កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៧ ដែលរៀបចំឡើងដោយអង្គការយូណេស្កូ (UNESCO) ហើយកម្ពុជាធ្វើម្ចាស់ផ្ទះ បានឈានចូលដល់ថ្ងៃទីពីរហើយ បន្ទាប់ពីបានស្វាគមន៍ និងប្រកាសបើកដោយប្រធាននៃកិច្ចប្រជុំ គឺលោក សុខ អាន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៣។
ប៉ុន្តែកិច្ចប្រជុំពេញអង្គទើបតែចាប់ផ្ដើមនៅថ្ងៃទី១៧ មិថុនា នេះទេ ហើយអង្គប្រជុំបានពិភាក្សាជាសំខាន់ គឺផ្ដោតលើសារសំខាន់នៃបេតិកភណ្ឌការការពារ ការថែរក្សាបេតិកភណ្ឌ និងបញ្ហាថវិកាសម្រាប់ទ្រទ្រង់ការងារការពារ និងអភិវឌ្ឍន៍ចិរភាពនៃបេតិកភណ្ឌពិភពលោក។
ប្រធានកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៧ មិថុនា ដោយវាយតម្លៃនៅថ្ងៃប្រជុំពេញអង្គ នៅថ្ងៃទី១៧ មិថុនា ថា បើប្រៀបធៀបចំនួនសមាជិកចូលរួមកាលពីលើកមុនៗ និងចំនួនពេលនេះ គឺជាជោគជ័យជំហានដំបូងដែលកម្ពុជា ទទួលបាន។
លោក សុខ អាន ថ្លែងថា រហូតមកដល់ពេលនេះ មានប្រទេសចំនួន ១២៨ ដែលបានចុះឈ្មោះ ហើយមកដល់ប្រទេសកម្ពុជា និងមានសមាជិកចូលរួមនៅក្នុងកិច្ចប្រជុំរហូតចំនួន ១.៤៦៥នាក់។
លោកបន្តថា ចំនួននេះនឹងកើនឡើងនៅថ្ងៃបន្តបន្ទាប់ ដោយសារសមាជិកប្រទេសខ្លះទើបនឹងមកដល់។ ដោយឡែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមានចំនួន ៥៦៧នាក់។
អគ្គនាយកអង្គការយូណេស្កូ អ៊ីរីណា បូកូវ៉ា (Irina Bokova) មានប្រសាសន៍តាមរយៈអ្នកបកប្រែថា កិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានប្រទេសជាសមាជិកចំនួន ១២១ ប្រទេស មានសារសំខាន់ និងបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីសារសំខាន់នៃបេតិកភណ្ឌ និងការការពារទាំងបេតិកភណ្ឌ និងធម្មជាតិ។
អ្នកនាំពាក្យនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៧ គឺអ្នកស្រី ចៅ ស៊ុនកិរិយា មានប្រសាសន៍បញ្ជាក់ថា បញ្ហាថវិកាដែលអង្គប្រជុំបានជជែកពិភាក្សា គឺជាថវិកាសម្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទាំងមូល គឺមិនមែនសម្រាប់គម្រោងប្រទេសណាមួយដាច់ដោយឡែកៗទេ។
អ្នកនាំពាក្យនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អ្នកស្រី ចៅ ស៊ុនកិរិយា បញ្ជាក់ថា កិច្ចប្រជុំលើកទី៣៧ គឺជាកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការអនុវត្តតាមអនុសញ្ញាអន្តរជាតិ ឆ្នាំ១៩៧២ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។ ប្រទេសកម្ពុជា មកដល់ពេលនេះ បានដាក់បេតិកភណ្ឌរបស់ខ្លួនចំនួន ៤ ហើយ គឺប្រាសាទព្រះវិហារ អង្គរវត្ត របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំ។ នៅពេលខាងមុខ កម្ពុជាគ្រោងដាក់ប្រាសាទចំនួន ២ទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺប្រាសាទកោះកែ និងប្រាសាទសម្បូរព្រៃគុក។
កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៧ រយៈពេល ១១ ថ្ងៃ គឺមានអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅខាងក្នុងបន្ទប់ប្រជុំ។ ទោះជាបែបនេះក្ដី អ្នករៀបចំកម្មវិធីបានរៀបចំប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពវីដេអូ មកខាងក្រៅ និងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យសាធារណជនអាចតាមដានកិច្ចប្រជុំនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
