រយៈពេលជាង ៣ឆ្នាំមកនេះ អង្គការស៊ីប៉ា (Sipar) ដែលជាអង្គការអប់រំមួយនៅកម្ពុជា បានប្រឹងប្រែងសរសេរសៀវភៅចំនួន ២ភាគ ដែលមានចំណងជើងថា យើងទៅទស្សនាអង្គរភាគទី១ និងភាគទី២។
សៀវភៅនេះ ត្រូវសាមីអង្គការ រួមទាំងអ្នកជំនាញផ្នែកបុរាណវិទ្យាខ្លះ ចាត់ទុកថា វាមានសារសំខាន់បំផុតសម្រាប់ឱ្យយុវជនខ្មែរយល់ដឹងពីប្រាសាទបុរាណជាច្រើន រួមនិងមានព័ត៌មានថ្មីៗ ស្ដីពីការទើបតែរកឃើញរបស់ក្រុមអ្នកបុរាណវិទ្យាទៀតផង។
តើសៀវភៅនៅមានពិពណ៌នាអំពីអ្វីខ្លះទៀត?
អង្គការស៊ីប៉ា ជាមួយអាជ្ញាធរអប្សរា ព្រមទាំងក្រុមហ៊ុនបារាំង ដែលគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា បានរួមគ្នាធ្វើពិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី២ នៅក្នុងខេត្តសៀមរាប កាលពីពេលថ្មីៗ។ នេះជាសៀវភៅទី២ បន្ទាប់ពីអង្គការស៊ីប៉ា បានចេញផ្សាយសៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី១ ម្ដងមកហើយ កាលពីឆ្នាំ២០១២ កន្លងទៅ។
ទាំងក្រុមអ្នករៀបរៀងសៀវភៅ ទាំងអាជ្ញាធរអប្សរា ព្រមទាំងក្រុមហ៊ុនបារាំង ដែលគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា សុទ្ធតែចាត់ទុកថា សៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី២ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់អប់រំយុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យស្គាល់ពីប្រវត្តិសាស្ត្រ អតីតកាល និងវប្បធម៌របស់ជាតិកាន់តែច្បាស់។
នាយកអង្គការស៊ីប៉ា គឺលោក ហុក សុទ្ធិ។ លោកមានប្រសាសន៍ក្នុងឱកាសបើកសម្ពោធថា អង្គការស៊ីប៉ា បានចំណាយទឹកប្រាក់ជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការបោះពុម្ពផ្សាយសៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី២ ចំនួន ៥.០០០ក្បាល។ លោក ហុក សុទ្ធិ បញ្ជាក់ថា នេះជាសៀវភៅទី១ជាភាសាខ្មែរ ដែលមានផ្ទុកព័ត៌មានថ្មីៗបំផុតពាក់ព័ន្ធនឹងការរកឃើញថ្មីរបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងប្រាសាទបុរាណជាច្រើន ទាក់ទងនឹងប្រវត្តិសាស្ត្រ អតីតកាល តួនាទីរបស់ទឹក តួនាទីព្រៃឈើ រួមទាំងបច្ចេកទេសផ្នែកបុរាណវិទ្យាផង។
លោក ហុក សុទ្ធិ បញ្ជាក់ទៀតថា ចាប់តាំងពីចុងឆ្នាំ២០១២ មក ក្រុមការងាររបស់អង្គការស៊ីប៉ា បានសហការជាមួយក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាចំនួនជាង ៣០នាក់ ស្រាវជ្រាវ និងនិពន្ធអត្ថបទ ដើម្បីរៀបចំជាសៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី២ នេះឡើង។ គោលដៅនៃការរៀបចំសៀវភៅនេះ គឺសម្រាប់អប់រំយុវវ័យខ្មែរ ឱ្យចេះ និងយល់ដឹងអំពីប្រាសាទបុរាណជាច្រើន ដែលមិនត្រឹមតែជាមត៌ក វប្បធម៌របស់ខ្មែរប៉ុណ្ណោះទេ គឺថែមទាំងជាបេតិកភណ្ឌរបស់ពិភពលោកផង៖ «គោលបំណងធំបំផុតរបស់យើង គឺការអប់រំហ្នឹងឯង។ យើងឃើញថា ទេសចរណ៍នៅក្នុងស្រុករបស់យើងកាន់តែកើន ប្រជាជនខ្មែរយើងមកលេងអង្គរកាន់តែច្រើន ប៉ុន្តែយើងទាំងអស់គ្នាបានដឹងថា ភាគច្រើនមកជាគ្រួសារជាអី គ្រាន់តែបានទៅថតមុខអង្គរ ប៉ុន្តែយើងអត់បានយល់អីឱ្យបានសំខាន់អំពីអង្គរដែរ។ បើសិនជាគាត់ចង់យល់ក៏ពិបាកទៅរកឯកសារណាដែលងាយពន្យល់ ជួនកាលសៀវភៅកម្រាស់ណាណីគាត់មើលអត់យល់។ អ៊ីចឹងបានយើងចង់ព្យាយាមអប់រំដល់ខ្មែរយើង ជាពិសេសយុវវ័យ ថាបើគាត់ទៅមើលអង្គរ គាត់អានតែបន្តិចទៅ គាត់យល់បានខ្លះ មិនបាច់ក្លាយទៅជាអ្នកជំនាញដែលទៅមើលសិលាចារិកអីនៅហ្នឹង អង្គរអីធំដុំទេ។ គឺថាចង់ឱ្យគាត់យល់អំពីអង្គរ យល់អំពីវប្បធម៌ ដែលជាអតីតសញ្ញាណខ្លួនឯងហ្នឹង»។
សៀវភៅយើងទៅទស្សនាប្រាសាទអង្គរភាគទី២ មានកម្រាស់ជាង ៥០ទំព័រ គឺមាននិយាយអំពីប្រាសាទបុរាណជាច្រើន ព្រមទាំងព្រះនាមព្រះមហាក្សត្រ ដែលជាអ្នកកសាង និងនិយាយអំពីប្រវត្តិនៃការជួសជុល។ បន្ថែមលើនេះ សៀវភៅក៏មាននិយាយអំពីរមណីយដ្ឋានពិសិដ្ឋ ដូចជា បារាយណ៍ទឹកថ្លា ភ្នំគូលែន ដោយភ្ជាប់ទៅនឹងពិធីសាសនា ព្រមទាំងនិយាយអំពីក្រុមអ្នកបុរាណវិទ្យាសម័យថ្មី ធ្វើកំណាយផ្សេងៗផងដែរ។
អង្គការស៊ីប៉ា ដែលជាអ្នករៀបចំចងក្រងសៀវភៅនេះ បញ្ជាក់ថា គេបានចំណាយពេលជាច្រើនឆ្នាំក្នុងការប្រមូលឯកសាររាប់រយ ទើបអាចឈានទៅដល់ការបង្កើតជាសៀវភៅមួយនេះឡើង។
មន្ត្រីអាជ្ញាធរអប្សរា ដែលជាដៃគូសហការក្នុងការផ្ដល់ឯកសារនានា ព្រមទាំងចូលរួមចងក្រងជាសៀវភៅនេះផង បានទទួលស្គាល់ប្រហាក់ប្រហែលគ្នា។
អគ្គនាយករងអាជ្ញាធរអប្សរា លោក ឃួន ឃុននាយ មានប្រសាសន៍ថា អាជ្ញាធរអប្សរា គឺជាអ្នកសកម្មចូលរួមតាក់តែងសៀវភៅនេះ ហើយអត្ថបទជាច្រើននិយាយពីបុរាណវិទ្យា និងតួនាទីរបស់ទឹកដែលបានបោះពុម្ពក្នុងសៀវភៅនេះ សុទ្ធតែជាការស្រាវជ្រាវដែលទើបតែរកឃើញថ្មីៗ៖ «មានសារសំខាន់ណាស់ ពីព្រោះនេះសុទ្ធតែជាថ្មីទាំងអស់ មិនទាន់មាននរណាគេបោះពុម្ពនៅឡើយទេ ដូចជារឿងគ្រប់គ្រងទឹក រឿងអីជាដើមនេះ។ នេះគឺសំខាន់សម្រាប់ទាំងអស់គ្នា គឺថាគោលដៅរបស់គេសំដៅទៅយុវជន ក៏ប៉ុន្តែសៀវភៅនេះ ខ្ញុំអ្នកតំណាងអាជ្ញាធរអប្សរា ក្នុងនោះ គឺខ្ញុំមើលទាំងអស់ខ្លួនឯងជាមួយក្រុមស៊ីប៉ា ទាំងអស់ដែលមានគ្នា ៣០នាក់នោះ គឺថាសម្រាប់សាធារណជនទូទៅ ក៏គាត់អាចយល់បាន មានរឿងខ្លះវាប្លែកវាថ្មី»។
ចំណែកនាយកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក អេម៉ា នូអែល ម៉ឺណង់តូ មានប្រសាសន៍ថា លោកបានអានឯកសារជាច្រើនដែលមាននៅក្នុងសៀវភៅនេះ ហើយលោកពេញចិត្តជាខ្លាំង។ អ្នកគ្រប់គ្រងជនជាតិបារាំង រូបនេះបញ្ជាក់ថា អ្វីដែលលោកគាំទ្រ គឺសៀវភៅនេះមាននិយាយអំពីភ្នំគូលែន ដែលជាទីក្រុងបុរាណពិសិដ្ឋ ព្រមទាំងមាននិយាយអំពីអាកាសយានដ្ឋានខេត្តសៀមរាប ដូច្នេះហើយលោកសូមចូលរួមជ្រោមជ្រែងសៀវភៅនេះ ក៏ដូចជាចូលរួមជួយការពារបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គរ៖ «តាមរយៈការពេញចិត្តនេះ ខ្ញុំសូមចូលរួមទិញយកសៀវភៅនេះចំនួន ១.០០០ក្បាល ផ្ដល់ឱ្យទៅកាកបាទក្រហមខេត្តសៀមរាប ដើម្បីយកទៅចែកចាយនៅតាមសាលារៀនមួយចំនួន»។
សៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី២ នេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់ជនជាតិខ្មែរដែលចង់ស្វែងយល់អំពីប្រាសាទបុរាណ និងប្រវត្តិសាស្ត្រមួយចំនួនប៉ុណ្ណោះទេ គឺវាអាចក្លាយទៅជាជំនួយខ្លះៗសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលកំពុងតែប្រកបរបរនាំភ្ញៀវដើរកម្សាន្តប្រចាំថ្ងៃ។
អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអាល្លឺម៉ង់ ម្នាក់នៅខេត្តសៀមរាប មានប្រសាសន៍ថា លោកមិនទាន់បានឃើញសៀវភៅនោះនៅឡើយ ក៏ប៉ុន្តែបើសៀវភៅនោះនិយាយអំពីប្រាសាទបុរាណ និងរមណីយដ្ឋានប្រវត្តិសាស្ត្រ គឺយ៉ាងហោចណាស់ក៏វាអាចជួយដល់កូនខ្មែរជំនាន់ក្រោយ ឱ្យដឹងពីខ្លឹមសារប្រាសាទបុរាណ និងប្រវត្តិសាស្ត្រអតីតកាលខ្លះដែរ៖ «បើសៀវភៅសរសេរស្រាវជ្រាវបានច្រើនមែន យ៉ាងហោចណាស់ក៏បានជួយកូនខ្មែរខ្លះដែរ អាចឱ្យកូនខ្មែរជំនាន់ក្រោយដឹងឮ កុំឱ្យថាមិនដឹងអីសោះ ហើយកន្លែងណាដែលត្រឹមត្រូវ ទទួលយកទៅ ប៉ុន្តែថាឱ្យសុក្រឹត១០០ គឺអត់មានទេ ពីព្រោះអ្នកណាកើតទាន់។ កាលណោះបារាំង មកស្រាវជ្រាវ ហើយជីតាក្វាន់ មកសរសេរតាមតែសួរអ្នកដែលរស់នៅទីហ្នឹងដែរ»។
កាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ អង្គការស៊ីប៉ា បានចេញផ្សាយសៀវភៅ យើងទៅទស្សនាប្រាសាទអង្គរភាគទី១ ចំនួន ១ម៉ឺនក្បាលម្ដងមកហើយ។ សៀវភៅភាគទី១នេះ គឺមាននិយាយអំពីប្រាសាទបុរាណជាច្រើននៅខេត្តសៀមរាប ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន របៀបកសាងប្រាសាទក្នុងសម័យបុព្វកាល និងនិយាយអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រខ្លះទៀត និយាយអំពីសាសនាហ៊ិនឌូ និងព្រះពុទ្ធសាសនា ព្រមទាំងរ៉ាយរ៉ាប់អំពីចម្បាំងរវាងអាណាចក្រខ្មែរ ជាមួយនឹងចាម ទៀតផង។
បច្ចុប្បន្ន សៀវភៅ យើងទៅទស្សនាប្រាសាទអង្គរ ទាំង២ភាគនេះ កំពុងដាក់នៅតាមបណ្ណាល័យជាច្រើន ក្នុងសាលារៀន និងពន្ធនាគារ ព្រមទាំងមានដាក់លក់នៅតាមបណ្ណាគារឯកជនខ្លះ។
នាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ ឱ្យដឹងថា ប្រសិនបើសៀវភៅទាំងពីរភាគនេះក្លាយទៅជាការពេញនិយម គឺនៅពេលខាងមុខ អង្គការរបស់លោកនឹងបកប្រែជាភាសាបារាំង និងអង់គ្លេស ដើម្បីដាក់តាមជើងហោះហើរឱ្យអ្នកទេសចរបរទេសគ្រប់ជាតិសាសន៍បានអានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
