មន្ត្រី​វប្បធម៌​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​ជួយ​អភិរក្ស​ប្រាសាទ​បុរាណ​មួយ

មន្ត្រី​វប្បធម៌​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​វិច្ឆិកា អំពាវនាវ​ស្វែង​រក​ជំនួយ​សាងសង់​ផ្លូវ​ប្រមាណ ១០​គីឡូម៉ែត្រ ទៅ​កាន់​ប្រាសាទ​បុរាណ​អាយុ​កាល​មុន​សម័យ​អង្គរ ដែល​ឋិត​ក្នុង​ព្រៃ​មួយ​ក្នុង​ភូមិ​ដរតូច ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី លោក អ៊ួង ស្រេង មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រាសាទ​នេះ​ឈ្មោះ​ថា ប្រាសាទ តាក់ ណាំង មាន​ទំហំ​ជិត ៦០​ម៉ែត្រ​ក្រឡា ប៉ុន្តែ​ប្រាសាទ​នេះ​នៅ​សល់​តែ​ផ្នែក​ខ្លះ​នៃ​ជញ្ជាំង និង​ខឿន​ប្រាសាទ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រក​ឃើញ និង​ដាក់​ឆ្មាំ​អភិរក្ស​ប្រាសាទ​នេះ​ប្រមាណ ៥​ឆ្នាំ​កន្លង​ទៅ។ បច្ចុប្បន្ន បើ​ចង់​ទៅ​ទស្សនា​តំបន់​នោះ ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​របស់​ក្រុមហ៊ុន​សម្បទាន ម៉ែន សារុន ហើយ​បន្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​ព្រៃ ទើប​អាច​ទៅ​កាន់​តំបន់​នោះ​បាន៖ «ខ្ញុំ​ចុះ​វាស់វែង​ប្រាសាទ​ហ្នឹង ខ្ញុំ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ដែរ​ណា! គេ​ទទួល​ស្គាល់​ស្ដីពី​ការ​អភិរក្ស​របស់​យើង​ដែរ។ ប្រសិន​បើ​មាន​ថវិកា​រៀប​ចំ​កសាង​ឡើង​វិញ​បាន តើ​ប្រាសាទ​ហ្នឹង​វា​នៅ​ជញ្ជាំង​ច្រើន​ដែរ នៅ​សល់​ប្រមាណ ៣០% ដែរ​ណា! ខ្ញុំ​បង្ហោះ​ហ្វេសប៊ុក (Facebook) ប្រព័ន្ធ​ព័ត៌មាន​ខ្នាត​ធំ អំពាវនាវ​រក ប៉ុន្តែ​អត់​ទាន់​មាន​អ្នក​ឆ្លើយ​តប»

កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​វិច្ឆិកា កាសែត​ក្នុង​ស្រុក​មួយ​រាយការណ៍​ថា បច្ចុប្បន្ន ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​រឹត​បន្តឹង ឬ​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាន់​ម៉ាស៊ីន​ថត​ចូល​តាម​ផ្លូវ​ក្រុមហ៊ុន​នោះ​ឡើយ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ សម្ដែង​ការ​បារម្ភ​ខ្លាច​ប្រាសាទ​បុរាណ​នោះ​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​បំផ្លាញ​ចោល ដើម្បី​យក​ដី​ដាំ​កៅស៊ូ។

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ប្រាកដ​ថា ប្រាសាទ​នោះ​ឋិត​ក្នុង​តំបន់​ដី​សម្បទាន​ក្រុមហ៊ុន ម៉ែន សារុន ឬ​ក្រុមហ៊ុន​វៀតណាម ដាយដុងយឿង នោះ​ទេ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ធ្វើ​ដំណើរ ដោយ​គ្មាន​ការ​ហាម​ឃាត់។ លោក​បន្ត​ថា ក្រុមហ៊ុន​ក៏​មាន​បំណង​ចង់​ឲ្យ​អភិរក្ស​ប្រាសាទ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។