បច្ចុប្បន្ន ចម្លាក់ស្បែកដែលជាសិល្បៈរបស់ខ្មែរដ៏យូរលង់មកហើយ ស្ទើរតែបាត់បង់ទាំងស្រុងដោយសារតែបច្ចេកវិទ្យាសម័យទំនើប បានទាក់ទាញអារម្មណ៍មនុស្សខ្មែរជំនាន់ក្រោយឱ្យងាកទៅរក និងប្រើប្រាស់សម្ភារៈដ៏ទាន់សម័យនោះវិញ។
សព្វថ្ងៃនេះគេឃើញសិល្បៈចម្លាក់ស្បែករបស់ខ្មែរ នៅមានសេសសល់តិចតួចតាមរយៈអ្នកប្រកបមុខរបរធ្វើវាដើម្បីលក់ជាវត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរបរទេសនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនប៉ុណ្ណោះ។
តើមុខរបរចម្លាក់ស្បែកក្រៅតែពីអាចរកចំណូលជួយផ្គត់ផ្គង់គ្រួសារ គឺវាអាចជួយអ្វីបានខ្លះទៀតដែរ ឬទេ?
ហាងលក់វត្ថុអនុស្សាវរីយ៍តូចមួយដែលនៅទល់មុខប្រាសាទព្រះគោ ក្នុងភូមិឪឡោក ឃុំបាគង នៃស្រុកប្រាសាទបាគង គឺជាកន្លែងលក់ចម្លាក់ជាច្រើនប្រភេទ ដែលផលិតចេញពីស្បែកគោសុទ្ធសម្រាប់រកកម្រៃពីភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍។
ជារៀងរាល់ថ្ងៃសំឡេងញញួរដំប៉ះគ្នាជាមួយនឹងដែកដាប់ លាន់ឮមិនសូវដាច់ ដោយសារតែយុវជនវ័យក្មេង និងកុមារតូចៗជាច្រើននាក់នាំគ្នាដាប់ស្បែកគោក្រៀមផលិតធ្វើជារូបចម្លាក់។ សំឡេងនេះបានធ្វើឱ្យភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ដែលទៅទស្សនាប្រាសាទបុរាណទីនោះចាប់អារម្មណ៍ ហើយតែងនាំគ្នាចូលទៅមើល និងទិញទុកជាវត្ថុអនុស្សាវរីយ៍បន្តបន្ទាប់។
ម្ចាស់ហាងចម្លាក់អនុស្សាវរីយ៍ធ្វើពីស្បែកគោ គឺលោក សេរី រតនា។ លោកមានប្រសាសន៍ថា ហាងនេះ កាលដើមឡើយគឺលោកបើកសម្រាប់រកកម្រៃចិញ្ចឹមជីវិតប៉ុណ្ណោះ ពីព្រោះតែរូបលោកជាក្មេងកំព្រាគ្មានឪពុកម្ដាយ ហើយមិនបានរៀនសូត្រជ្រៅជ្រះ។ លោកថា កាលពីលោកអាយុបាន ៩ឆ្នាំ ឪពុករបស់លោកបានស្លាប់ លុះដល់លោកអាយុបាន ១២ឆ្នាំ ក៏កំព្រាម្ដាយទៀត ទុកឱ្យរូបលោកទទួលរ៉ាប់រងចិញ្ចឹមប្អូនៗចំនួន៣ ដោយដើររើសអេតចាយ និងលក់នំតាមចិញ្ចើមផ្លូវ។ កាលណោះដើរមកដល់វត្តព្រះឥន្ទ្រកោសីយ៍ លោកបានឃើញបណ្ឌិតម្នាក់មកពីប្រទេសអាល្លឺម៉ង់ ជួយឧបត្ថម្ភឱ្យវត្តបើកបង្រៀនចម្លាក់ស្បែក ក៏សូមគេចូលរៀននៅពេលល្ងាចៗ។ រយៈពេលជាង ៤ឆ្នាំ លោកបានស្វះស្វែងរៀនជំនាញចម្លាក់ស្បែក និងផ្នែកគូររូបពីសាលាជាច្រើនកន្លែងនៅក្នុងខេត្តសៀមរាប។
លោក សេរី រតនា ឱ្យដឹងថា នៅឆ្នាំ២០០២ លោកបានសម្រេចចិត្តទៅបង្កើតហាងលក់វត្ថុអនុស្សាវរីយ៍ចម្លាក់ស្បែកនៅមុខប្រាសាទព្រះគោនោះ ដើម្បីរកកម្រៃចិញ្ចឹមជីវិត៖ «ខ្ញុំរៀនក៏បានតិច ហើយក៏អត់មានជំនាញអ្វីផ្សេងពីនោះទៀត អ៊ីចឹងទោះបីមានការលំបាកក៏យើងព្យាយាម ហើយមុខរបរដូច្នេះ គឺរស់របៀបជាគ្រួសារតូចមួយ»។

លោក សេរី រតនា ឱ្យដឹងទៀតថា មុខរបរលក់ចម្លាក់ស្បែកនេះ មិនបានចំណូលច្រើនដែលអាចឱ្យក្លាយទៅជាអ្នកមានទេ គឺគ្រាន់តែចិញ្ចឹមជីវិតបងប្អូនរបស់លោកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមិនវាមិនត្រឹមតែចិញ្ចឹមបងប្អូនរបស់លោកទេ គឺមានកុមារក្រីក្រ និងកុមារកំព្រាជាច្រើនទៀត ដែលត្រូវការពឹងពាក់លើរូបលោក ធ្វើឲ្យរូបលោកបង្ខំចិត្តប្រែក្លាយកន្លែងលក់ដូរនេះពីអាជីវកម្មសម្រាប់គ្រួសារទៅជាកន្លែងមនុស្សធម៌ ជួយបង្ហាត់បង្រៀនដល់ក្មេងក្រីក្រ និងក្មេងកំព្រាឪពុកម្ដាយជាច្រើនទៀត។
បច្ចុប្បន្នមានកុមារក្រីក្រ និងក្មេងកំព្រាឪពុកម្ដាយចំនួន ៧០នាក់ បានស្នាក់នៅកន្លែងរបស់លោក សេរី រតនា ដោយរៀនឆ្លាក់រូបអំពីស្បែកដើម្បីលក់បានកម្រៃសម្រាប់ទៅសាលារៀន។
ក្មេងស្រីអាយុ ១៥ឆ្នាំ មកពីទីជនបទដាច់ស្រយាលនៃភូមិកូនដំរី ស្រុកសូទ្រនិគម នាង គានរ័ត្ន មានប្រសាសន៍ថា នាងបានមករៀនឆ្លាក់រូបអំពីស្បែកគោរយៈពេលជាង ១ឆ្នាំហើយ។ គ្រួសាររបស់នាងគឺមានស្ថានភាពក្រខ្សត់យ៉ាងខ្លាំងដោយឪពុកម្ដាយមានមុខរបរជាអ្នកកាប់អុសលក់។ កាលនាងនៅផ្ទះគឺមិនបានទៅរៀនសូត្រជាប់លាប់ទេ រវល់តែដើរឃ្វាលគោ និងកាប់អុស។ បច្ចុប្បន្ន នាង រ័ត្ន ចូលរៀនបានថ្នាក់ទី៧ ហើយប្រហែលជានាងមិនវិលទៅផ្ទះវិញឡើយ៖ «ឆ្លាក់នេះ ខ្ញុំរវល់តែរៀនផង ក្នុង១ខែៗបានប្រាក់កម្រៃប្រហែលជា ៦-៧ម៉ឺនរៀល។ ខ្ញុំគិតថា មិនវិលទៅផ្ទះវិញទេ ពីព្រោះមិនមានមុខរបរអ្វីផង»។
ហាងលក់វត្ថុអនុស្សាវរីយ៍ចម្លាក់ស្បែកនៅប្រាសាទបាគង អាចរកកម្រៃចិញ្ចឹមជីវិតបានតិច ឬច្រើនទៅតាមរដូវដែលសំបូរ និងខ្សត់ភ្ញៀវ ក៏ប៉ុន្តែបច្ចុប្បន្នយ៉ាងហោចណាស់ក៏អាចឱ្យកុមាររកកម្រៃបានពី ៧ ទៅ ១០ម៉ឺនរៀលក្នុងម្នាក់ៗ ដើម្បីឱ្យពួកគេអាចរក្សាទុកផ្ទាល់ខ្លួន ឬក៏ទិញសម្ភារៈសម្រាប់ទៅសាលារៀនដែរក្នុង ១ខែៗ។
សព្វថ្ងៃនេះ ហាងចម្លាក់ស្បែកគោនៅប្រាសាទបាគង មិនត្រឹមតែជួយបង្ហាត់បង្រៀនកុមារខ្មែរឱ្យចេះឆ្លាក់រូបរកប្រាក់ប៉ុណ្ណោះទេ គឺវាក៏ទាក់ទាញជនបរទេសជាច្រើនឱ្យមកសិក្សាអំពីជំនាញនេះដែរ។ មានយុវជនតៃវ៉ាន់ ១ក្រុម កំពុងតែធ្វើជាអ្នកស្ម័គ្រចិត្តដើម្បីសិក្សាពីចម្លាក់ស្បែកនេះ។
យុវជនតៃវ៉ាន់ម្នាក់ ដែលកំពុងតែគូររូបគំនូរដើម្បីកត់ត្រាទុកក្បួនខ្នាតចម្លាក់ស្បែក លោក ថមមី ថៃស៍ (Tommy Tsai) មានប្រសាសន៍ថា លោកបានមករៀនអំពីចម្លាក់ស្បែកនេះប្រហែលជាលោកអាចយកទៅកែច្នៃធ្វើជាម៉ូតសម័យថ្មីនៅតាមកាបូបស្ពាយ ឬក៏កាបូបដៃផ្សេងៗ នៅឯស្រុករបស់លោក៖ «នៅឯប្រទេសតៃវ៉ាន់ រូបខ្ញុំក៏បានផលិតស្បែកបែបនេះដែរ ក៏ប៉ុន្តែគំនិតរបស់ខ្ញុំ គឺចង់មករៀនអំពីជំនាញចម្លាក់ស្បែកនេះ ដើម្បីអាចយកទៅច្នៃប្រឌិត ជាគំនិតថ្មីមួយផ្សេងទៀតសម្រាប់ជាផលិតផលសម័យទំនើប»។
នាយកដឹកនាំក្រុមអ្នកស្ម័គ្រចិត្តតៃវ៉ាន់ លោក អាដាម លីន (Adam Lin) មានប្រសាសន៍ថា រយៈពេលប្រហែល ១០ឆ្នាំហើយ ដែលលោកបានចាប់អារម្មណ៍ទៅលើចម្លាក់ស្បែករបស់ខ្មែរ ហើយលោកបានដឹកនាំក្រុមអ្នកស្ម័គ្រចិត្តតៃវ៉ាន់ ជាច្រើនក្រុម មករៀនសូត្រពីចម្លាក់ស្បែកខ្មែរ ដោយលោកចង់ឱ្យធនធានមនុស្សរបស់តៃវ៉ាន់ អាចមានគំនិតច្នៃប្រឌិតចម្លាក់នេះ ចេញពីផ្នែកវប្បធម៌ភ្ជាប់ជាមួយនឹងវិស័យសេដ្ឋកិច្ច។
លោក អាដាម លីន៖ «ខ្ញុំគិតថា ចម្លាក់ស្បែកនេះ វាជាវប្បធម៌ដ៏ល្អបំផុតសម្រាប់ក្មេងៗខ្មែរជំនាន់ក្រោយ ហើយក៏សម្រាប់ជនបរទេសដែរ។ ប៉ុន្តែអ្វីដែលជាគំនិតថ្មី ខ្ញុំគឺចង់ឱ្យមានការតភ្ជាប់គ្នាចេញពីផ្នែកវប្បធម៌នេះឆ្ពោះទៅរកទីផ្សារសេដ្ឋកិច្ចដ៏ទំនើបវិញ។ បើសិនជាជនបរទេសគេទិញសិល្បៈបុរាណយកទៅដាក់នៅក្នុងផ្ទះដ៏ទាន់សម័យរបស់គេនោះ គឺមិនសូវជាសំបូរទេ ប៉ុន្តែបើយើងព្យាយាមច្នៃប្រឌិតសិល្បៈបុរាណនោះឱ្យទាន់សម័យវិញ គឺវាជាផលចំណេញដែលដើរទាន់ទីផ្សារ»។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប កញ្ញា ស៊ុន សុវណ្ណនី ឱ្យដឹងថា បច្ចុប្បន្នកន្លែងផលិតចម្លាក់ស្បែកដែលមានទម្រង់ពេញលក្ខណៈជាវប្បធម៌បុរាណ អាចធ្វើរូបយកទៅសម្ដែង ឬយកទៅតាំងពិព័រណ៍ថ្នាក់ជាតិបាននោះ គឺនៅមានតែមួយកន្លែងទេ ក្រៅពីនោះ ចម្លាក់ស្បែកជាច្រើនទៀត សុទ្ធតែមានលក្ខណៈអាជីវកម្មសម្រាប់គ្រួសារប៉ុណ្ណោះ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដដែលឱ្យដឹងថា សិល្បៈចម្លាក់ស្បែក គឺជាកេរ្តិ៍មត៌ករបស់ដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ ដូច្នេះ បើទោះបីជាបច្ចុប្បន្នអ្នកចម្លាក់ស្បែកខ្លះ នៅមានលក្ខណៈជាទ្រង់ទ្រាយដើម និងលក្ខណៈជាអាជីវកម្មគ្រួសារក៏ដោយ ក៏ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែត្រេកអរ ពីព្រោះថា សិល្បៈស្បែកនេះ ក្រៅតែពីយកទៅប្រកបមុខរបរបានប្រាក់ចិញ្ចឹមគ្រួសារ វាក៏ជាអត្តសញ្ញាណបញ្ជាក់ថា ព្រលឹងនៃសិល្បៈស្បែករបស់ខ្មែរនៅបន្តរស់រានមានជីវិតក្នុងសង្គមខ្មែរនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
