ពិធី​បុណ្យ​សមុទ្រ​លើក​ទី​២​នៅ​ទីក្រុង​កែប​ចាប់​ផ្ដើម

ពិធី​បុណ្យ​សមុទ្រ​លើក​ទី​២ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ នា​តំបន់​ឆ្នេរ​ខេត្ត​កែប។ មន្ត្រី​រៀប​ចំ​បុណ្យ​សមុទ្រ​រំពឹង​ថា អាច​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ចន្លោះ​ពី ៨ ដល់​ជាង ១០​ម៉ឺន​នាក់។ បុណ្យ​​សមុទ្រ​ឆ្នាំ​នេះ មាន​បណ្ដា​ប្រទេស​អាស៊ាន​ចូល​រួម​បង្ហាញ​វប្បធម៌ ឬ​តាំង​ពិព័រណ៍​មុខ​ម្ហូប​រៀងៗ​ខ្លួន និង​មាន​សម្ដែង​សិល្បៈ​បុរាណ​សម័យ​ជូន​ភ្ញៀវ​ទស្សនា តាម​ឆ្នេរ​សមុទ្រ​យ៉ាង​កង​រំពង​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា។
ដោយ ដែន អយុធ្យា
2013.12.06
សមុទ្រ​កែប ៦១០ ទិដ្ឋភាព​នៅ​មាត់​សមុទ្រ​ទីក្រុង​កែប នា​ខេត្ត​កែប។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៣
Photo: RFA

​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​រៀប​ចំ​បុណ្យ​សមុទ្រ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ នា​តំបន់​ឆ្នេរ​សមុទ្រ ខេត្ត​កែប មាន​ស្តង់​តាំង​ពិព័រណ៍​មុខ​ទំនិញ​ចម្រុះ​រាប់​ពាន់​ស្តង់ និង​ឆាក​ប្រគំ​តន្ត្រី ព្រម​ទាំង​ឆាក​សម្ដែង​ផ្សេងៗ​ជា​ច្រើន បាន​​បើក​ទ្វារ និង​ប្រគំ​បទ​ភ្លេង​​កង​រំពង​នៅ​តំបន់​មាត់​សមុទ្រ។

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​រៀប​ចំ​បុណ្យ​សមុទ្រ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ក្មេង​ចាស់ ទាំង​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​បុណ្យ​​សមុទ្រ​តាម​ឆ្នេរ​ខេត្ត​កែប នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ។ លោក​បាន​ឲ្យ​ដឹង​ថា មហោស្រព​សិល្បៈ​ចម្រុះ​ទាំង​បុរាណ និង​សម័យ បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច និង​មាន​សិល្បករ​សិល្បការិនី​រាប់​រយ​នាក់ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​វិស័យ​ឯកជន មាន​ក្រុមហ៊ុន ហង្ស​មាស ជា​ដើម ចូល​រួម​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។

លោក សូ ម៉ារ៉ា ឲ្យ​ដឹង​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​បាន​រៀប​ចំ​ធំ​ជាង​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១១ នា​ខេត្ត​ព្រះសីហនុ ព្រោះ​មាន​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​វិស័យ​ឯកជន​បាន​ចូល​រួម និង​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​មាន​ដំណើរ​ការ​ល្អ។

មន្ត្រី​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​រៀប​ចំ​បុណ្យ​សមុទ្រ គឺ​ចង់​ផ្សព្វផ្សាយ​ពី​​វិស័យ​ទេសចរណ៍ និង​​បរិស្ថាន​ឆ្នេរ​កម្ពុជា ជូន​ពិភពលោក​បាន​ស្គាល់​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ ជាពិសេស បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​បាន​ធ្វើ​រួម​គ្នា​ជាមួយ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ផង​ដែរ។

លោក សូ ម៉ារ៉ា បញ្ជាក់​ថា ទោះ​បុណ្យ​សមុទ្រ​បាន​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​សុក្រ ទី​៦ បែប​ណា​ក្តី ក៏ប៉ុន្តែ​ពិធី​បើក​ជា​ផ្លូវ​ការ​ដោយ​លោក​​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តំណាង​ឲ្យ​ប្រមុខ​​ដឹក​នាំ នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ។

យ៉ាង​ណា​ក៏ដោយ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​បង្ហាញ​វត្តមាន​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​ឆ្នេរ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ។

លោក សូ ម៉ារ៉ា ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់ ត្រូវ​ភ្ញៀវ​កក់​ដើម្បី​ស្នាក់​អស់​គ្មាន​សល់ និង​មាន​ភ្ញៀវ​ទេសចរ​ខ្លះ​បាន​ជួល​ស្តង់ ឬ​បោះ​ស្តង់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ស្នាក់​នៅ​តាម​មាត់​សមុទ្រ​យ៉ាង​សប្បាយ​រីករាយ។

​​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​បណ្ដា​ប្រទេស​អាស៊ាន​មក​ចូល​រួម​ផ្សព្វផ្សាយ​វប្បធម៌ ឬ​តាំង​ពិព័រណ៍​មុខ​ម្ហូប​អាហារ​ប្រទេស​រៀងៗ​ខ្លួន និង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ផង។

បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មាន​វិស័យ​ឯកជន​បម្រើ​ការ​លើ​សេវាកម្ម​ទេសចរណ៍​រាប់​សិប​ក្រុមហ៊ុន បាន​មក​បោះ​ស្តង់ ដើម្បី​បង្ហាញ​ផលិតផល​ទេសចរណ៍ ឬ​ផ្សព្វផ្សាយ​សេវាកម្ម​ទេសចរណ៍​តែ​រៀងៗ​ខ្លួន​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​កែប។

​បុគ្គលិក​ក្រុមហ៊ុន​បម្រើ​សេវា​ទេសចរណ៍​មួយ​ចំនួន មាន​ជំនឿ​ថា តាម​រយៈ​បុណ្យ​សមុទ្រ នឹង​ជំរុញ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត។ ជាង​នេះ ក៏​នឹង​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ថា ប្រទេស​កម្ពុជា ក្រៅ​ពី​មាន​ប្រាសាទ​បុរាណ មាន​ដូច​ជា​ប្រាសាទ​អង្គរវត្ត ឬ​ប្រាសាទ​ព្រះវិហារ ជា​ដើម ក៏​នៅ​មាន​តំបន់​ឆ្នេរ​សមុទ្រ ឬ​រមណីយដ្ឋាន​ធម្មជាតិ មាន​បរិស្ថាន​ល្អ​សម្រាប់​ភ្ញៀវ​ទស្សនា​ថែម​ទៀត។

​មន្ត្រី​រៀប​ចំ​បុណ្យ​សមុទ្រ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍ ខេត្ត​កែប បាន​អះអាង​ថា បច្ចុប្បន្ន បរិស្ថាន​តំបន់​ឆ្នេរ​ខេត្ត​កែប ខុស​ប្លែក​ពី​ពេល​មុន។ តំបន់​ឆ្នេរ​ពេល​នេះ បាន​អភិវឌ្ឍ មាន​អនាម័យ និង​មាន​បរិស្ថាន​ល្អ តាម​រយៈ​ការ​ដឹក​ខ្សាច់​ពណ៌​ស​ចាក់​តាម​មាត់​សមុទ្រ មាន​កន្លែង​អង្គុយ​លេង ការ​ស្ថាបនា​ពង្រីក​ផ្លូវ​ចេញ​ចូល និង​អភិវឌ្ឍ​សួន​ច្បារ​ឲ្យ​មាន​សោភណភាព​ស្រស់​បំព្រង​ជាដើម។

ដើម្បី​ជំរុញ​ឲ្យ​ពិធី​បុណ្យ​សមុទ្រ​មាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដោយ​ឡែក​វិស័យ​កីឡា ក៏​បាន​ចូល​ខ្លួន​មក​អង្រួន​អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ តាម​រយៈ​ចូល​រួម​សម្ដែង និង​ប្រកួត​ជូន​ភ្ញៀវ​​​ទស្សនា។

​​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បាន​ឲ្យ​ដឹង​ថា មាន​ប្រភេទ​កីឡា​ចំនួន ១០​​ប្រភេទ បាន​ចូល​រួម​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។ លោក​ថា ប្រភេទ​កីឡា​ទាំង​នោះ​មាន​ទាំង​កីឡា​សម្ដែង ឬ​ប្រកួត​លើ​ដី លើ​ផ្ទៃ​ទឹក និង​លើ​អាកាស ឬ​កីឡា​ប្រដាល់​ជាដើម។ លោក វ៉ាត់ ចំរើន សង្កេត​ឃើញ​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ អ្នក​រៀប​ចំ​កម្មវិធី​រៀប​ចំ​បាន​ល្អ ទោះ​បី​ខេត្ត​នេះ​នៅ​មាន​ការ​ខ្វះ​ខាត​បន្ទប់​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​មិន​បាន​គ្រប់​ចំនួន​ក៏ដោយ ក៏ប៉ុន្តែ អ្នក​ចូល​រួម​ក៏​អាច​សម្រាក និង​ស្នាក់​នៅ​តាម​ស្តង់​នា​ឆ្នេរ​ដោយ​រីករាយ។

ត្រង់​ចំណុច​នេះ លោក ទិត្យ ចន្ថា អគ្គលេខាធិការ​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​អាច​ចាត់​ទុក​ជា​បុណ្យ​ដ៏​ធំ​មួយ​របស់​កម្ពុជា ព្រោះ​មាន​ប្រទេស​ជា​សមាជិក​ឆ្នេរ​ស្អាត​ពិភពលោក និង​បណ្ដា​ប្រទេស​​​អាស៊ាន​រាប់​សិប​ប្រទេស​​មក​ចូល​​រួម​ផង។

​​​យ៉ាង​នេះ​ក្តី លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​មន្ត្រី​រៀប​ចំ​បុណ្យ​សមុទ្រ ថ្លែង​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ជា​បុណ្យ​ដ៏​ធំ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​តំបន់​ឆ្នេរ​របស់​ប្រទេស​កម្ពុជា ស្គាល់​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ប្រទេស​កម្ពុជា បាន​រៀប​ចំ​​បុណ្យ​សមុទ្រ​ជា​លើក​ទី​១ នៅ​ឆ្នាំ​២០១១ នា​ខេត្ត​ព្រះសីហនុ និង​លើក​ទី​២ នា​ខេត្ត​កែប ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣។

ទាក់ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បើក​យុទ្ធនាការ​សម្អាត​ឆ្នេរ​សមុទ្រ ក្រោម​ប្រធាន​បទ «ស្រឡាញ់​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់ ថែ​រក្សា​ឆ្នេរ​ខ្សាច់»។

យុទ្ធនាការ​នេះ តម្រូវ​ឲ្យ​មាន​ការ​រៀប​ចំ​ជា​ប្រចាំ​សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចាំ​ឆ្នាំ ដើម្បី​បំផុស​ចលនា​មហាជន​ចូល​រួម​​​សម្អាត​ឆ្នេរ តាម​រយៈ​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ អំពី​សារសំខាន់​នៃ​​តំបន់​​ឆ្នេរ​សមុទ្រ។

​ប្រកាស​នេះ ប្រមុខ​ដឹក​នាំ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​បើក​មហា​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​លើក​ទី​៩ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ឡាវ ភូមា និង​វៀតណាម ព្រម​ទាំង​កិច្ច​ប្រជុំ​​ក្រុម​ការងារ​ទេសចរណ៍​មហា​អនុ​តំបន់​​មេគង្គ នា​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ។ នា​ឱកាស​នោះ លោក ហ៊ុន សែន បាន​​កំណត់​យក​​ថ្ងៃ​ទី​១១ ខែ​កក្កដា ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ​ការ​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​កម្ពុជា ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​នៅ​លើ​សកលលោក ជា​ទិវា​ជាតិ​សម្អាត​​ឆ្នេរ។

​ផ្ដើម​ពី​បញ្ហា​នេះ ប្រមុខ​ដឹក​នាំ​បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ មាន​ក្រុមហ៊ុន សហគ្រាស រោងចក្រ អង្គការ​ជាតិ អន្តរជាតិ និង​គ្រឹះស្ថាន​សិក្សា​នានា ឲ្យ​ចូល​រួម​បំផុស​ចលនា​សិស្ស​និស្សិត ឬ​បុគ្គលិក​របស់​ខ្លួន ចូល​រួម​ឲ្យ​បាន​ទាំងអស់​គ្នា។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូ​ម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។