ជំនឿ​លើ​ការ​បោះ​បាយ​បិណ្ឌ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ

0:00 / 0:00

បិណ្ឌ​ជា​ពាក្យ​គន្លឹះ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​កំពុង​ប្រារព្ធ នឹង​ជិត​ដល់​ពេល​បញ្ចប់​ហើយ​នេះ។ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ពិធី​នេះ ពុទ្ធបរិស័ទ​ខ្មែរ​តែង​បបួល​គ្នីគ្នា​ទៅ​បោះ​បាយ​បិណ្ឌ ដែល​សំដៅ​ដល់​ពិធី​បោះ​ដុំ​បាយ​ក្នុង​ពេល​ទៀបភ្លឺ​ក្នុង​រយៈពេល ១៥​ថ្ងៃ ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

តើ​ខ្មែរ​មាន​ជំនឿ​យ៉ាង​ណា​ខ្លះ​ចំពោះ​ការ​បោះ​ដុំ​បាយ​ទាំង​នេះ?

តាម​ទំនៀម​ទម្លាប់​ខ្មែរ ពិធី​បោះ​ដុំ​បាយ ឬ​ហៅ​ជាទូទៅ​ថា បោះ​បាយ​បិណ្ឌ មាន​របៀប​របប​មួយ​ចំនួន​ដែល​ពលរដ្ឋ​តែង​អនុវត្ត និង​ចេះ​ចាំ​តៗ​គ្នា។

នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​ទៀប​ភ្លឺ គឺ​នៅ​ពេល​ដែល​ព្រះសង្ឃ​កំពុង​គង់​សូត្រ​ធម៌​បរាភវៈ​សូត្រ​នៅ​ឡើយ អាចារ្យ​បាន​វាយ​ជួង​ហៅ​ពុទ្ធបរិស័ទ​ដែល​ត្រៀម​ជាស្រេច​នូវ​ថាស​ដុំ​បាយ និង​ទឹក​មួយ​កែវ ឬ​មួយ​ដប​អោយ​ចេញ​ទៅ​ខាង​ក្រៅ​ព្រះវិហារ។

«សំឡេង​សូត្រ​បរាភវៈ»

នៅ​ក្នុង​បរិវេណ​ព្រះវិហារ ពុទ្ធបរិស័ទ​មាន​ស្រី​ប្រុស​ចាស់​ក្មេង បាន​អង្គុយ​ជុំ​គ្នា​សំបូងសង្រូង​ស្ដាប់​ព្រះសង្ឃ​សូត្រ​ធម៌ បញ្ជូន​កុសល​ទៅ​អោយ​អ្នក​ដែល​ចែក​ឋាន​ទៅ។ នៅ​នឹង​មុខ​ពួក​គេ​មាន​ថាស​ដុំ​បាយ​ដែល​មាន​ដោត​ទៀន ធូប​បំភ្លឺ និង​មាន​ទង់​ក្រដាស​មួយ​ផង។ ពួក​គេ​ស្រែក​ថា​តាម​ពី​ក្រោយ​ថេរ​ដីកា​ព្រះសង្ឃ ដោយ​រំពឹង​ថា បុណ្យ​កុសល និង​ដុំ​បាយ​ទាំង​នោះ បាន​ទៅ​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ ជាពិសេស​អ្នក​ដែល​ភ្លាំងភ្លាត់​ទៅ​កាន់​ទីឋាន​មិន​សម​គួរ​ទាំង​ឡាយ។

«សំឡេង​សូត្រ​តាម​ព្រះសង្ឃ»

បន្ទាប់​មក គេ​បាន​លើក​ថាស​មក​កាន់​ដង្ហែ​ជុំវិញ​ព្រះវិហារ ដង្ហែ​បណ្ដើរ​លើក​ដៃ​ចាប់​ដុំ​បាយ​បោះ​ចេញ​បណ្ដើរ ព្រម​ទាំង​សូត្រ​តាម​ព្រះសង្ឃ​បណ្ដើរ។ គេ​ដង្ហែ ៣​ជុំវិញ​ព្រះវិហារ ក្នុង​មួយ​ជុំ​គេ​បោះ​ដុំ​បាយ​ចំនួន ៨​ដុំ គឺ​បោះ​ទៅ​គ្រប់​ទិស​ទាំង​៨។ នៅ​តាម​វត្ត​ខ្លះ គេ​មាន​ក្រាល​កន្ទេល ឬ​ស្លឹក​ចេក​តាម​ទិស​ទាំង​៨ នៅ​ខាង​ក្រៅ​របង​វត្ត និង​ដាក់​កញ្ជើ​ល្អី ដើម្បី​អោយ​អ្នក​ធ្វើ​បុណ្យ​ដាក់​ដុំ​បាយ ឬ​ចែក​ទាន​ផ្សេងៗ។

«សំឡេង​សូត្រ​តាម​ពេល​ដើរ​បោះ​បាយ»

ដុំ​បាយ​ដែល​ត្រូវ​យក​មក​ប្រើ​ក្នុង​ពិធី​នេះ ជា​ប្រភេទ​បាយ​ដំណើប​លាយ​ស្ករ ដូង និង​ល្ង ហើយ​ត្រូវ​ពូត​ជា​ដុំ​តូចៗ។

ព្រះសង្ឃ​ដែល​ដឹក​នាំ​ពិធី​បោះ​បាយ​នៅ​វត្ត​ទួលទំពូង ក្នុង​ក្រុង​ភ្នំពេញ មាន​ថេរ​ដីកា​ថា ពិធី​នេះ​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងរ៉ាវ​ក្នុង​គម្ពីរ​នៃ​ពុទ្ធសាសនា ដែល​និយាយ​ពី​ព្រះបាទ​ពិម្ពិសារ ក្នុង​សម័យ​ព្រះ​ពុទ្ធកាល ដែល​បាន​ឮ​សំឡេង​ទួញ​សោក​របស់​ពួក​ប្រេត ដែល​រង​ទុក្ខ​វេទនា និង​មិន​បាន​ទទួល​បុណ្យ​កុសល ដែល​ព្រះអង្គ​បាន​ធ្វើ​បុណ្យ​ហើយ ប៉ុន្តែ​មិន​បាន​ទៅ​ដល់​ពួក​គេ​ទៅ​វិញ។

ដោយ​អនុវត្ត​តាម​គំរូ​នៃ​ដំណើរ​រឿង​នោះ ព្រះតេជព្រះគុណ​ពន្យល់​អោយ​ពុទ្ធបរិស័ទ ត្រូវ​ហៅ​ឈ្មោះ​ញាតិ​ផៅ​ដែល​បាន​ចែក​ឋាន​ទៅ អោយ​ទទួល​បុណ្យ​កុសល​ដែល​អ្នក​នៅ​រស់​បញ្ជូន​ទៅ៖ «យើង​បោះ​គ្រវែង​គ្រវាត់​មិន​បាន​ហៅ​ឈ្មោះ ក ខ គ ទេ មិន​ដឹង​អោយ​ពី​ណា​ទេ ចឹង​យើង​ម៉ោ​បោះ​ហ្នឹង​វា​អត់​ប្រយោជន៍ ចឹង​យើង​ដាក់​ឱន​លំទោន​ដាក់​មួយ​ដុំ ច្រូច​ទឹក​តិច​ទៅ ហៅ​ឈ្មោះ​ពួក​គាត់​ម៉ោ ជីដូន​ជីតា ម៉ា​កុង ថា​កូន​ចៅ​ម៉ោ​បោះ​បាយ​បិណ្ឌ​ថ្ងៃ​នេះ សូម​ឧទ្ទិស​កុសល​អនុមោទនា»

តាម​ជំនឿ​ការ​បោះ​បាយ​បិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់​ពេល​ទៀប​ភ្លឺ ដ្បិត​គេ​ជឿ​ថា ពេល​នោះ​ងងឹត​ពួក​អ្នក​ដែល​ស្លាប់​ទៅ ហើយ​មិន​បាន​ទៅ​កាន់​ទី​គាប់​ប្រសើរ​នោះ អាច​ចេញ​មក​រង់ចាំ​ទទួល​ផល​កុសល ដោយ​មិន​មាន​ការ​រើសអើង មិន​ធ្វើ​អោយ​អ្នក​ធ្វើ​បុណ្យ​ភ័យ​ខ្លាច និង​អាច​ត្រឡប់​ទៅ​ចែក​បុណ្យ​បន្ត​បាន​នៅ​មុន​ថ្ងៃ​រះ។ ប៉ុន្តែ​ក៏​មាន​បណ្ដា​វត្ត​មួយ​ចំនួន បាន​ធ្វើ​ពិធី​នេះ​នៅ​ពេល​ល្ងាច​ដែរ។

ដុំ​បាយ​បិណ្ឌ រូបថត​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤
ដុំ​បាយ​បិណ្ឌ រូបថត​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ( RFA/Sochivy)

បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា មនុស្ស​ស្លាប់​ទៅ​តែង​ទៅ​កើត​ទី​ផ្សេងៗ​តាម​កម្ម​របស់​ខ្លួន។ ក្នុង​នោះ ក៏​មាន​អ្នក​ភ្លាំងភ្លាត់​ទៅ​កើត​ជា​ប្រេត ៤​ប្រភេទ គឺ​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច និង​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឱ្យ។

ចំណែក​អ្នក​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ លោក ស៊ីយ៉ុន សុភារិទ្ធ ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា មាន​ប្រសាសន៍​ថា តាម​ន័យ​ទូទៅ បាយ​គឺ​ជា​ចំណី​ជា​អាហារ ប៉ុន្តែ​បើ​សង្កេត​អោយ​ដិតដល់ និង​វិភាគ​តាម​ជំនឿ​នៅ​ឥណ្ឌា វិញ ដុំ​បាយ​ទាំង​នោះ​តំណាង​អោយ​រូបរាង​កាយ​ថ្មី​នៃ​អ្នក​ដែល​ស្លាប់​ទៅ ត្រូវ​ទទួល​យក​នៅ​ពេល​ដែល​ត្រូវ​ប្រែ​រូប​ទៅ​ចាប់​កំណើត​ថ្មី។ កិច្ច​ប្រែ​រូប​ប្រភេទ​នេះ ក៏​ប្រទះ​ឃើញ​ក្នុង​ពិធី​បុណ្យ​សព នៅ​តាម​តំបន់​ដែល​ប្រកាន់​ខ្ជាប់​ទំនៀប​ទម្លាប់​ខ្មែរ​ដែរ។ ដូច្នោះ លោក​ថា​ដុំ​បាយ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ទាំង​នោះ គឺ​ជា​ខ្លួន​ប្រាណ​ថ្មី​របស់​ប្រេត៖ «បាយ​បិណ្ឌ​នៅ​ស្រុក​ឥណ្ឌា គឺ​ជា​រឿង​សំខាន់​មែន​ទែន ដែល​តំណាង​អោយ​ខ្លួន​ប្រាណ​បុគ្គល ពេល​អ្នក​ណា​ស្លាប់​ទៅ​ហើយ ត្រូវ​កសាង​ខ្លួន​ហ្នឹង​បរិបូរ​ហើយ នៅ​ឥណ្ឌា គេ​មាន​ទំនៀម​គេ ស្លាប់​ភ្លាម​គេ​ធ្វើ​បាយ​បិណ្ឌ​មួយ មួយ​ថ្ងៃ​មួយ​រហូត​ដល់​ដប់ ចាប់​ពី​សរីរាង្គ​ក្បាល ដល់​ចុង​ជើង ដប់​ថ្ងៃ​ហ្នឹង​ណាស់។ នៅ​ថ្ងៃ​ទី​១២ គេ​ធ្វើ​បុណ្យ​មួយ​ទៀត គឺ​អោយ​អ្នក​ហ្នឹង​ចូល​ទៅ​ជាមួយ​ដូនតា អោយ​អ្នក​ហ្នឹង​ទៅ​ចាប់​ជាតិ​នៅ​ឋាន ដូនតា​គឺ​គេ​សន្មត។ ចឹង​បាយ​បិណ្ឌ​ខ្មែរ​យើង​ហ្នឹង គឺ​ធ្វើ​តំណាង​អោយ​ខ្លួន​មនុស្ស ប៉ុន្តែ​យើង​អត់​ដឹង​ទេ មិន​អាច​ពន្យល់​បាន​ទេ។ យើង​ដឹង​តែ​ថា​ហ្នឹង​ជា​ចំណី​យក​ទៅ​អោយ​ប្រេត​ហ្នឹង​វា​ម្យ៉ាង។ ម្យ៉ាង​វា​ជា​ខ្លួន​របស់​ប្រេត​ហ្នឹង»

ឯកសារ​របស់​ក្រសួង​វប្បធម៌ បាន​អោយ​ដឹង​ថា ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​ការ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង និង​រិះគន់​ថា ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម។ អ្នក​ដែល​ជឿ​ថា បោះ​បាយ​បិណ្ឌ​មាន​ប្រយោជន៍​គិត​ថា បោះ​បាយ​បិណ្ឌ គឺ​បោះ​ឲ្យ​ពួក​ប្រេត (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា ការ​បោះ​បាយ​បិណ្ឌ ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។