទូទាំងប្រទេស ហាក់រីកចម្រើនខ្លាំងគួរកត់សំគាល់ ប៉ុន្តែផ្នែកការអប់រំវិញ ហាក់នៅមានកម្រិត។ បាតុភាពអាក្រក់ដែលកើតមាននៅក្នុងវិស័យពុទ្ធសាសនា ហើយមានកាសែតចុះផ្សាយទៀតនោះ មានដូចជា ការសេពសុរានៅក្នុងវត្ត ការមើលរូបភាព កុន វីដេអូអាសអាភាស ការមានទំនាក់ទំនងជាមួយស្រីញីក្រៅវត្តជាដើម។
លោកបណ្ឌិត អាំង ជូលាន មានប្រសាសន៍បន្ថែមថា នៅសម័យដើម ក្នុងទសវត្សរ៍ទី៦០ ឬមុនហ្នឹងបន្តិច តាមការសិក្សា ការឆ្លងកាត់របស់លោកមក លោកសង្កេតឃើញថា វត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកូនខ្មែរសម័យនោះ។ លោកបណ្ឌិតបញ្ជាក់ទៀតថា ការចេះធ្វើជាងផ្ទះ កិច្ចសិល្បៈមួយចំនួន និងការតែងនិពន្ធ និងពូកែខាងផ្នែក ដូចអ្នកច្រៀងអាយ៉ៃជាដើម ភាគច្រើនកើតចេញពីវត្តអារាម។ លោកបង្ហាញថា កំណាព្យដែលពោរពេញដោយអត្ថន័យអប់រំ និងប៉ិនប្រសប់ច្នៃប្រឌិតលេងវោហារសព្ទ លោកតាភិរម្យភាសាអ៊ូ ក្រម ង៉ុយ បានបន្សល់ទុកកេរដំណែលមិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយសិក្សា។
ឆ្លើយតបនឹងការរិះគន់នេះ ចៅអធិការវត្តស្រះចក និងជាសមាជិកថេរសភា ព្រះតេជគុណ ឈឹង ប៊ុនឈា មានថេរដីកាថា តាំងពីបុរាណរៀងមក ព្រះពុទ្ធសាសនា និងសាវ័ក ឬអ្នកបួសក្នុងសង្គមខ្មែរ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ការអប់រំផ្នែកស្មារតី និងសីលធម៌សង្គម។ បន្ថែមលើនេះ ព្រះតេជគុណមានថេរដីកាទៀតថា ព្រះសង្ឃពេលបច្ចុប្បន្នក៏បានបំពេញបេសកកម្មរបស់ខ្លួនតាមលទ្ធភាព រួមចំណែកជួយពលរដ្ឋក្រីក្រដោយផ្ដល់សម្ភារៈតាមរយៈរៀបចំពិធីរៃអង្គាសពីសំណាក់ពុទ្ធបរិស័ទដែលលទ្ធភាពខ្ពស់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ។
មួយវិញទៀត ព្រះតេជគុណមានថេរដីកាសង្កត់ធ្ងន់ថា វត្តអារាមនាពេលបច្ចុប្បន្នបានដើរតួនាទីយ៉ាងសំខាន់ជួយផ្ដល់កន្លែងដល់កូនពលរដ្ឋក្រីក្រដែលចង់សិក្សាជាបន្ត ប៉ុន្តែម្ដាយឪពុកពុំមានលទ្ធភាពផ្ដល់លុយកាក់ឲ្យកូនរៀនបន្ត កូននោះអាចងាកចូលអាស្រ័យក្នុងព្រះពុទ្ធសាសនា ដោយយកវត្តអារាមជាទីស្នាក់អាស្រ័យបន្តការសិក្សារបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
