ចំណែកអាជ្ញាធរខេត្តកណ្ដាល បានបញ្ជូនជនសង្ស័យ ២នាក់ ថាជាចោរលួចព្រះសុវណ្ណកោដ្ឋ និងវត្ថុបុរាណមានតម្លៃមួយចំនួនទៀតនៅព្រះសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ ទៅតុលាការខេត្តកណ្ដាល ស្របពេលគ្នានេះដែរ ដើម្បីបន្តនីតិវិធីសាកសួររកអ្នកពាក់ព័ន្ធបន្ថែម។
សមត្ថកិច្ចអាជ្ញាធរខេត្តតាកែវ និងខេត្តកណ្ដាល បញ្ជាក់ថា ការសាកសួរបឋមលើជនសង្ស័យនៅស្នងការនគរបាលខេត្ត មានម្នាក់ភេទប្រុសអាយុ ២៤ឆ្នាំ ឈ្មោះ កែវ រស្មី បានសារភាពថា រូបគេផ្ទាល់ជាអ្នកលួចដោយមិនជាប់ពាក់ព័ន្ធនឹងអ្នកដទៃទៀតឡើយ។
ចំណែកជនសង្ស័យម្នាក់ទៀតជាស្ត្រី ជាប់ពាក់ព័ន្ធនឹងករណីទទួលផលពីចោរកម្ម។ ស្នងការនគរបាលខេត្តកណ្ដាល លោក អៀវ ចំរើន មានប្រសាសន៍នៅថ្ងៃទី៧ ខែកុម្ភៈ ដោយសន្និដ្ឋានថា ក្នុងករណីនេះអាចមានអ្នកជាប់ពាក់ព័ន្ធលើសពីម្នាក់៖ «ព្រោះកិច្ចការហ្នឹង យើងជឿថាមិនអាចធ្វើតែម្នាក់ឯងទៅកើតទេ មិនអ៊ីចឹង ព្រោះព្រះអង្គនៅលើភ្នំហ្នឹងប្រហែលជា ១០អង្គឯណោះ រួមទាំងសារីរិកធាតុកោដ្ឋហ្នឹងផង អ៊ីចឹងមិនអាចធ្វើម្នាក់ឯងបាន អ៊ីចឹងយើងត្រូវបន្តសួរស្រាវជ្រាវបន្តទៀត»។
ចំណែកអភិបាលរងខេត្តតាកែវ លោក ឡាយ វណ្ណៈ មានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឡើងតាមតម្រុយមួយក្នុងចំណោមតម្រុយជាច្រើនទៀត ដែលជាកិច្ចសហការរវាងសមត្ថកិច្ចអាជ្ញាធរខេត្តលោក និងខេត្តកណ្ដាល។
លោកបញ្ជាក់ថា ជនសង្ស័យរស់នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ហើយធ្លាប់ជូនជីដូនទៅមកដើម្បីសុំទាននៅភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស នោះ។ អាជ្ញាធរមានការសង្ស័យលើគ្រួសារគាត់ដែលធ្លាប់ក្រ តែមួយរយៈនេះគាត់មានលុយធ្វើផ្ទះថ្មី និងទិញឡានថ្មីទំនើបទៀតផង៖ «ក្នុងផ្ទះជនជាប់ដែលយើងចាប់បានហ្នឹង ឃើញមានទាំងកន្ត្រៃកាត់មាស ម៉ាស៊ីនសម្រាប់រំលាយមាស បកមាសបកអីពីតួអង្គរបស់ព្រះអង្គ គឺគាត់មានម៉ាកំប្លេ»។
លោកបន្តថា ជនជាប់ចោទក៏ជាមុខសញ្ញាចាស់ជាចោរលួច ហើយអាជ្ញាធរខេត្តតាកែវ ធ្លាប់បានចាប់ដាក់ពន្ធនាគារម្តងរួចមកហើយកាលពីឆ្នាំ២០១០ ពីបទលួចគោអ្នកភូមិ៖ «ហើយលួចរបស់ក្នុងវត្ត វត្តក្នុងស្រុកទ្រាំង ហ្នឹង ឬវត្តណាឲ្យតែមានវត្ត គឺថាគាត់លួចរបស់នេះរបស់នោះ ឲ្យថាមានរបស់អាចលួចលក់យកលុយបាន»។
សមត្ថកិច្ចខេត្តតាកែវ សហការជាមួយសមត្ថកិច្ចខេត្តកណ្ដាល បានរកឃើញព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ព្រមទាំងព្រះអង្គមាសដាំពេជ្រមួយអង្គ និងមួយអង្គទៀតស្រោបមាស តែមាសនោះនៅសល់តែត្រង់ព្រះកេសទេ កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ក្នុងស្រុកទ្រាំង ខេត្តតាកែវ។ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យចំនួនបួននាក់ទៅសាកសួរនៅស្នងការនគរបាលខេត្តនេះ ហើយក្រោយមក បានដោះលែងពីរនាក់វិញ ក្នុងនោះមានស្ត្រីវ័យចំណាស់ម្នាក់អាយុជាង ៧០ឆ្នាំ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញព្រះបរមសារីរិកធាតុ និងព្រះបដិមាមួយចំនួន នៅសេសសល់ពីការរំលាយយកមាស ហើយបានយាងសម្ដេចព្រះពោធិវាំង អំ លឹមហេង ព្រះសង្ឃនាយករងទី២មកពិនិត្យ ព្រះសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយព្រះអង្គទទួលស្គាល់ថា របស់នោះជារបស់ពិត និងទទួលយករក្សាទុកបណ្ដោះអាសន្ន មុននឹងប្រគល់ជូនទៅខាងព្រះបរមរាជវាំង។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃសុក្រ ទី៧ កុម្ភៈ ក្រោយពីដង្ហែព្រះសុវណ្ណកោដ្ឋនៃព្រះបរមសារីរិកធាតុពីវត្តចំពុះក្អែក ទៅដល់ព្រះបរមរាជវាំងថា ករណីនេះនៅតែមុខសញ្ញាដែលត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀត។ លោកបន្តថា នេះជាជនសង្ស័យទី៦ហើយដែលបានចាប់ខ្លួន ហើយលោកបញ្ជាក់ថា អ្នកទី៦នេះជាជនដៃដល់មុនគេ ដោយសាររកឃើញវត្ថុតាងនៅនឹងផ្ទះរបស់គាត់៖ «ព្រះពុទ្ធរូបមួយចំនួនបានទៅនៅហ្នឹងផ្ទះគាត់។ អ៊ីចឹង បើទោះបីជាគាត់ពុំមានពិរុទ្ធភាពក្នុងរឿងនេះ ក៏គង់គាត់មានពិរុទ្ធភាពពីរឿងគាត់យកព្រះពុទ្ធរូបចេញពីកន្លែងហ្នឹងពីកន្លែងព្រះសក្យមុនីចេតិយ យកទៅដាក់នៅផ្ទះគាត់ ហើយគាត់យកទៅមានច្បាប់ទម្លាប់ពីណាមក គឺមានន័យថា ខុសបាត់ទៅហើយ អ៊ីចឹងរឿងនេះ គឺថាយើងមិនទាន់ចោទគាត់ថាពាក់ព័ន្ធយ៉ាងណាទេ អ៊ីចឹងយើងនឹងបន្តសិក្សាស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់»។
កាលពីខែធ្នូ ឆ្នាំ២០១៣ សាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំជនសង្ស័យទាំង ៥នាក់ ជាឆ្មាំយាមព្រះសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យនោះ ដោយផ្អែកទៅលើវត្ថុតាងដែលអាជ្ញាធរប៉ូលិសរកឃើញនៅផ្ទះរបស់ជនសង្ស័យ បន្ទាប់ពីតុលាការបានសាកសួររួច។
ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ រួមនឹងព្រះពុទ្ធបដិមាជាច្រើនអង្គទៀតធ្វើពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារ ត្រូវបានចោរលួចគាស់យកពីព្រះសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
